សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមកំពុងដាក់សម្ពាធលើប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យស៊ើបអង្កេតករណីបាត់ខ្លួនអ្នកកាសែតជនជាតិអារ៉ាប៊ី សាអ៊ូឌីតម្នាក់ ដែលការស៊ើបអង្កេតនេះអាចបណ្ដាលឲ្យមានការដាក់ទណ្ឌកម្មលើមន្ត្រី និងស្ថាប័នរដ្ឋាភិបាលអារ៉ាប៊ី សាអ៊ូឌីត។
នៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើជូនលោក Trump កាលពីថ្ងៃពុធម្សិលមិញ ក្រុមសមាជិកព្រឹទ្ធសភាទាំងនោះស្នើឲ្យប្រើច្បាប់ Global Magnitsky Act ឆ្នាំ ២០១៦ ដើម្បីស៊ើបអង្កេតលើករណីលោក Jamal Khashoggi ដែលបានបាត់ខ្លួនតាំងពីលោកបានចូលស្ថានកុងស៊ុលអារ៉ាប៊ី សាអ៊ូឌីតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី កាលពីសប្ដាហ៍មុន។
លិខិតនោះបានបញ្ជាក់ថា៖ «ការបាត់ខ្លួនកាលពីពេលថ្មីៗនេះរបស់លោក Jamal Khashoggi ដែលជាអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត និងជាអ្នកសរសេរព័ត៌មានឲ្យកាសែត Washington Post បានបង្ហាញថា លោកអាចជាជនរងគ្រោះនៃការរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាអន្តរជាតិ»។
លោកប្រធានាធិបតី Trump ត្រូវតែរាយការណ៍ទៅព្រឹទ្ធសភានៅក្នុងរយៈពេល ១២០ ថ្ងៃ ជាមួយនឹងការតាំងចិត្ត និងការសម្រេចចិត្តលើការដាក់ទណ្ឌកម្ម។
សេតវិមានបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា មន្ត្រីកំពូលៗនៃរដ្ឋបាលលោក Trump បាននិយាយជាមួយនឹងព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត អំពីការបាត់ខ្លួនលោក Khashoggi ដោយអាថ៌កំបាំងនេះ។ មន្ត្រីរដ្ឋាភិបាលតួកគីបាននិយាយថា ពួកគេជឿថា លោក Khashoggi ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ី សាអ៊ូឌីតប្រចាំប្រទេសតួកគីកាលពីសប្ដាហ៍មុន។
សេតវិមានបានបន្ថែមថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton និងទីប្រឹក្សាជាន់ខ្ពស់អាមេរិកលោក Jared Kushner បាននិយាយជាមួយនឹងព្រះអង្គម្ចាស់រជ្ជទាយាទ bin Salman កាលពីថ្ងៃអង្គារ ចំណែកឯរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo វិញ បានទូរស័ព្ទទាក់ទងជាមួយនឹងមេដឹកនាំអារ៉ាប៊ីសាអ៊ូឌីតដើម្បីបញ្ជាក់ឡើងវិញអំពីការចង់បានរបស់សហរដ្ឋអាមេរិកនូវព័ត៌មានអំពីករណីនេះ៕