ពលរដ្ឋកម្ពុជាឥឡូវនេះនឹងមានកាតព្វកិច្ចដែលតម្រូវដោយរដ្ឋធម្មនុញ្ញដើម្បីការពារមាតុភូមិ ហើយនិងត្រូវបានហាមឃាត់មិនឲ្យប្រមាថមើលងាយព្រះមហាក្សត្រនៅក្រោមវិសោធនកម្មច្បាប់ថ្មីជាបន្តបន្ទាប់ដែលពួកអ្នកសង្កេតការណ៍និយាយថា ការស្នើច្បាប់នេះឡើងជាការវាយប្រហារទៅលើសេរីភាពពលរដ្ឋនៅក្នុងប្រទេស។
ច្បាប់ហាមឃាត់ការប្រមាថមើលងាយព្រះមហាក្សត្រថ្មីមានភាពស្រដៀងគ្នាទៅនឹងច្បាប់របស់ប្រទេសថៃដែលពួកអ្នកសង្កេតការណ៍និយាយថា បានត្រូវគេប្រើឥតលាក់លៀមនិងជាប្រព័ន្ធដើម្បីបំបិទមាត់ពួកប្រឆាំងដែលនឹងជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ។
ច្បាប់នេះត្រូវបានអនុម័តដោយសភាកម្ពុជាកាលពីថ្ងៃពុធ ដោយមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលមានភាពស្រពេចស្រពិល ក្នុងចំណោមការផ្លាស់ប្តូរមួយអនុញ្ញាតឲ្យដកសិទ្ធិបោះឆ្នោតជារៀងរហូតសម្រាប់មនុស្សដែលជាប់ទោសនោះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយថា ច្បាប់ហាមឃាត់ការប្រមាថមើលងាយព្រះមហាក្សត្រមានសារៈសំខាន់ណាស់ដើម្បីធ្វើឲ្យមានសណ្តាប់ធ្នាប់ដល់របៀបដែលពលរដ្ឋអនុវត្តនូវសេរីភាពរបស់ខ្លួន។ លោកនិយាយទៀតថា ច្បាប់នេះអនុវត្តតែចំពោះការប្រមាថមើលងាយព្រះមហាក្សត្រតែប៉ុណ្ណោះហើយមិនមែនសមាជិករបស់ក្រុមគ្រួសាររាជវង្សានុវង្សទេ។
លោកបាននិយាយថា៖ «មូលហេតុដែលយើងមិនបានធ្វើច្បាប់នេះកាលពីពេលមុនហើយអាចធ្វើច្បាប់នេះនៅពេលឥឡូវនេះគឺថា បរិបទនៅពេលបច្ចុប្បន្ននេះមានការខុសប្លែកដោយមនុស្សខ្លះបានអនុវត្តនូវសេរីភាពនៃការបញ្ចេញមតិគ្មានការទទួលខុសត្រូវហួសពីព្រំដែនដែលជាសេចក្តីថ្លៃថ្នូររបស់ព្រះមហាក្សត្រ»។
លោក ម៉ាលីន បាននិយាយទៀតថា វិសោធនកម្មរដ្ឋធម្មនុញ្ញអាចឲ្យតុលាការដកសិទ្ធិរបស់អ្នកដែលមានទោសដើម្បីបោះឆ្នោតហើយនឹងឈរឈ្មោះកាន់តំណែងសាធារណៈដោយការហាមឃាត់ជារៀងរហូតដែលជាការកែសម្រួលមកពីបទ ប្បញ្ញតិ្តមុនៗដែលគ្រាន់តែដកសិទ្ធិរបស់អ្នកទាំងនោះខណៈដែលបុគ្គលទាំងនោះជាប់ពន្ធនាគារ។
លោកនិយាយថា៖ «មិនមានអ្វីសម្រាប់ក្រុមណាមួយដែលមាននិន្នាការនយោបាយប្រឆាំងរដ្ឋាភិបាលព្រួយបារម្ភអំពីច្បាប់នេះទេ។ ប្រសិនបើពួកគេគិតពីផលប្រយោជន៍ជាតិមុននោះ»។
លោក Kingsley Abbott ជាទីប្រឹក្សាច្បាប់អន្តរជាតិជាន់ខ្ពស់នៅឯគណៈកម្មការអ្នកជំនាញច្បាប់អន្តរជាតិបាននិយាយថា រដ្ឋាភិបាលនៅជុំវិញតំបន់នោះបានចែកចាយមេរៀនសំខាន់ៗថាតើប្រើច្បាប់យ៉ាងដូចម្តេចដើម្បីកាត់បន្ថយសេរីភាពនៃការសម្តែងមតិសំខាន់ៗ។
លោកបានសរសេរក្នុងសារ e-mail ថា «ការគួរឲ្យកត់សម្គាល់ ច្បាប់ទាំងនោះមានភាពស្រពេចស្រពិលយ៉ាងខ្លាំងដែលអាចត្រូវគេបកស្រាយតាមទំនើងចិត្តដើម្បីរួមបញ្ចូលសកម្មភាពយ៉ាងច្រើនដែលរដ្ឋាភិបាលសង្ឃឹមអាចធ្វើការបង្ក្រាប»។
លោកនិយាយទៀតថា៖ «បន្ថែមលើផលប៉ះពាល់លើសេរីភាពនៃការបញ្ចេញមតិ ការជួបជុំនិងសេរីភាពផ្សេងៗទៀតដែលត្រូវបានការពារវិសោធនកម្មទាំងនោះនឹងមិនស្របទៅតាមលក្ខខណ្ឌដ៏សំខាន់មួយនៃនីតិរដ្ឋ ដូចដែលគេបានដឹង គឺអាចទាយទុកជាមុន»។
ជនជាតិថៃមួយចំនួនបានត្រូវតុលាការកាត់ឲ្យជាប់ទោសដោយសារច្បាប់ហាមឃាត់ការប្រមាថមើលងាយព្រះមហាក្សត្រចាប់តាំងពីរដ្ឋាភិបាលយោធាបានកាន់អំណាចនៅឆ្នាំ២០១៤មក។ បុរសលក់ការធានារ៉ាប់រងម្នាក់បានត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារ៣៥ឆ្នាំចំពោះការចុះផ្សាយលើគេហទំព័រ Facebook ដែលត្រូវបានគេចាត់ទុកថា ជាការប្រមាថមើលងាយដល់ព្រះមហាក្សត្រ។
លោក Sulak Sivaraksa ជាសាស្រ្តាចារ្យដ៏ល្បីល្បាញដែលមានអាយុ៨៥ឆ្នាំដែលចោទសួរពីតួនាទីរបស់ព្រះមហាក្សត្រថៃនៅក្នុងសង្គ្រាមសត្វដំរីកាលពីជាង៤ រយឆ្នាំមុន ហើយលោកបានរងការចោទប្រកាន់ពីការធ្វើអត្ថាធិប្បាយចំអកឡក ឡឺយអំពីសត្វឆ្កែងាប់របស់អតីតព្រះមហាក្សត្រ Bhumibol Adulyadej ស្ថិតនៅក្នុងចំណោមអ្នកដែលរងការវាយប្រហារដោយសារការប្រើច្បាប់នេះ។
ក្នុងប្រទេសកម្ពុជា ច្បាប់បង្ខូចកេរ្តិ៍ឈ្មោះ ញុះញង់និងចារកម្មដែលមានស្រាប់បានបង្ហាញនូវប្រសិទ្ធភាពដើម្បីយកជាទីដៅនៃការកំចាត់សកម្មភាពនៃការ សម្តែងមតិដោយសេរី។
កាលពីសប្តាហ៍មុន លោក សាន រដ្ឋា អាយុ២៩ឆ្នាំ បានត្រូវចាប់ខ្លួននៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោកនៅក្នុងប្រទេសកម្ពុជាចំពោះការជំរុញឲ្យជនរួមជាតិរបស់លោកងើបឈរឡើងប្រឆាំងនឹងលទ្ធិផ្តាច់ការដោយការចុះផ្សាយតាមគេហទំព័រ Facebook។
ក្នុងសប្តាហ៍ដដែលនោះ ប្រទេសថៃ បានបញ្ជូនស្រ្តីខ្មែរម្នាក់ឈ្មោះ សំ សុខា ដែលបានទទួលឋានៈភាពជាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិឲ្យទៅកាន់ប្រទេសកម្ពុជាវិញបន្ទាប់ពីមានការចោទប្រកាន់ថា លោកស្រីបានថតរូបការ ចោលស្បែកជើងទៅលើស្លាកគណបក្សរបស់មេដឹកនាំគណបក្សកាន់អំណាច។មេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ដែលគណបក្សរបស់លោកបានត្រូវតុលាការរំលាយចោលនោះ បានស្ថិតនៅក្នុងពន្ធនាគារដើម្បីរង់ចាំការកាត់ទោសលើបទចោទប្រកាន់ចារកម្ម ក៏ដូចអតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី២រូបទៀតនិងអ្នកថតខ្សែភាពយន្តជាតិអូស្រ្តាលីម្នាក់ទៀត។
ខណៈដែលមានរឿងក្តីសាធារណៈដ៏គួរឲ្យកត់សម្គាល់មួយកាលពីពេលថ្មីៗនេះដែលទាក់ទិននឹងអត្ថាធិប្បាយដែលបានធ្វើឡើងពាក់ព័ន្ធនឹងព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលត្រូវបានគេលួចថតពីអ្វីដែលជាការសន្ទនាឯកជន។
លោក លឺ ឡាយស្រេង ជាអតីតឧបនាយករដ្ឋមន្រ្តីបានរត់គេចខ្លួនចេញពីកម្ពុជាកាលពីខែតុលាបន្ទាប់ពីខ្សែអាត់ថតសំឡេងបានលេចធ្លាយដែលក្នុងនោះលោកបានហៅព្រះមហាក្សត្រនរោត្តម សីហមុនី ថា «មាន់ក្រៀវ»ចំពោះការស្ទាក់ស្ទើររបស់ព្រះអង្គរិះគន់បញ្ហានយោបាយ។
លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថាលោកមិនបានឃើញថា មានជនណាម្នាក់បាននិយាយកាលពីពេលថ្មីៗនេះអំពីមហាក្សត្រនៅពេលបច្ចុប្បន្ននេះទេ ដោយលោកបានហៅច្បាប់នោះថា ជាករណីមួយទៀតនៃច្បាប់ដែលរដ្ឋាភិបាលកម្ពុជាប្រើខុសដែលឆ្លងបន្ទាត់ក្រហមរបស់សិទ្ធិមនុស្ស។
លោកនិយាយទៀតថា ការណ៍នេះនឹងប្រាប់ឲ្យដឹងថា គោលនយោបាយគណៈ កម្មការអឺរ៉ុបថ្មីចំពោះកម្ពុជាដែលមានគម្រោងនឹងអនុម័តនៅថ្ងៃទី២៦ ខែកុម្ភៈ នឹងមានលក្ខណៈយ៉ាងណាបើផ្អែកលើស្ថានភាពដូច្នេះ។
លោកនិយាយទៀតថា៖ «ខ្ញុំគិតថា ច្បាប់ស្តីពីអ្វីៗលើកលែងតែអាវុធដែលចែងពីការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារយ៉ាងខ្លាំងប្រហែលទទួលរងការគំរាមកំហែង»៕
ប្រែសម្រួលដោយជឹង ប៉ូជីន