ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​គ្មាន​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ការ​ដឹកនាំ​រដ្ឋ​ពេល​គណបក្ស​ប្រជាជន​រំពឹង​ថា​នឹង​ឈ្នះ​ឆ្នោត​ការ​បោះឆ្នោត​ព្រឹទ្ធសភា


រូប​ឯកសារ៖ អ្នក​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​ព្រះនរោត្តម ជិះកាត់​ស្ថាប័ន​ព្រឹទ្ធសភា ដែល​មាន​ទីតាំង​ជាប់​នឹង​ទីស្នាក់ការកណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខណ្ឌ​ចំការ​មន (ស៊ុន ណារិន/VOA)
រូប​ឯកសារ៖ អ្នក​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​ព្រះនរោត្តម ជិះកាត់​ស្ថាប័ន​ព្រឹទ្ធសភា ដែល​មាន​ទីតាំង​ជាប់​នឹង​ទីស្នាក់ការកណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខណ្ឌ​ចំការ​មន (ស៊ុន ណារិន/VOA)

សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី៤​នៅ​ឆ្នាំ​នេះ​ អាសនៈ​ព្រឹទ្ធសភា​បាន​កើន​ឡើង​ចំនួន​១​គឺ​ពី៦១​អាសនៈ​នៅ​អាណត្តិ​មុន​មក​៦២​នៅ​ក្នុង​អាណត្តិ​នេះ។ ការ​បោះឆ្នោត​ព្រឹទ្ធសភា​ប្រព្រឹត្ត​ទៅ​រយៈ​ពេល៦​ឆ្នាំ​ម្តង។

គណបក្ស​គ្រប់គ្រង​ប្រទេស​នឹង​កាន់​អំណាច​ពេញលេញ​ទាំង​នៅ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​ ឬ​រដ្ឋាភិបាល ​ស្ថាប័ន​នីតិប្បញ្ញត្តិ​មាន​សភា​ មាន​ព្រឹទ្ធសភា​ និង​ស្ថាប័ន​តុលាការ​សឹង​តែ​ដូច​ទសវត្សរ៍​១៩៨០​ទាំង​ស្រុង​នៅ​ក្រោយ​ពេល​មាន​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ​ខាង​មុខ ​ដែល​ត្រូវ​គេ​រំពឹង​អំពី​ជ័យជម្នះ​ស្ទើរ​តែ​ទាំងស្រុង​ជា​មុន​រួចស្រេច​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​ប៉ិន​ប្រសប់​ប្រើ​កល​ល្បិច​ និង​រៀបចំ​ឈុត​ឆាក​ផ្តួល​ក្រុម​ប្រជែង​ដែល​មាន​សំឡេង​ប្រហាក់​ប្រហែល​ឲ្យ​ខ្ទាត​ចេញពី​ឆាក​នយោបាយ​នោះ។

ការ​គ្រប់គ្រង​បែប​គណបក្ស​តែ​មួយ​ឬ​ដឹកនាំ​ដោយ​ឯកបក្ស​ ត្រូវ​គេ​មើល​ឃើញ​ថា បាន​រំលេច​ឡើង​កាន់តែ​ច្បាស់​ ដោយ​គ្មាន​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ការ​ដឹកនាំ​រដ្ឋ​ដ៏​រឹងមាំ គ្មាន​ពហុបក្ស​ឬ​ក៏​មាន​ដែរ​ក្នុង​លក្ខណៈ​បង្កើត​ឡើង​ដោយ​បក្ស​កាន់អំណាច​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក ​កឹម សុខា ​និង​បណ្តេញ​មេដឹកនាំ​គណបក្ស​ជំទាស់ ​លោក ​សម រង្ស៉ី ​ឲ្យ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ហើយ​កែប្រែ​ច្បាប់​និង​បែងចែក​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​១២៣ ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​យក​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​សឹង​តែ​ទាំងអស់​របស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន ​៥.០០៧ សំឡេង ​ដែល​ទើប​បាន​ឈ្នះ​ឆ្នោត​កាល​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​ឆ្នាំ២០១៧​ ដែល​មាន​អ្នកគាំទ្រ​ចំនួន​ជាង​៣​លាន​នាក់ បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ជាង​៦លាន​នាក់។ ​

ការ​បែង​ចែក​អាសនៈ​ក្រុមប្រឹក្សា​ឃុំសង្កាត់​ទៅ​ឲ្យ​គណបក្ស​ដទៃ​ដូច្នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា ​កម្ពុជា​មាន​របបសេរីនិយម​ពហុបក្ស។​ តែ​ក្រៅ​ពី​ប្រតិកម្ម​ជា​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ​ជះ​ត្រឡប់​មកវិញ​ រួមមាន​ការ​ដាក់​ទណ្ឌកម្ម​ផ្តាច់​ទិដ្ឋាការ​ មិន​ផ្តល់​ជំនួយ​ផ្នែក​បោះឆ្នោត និង​អាច​បង្កក​ទ្រព្យ​សម្បត្តិ​បុគ្គល​ជា​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ជាដើម​នោះ​ បាន​បន្ថែម​ទម្ងន់​ថា ​គណបក្ស​សង្គ្រោះជាតិ​មិន​ត្រឹម​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កើន​ក្នុង​ចំនួន​ច្រើន​លើស​លុប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ទេ ​តែ​បាន​ចូល​ទៅ​គ្រប់គ្រង​អំណាច​ថ្នាក់​មូលដ្ឋាន​ដ៏​គួរ​ឲ្យ​បារម្ភ​សម្រាប់​គណបក្ស​គ្រប់គ្រង​ប្រទេស​ ជាពិសេស​នៅ​ទីក្រុង​និង​ទីប្រជុំ​ជន​សំខាន់ៗ​ពាសពេញ​ប្រទេស​ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​បាន​ចាក់​ឫស​អំណាច​៤​ទសវត្សរ៍​មក​នេះ។

ប៉ុន្តែ​អ្វីៗ​បាន​បញ្ចប់​ទៅ​ក្នុង​រយៈពេល​ដ៏​ខ្លី ​ដោយសារ​ពាក្យ​ «ក្បត់ជាតិ‍» ​ដែល​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ចោទ​ប្រកាន់​ដៃគូ​ប្រជែង​នយោបាយ​របស់​ខ្លួន​គឺ​លោក​ កឹម សុខា ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ពី​បទ​ក្បត់ជាតិ ​ចូល​ដៃ​ជាមួយ​បរទេស​និង​សហរដ្ឋ​អាមេរិក​ប៉ុនប៉ង​ផ្តួល​រំលំ​គណបក្ស​កាន់​អំណាច​តាម​រយៈ​សារ​ជា​ឃ្លីប​វីដេអូ​មួយ​ដែល​លោក​បាន​និយាយ​ពី​គោល​នយោបាយ​របស់​លោក​ប្រាប់​ក្រុម​អ្នកគាំទ្រ។​ លោក​ ​កឹម សុខា​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ទាំង​កណ្តាល​អាធ្រាត​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ២០១៧ ​ពេល​លោក​កំពុង​សម្រាក​ក្នុង​គេហដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​ត្បូងឃ្មុំ​ជាប់​នឹង ព្រំប្រទល់​ដែន​ប្រទេស​វៀតណាម​ដែល​មាន​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា ជាពិសេស​ការ​ជំទាស់​របស់​ក្រុម​អ្នក​នយោបាយ​ដែល​មិន​ចុះ​សម្រុង​នឹង​រដ្ឋាភិបាល​កម្ពុជា។​ រចនាសម្ព័ន្ធ​របស់​គណបក្ស​ជំទាស់​ទាំង​ថ្នាក់​ជាតិ​ត្រូវ​គណបក្ស​គ្រប់គ្រង​ប្រទេស​រំលាយ​ក៏​ដូច​ជា​រចនា​ឃុំសង្កាត់​ ស្រុក ​ខេត្ត​នៅ​មូលដ្ឋាន​ដែរ នៅ​ពេល​ជិត​ដល់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៥ ​ខែកុម្ភៈ​ និង ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។

អ្នក​ឃ្លាំមើល​ដំណើរការ​នយោបាយ​ម្នាក់​គឺ​ លោក ​យ៉ង់ គឹមអេង ​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង ​សន្ដិភាព​បាន​ថ្លែង​ថា​ ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​លើក​នេះ​នឹង​គ្មាន​គណបក្ស​នយោបាយ​ណា​ដែល​អាច​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ ដែល​រឿង​នេះ​លោក​ថា​ ជា​រឿង​ពិបាក​ក្នុង​ការ​ផ្ទៀងផ្ទាត់​គ្នា​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​និង​ការ​គ្រប់គ្រង​អំណាច។

«យើង​មាន​ការ​បារម្ភ​ដែរ​ព្រោះ​ថា ​នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ​ហើយ​នឹង​ដំណើរការ​របស់​នីតិប្បញ្ញត្តិ​វា​គួរ​តែ​មាន​ដំណើរការ​ផ្ទៀងផ្ទាត់​ (Checks and ​balances)។ ដំណើរការ​ផ្ទៀងផ្ទាត់​នេះ​ ទាល់តែ​មាន​គណបក្ស​ផ្សេងគ្នា​នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ណាមួយ​នោះ​ បាន​គាត់​អាច​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ទៅ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជជែក​ដេញដោល ​សួរ​ដេញដោល​ពី​បញ្ហា​ជាតិ​សំខាន់ៗ​ រួម​ទាំង​ថវិកា​ជាតិ​ជាដើម។​ អញ្ចឹង​ធ្វើ​ឲ្យ​ការ​អនុវត្ត​របស់​ស្ថាប័ន​រដ្ឋ​នានា​កាន់​តែ​ជួយ​ឲ្យ​មាន​តម្លាភាព ​និង​ការ​អភិវឌ្ឍ​ទៅ​មុខ​ទៀត​ថែម​ទៀត​ដែរ‍»។

លោក​បាន​បន្ត​ថា ​ដំណើរការ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​ទៅ​វិញ​ទៅ​មក​ Checks and balances នេះ ជួយ​ខ្លាំង​ណាស់​ ដើម្បី​ឲ្យ​អ្នក​ធ្វើ​យុត្តិសាស្ត្រ​ជាតិ​ហ្នឹង​គិតគូរ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន​ បញ្ហា​ជាតិ​ធំៗ​ប្រកប​ដោយ​ប្រសិទ្ធភាព។

​«ប៉ុន្តែ​ប្រសិន​ជា​កម្រិត​នៃ​ការ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​ទៅ​វិញ​ទៅ​មក​នេះ ​(Checks and balances) ​ហ្នឹង​វា​មាន​កម្រិត​ទាប​ គឺ​បញ្ហា​របស់​ប្រជាពលរដ្ឋ​មិន​សូវ​បាន​ដឹង​ឮ ដោយ​ស្ថាប័ន​នីតិប្រតិបត្តិ​ទេ»។

លោក​ គុជ ច័ន្ទលី ​អ្នកវិភាគ​នៅ​ក្នុង​រដ្ឋ​ម៉ារីឡែន​ (Maryland) ស.រ.អា​ បាន​អះអាង​ថា គណបក្ស​កាន់​អំណាច​មើល​ទៅ​កំពុង​រៀបចំ​ច្បាប់​នីតិវិធី​ដើម្បី​ធានា​ជ័យជម្នះ​រួច​ទៅ ហើយ​រាប់​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

«ដំណើរការ​ប្រព្រឹត្ត​ទៅ​ដូច្នេះ ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មាន​រដ្ឋាភិបាល​មួយ​ដែល​បង្កើត​ឡើង​ដោយ​បក្ស​តែ​មួយ​ គេ​ហៅ​ថា ​ឯកបក្ស ​វា​ផ្ទុយ​ស្រឡះ​ពី​ការ​ធានា ការ​ចែង​មក​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ខ្លួន​ឯង‍»។

លោក​និយាយ​យោង​ទៅ​លើ​របប​សេរីនិយម ​ពហុបក្ស ​ដែល​គួរ​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ដោយ​គណបក្ស​ដែល​កម្លាំង​ប្រហាក់​ប្រហែល​ផ្សេងទៀត។

លោក​ ច័ន្ទលី ​បាន​ដែល​កោតសរសើរ​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ស.រ.អា​ បាន​អះអាង​ថា​ប្រទេស​កម្ពុជា​មិន​ដែល​ទទួល​បាន​ប្រជាធិបតេយ្យ​ទេ ​ដោយសារ​ខ្វះ​លក្ខណៈ​ប្រជាធិបតេយ្យ​ពិតប្រាកដ ​ដោយសារ​ប្រជាពលរដ្ឋ​មិន​ដែល​ទទួល​បាន​អំណាច​ពិតប្រាកដ​ ដោយសារ​មួយ​ផ្នែក​មិន​ដែល​មាន​ការ​បែងចែក​អំណាច​ដាច់​ពី​គ្នា​ ទាំង​នីតិប្បញ្ញត្តិ​ សភា​និង​ព្រឹទ្ធសភា​ នីតិប្រតិបត្តិ​ ឬ​រដ្ឋាភិបាល​និង​អំណាច​តុលាការ​នោះ​ទេ​ ដោយ​លោក​ថា​ អំណាច​ទាំង​អស់​នេះ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​បុគ្គល​តែ​ម្នាក់។

«បើ​សិន​ជា​រដ្ឋាភិបាល​ហ្នឹង​ស្ថិត​នៅ​ក្រោម​កណ្តាប់ដៃ​នៃ​បុគ្គល​តែម្នាក់​ទៅ​វិញ​ឬ​ក៏​រដ្ឋាភិបាល​បង្កើត​ឡើង​ដោយ​បក្ស​តែមួយ​ ឬ​ក៏​ឯកបក្ស ​អាហ្នឹង​ វា​អត់​មាន​អី​ហៅ​ថា​ ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់ ​Checks and ​balances​ ហ្នឹង​ទេ។ ​គេ​ថា ​អំណាច​ទាំង​បី​ហ្នឹង​ វា​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​នៃ​បុគ្គល​តែ​ម្នាក់ ​បង្កើត​ច្បាប់​ក៏​បុគ្គល​ហ្នឹង ​ចេញ​ពី​មាត់​បុគ្គល​ហ្នឹង​មក​ ចង់​បាន​អី​គឺ​ថា ​អាហ្នឹង​វា​ទៅ​ជា​ច្បាប់​អញ្ចឹង​ទៅ ​រួច​សភា​ហ្នឹង​ ទៅ​ជា​សភា​ទីងមោង ​សភា​ត្រា​ជ័រ​អញ្ចឹង​ទៅ​ស្រេច​តែ​បុគ្គល​ម្នាក់​ហ្នឹង។​ ចង់​បង្កើត​ច្បាប់​អី​សមាជិក​សភា​ដទៃ​ទៀត​ហ្នឹង ​ឈូរ​ឆ​បង្កើត​ច្បាប់​ហ្នឹង​តម្រូវ​ចិត្ត​បុគ្គល​ម្នាក់​ហ្នឹង​ទៅ​ ហើយ​បុគ្គល​ម្នាក់​ហ្នឹង​យក​ទៅ​អនុវត្ត​ស្រេច​តែ​ចិត្ត ​គ្មាន​តុលាការ​ណា​អាច​មក​កោះហៅ​គាត់​ឲ្យ​ទៅ​បំភ្លឺ ​កែតម្រូវ​អី​ទេ។​ ក្រសួង​តុលាការ​ជា​របស់​ នីតិប្រតិបត្តិ ​អញ្ចឹង​ទេ​ប្រទេស​ហ្នឹង​ទៅ​ជា​ប្រទេស​ផ្តាច់ការ‍»។

សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី៤​នៅ​ឆ្នាំ​នេះ​ អាសនៈ​ព្រឹទ្ធសភា​បាន​កើន​ឡើង​ចំនួន​១​គឺ​ពី៦១​អាសនៈ​នៅ​អាណត្តិ​មុន​មក​៦២​នៅ​ក្នុង​អាណត្តិ​នេះ។ ការ​បោះឆ្នោត​ព្រឹទ្ធសភា​ប្រព្រឹត្ត​ទៅ​រយៈ​ពេល៦​ឆ្នាំ​ម្តង។​ កាល​ពី​នីតិកាល​ទី​៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៤៦​អាសនៈ ​និង​គណបក្ស​ប្រឆាំង​គឺ​គណបក្ស ​សម រង្ស៊ី​ ដែល​ក្រោយ​មក​ដូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើងទៀន ​ទទួល​បាន​១១​អាសនៈ។ ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ជា​ការ​បោះឆ្នោត​អសកល​ដើម្បីរើស​ សមាជិក​ព្រឹទ្ធសភា​ចំនួន​ ៥៨​រូប​ ក្នុង​ចំណោម​៦២រូប ​ដោយ​មាន​២រូប​ត្រូវ​តែងតាំង​ព្រះមហាក្សត្រ ​និង​ ២​រូប​ត្រូវ​ជ្រើស​តាំង​ពី​រដ្ឋសភា។

នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៥ ​ខែកុម្ភៈ​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ គណបក្ស​ចំនួន​៤បាន​ដាក់ឈ្មោះ​ចូលរួម​ប្រកួត​ទៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួមជាតិ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​យុវជន​កម្ពុជា។ អវត្តមាន​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវ​បាន​រំលាយ ​និង​ការ​បាត់បង់​អាសនៈ ក្រុមប្រឹក្សា​ឃុំសង្កាត់​ជាង​៥.០០០​របស់​គណបក្ស​នេះ​នៅ​ទូទាំង​ប្រទេស​ នឹង​បើក​ផ្លូវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ច្រើនលើស​លប់​ក្នុង​ចំណោម ៦២​អាសនៈ​ សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខ ​វា​លែង​តែ​មាន​ការ​រៀបចំ​ឬ​អង្គបោះ​ឆ្នោត​ខ្លះ​បង្ហាញ​ឆន្ទៈ​ចង់​បោះឆ្នោត​ឲ្យ​គណបក្ស​ដទៃ​ដើម្បី​ធ្វើការងារ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រដ្ឋសភា​មួយ​ចំនួន។

លោក​ កង សាវ៉ាង្ស ​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ខុមហ្វ្រែល ​បាន​ថ្លែង​ថា គ្មាន​គណបក្ស​ណាមួយ​ដែល​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា ​ហើយ​ដោយសារ​គ្មាន​អង្គ​បោះឆ្នោត​គ្រប់គ្រាន់​ក្រោយ​ការ​រំលាយ​គណបក្ស​ជំទាស់​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អាសនៈ​សមាជិក​ព្រឹទ្ធសភា​ថ្មី​សឹង​តែ​ទាំង​អស់។

«អង្គ​បោះឆ្នោត​ជិត​៥០ភាគរយ ​៥.០០៧​នាក់​ហ្នឹង​គឺ​មក​ពី​គណបក្ស​ប្រឆាំង​ហៅ​ ថា​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ អញ្ចឹង​អាសនៈ​ទាំងអស់​នេះ​គឺ​ថា ត្រូវ​បាន​បែង​ចែក​ធ្វើការ​គណនា​ជាថ្មី​ដោយ​បាន​មក​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ថ្មីៗ​នេះ ​ក្នុង​ការ​បែងចែក​អាសនៈ​ក្រុមប្រឹក្សា​ឃុំសង្កាត់។ ​អញ្ចឹង​បើ​យើង​មើល​ទៅ​ អង្គ​បោះឆ្នោត​នេះ​សឹងតែ​ចូល​ជិត​១០០​ភាគរយ​គឺ​ជា​អង្គ​បោះឆ្នោត​មកពី​ គណបក្ស​កាន់អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា‍»។

លោក ​សម គន្ធាមី​ ប្រធាន​អង្គការ​និចហ្វិច ​បាន​ថ្លែង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​សំឡេង​សឹង​តែ​ទាំងអស់​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​លោក​ពន្យល់​ថា។

«អត់មាន​ប្រព័ន្ធ ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​ Checks​ and balances ​កើត​ទេ​ព្រោះអី ដោយ​សារ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ ​Checks and​ balances ​ម៉េច​កើត ​បើ​សមាជិក​រដ្ឋសភា​មាន​តែ​៤៤​កៅអី​មក​ពី​គណបក្ស​ថ្មីៗ​ហ្នឹង ​ហើយ​ក្រៅ​ពី​ហ្នឹង​គណបក្ស​ប្រជាជន​លោក​កាន់កាប់​ទាំងអស់​ទាំង​៧៩​ហ្នឹង ​ហើយ​បន្ទាប់​មក​ទៀត​សមាជិក​ព្រឹទ្ធសភា​ទាំង​៥៨​រូប​ ហើយ​ព្រះមហាក្សត្រ​ពីរ​រូប ​ហើយ​រដ្ឋសភា​ពីរ​រូប​ទាំងអស់ ៦២​រូប​ហ្នឹង​សឹង​ថា​ទាំង​អស់​គណបក្ស​ប្រជាជន​លោក​គ្រប់គ្រង​ដាច់មុខ​ហើយ បាទ‍»។

លោក ​គុជ ច័ន្ទលី ​បាន​អះអាង​ថា ប្រទេស​កម្ពុជា​ត្រូវការ​ប្រជាធិបតេយ្យ​ដែល​លោក​មិន​បាន​ទទួល​ស្គាល់​ថា ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មិន​ធ្លាប់​មាន​កើត​ឡើង​ម្តង​ណា​ទេ​ក្នុង​ប្រទេស​កម្ពុជា។

«យើង​ទាំងអស់​គ្នា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្រេកឃ្លាន អ្វី​ដែល​ហៅ​ថា​លទ្ធិប្រជាធិបតេយ្យ​ណាស់​ ឮសូរ​តែ​គេ​និយាយ ​ឮសូរ​តែ​គេ​រៀបរាប់ ​មិន​ដែល​ភ្លក់រស់​ជាតិ ​មិនដែល​បាន​ស្គាល់​អ្វី ​ហៅថា​ប្រជាធិបតេយ្យ​ហ្នឹង​ឲ្យ​បាន​ពិតប្រាកដ​នោះ​ទេ។​ ជា​ការ​គួរ​ឲ្យ​អាណិត​អាសូរ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ណាស់។ ​តែ​នៅ​ពេល​នេះ​យើង​ទាំងអស់​គ្នា​ អ្នកណា​ដែល​មាន​លទ្ធភាព​ធ្វើ​អី​បាន​ត្រូវ​តែ​ធ្វើ​ ដើម្បី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ឲ្យ​បាន​ស្គាល់​រស់​ជាតិ​ប្រជាធិបតេយ្យ​នឹង​គេ​បាទ‍»។

លោក ​សុខ ឥសាន្ត ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រតិកម្ម​ជារឿយៗ ចំពោះ​ការ​ចោទប្រកាន់​នានា ​ដោយ​ធ្លាប់​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ បើ​គណបក្ស​លោក​ផ្តាច់ការ​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពល​រដ្ឋ ​ហើយ​កាន់អំណាច​បាន​រហូត​ដល់​៤០​ឆ្នាំ​ទេ​ ក្រៅពី​អះអាង​ថា​ គណបក្ស​លោក​ដើរ​តាម​របប ប្រជាធិបតេយ្យ ​សេរី​និង​ពហុបក្ស។ ​បន្ថែម​ពី​លើ​នេះ​ទៀត ​លោក​ សុខ ឥសាន ធ្លាប់​បាន​បញ្ជាក់​ថា​ លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​នេះ​នឹង​ផ្តល់​ជ័យជម្នះ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​លើស​លុប។

ទោះជា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​ឃោសនា​តាំងពី​ថ្ងៃទី១០​ ខែ​កុម្ភៈ​ដល់​ថ្ងៃទី២៣​ខែ​កុម្ភៈ​នោះ ​មិន​មាន​ការ​យក​ចិត្តទុក​ដាក់​និង​ចាប់​អារម្មណ៍ពី​អន្តរជាតិ​ប៉ុន្មាន​មែន​ តែ​សហគមន៍​អន្តរជាតិ ​បាន​គំរាម​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ឆ្នាំ២០១៨​ បើ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់​និង​មេដឹកនាំ​ដែល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ៕

XS
SM
MD
LG