ព្រឹទ្ធសភាសហរដ្ឋអាមេរិកគ្រោងនឹងធ្វើឲ្យលោកប្រធានាធិបតី Donald Trump អាម៉ាស់នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលខ្លួនបោះឆ្នោតជំទាស់ទៅនឹងការប្រកាសរបស់លោកអំពីការដាក់ប្រទេសទៅក្នុងភាពអាសន្ន ដើម្បីយកថវិកាសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក។
សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនបានប្ដេជ្ញាថានឹងចូលរួមជាមួយនឹងក្រុមគណបក្សប្រជាធិបតេយ្យដែលរួបរួមគ្នាជាធ្លុងមួយ ដើម្បីជំទាស់ទៅនឹងការប្រកាសរបស់លោក Trump នេះ។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រចាំព្រឹទ្ធសភា បាននិយាយថា៖ «តើអ្នកចង់និយាយថា នៅពេលណាដែលសភាជំទាស់នឹងសំណើរបស់ប្រធានាធិបតី ប្រធានាធិបតីអាចប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្ន ហើយសភានឹងបន្ទាបខ្លួនតាមមែនទេ? វាគឺជារឿងដ៏គួរឲ្យអាម៉ាស់»។
សមាជិកគណបក្សសាធារណរដ្ឋភាគច្រើនបានបង្ហាញការព្រួយបារម្ភអំពីការប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្ននេះ ដោយពួកគេបានកត់សម្គាល់ថា រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកផ្ដល់សិទ្ធិឲ្យសភាលើការសម្រេចរឿងការចំណាយរបស់រដ្ឋាភិបាល។ ប៉ុន្តែ ពួកគេគ្រោងនឹងបោះឆ្នោតប្រឆាំងនឹងវិធានការជំទាស់របស់ព្រឹទ្ធសភានេះ ដោយពួកគេលើកឡើងពីតម្រូវការបន្ទាន់នូវក្នុងការជួយសង្គ្រោះព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក។
ការសាងសង់ជញ្ជាំងព្រំដែនគឺជាការសន្យាមួយរបស់លោក Trump ចំពោះម្ចាស់ឆ្នោត កាលពីលោកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០១៦។ នៅពេលនោះ លោក Trump បានបញ្ជាក់ម្ដងហើយម្ដងទៀតថា ប្រទេសម៉ិកស៊ិក មិនមែនសហរដ្ឋអាមេរិកនោះទេ ដែលនឹងត្រូវចំណាយសម្រាប់ការសាងសង់នេះ៕