ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ស្ដី​ពី​កូវីដ១៩​ដែល​កំណត់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ ​ឆ្លង​ផុត​រដ្ឋសភា


អាជ្ញាធរយាមល្បាតនៅខាងមុខមជ្ឈមណ្ឌលចត្តាឡីស័កប្រចាំរាជធានីភ្នំពេញ ដែលត្រូវបានប្រែក្លាយទៅជាមន្ទីរពេទ្យបណ្តោះអាសន្នដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
អាជ្ញាធរយាមល្បាតនៅខាងមុខមជ្ឈមណ្ឌលចត្តាឡីស័កប្រចាំរាជធានីភ្នំពេញ ដែលត្រូវបានប្រែក្លាយទៅជាមន្ទីរពេទ្យបណ្តោះអាសន្នដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ​និងជំងឺ​ឆ្លង​កាច​សាហាវ ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​យល់​ព្រម​ទាំង​ស្រុង​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។​

​នេះ​ជាច្បាប់​ទី ២ ​ហើយ​ដែល​បាន​តាក់តែង​ ដោយ​សារ​តែ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩ បន្ទាប់​ពីរដ្ឋ​អំណាច​កម្ពុជា​បាន​បង្កើត​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រទេសជាតិ ​ក្នុង​គ្រា​មាន​អាសន្ន​កាល​ពីដើម​ឆ្នាំ ២០២០។​

​គ្រប់សមាជិក​និង​សមាជិកា​រដ្ឋសភា​ឯកបក្ស​ ដែល​គ្រប​ដណ្ដប់​ទាំង​ស្រុង​ ដោយ​គណបក្ស​ប្រជាជនកម្ពុជា​ដែល​មាន​វត្តមាន​ទាំងអស់​ ៨៣ រូប​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ បាន​លើក​ដៃ​យល់​ព្រម​ទាំង​អស់​គ្នា​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋសភា​ក្រោយ​សម័យ​ប្រជុំ។

​សេចក្ដី​ព្រាង​ច្បាប់​ដែល​មាន ​៦ ជំពូក​ស្មើនឹង ១៨ ​មាត្រា​ បាន​ចែងពី​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល ​និងព្រហ្ម​ទណ្ឌ​លើ​ «បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល​វិធានការ​រដ្ឋបាល ឬ​វិធានការ​ផ្សេង​ទៀត​ដែល​ដាក់​ចេញ​តាម​ច្បាប់​នេះ»។

​មាត្រា​បន្តបន្ទាប់​បាន​ចែង​ពី​ការ​ដាក់​ទោស​ទ​ណ្ឌ​រហូត​ជាប់​ពន្ធនាគារ ​សម្រាប់​អ្នក​បំពាន​វិធាន​ការរដ្ឋ​បាល​វិធានការ​ចត្តា​ឡីស័ក និង​វិធាន​ការ​ឃុំគ្រង​សម្រាក​ព្យាបាល​។ តួយ៉ាង ​អ្នក​បំពាន​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ដល់​ទៅ​ដល់ ៣ ឆ្នាំ និងរង​ការ​ពិន័យ​ដល់ទៅ ១០ លាន​រៀល​ បើ​សិនជា​បាន​ចម្លង​វីរុស​ដល់​អ្នកដទៃ​អំឡុង​ការ​បំពាន។

​មាត្រា ៨ ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ចែង​អំពី​ការ​ដាក់​ពន្ធនាគារ​ដល់​ទៅ ​៥ ឆ្នាំ​ និង​រង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​ ២០​ លាន​រៀល សម្រាប់​បុគ្គល​ដែល​មាន​ជំងឺ​ហើយ​រត់គេច​ពី​មន្ទីរ​សម្រាក​ព្យាបាល ​និង​អាច​ជាប់​ពន្ធនាគារ​ដល់ទៅ ១០ ឆ្នាំ​ បើ​សិន​ជា​ចម្លង​មេរោគ​ដល់​អ្នក​ដទៃ​អំឡុង​ពេល​រត់​គេច។​

​ហើយ​សម្រាប់​ជន​ដែល​មាន​ «ចេតនា» ​ចម្លង​ជំងឺកូវីដ១៩ ​ដល់​អ្នក​ដទៃ ​«តាម​គ្រប់​មធ្យោបាយ» អាច​ជាប់​ពន្ធនាគារ​កម្រិត​អតិបរមា ១០ ឆ្នាំ ឬរហូតដល់ ​២០ ឆ្នាំ​ បើ​សិន​ជា​ការ​ចម្លង​ដោយ​ចេតនា​នោះ​ «មាន​ការរៀបចំ​ជា​ក្រុម​ ឬ​អង្គការ​ចាត់​តាំង»។ នេះ​បើ​តាម​មាត្រា ៩។

​រដ្ឋាភិបាល​ទទួល​បាន​អំណាច​ពេញច្បាប់​ក្នុង​ការរឹតត្បិត ​និង​ហាមឃាត់ការ​ធ្វើ​ដំណើរ ​ការ​ជួប​ជុំ​ការ​ប្រកប​របរ ​ធ្វើ​ពាណិជ្ជកម្ម​បើសិន​ជា​ «ចាំបាច់​និង​មាន​ប្រយោជន៍» ក្នុង​ការ​ទប់ទល់​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​នានា ​រួម​ទាំង​កូវីដ១៩​ ផង។ នេះ​បើ​យោង​តាម​មាត្រា ៤ ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ។​

​ការ​មិន​គោរព ​ឬ​រារាំង​ការ​អនុវត្ត​វិធាន​ការ​រដ្ឋបាល​ខាងលើ​អាច​នាំ​ឱ្យ​បុគ្គល​ល្មើស​ជាប់​ពន្ធនាគាររហូត​ដល់​កំណត់ ​៥ ឆ្នាំ និង​ការ​ពិន័យ​ជា​ប្រាក់​រហូត​ ២០ លាន​រៀល។

រដ្ឋាភិបាល​មាន​គោល​បំណង​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​ជា​ប្រញាប់​ ស្រប​ពេល​កម្ពុជា​កំពុង​ប្រឈម​ការ​ឆ្លង​សហគមន៍​ទ្រង់ទ្រាយធំ​ ហើយមនុស្ស​រាប់​ពាន់​នាក់​ស្ថិត​ក្នុង​មណ្ឌល​ព្យាបាល​និង​ចត្តាឡីស័ក។​

​ក្រុមការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch​ បាន​បរិហារ​សេចក្ដី​ព្រាងច្បាប់​ខាងលើ​ ថា​មាន​ចរិត​ «រំលោភ​បំពាន» និង ​«បញ្ញត្តិ​ទោស​ធ្ងន់ធ្ងរ​ហួស​ហេតុ»​ ហើយ​កាលពី​ថ្ងៃ​សុក្រ​បាន​ទទូច​ឱ្យ​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់នេះ​ជា​បន្ទាន់។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ក្រុម​សិទ្ធិ​មនុស្ស​មួយ​នេះ ដែល​មាន​មូល​ដ្ឋាន​នៅ​បុរីញូវយ៉ក ​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា៖

​«សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​ចែង​នូវ​បញ្ញត្តិ​ដែល​មាន​ខ្លឹមសារ​ធំ​ទូលំ​ទូលាយ ​អាច​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ធ្វើការ​រំលោភ​បំពានបាន ដោយ​ងាយស្រួល​ដោយ​ពុំ​មាន​យន្តការ​ត្រួតពិនិត្យ​ជា​ឯករាជ្យណាមួយ​ ដើម្បី​រក្សា​ការពារ​ឃ្លាំ​មើល​លើ​ការអនុវត្ត​នីតិវិធី ​[នៃ​ច្បាប់​នេះ]​ សោះ​ឡើយ»។

​លោក Phil Robertson អនុប្រធាន​ផ្នែក​តំបន់​អាស៊ី​នៃ Human Rights Watch បាន​បន្ថែម​ថា៖​

​«បណ្ដា​មេ​ដឹកនាំ​ប្រទេស​កម្ពុជា​គួរ​តែ​ស្វះ​ស្វែង​រក​កិច្ច​សហការ​ពី​ប្រជា​ពលរដ្ឋ​កម្ពុជា ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ មិន​មែន​ត្រូវ​គំរាម​កំហែង​ពួកគាត់ជាមួយនឹង​ដាក់​ពន្ធនាគារ​យូរ​ឆ្នាំ​ ដោយ​សារ​តែ​បាន​បំពាន​វិធាន​ការ​សុខាភិបាល​នោះ​ឡើយ»។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ការពារ​ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩​ ថា​ជា​ឧបករណ៍​ជំនួយ​ដល់​ការងារ​ប្រយុទ្ធ​ជំងឺ​ឆ្លង​របស់​រដ្ឋ។​

​«ការ​បំពានការ​ធ្វើ​ចត្តា​ឡីស័ក​នៅ​សណ្ឋាគារ​សុខា​ ដោយ​ស្ដ្រី​ជនជាតិចិន​ពីរ​នាក់​រួម​ដៃគ្នា​ជាមួយនឹង​សន្ដិសុខ​សណ្ឋាគារ​បញ្ចេញ​ តើ​ត្រូវ​ដាក់​ទោស​គេ​យ៉ាង​ម៉េច? យើង​អត់​ទាន់​មាន​ច្បាប់!​ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ច្បាប់»។​

​លោក​ ហ៊ុន សែន បាន​បន្ថែម​ថា អនុក្រឹត្យ​ដែល​លោក​បាន​ចុះហត្ថលេខា​កន្លង​មក មិន​អាចកំណត់ការ​ដាក់​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ​សម្រាប់​អ្នកបំពាន​និង​អ្នកផ្សំ​គំនិត​បាន​ឡើយ។

​«អ៊ីចឹង ម្ខាង យើង​ប្រើ​វិធាន​ការ​អប់រំ ម្ខាង ​យើង​ប្រើ​វិធានការ​រដ្ឋបាល​និង​ម្ខាង​ទៀត យើង​ក៏ត្រូវ​ប្រើ​ច្បាប់​ដើម្បី​នឹង​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​ជំងឺនេះ​ផង​ដែរ»។​

​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ អតីត​សន្តិសុខ​សណ្ឋាគារ​សុខា​មួយ​រូប ដែល​រង​ការ​សង្ស័យ​ថា​បានដោះ​លែងស្ត្រី​ជនជាតិ​ចិន​ពីរ​រូប​ចេញ​ពី​ទីកន្លែង​ធ្វើ​ចត្តាឡីស័ក ​កាល​ពី​ដើម​ខែ​កុម្ភៈ​ រហូត​មាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​ «២០កុម្ភៈ»​ នេះ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ​ ដើម្បី​អនុវត្ត​នីតិ​វិធី​បន្ត​ក្រោយ​បញ្ចប់​ចត្តា​ឡីស័ក​ពីរ​សប្ដាហ៍​ នៅ​មណ្ឌលសុខ​ភាពចាក់​អង្រែ។ នេះ​បើ​តាម​លោក​ឧត្ដម​សេនីយ៍ឯក ​ឌី វិជ្ជា ​អគ្គស្នងការរង។​

​មន្ត្រី​នគរបាល​ជាន់ខ្ពស់​រូបនេះ​ ដែល​បច្ចុប្បន្ន​ជាប្រធាន​អនុគណៈកម្មការ​ស្រាវជ្រាវ​និង​តាមដានបុគ្គល​សង្ស័យ​ថា​ មាន​ផ្ទុក​ជំងឺ​កូវីដ១៩ បាន​ប្រាប់​វីអូអេ​ថា៖​

​«សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួរ​មិន​ទាន់​បាន​បញ្ចប់​ ហេតុ​ដូចនេះ​ការ​កំណត់​បទល្មើស​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​ និង​វិធានការ​បន្ត​ត្រូវ​រង់​ចាំឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​បញ្ចប់​ការ​សាក​សួរ និងប្រមូល​ភស្តុតាង​អោយ​បាន​គ្រប់គ្រាន់​សិន​ ទើប​អាច​កំណត់»។

លោក​ គឹម សន្តិភាព​ រដ្ឋលេខាធិការ​និងជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លើក​ឡើង​ថា ​ច្បាប់​ខាង​លើ​មិន​អាច​ធ្វើប្រតិសកម្ម​អនុវត្ត​ធាក់​ថយ​ក្រោយ​លើ​ករណី​នានា ​ដែល​មាន​មុន​ច្បាប់​ ដូច​ជា​ករណី​រត់​ចេញ​នៅ​សណ្ឋា​គារ​សុខា​ឡើយ។​

​«ធម្មតា​តាម​គោលការណ៍​ច្បាប់​យើង​អត់​ធាក់​ថយ​ទេ បាន​ន័យ​ថា​ ច្បាប់​អាច​អនុវត្ត​បន្ទាប់​ពី​ច្បាប់​ចូល​ជា​ធរមាន សម្រាប់​អំពើ​ណា​ ដែល​កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​ច្បាប់ អ៊ីចឹង​រាល់​សកម្ម​ភាព​ដែលកើត​មុន​ច្បាប់​ត្រូវ​ប្រើប្រាស់​លិខិតូបករណ៍​ច្បាប់​ ដែល​មាន​មុន​ច្បាប់​នេះ»។​

​លោក​ សន្ដិភាព ​បន្ថែម​ថា ឧបករណ៍​ច្បាប់​ដែល​មាន​ស្រាប់​រួម​មាន អនុក្រឹត្យ​ស្ដីពី​វិធានការ​ចត្តា​ឡីស័ក​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩ ចុះ​ហត្ថលេខា​ដោយ​លោក ​ហ៊ុន សែន ​កាលពី​ថ្ងៃទី១៨​ ខែកុម្ភៈ​ និង​មាន​មាត្រា ៤៤ ​នៃ​ច្បាប់​ស្ដីពីការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដែល​កំណត់​ពីការជាប់​ពន្ធនាគារ​រហូត​ដល់ ​៦ ខែ លើអ្នក​ដែល ​«បាន​ដឹង​អំពី​ស្ថានភាព​ហានិភ័យ​ ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ ហើយ​មិន​បាន​រាយការណ៍​ព័ត៌មាន​ជា​បន្ទាន់ ​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច»។​

​«ក្រៅពីនេះ​ក៏​យើង​មាន​ទិដ្ឋភាពច្បាប់​ផ្សេង​ទៀត ដែល​យើង​នឹង​ពិនិត្យ​មើល​ទៅ​តាម​សកម្មភាពរបស់ជន​នោះ​ថា​ ជន​នោះ​គាត់​ធ្វើអ្វីខ្លះ គាត់​បង្ក​ព្យសនកម្ម​អ្វីខ្លះ​អ៊ីចឹង ​ទាល់​តែ​ប្រគល់​ជូន​សមត្ថ​កិច្ចក្នុង​ការ​ពិនិត្យ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់»។​

​អនុក្រឹត្យ​ចុះថ្ងៃទី ១៨ ​ខែកុម្ភៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ ​ត្រូវ​បាន​យោងយក​ទៅ​ផាកពិន័យ​បុរស​ម្នាក់រស់​នៅសង្កាត់​លេខ ៤ ក្រុង​ព្រះសីហនុ ជា​ទឹកប្រាក់ ២ លាន​រៀលនៅ​ថ្ងៃសុក្រនេះ​។ នេះបើ​យោង​តាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។​

​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថាប័ន​ខាងលើ​បាន​បង្ហាញ​ថា បុរស​រូប​នោះ ​«ជា​អ្នក​ពាក់ព័ន្ធ​ដោយប្រយោល​ជាមួយ​អ្នក​ជំងឺ​កូវីដ-១៩ ហើយ​ត្រូវ​បាន​ក្រុម​ការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាលខេត្ត​ព្រះសីហនុ​ បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​ ដើម្បី​ធ្វើការ​តាមដាន​សុខភាព តែ​រូបគាត់​មិនបាន​អនុវត្តន៍​តាម​ការ​ណែនាំ​ ដោយ​បាន​ចេញធ្វើដំណើរ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃទី៤ ​ខែមីនា​ឆ្នាំ២០២១»។​

​កម្ពុជាកំពុង​ប្រឈម​នឹង​ការ​ឆ្លង​កូវីដ១៩ ​ក្នុង​សហគមន៍​ជា​លើក​ទី ៣ និង​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុតមិនធ្លាប់​មាន តែ​ក្នុង​រយៈពេល​មិន​ដល់​ពីរ​សប្ដាហ៍​ផង​ ករណី​កូវីដ​សរុប​ដែល​ត្រូវ​បាន​កត់ត្រាបាន​កើនឡើង​ច្រើន​ជាង​ ១០០%​ ទៅ​ដល់​ ៩៣២ ករណី​ ក្នុង​នោះ​មាន​ ៤២៥​ ករណី​ជាប់​ពាក់ព័ន្ធនឹង​ចង្កោម​ឆ្លង​ក្នុង​សហគមន៍ ​២០ កុម្ភៈ៕

XS
SM
MD
LG