ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារម្មណ៍​ប្រឆាំង​ជប៉ុន​កើន​ឡើង​នៅ​ចិន បន្ទាប់ពី​ជប៉ុន​បាន​បញ្ចេញ​ទឹក​ពី​រោងចក្រ​នុយក្លេអ៊ែរ


រូបភាព​នេះ​បង្ហាញ​សញ្ញា​សរសេរ​ថា «ផ្អាក​ការ​លក់​ផលិតផល​ត្រី​ទាំង​អស់​ដែល​នាំ​ចូល​ពី​ប្រទេស​ជប៉ុន» នៅ​​ក្នុង​តំបន់​ភោជនីយដ្ឋាន​ជប៉ុន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។
រូបភាព​នេះ​បង្ហាញ​សញ្ញា​សរសេរ​ថា «ផ្អាក​ការ​លក់​ផលិតផល​ត្រី​ទាំង​អស់​ដែល​នាំ​ចូល​ពី​ប្រទេស​ជប៉ុន» នៅ​​ក្នុង​តំបន់​ភោជនីយដ្ឋាន​ជប៉ុន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ជប៉ុន​បាន​ជំរុញ​ប្រទេស​ចិន​ឱ្យ​ចាត់​គ្រប់​វិធានការ​ទាំង​អស់​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ជប៉ុន​និង​បេសកកម្ម​ការទូត​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​ចិន នៅ​ចំ​ពេល​ដែល​មាន​ការ​ខឹង​សម្បា​ពី​សាធារណជន បន្ទាប់ពី​ប្រទេស​ជប៉ុន​បាន​ចាប់ផ្ដើម​បញ្ចេញ​ទឹក​វិទ្យុ​សកម្ម​ដែល​ចម្រោះ​រួច​ហើយ​ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Fukushima ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​របស់​ខ្លួន។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi បាន​និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​តូក្យូ​ថា ប្រទេស​ជប៉ុន​បាន​ស្នើ​ឱ្យ​ប្រទេស​ចិន​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​បង្ការ​កុំ​ឱ្យ​ស្ថានការណ៍​នេះ​កាន់តែ​រីក​រាលដាល។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​ថា ប្រទេស​ចិន «ការពារ​សុវត្ថិភាព» របស់​ជន​បរទេស​នៅ​ក្នុង​ប្រទេស​ចិន។

ប្រទេស​ជប៉ុន​បាន​ទទូច​ថា ការ​បញ្ចេញ​ទឹក​វិទ្យុ​សកម្ម​ដែល​ចម្រោះ​រួច​ហើយ​នេះ​គឺ​មាន​សុវត្ថិភាព ដែល​ការ​អះអាង​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAE)។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​ថា វិធានការ​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ​មាន​លក្ខណៈ «គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ហួសហេតុ​ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ»។

បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​ហាម​ឃាត់​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ជប៉ុន​មក ពលរដ្ឋ​ចិន​ដែល​ប្រើ​អ៊ីនធឺណិត​បាន​ចាប់ផ្ដើម​អំពាវនាវ​ឱ្យ​មាន​ការ​ធ្វើ​ពហិការ​លើ​ផលិតផល​ជា​ច្រើន​របស់​ជប៉ុន ចំណែក​ឯ​ពលរដ្ឋ​ផ្សេង​ទៀត​បាន​ព្យាយាម​ស្ដុក​ទុក​នូវ​គ្រឿង​ឧបភោគ​បរិភោគ​សំខាន់ៗ។

អ្នក​វិភាគ​មួយ​ចំនួន​បាន​ថ្លែង​ថា ចិន​កំពុង​បញ្ជូន​សារ​ទៅ​កាន់​ជប៉ុន​តាម​រយៈ​អារម្មណ៍​ប្រឆាំង​នឹង​ជប៉ុន។ ចិន​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បញ្ហា​សេដ្ឋកិច្ច​យឺតយ៉ាវ អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​មិន​ធ្លាប់​មាន និង​ការ​សើរើ​មន្ត្រី​ភ្លាមៗ​នៅ​ក្នុង​ផ្នែក​គោល​នយោបាយ​ការបរទេស​និង​ផ្នែក​យោធា។

អ្នក​តាមដាន​ស្ថានការណ៍​មួយ​ចំនួន​បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​កំពុង​ព្យាយាម​ចាប់ផ្ដើម​កែ​ខៃ​បញ្ហា​ខូចខាត​មួយ​ចំនួន​តាម​រយៈ​បង្វែរ​ចំណាប់អារម្មណ៍​សាធារណជននៅ​ក្នុង​ប្រទេស​និង​ការផ្តោត​លើបញ្ហា​សុខភាព​សាធារណៈ​ដែល​ជា​ក្ដី​បារម្ភ​របស់​ពលរដ្ឋ​ចិន៕

XS
SM
MD
LG