បញ្ហាសន្តិសុខតំបន់ពាក់ព័ន្ធប្រទេសចិននិងកូរ៉េខាងជើងគឺជារបៀបវារៈកំពូលនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden រៀបចំកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅរមណីយដ្ឋានលំហែកាយ Camp David ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិកនៅថ្ងៃសុក្រខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់អំពីរឿងនេះកាលពីថ្ងៃអង្គារកន្លងទៅ នៅពេលដែលលោកនិយាយជាមួយក្រុមអ្នកសារព័ត៌មាន។
លោកថ្លែងថា៖ «[លទ្ធផលដែលយើងសង្ឃឹមបានពីកិច្ចប្រជុំកំពូលនោះរួមមាន] វិធានការជាក់ស្តែងមួយចំនួនដែលយើងកំពុងធ្វើដើម្បីលើកកម្ពស់សមត្ថភាពរបស់យើងនៅក្នុងការផ្តល់ដល់សន្តិសុខរបស់យើងក្នុងនាមជាប្រទេសទាំង៣ និងទូលំទូលាយជាងនេះទៅទៀតនៅក្នុងការផ្ដល់សន្តិសុខដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
កិច្ចប្រជុំកំពូលនេះគឺជាកិច្ចប្រជុំលើកដំបូងបង្អស់ដែលធ្វើឡើងដោយលោក Biden នៅរមណីយដ្ឋានលំហែកាយ Camp David។
សហរដ្ឋអាមេរិកបានព្យាយាមជាច្រើនឆ្នាំមកហើយដើម្បីធ្វើឱ្យរដ្ឋាភិបាលជប៉ុននិងរដ្ឋាភិបាលកូរ៉េខាងត្បូងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុនជាមួយគ្នា ស្របពេលដែលកំពុងមានការគំរាមកំហែងសន្តិសុខកើនឡើងពីរដ្ឋាភិបាលចិននិងរដ្ឋាភិបាលកូរ៉េខាងជើង។
កិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុននិងកូរ៉េខាងត្បូងនៅមានកម្រិតនៅឡើយ ដោយសារមិនមានការទុកចិត្តគ្នាជាប្រវត្តិសាស្ត្រ ដែលកើតឡើងពីការដាក់អាណានិគមរបស់ជប៉ុនលើឧបទ្វីបកូរ៉េកាលពីដើមសតវត្សរ៍ទី២០ កន្លងទៅ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ
អាមេរិកសង្ឃឹមថានឹងបំបែកភាពទាល់ច្រកនៅកិច្ចប្រជុំជាមួយជប៉ុននិងកូរ៉េខាងត្បូង
- Steve Herman
វ៉ាស៊ីនតោន —