ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធ​សភា​នឹង​ពិនិត្យ​សម្រេច​សេចក្តី​ស្នើ​វិសោធន​កម្មរដ្ឋ​ធម្មនុញ្ញ​និង​ក្រម​ព្រហ្មទណ្ឌ​ដ៏​ចម្រូង​ចម្រាស


រូបឯកសារ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធ​សភា​នឹង​ប្រជុំ​ពិនិត្យ​និង​​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្មរដ្ឋ​ធម្មនុញ្ញ​និង​ក្រម​ព្រហ្មទណ្ឌ ទោះ​បីជា​ច្បាប់​នេះ​រង​​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​​ស្ថាន​ការណ៍​កម្ពុជា​ក្តី។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធ​សភា​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ​ដើម្បី​ពិនិត្យ​ និង​សម្រេច​លើ​សេចក្តី​ព្រាង​ច្បាប់វិសោធន​កម្ម​មាត្រា​ចំនួន​ប្រាំ​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្មក្រម​ព្រហ្ម​ទណ្ឌ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពីក្រុម​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​គ្រប់​គ្រង​ប្រទេស​ ​និង​គណ​បក្ស​ជំទាស់។

កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធ​សភានេះ​កើត​មាន​ឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង​ បន្ទាប់​ពី​សមាជិក​សភា​១២៣​រូប​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​ ដែល​អ្នកឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ យល់​ថា​ នឹង​ផ្តល់​សិទ្ធិ​អំណាច​កាន់​តែ​ខ្លាំង​ដល់​អាជ្ញាធរ​ និង​រដ្ឋាភិបាល​កម្ពុជា​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

លោក អ៊ុំ សារិទ្ធ អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅថ្ងៃ​ច័ន្ទ​នេះ​ថា សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​ភ្លើង​ទៀន​ ដែលបង្កើតឡើង​ដោយ​លោក​ ​ សម រង្ស៊ី​ ​ នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធ​សភា។ ​យ៉ាង​ណា​មិញ​ ​ លោក​មិន​ទាន់​ផ្តល់​សេចក្តី​លម្អិតថា​ តើ​នឹង​មាន​ការ​កែប្រែ​ខ្លឹម​នៃ​សេចក្តី​ស្នើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​ ដែល​រង​ការ​រិះ​គន់​ពី​ក្រុម​អ្នក​វិភាគ​ និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​នោះ​ទេ។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ដែល​លើក​ឡើង​ថា​ ការ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ​ និង​វិសោធន​កម្មក្រម​ព្រហ្មទណ្ឌ​នឹង​បង្កើន​ការគាប​សង្កត់​លើ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​នោះ​ ​លោក​ អ៊ុំ​ សារិទ្ធ​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«នៅ​រដ្ឋសភា​ គេ​បង្ហាញ​ជំហរ​រួច​អស់​ហើយ​ តើ​រឿង​ហ្នឹង​វាយ៉ាង​ម៉េច​ អី​យ៉ាង​ម៉េច?​ ហើយឥឡូវ​គណៈ​កម្មាធិការ​របស់​ខ្ញុំ​កំពុង​តែ​សិក្សា។​ ខ្ញុំ​មិន​អាច​និយាយ...​ និយាយ​ក្នុង​នាម​បុគ្គល​អីចឹង​ ខ្ញុំ​មិន​និយាយ​ទេ​ ព្រោះ​គណៈកម្មាធិការ​គាត់​សិក្សា​ក្នុង​នាម​ស្ថាប័ន។ អីចឹង​នៅ​ពេល​ដែល​គាត់​ធ្វើ​របាយ​ការណ៍​ហ្នឹង​ហើយ​បាន​ដឹង​ថា​ ជំហរ​របស់​ព្រឹទ្ធ​សភា​យ៉ាង​ម៉េច?»​

លោក ឡេង ប៉េងឡុង​ ​អ្នក​នាំពាក្យ​រដ្ឋសភា​ជាតិ​ មាន​ប្រសាសន៍កាលពី​សប្តាហ៍​មុន​ថា អង្គសភា​បាន​សម្រេច​ផ្តល់​សេចក្តី​យល់​ព្រមឲ្យ​មាន​វិសោធន​កម្ម​នៃ​រដ្ឋ​ធម្មនុញ្ញ​និង​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​ ដែល​ជា​ការ​ពង្រឹង​នីតិរដ្ឋ​ និង​ដំណើរការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

ការ​លើក​ឡើង​របស់​ក្រុម​គណ​បក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​ក្រុម​អ្នក​វិភាគ​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យល់ឃើញ។ ពួកគេ​និយាយ​ថា ​កិច្ច​ខិតខំ​កែ​មាត្រា​ជា​ច្រើន​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​អំណាច​របស់​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ដោយ​មិន​បាន​តម្កល់​ប្រយោជន៍​ប្រជាជន​ជា​ធំ​នោះ​ទេ​តែ​បាន​ពង្រីក​ឥទ្ធិពល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ជំទាស់​គឺ​គណបក្ស​ភ្លើង​ទៀន​ អះអាង​ថា​ ពួក​គាត់​មិន​គាំទ្រ​ការ​លើក​យក​វិសោធន​កម្ម​ច្បាប់​ធំៗ​ទាំង​ពីរ​នេះ​មក​ធ្វើ​ការ​ពិភាក្សាក្នុង​ព្រឹទ្ធសភា​នោះ​ទេ។​

លោក ទាវ វណ្ណុល​ ​សមាជិក​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​របស់​ព្រឹទ្ធ​សភាមក​ពី​គណបក្ស​ភ្លើង​ទៀន​ ថ្លែង​ថា​ រដ្ឋ​សភា​ដែល​បាន​អនុម័ត​វិសោធន​កម្ម​ច្បាប់​ធំៗ​ទាំង​ពីរ​គឺ​មិន​មាន​សំឡេង​គ្រប់​គ្រាន់ដើម្បី​អនុញ្ញាត​ឲ្យ​មាន​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​បាន​ទេ​ ​បន្ទាប់​ពី​ការ​រំលាយ​ចោល​គណ​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧។​

សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​ឲ្យ​ដឹង​បន្ថែម​ថា​ លោក​នឹង​ចូល​រួម​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​ ​តែ​លោក​មិន​គាំទ្រវិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​ដែល​បាន​ទទួល​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ពី​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​រាជា​និយមហ៊្វុនស៊ីនប៉ិច​នោះ​ទេ។​ លោក​អះអាង​ថា​ ការ​ធ្វើ​វិសោធន​កម្ម​ទាំងអស់​នេះ​មាន​បំណង​បម្រើ​ប្រយោជន៍​របស់​គណបក្ស​នយោបាយ​និង​មាន​លក្ខណៈ​សង្កត់​សង្កិនសិទិ្ធ​សេរីភាព។​

«ពីមុន​ធ្វើ​វា​អត់​កើត​ ព្រោះ​វា​អត់​មាន​សំឡេង​គ្រប់ ​តែ​ឥឡូវ​ដោយ​សារ​សំឡេង​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​គេ​រំលាយ។ ហើយ​សំឡេង​គណបក្ស​ថ្មី​... ​ជា​គណបក្ស​ដែល​ប្រជា​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ឲ្យ...​ អាហ្នឹង​ខ្ញុំ​មិន​ដឹង​ថា​ ​គេ​យល់​យ៉ាង​ម៉េច​បាន​គេ​អនុម័ត​ច្បាប់​ហ្នឹង។​ អាហ្នឹង​ជា​បំណង​របស់​គណបក្ស​ផ្សេង​ទៀត។ ​អាហ្នឹង​ខ្ញុំ​មិន​ដឹង​ ខ្ញុំមិន​អាច​និយាយ​ជួស​បាន​ទេ។ ​ប៉ុន្តែ​គ្រាន់​តែ​ចង់​និយាយ​ថា​ គោល​បំណង​គឺ​វាអត់​មានអី​ក្រៅពី​គេ​ចង់​ធ្វើការ​រឹតត្បិត​ តែ​ប៉ុណ្ណឹង​ណ៎ា»!

ខ្លឹម​សារ​នៃ​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បាន​ព្រាង​សម្រាប់​ធ្វើ​វិសោធនកម្ម​នោះ​ ត្រូវ​បាន​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធនឹង​រដ្ឋាភិបាល​រាយ​ការណ៍​ ថា​ ​មាន​គោលដៅ​ចម្បង​ការ​ពារមុខ​មាត់​ប្រទេស​កម្ពុជា​និង​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា។ តួយ៉ាង​មាត្រា​៤២​ថ្មី​បាន​សរសេរ​ថា៖​

«គណបក្ស​នយោបាយ​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ​ហើយ​មិន​ត្រូវ​ធ្វើ​សកម្ម​ភាព​ណា​មួយ​ទេ ​ទោះ​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ក្តី ​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ»។​

មាត្រា​៥៣​ថ្មី​បាន​សរសេរ​ថា ​«ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រឆាំង​ដាច់​ខាត​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ទោះ​ក្រោម​រូបភាព​ណា​ក៏​ដោយ»។​

មាត្រា​៤៣៧​ស្ទួន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្ម​ទណ្ឌ​ ​និង​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​សរសេរ​ថា​ «ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​១០​លាន​រៀល។​ ចំពោះ​នីតិបុគ្គល​ក៏អាច​ត្រូវ​បាន​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​៥០​លាន​រៀល​ ព្រម​ទាំង​ទោស​បន្ថែម​មួយ​ ឬ​ច្រើន​ ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា​ មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ»។

កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធ​សភា​នឹង​ពិនិត្យ​ហើយ​សម្រេច​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​ផ្សេងៗ​ទៀត​ រួម​មាន​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​មាត្រា​មួយ​ចំនួន ទាក់​ទិន​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​ការ​ជំរុញ​ និង​សម្រួល​ពាណិជ្ជ​កម្មតំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម​ ដែល​បាន​ទទួល​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា​ជាតិ​កាល​ពី​សប្តាហ៍​មុន៕

XS
SM
MD
LG