ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថាលោកមានសុទិដ្ឋិនិយមថាគណបក្សសាធារណរដ្ឋនឹងទទួលជ័យជម្នះគ្រប់គ្រងសភាទាំងពីរដដែលនៅក្នុងការបោះឆ្នោតសភានៅខែក្រោយនេះក៏ដូចជាការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២០ខាងមុខនេះផងដែរ។
លោក Trump បានថ្លែងនៅក្នុងកម្មវិធី Fox & Friend ដែលជាកម្មវិធីនិយាយអំពីសារព័ត៌មានដោយសំអាងទៅលើកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងការអនុម័តតែងតាំងលោក Brett Kavanaughជាចៅក្រមតុលាការកំពូលកាលពីសប្តាហ៍មុន លោកTrump និយាយថា«ខ្ញុំគិតថាគណបក្សសាធារណរដ្ឋមានកម្លាំងខ្លាំង។ ខ្ញុំពិតជាជឿថាយើងនឹងធ្វើបានល្អ។ ខ្ញុំគិតថាយើងនឹងទទួលបានជ័យជម្នះ»។
ការទស្សន៍ទាយរបស់លោកTrump ទៅលើការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៦ ខែ វិច្ឆិកា ខាងមុខនេះគឺខុសពីអ្វីដែលធ្លាប់បានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែក្រុមអ្នកវិភាគឯករាជ្យនិយាយថាការស្ទង់មតិលើការបោះឆ្នោតមួយបង្ហាញថាគណបក្សប្រជាធិបតេយ្យនឹងគ្រប់គ្រងសភាតំណាងរាស្ត្រហើយគណបក្សសាធារណរដ្ឋទំនងជារក្សាសំឡេងភាគច្រើនរបស់ពួកគេនៅក្នុងព្រឹទ្ធសភា។
លោក Trump និយាយថាប្រសិនបើគណបក្សប្រជាធិតេយ្យឈ្នះការបោះឆ្នោតគ្រប់គ្រងសភានោះ យើងនឹងធ្វើការប្រកួតប្រជែងយកការគ្រប់គ្រងត្រឡប់មកវិញក្នុងរយៈពេលពីរឆ្នាំបន្ទាប់ទៀត។ ពួកខាងគណបក្សប្រជាធិបតេយ្យមួយចំនួននិយាយថាប្រសិនបើពួកគេបានទទួលសំឡេងភាគច្រើននៅក្នុងសភា ពួកគេនឹងរៀបចំដំណើរការកាត់ទោសប្រឆាំងនឹងលោក Trump និងធ្វើការស៊ើបអង្កេតលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក និងកម្មវិធីរបស់រដ្ឋាភិបាលមួយចំនួនដែលលោកបានកែប្រែចាប់តាំងពីលោកចូលកាន់តំណែងកាលពីខែមករាឆ្នាំ២០១៧មក៕