ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​កម្ពុជា​នឹង​ប្រជុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​និង​ក្រម​ព្រហ្មទណ្ឌ


រូប​ឯកសារ៖ ការ​បោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមា​នសំឡេង​៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ៖ ព្រឹទ្ធសភា)
រូប​ឯកសារ៖ ការ​បោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមា​នសំឡេង​៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ៖ ព្រឹទ្ធសភា)

ក្រុម​អ្នក​វិភាគ​ ​និង​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​និយាយ​ថា​ ​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ញឹកញាប់​នឹង​ធ្វើ​ឲ្យ​ច្បាប់​កំពូល​របស់​ជាតិ​មួយ​នេះ​បាត់​បង់​អត្ថន័យ​របស់​ខ្លួន​ដែល​បាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

ព្រឹទ្ធសភាកម្ពុជា​ដែល​គ្រប​ដណ្តប់​ដោយ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​គ្រប់គ្រង​ប្រទេស​នឹង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ ​ដើម្បី​ពិនិត្យ​ ​និង​ផ្តល់​យោបល់​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​ចំនួន​ប្រាំនៃ​រដ្ឋធម្មនុញ្ញ​ និង​វិសោធន​កម្ម​ក្រម​ព្រហ្មទណ្ឌ​ ​ដែល​បាន​ទទួល​ការយល់​ព្រម​ពី​សភា​កាលពី​សប្តាហ៍​មុន។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធ​សភា​ ​និង​អ្នក​នាំ​ពាក្យ​របស់​ស្ថាប័ន​ច្បាប់​កំពូល​មួយ​នេះ។​

កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ សមាជិក​សភា​ចំនួន​១២៣​រូប​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទអនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រម​ព្រហ្មទណ្ឌ​ដែល​សមាជិក​សភា​ ​និង​ព្រឹទ្ធសភាគណបក្ស​ប្រឆាំង​យល់​ថា​ ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ ​និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ។​

ក្រុម​អ្នក​វិភាគ​ ​និង​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​និយាយ​ថា​ ​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ញឹកញាប់​នឹង​ធ្វើ​ឲ្យ​ច្បាប់​កំពូល​របស់​ជាតិ​មួយ​នេះ​បាត់​បង់​អត្ថន័យ​របស់​ខ្លួន​ដែល​បាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​ហើយ​វាបាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ កំពុង​ព្យាយាម​កសាង​រដ្ឋ​មួយ​ដែល​មាន​គណបក្ស​នយោបាយ​តែមួយ​ប៉ុណ្ណោះ​ដឹកនាំ​ប្រទេសគឺ​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធ​សភា​ ​ចុះ​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ ​ឆ្នាំ​ ​២០១៨​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​បន្ទាប់​ពី​បាន​ពិនិត្យ​ និង​ពិភាក្សា​រួចមក​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​កំណត់​យក​ថ្ងៃ​ពុធ​ ទី​ ២១ ​ខែ​ ​កុម្ភៈ​ ឆ្នាំ​ ​២០១៨​ ​ដើម្បី​បន្ត​សម័យ​ប្រជុំ​លើក​ទី​១១​នៃ​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣​ ​ដោយ​មាន​របៀបវារៈ​....ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​មាត្រា​៣៤​ថ្មី​ ​មាត្រា​៤២​ មាត្រា​៤៩​ មាត្រា​៥៣​ ​និង​មាត្រា​១១៨​ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​ និង​ពិនិត្យ​ និង​ផ្តល់​យោបល់សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​ក្រម​ព្រហ្មទណ្ឌ។​

លោក អ៊ុំ សារិទ្ធ​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មិន​មាន​ការ​កែប្រែ​ខ្លឹម​សារ​នៃសេចក្តី​ស្នើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​ជាតិ​នោះ​ទេ។​ ​លោក​អះអាង​ថា​ ​សមាជិក​ព្រឹទ្ធ​សភា​ចំនួន​៤៧​ រូប​បាន​ទទួល​យក​ខ្លឹម​សារ​នៃ​សេចក្តី​ស្នើ​វិសោធន​កម្ម​ទាំងអស់​នោះ​ មក​ពិនិត្យ​ ហើយ​មិន​បាន​ផ្តល់​មតិ​ឲ្យ​មាន​ការ​កែប្រែ​ខ្លឹម​សារ​ នៅ​មុន​ការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធ​សភា​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ។​

«យើង​សុំ​យោបល់​គាត់​ថា​ តើ​គាត់​មាន​អី​សុំ​កែប្រែ​ ​មាន​យោបល់​អី​យល់​ទាស់​ ឬ​ក៏​អី​ទេ?​ គាត់​អត់​មាន​ទេ​ គាត់​ថា​ គាត់​គាំទ្រ​ដោយ​អត់​កែប្រែ។ ​អា​ហ្នឹង​តាម​ការ​ពិគ្រោះ​យោបល់​ជា​លាយលក្ខណ៍​អក្សរ​ទៅ​សមាជិក​ទាំងអស់គ្នា​ហ្នឹង​ មាន​៤៧​រូប​ គាត់​បាន​ឆ្លើយ​ថា​ គាត់​ឯកភាព​ទាំងស្រុង​ដោយ​ឥត​កែប្រែ​ឡើយ»។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា​ សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ភ្លើង​ទៀន​មួយ​រូប​គឺ​លោក​ ទាវ វណ្ណុល​ ​ក៏​មិន​បាន​ផ្តល់​មតិ​ជំទាស់​ក្នុង​ការ​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ដែល​បាន​ពិភាក្សា​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​ ហើយ​និង​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ផ្សេង​ទៀតតេ ដោយ​លោក​លើក​អំពី​ការ​ផ្តល់​ពេល​វេលា​រយៈ​ពេល​ខ្លី​សម្រាប់​ពិនិត្យ​រាល់​ខ្លឹមសារ​នៃ​សំណើ​វិសោធន​កម្ម​ទាំង​នោះ។​

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ទាវ​ វណ្ណុល​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ភ្លើង​ទៀន ​ដែល​ជា​គណបក្ស​ជំទាស់​ក្នុង​ព្រឹទ្ធសភា​បាន​ទេ នៅ​ថ្ងៃ​អង្គារ​នេះ​ ​ដោយ​ទូរស័ព្ទរបស់​លោក​រោទិ៍​ ​តែ​គ្មាន​អ្នក​ទទួល។​ ​យ៉ាង​ណា​មិញ​ លោក​បានប្រាប់​ ​VOA​ ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ សេចក្តី​ស្នើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​ដែល​កំពុង​ដំណើរ​ការ​នេះ​ ​កំពុង​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់​ ដោយសារ​តែ​សភា​ជាតិ​មិន​មាន​សំឡេង​២​ភាគ​៣​នៃ​សមាជិក​រដ្ឋសភា​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យល់​ថា​ សេចក្តី​ស្នើ​វិសោធនកម្ម​ទាំងអស់​នេះ​នឹង​ផ្តល់​សិទ្ធិ​អំណាច​កាន់​តែ​ខ្លាំង​ដល់​អាជ្ញាធរ​ និង​រដ្ឋាភិបាល​កម្ពុជា​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG