សមាជិកសភាអាមេរិកាំងមួយរូបដែលតំណាងឱ្យសហគមន៍ខ្មែរនៅរដ្ឋកាលីហ្វញ៉ា បានរិះគន់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌថាជាយុទ្ធនាការជ្រុលហួសរបស់លោក ហ៊ុន សែន ដើម្បីការពារអំណាច និងបំបាត់សំឡេងប្រឆាំង។
លោកអាឡាំង ឡូវឹនសល (Alan Lowenthal) អ្នកតំណាងរាស្រ្តនៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វញ៉ា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖
«ការបង្រ្កាបលើសេរីភាពនយោបាយក្នុងប្រទេសកម្ពុជានៅបន្ត។ សភាជាតិកម្ពុជាដែលជាសភាប្រថាប់ត្រារបស់របបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើនទសវត្សរ៍បានបោះឆ្នោតដើម្បីដាក់ទោសព្រហ្មទណ្ឌដល់អ្នកដែលហ៊ានរិះគន់ព្រះមហាក្សត្រ និងសមាជិកនៃរដ្ឋាភិបាលលោកហ៊ុន សែន ដោយចាប់ដាក់ពន្ធនាគារ និងពិន័យជាប្រាក់»។
កាលពីថ្ងៃពុធ ក្រុមសមាជិករដ្ឋសភាកម្ពុជាបានបោះឆ្នោតអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើវិសោធនកម្មមាត្រាចំនួនប្រាំនៃរដ្ឋធម្មនុញ្ញ និងវិសោធនកម្មក្រមព្រហ្មទណ្ឌ ដោយបន្ថែមទោសទណ្ឌដល់ជនណាដែលប្រមាថព្រះមហាក្សត្រខ្មែរ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍នានាបានចាត់ទុកថា វាជា«គ្រោះថ្នាក់»មួយដល់សេរីភាពពលរដ្ឋនៅក្នុងប្រទេស។
លោក អាឡាំង ឡូវឹនសល បានបន្ថែមថា វាគ្រាន់តែជាលេសមួយរបស់លោកហ៊ុន សែន ដើម្បីបង្ក្រាបក្រុមប្រឆាំងទេ៖
«នេះគ្រាន់តែជាការបន្តកិច្ចខិតខំប្រឹងប្រែងរបស់របបលោកហ៊ុន សែន ក្នុងការលុបបំបាត់ និងធ្វើឱ្យក្រុមបក្សប្រឆាំងខុសច្បាប់ នៅមុនពេលការបោះឆ្នោតជាតិនៅឆ្នាំនេះ។ ខ្ញុំចូលរួមជាមួយនឹងសហគមន៍អន្តរជាតិសម្តែងការខឹងសម្បារចំពោះការពង្រីកការគ្រប់គ្រងផ្តាច់ការ ដោយលោកហ៊ុន សែន ដែលកំពុងតែរឹតត្បិតសេរីភាពរបស់ពលរដ្ឋកម្ពុជា»។
បន្ទាប់ពីវិសោធនកម្មនេះចូលជាធរមានអ្នកដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល។ ចំពោះនីតិបុគ្គលក៏អាចត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ពី១០លានរៀលទៅ៥០លានរៀល ផងដែរ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ បានបញ្ជាក់ប្រាប់វីអូអេថា ទម្ងន់ទោសដែលកំណត់ក្នុងមាត្រាថ្មីនេះ គឺនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងបណ្តាប្រទេសផ្សេងទៀត រួមមានប្រទេសម៉ាឡេស៊ី អារ៉ាប់ប៊ីសាអូឌីត និងប្រទេសថៃដែលដាក់ពន្ធនាគារអ្នកហ៊ានប្រមាថមហាក្សត្ររហូតដល់១៥ឆ្នាំឯណោះ។
លោកបានបន្ថែមថា៖
«អីចឹង ការណ៍ដែលយើងគោរពបូជាព្រះមហាក្សត្រ តាមរយៈការប្រឆាំងការប្រមាថព្រះមហាក្សត្រហ្នឹង វាជាការត្រឹមត្រូវហើយ»៕