ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តំណាង​បក្សកាន់អំណាច​ ​កំពុង​រៀបចំ​​សេចក្តី​ស្នើ​វិសាធនកម្ម​ច្បាប់​ ​គណបក្ស​នយោបាយ​ ក្រោយ​ពីមាន​បញ្ជាពី​លោក​ហ៊ុន សែន


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រោយ​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​​ឲ្យមាន​ការ​ធ្វើ​វិសោធនកម្ម​បន្ថែម​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​រូតរះ​លើក​សំណើ​ដ៏​ចម្រូង​ចម្រាស​នេះ។

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ច្រើន​ជាង​៣០​នាក់​បាន​ផើ្តម​ធ្វើ​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បន្ថែម​ទៀត​ ​ក្រោយពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទាមទារ​ឲ្យ​ដាក់អ្នក​នយោបាយមាន​ទោស​នៅ​ឲ្យ​ឆ្ងាយ​ពី​ប្រព័ន្ធនយោបាយ​កម្ពុជា។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ឈាង វុន ​អ្នកនាំ​ពាក្យ​របស់​តំណាង​រាស្ត្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​នាំពាក្យ​រដ្ឋ​សភា​ ​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុម​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន​ច្រើន​ជាង​៣០​នាក់​ បាន​ស្នើ​ជា​បណ្តើរៗ​ឲ្យមាន​វិសោធនកម្ម​បន្ថែម​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ។​

«មិន​មែន​៣០​ជាង​ទេ​ មាន​ច្រើន​ជាង​ហ្នឹង!​ មិន​មែន​ផ្តល់​ការ​យល់​ព្រម​ទេ​ គឺ​ស្នើ​ឲ្យ​មាន​វិសោធន​កម្ម​ច្បាប់​ហ្នឹង​ណ៎ា»។​

រូបឯកសារ៖ លោក​ឈាង វុន​ អ្នក​តំណាងរាស្រ្ត​និង​ជា​អ្នក​នាំពាក្យ​តំណាងរាស្រ្ត​សភា​គណបក្សប្រជាជន​កម្ពុជា (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ឈាង វុន​ អ្នក​តំណាងរាស្រ្ត​និង​ជា​អ្នក​នាំពាក្យ​តំណាងរាស្រ្ត​សភា​គណបក្សប្រជាជន​កម្ពុជា (ឡេង ឡែន/VOA)

VOA​ បាន​ព្យាយាម​សុំការ​យល់​ឃើញ​របស់​លោក​អំពើ​ការ​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​ដ៏​ចម្រូង​ចម្រាស​នេះ​ ​តែ​តំណាង​រាស្ត្រ​រូប​នេះ​បដិសេធមិន​ផ្តល់​ការ​អធិប្បាយ​បន្ថែម​ទេ។​

ការ​សម្រេច​ធ្វើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ធ្វើ​ឡើង​មិន​បានប៉ុន្មាន​ថ្ងៃ​ផង​ ក្រោយ​ពី​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន ​ប្រធាន​បក្ស​គ្រប់គ្រង​ប្រទេស។​ ​ក្នុង​ថ្ងៃ​គម្រប់​ខួប​លើក​ទី​ ៦៦​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ នា​ចុង​ខែ​មិថុនា​ ​លោក​ហ៊ុន សែន​ ដែល​បាន​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​ បាន​អំពាវនាវ​ឲ្យក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ពិចារណា​លើ​សំណើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដែល​នឹង​រាំង​ខ្ទប់​អ្នក​នយោបាយ​ណា​ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដើម្បី​បញ្ចប់​សកម្មភាព​នយោបាយ​របស់​ពួក​គេ។​

នា​ថ្ងៃ​ចន្ទនេះ​ ​លោក​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាក៏​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​នៅ​រដ្ឋសភា​ផង​ដែរ​ថា​ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ជាង​៣០​នាក់​បាន​ចុះ​ហត្ថលេខាលើ​សេចក្តី​ស្នើវិសោធន​កម្ម​បន្ថែម​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ ហើយ​ថា​ សេចក្តី​ស្នើ​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​គណៈ​កម្មការ​នីតិកម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋសភា​ជាតិ​ដើម្បី​ត្រួត​ពិនិត្យ។​

នៅ​ពេល​អ្នក​យក​ព័ត៌មាន​សួរ​លោក​ថា​ តើ​ហេតុអ្វី​បាន​ជា​មាន​ការ​ព្យាយាម​ធ្វើ​ច្បាប់​ដាក់​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ ឲ្យ​ឃ្លាត​ឆ្ងាយពី​នយោបាយ​កម្ពុជា​ ​លោក​សុខ ឥសាន​លើក​ឡើង​ថា​ លោក​សម រង្ស៊ី​មិន​បានរួម​ចំណែក​ដល់​ការ​ជួយ​ជាតិ​ ក្រៅតែ​ពី​ការ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​នយោបាយ​ប្រទេស​ច្របូក​ច្របល់។​

«នែ៎​ ក្នុង​២០​ឆ្នាំ​ជាង​នៃ​ការ​ធ្វើ​នយោបាយ​ តើ​សម រង្ស៊ី​ធ្វើ​អី​ខ្លះ​សម្រាប់​ប្រទេស​ជាតិ?​ បង្ក​អុក​ឡុក​រហូត!​ ​នែ៎ ​ហើយ​អាហ្នឹង ​ខ្ញុំ​យល់​គាត់​ជាប់ gene ​ (ពូជ)​បន្ត​ពី​ឪពុក​គាត់​ ដែល​ឈ្មោះ​សម សារី​ ដែល​ជន​ក្បត់​ជាតិ​នោះ។​ នែ៎ ឥឡូវ​ gene ​(ពូជ)ក្បត់​ជាតិហ្នឹង​វា​មក​ចូល​សម រង្ស៊ី​ ដែល​ត​ពូជ​ពង្ស​ហ្នឹង​ ហើយ​អាហ្នឹង​ដូច​ជា​ពាក្យ​លោក​ថា​ ​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពីគល់​ហ្នឹង​ឯង។​ នែ៎​មិន​បាច់​ឆ្ងល់​ទេ»។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

កាល​ពីថ្ងៃ​ទី២៨ ​ខែ​មិថុនា​ ​លោក​ហ៊ុន សែន​ ​ដែល​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ស្នើ​ឲ្យ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ធ្វើ​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តី​គណបក្ស​នយោបាយ​បន្ថែម​ទៀត​ដើម្បី​បង្ខាំង​អ្នក​នយោបាយ​ដែល​មាន​ទោស​ មិន​ឲ្យ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​នៅ​កម្ពុជា។ ​លោក​ថ្លែង​ថា៖​

«ហើយ​ខ្ញុំ​ក៏សុំ​យក​ឱកាស​នេះ​ដើម្បី​បញ្ជាក់។​ បើ​វា​មិន​ច្បាស់ ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ច្បាស់។ ​តើ​អ្នក​ទោស​មាន​សិទ្ធិ​នឹង​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​គណបក្ស​នយោបាយ​ឬ​ទេ? ​ប្រសិនបើ​វា​មិន​គ្រប់​គ្រាន់​ យើង​ត្រូវ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បន្ថែម​ទៀតអំពី​គណបក្ស​នយោបាយ​ ដែល​មិន​តម្រូវ​ មុន​នេះ​ មិន​តម្រូវ​ឲ្យ​អ្នក​ទោស ​ ទទួល​តួនាទី​ជាមួយ​នឹង​ឋានៈ​ណា​មួយ​នៅ​ក្នុង​គណៈនាយក​ ឬ​ប្រធាន​គណបក្ស​នោះ​ទេ»។​

ក្នុងថ្ងៃប្រារព្ធ​ខួប​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ​លោក​ហ៊ុន សែន​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗ​អ្នក​នយោបាយ​ណា​ដែល​តុលាការ​រក​ឃើញ​ថា​ មាន​ទោស​ ហើយត្រូវ​តែ​រារាំង​ឲ្យ​បាន​ មិន​ឲ្យ​ជន​នោះ​មាន​ការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​នៅ​កម្ពុជា​ទេ​ ​ តែអ្នក​នយោបាយរូប​នោះត្រូវ​គេ​ដឹង​ថា គឺលោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលកំពុង​រស់​នៅ​ក្នុង​ប្រទេស​បារំាង។​

ក្នុង​បទ​សម្ភាសន៍ជាមួយ​ VOA​ កាលពី​ដើម​ខែ​មិថុនា លោក​សម រង្ស៊ី​ អតីត​មេ​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​នេះ​ បាន​ថ្លែង​ថា​ លោក​ហ៊ុន សែន​ភ័យ​ខ្លាច​វត្តមាន​របស់​លោក​ ​ដោយ​បាន​ហាម​ឃាត់​មិន​ឲ្យ​លោក​ធ្វើ​ដំណើរ​មក​ជាន់​ដី​នៃ​មាតុភូមិ​ប្រទេស​របស់​លោក។ ​ហើយ​ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក​ជាមួយ​វិទ្យុ​អាស៊ីរី​ ​ លោក​សម រង្ស៊ី​បាន​ចាត់​ទុក​ថា​ លោក​ហ៊ុន សែន​ជា​មនុស្ស​កំសាក។​

រូបឯកសារ៖ លោកសម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ
រូបឯកសារ៖ លោកសម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ

VOA ​បាន​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ប៉ុល ហំម​ អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​នេះ តែនៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ ​នា​ថ្ងៃ​ចន្ទ​នេះ។​

នៅ​ដើមឆ្នាំ​២០១៧​ ​ រដ្ឋ​សភា​ជាតិ​បាន​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​លើក​ជា​លើក​ដំបូង​ ​ដែល​មានសំឡេង​គាំទ្រ​៦៦​លើ​៦៦​ ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ ​ ទោះ​បី​ជា​រង​ការ​រិះគន់​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ក៏​ដោយ។​

លោក​ស្រី​ Donica Pottie​ ឯក​អគ្គរដ្ឋទូត​កាណាដា​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើងកាល​ពី​កន្លង​មក​ថា​ ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយនេះ​គឺ​ស្មើនឹង​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

ស្រដៀង​គ្នា​នេះ​ដែរ​ ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ភ្លាមៗ​ ដោយ​បាន​ពណ៌នា​ការ​ធ្វើ​វិសោធន​កម្ម​នេះ​ថា​ បាន​ផ្ដល់​អំណាច​យ៉ាង​ធំ​ធេង​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ដាក់​កំហិត​ដល់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សកម្មភាព​ស្រប​ច្បាប់​នានា​របស់​គណបក្ស​នយោបាយ​ ដែល​អាច​នាំ​ទៅ​ដល់​ការ​រំលាយ​គណបក្ស​នយោបាយ​ផង​ដែរ។​

ប៉ុន្តែ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​សម្ដែង​ការ​«ខក​ចិត្ត​យ៉ាង​ខ្លាំង»​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​របស់​សហ​រដ្ឋ​អាមេរិក​ទាក់ទង​នឹង​វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​របស់​កម្ពុជា ​ដោយ​បាន​ហៅ​សេចក្ដី​ថ្លែង​ការណ៍​នេះ​ថា​ ជា«ប្រតិកម្ម​មិន​សម​ហេតុផល»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​យល់​ថា ​ការ​អនុម័ត​សេចក្ដី​ស្នើ​ធ្វើ​វិសោធន​កម្ម​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ធ្វើឡើង​កាលពី​ពេល​មុន​នោះគឺជា​ របត់​ដ៏​គ្រោះ​ថ្នាក់​មួយ​ដែល​អាច​ទៅ​ដល់​ទី​បញ្ចប់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

ដោយឡែកលោក​យឿង សុធារ៉ា​ មន្ត្រី​ផ្នែក​ច្បាប់​ និង​អង្កេត​នៃ​អង្គការ​ខុមហ្រ្វែល​ យល់​ថា ការ​ប៉ុន​ប៉ង​ធ្វើ​វិ​សោធនកម្ម​ បញ្ចប់​សកម្មភាព​របស់​ទណ្ឌិត​ណាមួយ​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​ពាក់​ព័ន្ធ​នឹងកិច្ច​ការ​នយោបាយ ​ជា​រឿង​ដែល​កម្រ​កើត​ឡើង​នៅ​ប្រទេស​ផ្សេង​ទៀត។​

«ខ្ញុំ​បាន​សិក្សា​ច្រើន​ពាក់​ព័ន្ធ​ជាមួយ​ហ្នឹង​រឿងនេះ។​កន្លងមក​ខ្ញុំ​ អត់​ទាន់​ឃើញ​មាន​ប្រទេស​ណា​ដែល​មាន​ច្បាប់​ហាម​ឃាត់​ ឬ​ក៏​បិទ​មាត់​ទណ្ឌិត​ មិន​ឲ្យ​និយាយ​គាំទ្រ​ទៅលើ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត​ ដែល​ខ្លួន​ស្រឡាញ់​ ឬ​ក៏​សម្តែងមតិណា​មួយ​ទៅលើ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ខ្លួន​គាំទ្រ​ ខ្លួន​ស្រឡាញ់​ទេ»។​

អ្នក​អង្កេត​ការណ៍​រូប​នេះប្រាប់​ VOA ​បន្ថែម​នៅ​ថ្ងៃ​ចន្ទ​នេះថា​ ​លោក​ពុំទាន់​បាន​ដឹង​នៅ​ឡើយ​ អំពី​ពាក្យ​ពេចន៍​ដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ដំណើរ​ការ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​លើក​ក្រោយ​នេះ​ទេ។​ តែ​ទោះ​ជាយ៉ាង​ក៏ដោយ​ លោក​ថា​ វិសោធន​កម្ម​ច្បាប់​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​បរិយាកាសនយោបាយ​នៅ​កម្ពុជា​មាន​ភាព​អាប់​អួរ​ជា​ថ្មី​ទៀត៕

XS
SM
MD
LG