ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Warren បញ្ចេញ​លទ្ធផល​តេស្ត DNA ដែល​បង្ហាញ​ថា​អ្នកស្រី​មាន​ឈាមជ័រ​ជា​ជនជាតិ​ដើម​អាមេរិកាំង


លោកស្រី Elizabeth Warren បក់​ដៃ​ទៅ​កាន់​ក្រុម​មនុស្ស​នៅ​ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ Rally Against Separation កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្នុង​ក្រុង Boston។
លោកស្រី Elizabeth Warren បក់​ដៃ​ទៅ​កាន់​ក្រុម​មនុស្ស​នៅ​ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ Rally Against Separation កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្នុង​ក្រុង Boston។

អ្នកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​បញ្ចេញ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត DNA របស់​អ្នកស្រី កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ដែល​បង្ហាញ​ថា អ្នកស្រី​មាន​ឈាមជ័រ​ជា​ជនជាតិ​ដើម​អាមេរិកាំង។ ការ​បញ្ចេញ​លទ្ធផល​តេស្ត DNA នេះ ហាក់​ដូចជា​ដើម្បី​យក​ឈ្នះ​លើ​ការ​វាយប្រហារ​នានា​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​អ្នកស្រី​សម្រេច​ចិត្ត​ថា​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០២០​នោះ។

អ្នក​រិះគន់​អ្នកស្រី Warren ដែល​រួម​ទាំង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ផង​នោះ ជា​រឿយៗ​បាន​ចោទប្រកាន់​អ្នកស្រី​ថា​កុហក​អំពី​ឈាមជ័រ​របស់​ខ្លួន​ដើម្បី​ជួយ​ឲ្យ​ការងារ​រីកចម្រើន​ទៅ​មុខ។

នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គេហទំព័រ​របស់​អ្នកស្រី អ្នកស្រី​បាន​អង្គុយ​នៅ​តុ​ធ្វើការ​របស់​ខ្លួន​ ហើយ​បាន​ទូរស័ព្ទ​ទៅ​អ្នក​ជំនាញ​ខាង​ហ្សែន ដែល​ធ្វើ​តេស្ត DNA របស់​អ្នកស្រី។

លោក Carl Bustamante សាស្ត្រាចារ្យ​ខាង​ហ្សែន​នៃ​សាកលវិទ្យាល័យ Harvard និង​ជា​ទីប្រឹក្សា​នៃ​ក្រុមហ៊ុន​ធ្វើ​តេស្ត​ហ្សែន Ancestry.com និង​ក្រុមហ៊ុន 23 and Me បាន​និយាយ​ថា «ការ​ពិត​បង្ហាញ​ថា អ្នកស្រី​ពិត​ជា​មាន​ឈាម​ជ័រ​ជា​ជនជាតិ​ដើម​អាមេរិកាំង​ប្រាកដ​មែន‍»។
ក្រោយ​មក លោក Bustamante បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ថា អត្រា​កំហុស​ឆ្គង ដែល​កើត​ចេញ​ពី​ការ​ធ្វើ​តេស្ត​របៀប​នេះ គឺ​មាន​មិន​ដល់​មួយ​ផង​ក្នុង​១០០០​ករណី។

នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​សាធារណៈ​មួយ​នៅ​រដ្ឋ Montana កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​នឹង​បរិច្ចាគ​ប្រាក់​ចំនួន​មួយ​លាន​ដុល្លារ​ដល់​មជ្ឈមណ្ឌល​សប្បុរសធម៌​មួយ ប្រសិន​បើ​អ្នកស្រី Warren ធ្វើ​តេស្ត DNA ដើម្បី​បង្ហាញ​ថា អ្នកស្រី​គឺ​មាន​ឈាម​ជ័រ​ជា​ជនជាតិ​ដើម​អាមេរិកាំង​នោះ។

លោក ត្រាំ បាន​ឆ្លើយតប​វិញ​កាល​ពី​ថ្ងៃ ចន្ទ ទៅ​កាន់​អ្នក​កាសែត​ដែល​បាន​សួរ​លោក​អំពី​ការ​ភ្នាល់​គ្នា​នេះ​ថា «នរណា​ទៅ​ខ្វល់?‍ ខ្ញុំ​មិន​បាន​និយាយ​អីចឹង​ទេ។ អ្នក​គួរ​តែ​អាន​វា​ឡើង​វិញ​ម្តង​ទៀត‍»៕

XS
SM
MD
LG