ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចព្រមព្រៀង​សន្តិសុខ​ត្រីភាគី​អាច​ជំរុញ​ឱ្យ​ចិន​សងសឹក​នឹង​កូរ៉េ​ខាងត្បូង


ប្រធានាធិបតីអាមេរិកលោក Joe Biden (កណ្តាល) នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida (ស្តាំ) និងប្រធានាធិបតីកូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol ក្នុង​អំឡុងពេល​សន្និសីទសារព័ត៌មានរួមគ្នាមួយ នៅ​ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លែង​សម្រាកលំហែកាយប្រធានាធិបតី Camp David ក្នុងរដ្ឋ Maryland។
ប្រធានាធិបតីអាមេរិកលោក Joe Biden (កណ្តាល) នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida (ស្តាំ) និងប្រធានាធិបតីកូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol ក្នុង​អំឡុងពេល​សន្និសីទសារព័ត៌មានរួមគ្នាមួយ នៅ​ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លែង​សម្រាកលំហែកាយប្រធានាធិបតី Camp David ក្នុងរដ្ឋ Maryland។

អ្នក​ជំនាញ​មួយ​ចំនួនលើក​ឡើង​ថា​ កិច្ចព្រមព្រៀង​សន្តិសុខត្រីភាគី​ ដែលបានធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​កំពូល​នៅ​កន្លែង​សម្រាកលំហែកាយ​ប្រធានាធិបតី​ Camp David ក្នុង​រដ្ឋ​ Maryland សហរដ្ឋ​អាមេរិក​នាពេលថ្មីៗ​កន្លង​ទៅ​នេះ​រវាងសហរដ្ឋអាមេរិក ជប៉ុន ​និង​កូរ៉េខាង​ត្បូង​ អាច​ធ្វើ​ឱ្យ​ប្រទេស​ចិន​មាន​ការ​ខឹងសម្បា​និង​សងសឹកទៅ​លើ​កូរ៉េខាង​ត្បូង​ ដោយ​ចាត់​វិធានការ​មួយ​ចំនួនដូច​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​ជា​ដើម។

ភាពមិន​សប្បាយ​ចិត្ត​របស់​ចិនជុំវិញ​កិច្ចព្រមព្រៀងសេដ្ឋកិច្ច​និងសន្តិសុខដែល​រដ្ឋាភិបាល​ក្រុង​សេ អ៊ូល​ធ្វើ​ឡើង​ជា​មួយរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​តូក្យូ​ ​នៅឯជំនួប​កំពូល​ក្នុង​កន្លែង​សម្រាកលំហែកាយ Camp David សហរដ្ឋ​អាមេរិក បានផ្តល់លទ្ធភាពឱ្យចិន​ ​អាច​ឆ្លើយតប​ជាមួយ​នឹង​វិធានការ​យោធា​និង​សេដ្ឋកិច្ច​ដោយ​បង្ខំ​មួយប្រឆាំង​នឹង​កូរ៉េខាង​ត្បូង។ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​មួយ​ចំនួន។

ក្នុង​កិច្ចប្រជុំ​កាល​ពី​ជាង​២សប្តាហ៍​កន្លង​ទៅ​នេះ នៅ​កន្លែង​លំហែកាយ​ប្រធានាធិបតី​អាមេរិក Camp David កូរ៉េខាង​ត្បូង​បាន​យល់ស្រប​ជា​មួយ​សហរដ្ឋអាមេរិក​និង​ជប៉ុន​ដើម្បី​រៀបចំ​កិច្ចប្រជុំ​នេះឱ្យ​បាន​ទៀតទាត់​ក្នុង​ការអនុវត្ត​នូវ​វិធានការ​សេដ្ឋកិច្ច​និង​សន្តិសុខ​និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ត្រី​ភាគី​នេះ​កាន់តែ​ជិតស្និទ្ធ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់។

ក្នុង​សេចក្តីថ្លែងការណ៍ មេដឹកនាំ​នៃ​ប្រទេស​ទាំង​៣​បាន​គូសបញ្ជាក់​ឡើង​វិញពី​«សារៈសំខាន់​នៃ​ស្ថិរភាព​និងសន្តិភាពនៅ​ទូទាំង​ច្រកសមុទ្រ​តៃវ៉ាន់»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ជា​រឿយៗ​បាន​ព្រមាន​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូងនិង​រដ្ឋាភិបាល​ជប៉ុន​ថា​មិនត្រូវ​ពាក់ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​នោះ​ឡើយ។

លោក Daniel Kritenbrink ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​ប៉ាស៊ីហ្វិក​និង​អាស៊ី​ខាង​កើត​បានថ្លែង​ប្រាប់​សនិ្នសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី២២ ខែ​សីហា​កន្លង​ទៅ​នេះ​ថា ​«វា​ជា​រឿង​ធម្មតា​ដែល​យើង​នឹង​ពិភាក្សា​ការព្រួយបារម្ភ​និង​បញ្ហា​មួយ​ចំនួន​ទាក់ទិន​នឹង​សកម្មភាពដែល​ធ្វើ​ឡើង​ដោយប្រទេស​ចិន​ដែលបង្ក​ការ​បារម្ភ​ដ៏​សំខាន់ដល់​ប្រទេស​យើង​ទាំង៣​ក៏​ដូច​ជាប្រទេស​ផ្សេងៗ​ដទៃ​ទៀតក្នុងតំបន់​ និង​ជុំវិញ​ពិភពលោក។

ក្នុង​សន្និសីទ​សារព័ត៌មាននោះ​ ក៏​មានការចូលរួម​ពី​លោក Kurt Campbell អ្នក​សម្រប​សម្រួល​សន្តិសុខជាតិ​សហរដ្ឋអាមេរិកសម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក លោក​បាន​និយាយ​ថា​ បរិយាកាសសន្តិសុខ​នៅ​អាស៊ី​បាន​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​និង​កូរ៉េខាង​ត្បូង​«មាន​អារម្មណ៍​មិន​ស្រួល»។ លោក​បាន​គូស​បញ្ជាក់​ពី​នាវា​ចម្បាំង​ចិននិង​រុស្ស៊ី​កំពុង​ធ្វើ​ប្រតិបត្តិការនៅ​លើ​ផ្ទៃទឹក​ជិត​ប្រទេស​ជប៉ុន​ ​ការ​បង្កើន​សកម្មភាព​យោធា​កាន់​តែ​ខ្លាំងរបស់​ចិន​ ដែល​លោក​បាន​ពណ៌នា​ថា​ជា​ការ​បង្កហេតុ​ និង​ការ​សាកល្បងគ្រាប់មីស៊ីលរបស់​កូរ៉េខាង​ជើង​ជា​ដើម។

លោក Daniel Russel ដែលធ្លាប់​ធ្វើជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេសអាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​ប៉ាស៊ីហ្វិក​និងអាស៊ី​ខាង​កើត ​ក្នុងរដ្ឋបាល​របស់​លោកប្រធានាធិបតី​អាមេរិក Obama បាន​និយាយ​ថា​ «ចិន​ទំនង​ជាអាច​បង្ខំ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​កូរ៉េខាង​ត្បូង ប្រសិន​បើ​ខ្លួន​ជឿ​ថា​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ត្រូវ​បានប្រើ​ឱ្យ​ធ្វើជា​បង​ធំ ក្នុង​ការ​ធ្វើ​សម្បទានមួយ​ចំនួន»។

លោក​បន្ត​ទៀត​ថា​ «​ពុំ​មាន​អ្វីនៃ​ការ​កាន់​អំណាចក្នុង​ឆ្នាំ​ទី​១​របស់​រដ្ឋបាល​លោក Yoon បង្ហាញពី​យុទ្ធសាស្ត្រ​នោះ​ថាបាន​ផលឡើយ។​ បើ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ប្រសិន​បើរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជឿថា​ ​ខ្លួន​អាច​កេង​ចំណេញលើ​ការ​ខ្វែង​គំនិត​គ្នារបស់​កូរ៉េខាង​ត្បូង​ស្តី​ពី​គោលនយោបាយ​ ដែល​ជា​រឿង​ធម្មតា​មួយ​ក្នុង​សង្គមប្រជាធិបតេយ្យ​នោះ យើងប្រហែល​ជា​នឹង​អាច​មើល​ឃើញ​ពី​ការកើន​ឡើង​នៃ​ការប្រឹងប្រែង​បង្កើត​ព័ត៌មាន​មិន​ពិត​ និង​ឧបាយកល​មួយ​ចំនួន​ពី​ប្រទេស​ចិន»។

មនុស្ស​មួយ​ចំនួន​ជឿជាក់​ថា​ សក្តានុពលនៃ​ភាព​ដ៏​គឃ្លើន​របស់រដ្ឋាភិបាល​ក្រុង​ប៉េកំាង​មិន​មែន​ជា​រឿង​តូចតាចនោះឡើយ»។

ខណៈ​ពេល​ដែលកិច្ចព្រមព្រៀង​ត្រី​ភាគី​នេះ​ ត្រូវ​ដាក់​ឱ្យ​អនុវត្ត​នោះ ចិនអាចចាប់​ផ្តើម​បញ្ជូន​នាវា​មុជ ទឹក​និង​នាវា​ចម្បាំង​ផ្សេងៗ​ ទៅ​កាន់​តំបន់​សេដ្ឋកិច្ចផ្តាច់​មុខ​របស់​កូរ៉េខាង​ត្បូង​ នៅ​ក្នុងស្ថាន ភាព​ឆ្លង​កាត់​ជា​ធម្មតា​ ដោយ​ព្យាយាមបង្កើត​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Bruce Bennett អ្នក​វិភាគការការពារ​ជាតិ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុនសាជីវកម្ម RAND Corporation។

យន្តហោះ​រុស្ស៊ី​និង​ចិន​ជា​រឿយៗ​បាន​ហោះ​ចូលទៅ​ក្នុង​តំបន់​ការពារ​ដែន​អាកាស​កូរ៉េ​ខាង​ត្បូង​ដែល​ក្នុង​នោះ​ក៏រួម​មាន​កាល​ពី​ខែ​មិថុនា​កន្លងទៅផង​ដែរ​ នៅ​ពេល​ដែល​កូរ៉េខាង​ត្បូង​បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​របស់​ខ្លួន ដើម្បី​បណ្តេញយន្តហោះ​ទាំង​នោះចេញ​ពី​ដែន​អាកាស​របស់​ខ្លួន។

លោក David Maxwell អនុប្រធានមជ្ឈមណ្ឌលយុទ្ធសាស្ត្រ​អាស៊ី​ប៉ាស៊ីហ្វិកនិយាយ​ថា ​«ប្រទេស​ចិន​ពិត​ជា​ធ្វើ​ឱ្យ​កូរ៉េខាងត្បូង​និង​ជប៉ុនត្រូវ​តែ​ធ្វើ​ការ​រួមគ្នា​ គឺ​ដូច​ជា​កូរ៉េខាង​ជើង​ ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​នេះងាក​កាន់​តែ​ជិត​ទៅ​រក​គ្នាផង​ដែរ​ និង​ធ្វើ​ឱ្យ​ប្រទេស​ទាំង​២​នេះរួម​ទាំង​អាមេរិក​ផង​ដែរ​ ងាក​ទៅ​រកការបង្កើន​ទំនាក់ទំនង​ត្រី​ភាគី​លើ​វិស័យសន្តិសុខ​និង​សេដ្ឋកិច្ច​កាន់តែ​ជិត​ស្និទ្ធ​ខ្លាំង​ថែម​ទៀត៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណរិទ្ធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG