មន្រ្តីស៊ើបការណ៍សម្ងាត់ទី២របស់សហរដ្ឋអាមេរិក បានទាក់ទងអង្គការឃ្លាំមើលរបស់សហគមន៍ស៊ើបការណ៍សម្ងាត់ដោយមានព័ត៌មានប្រភពដំបូងដែលគាំទ្រពាក្យបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានដំបូងប្រឆាំងនឹងការជាប់ទាក់ទិនរបស់ប្រធានាធិបតីដូណាល់ ត្រាំជាមួយប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់មេធាវីដែលតំណាងឲ្យអ្នកបញ្ចេញព័ត៌មានសម្ងាត់ទាំង២កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោក Mark Zaid ដែលតំណាងឲ្យអ្នកបញ្ចេញព័ត៌មានសម្ងាត់ទាំង២ និយាយថា អ្នកបញ្ចេញព័ត៌មានសម្ងាត់ទី២ បានស្ម័គ្រចិត្តផ្តល់ភស្តុតាងបន្ទាប់ពីអគ្គអធិការកិច្ចរបស់សហគមន៍ស៊ើបការណ៍សម្ងាត់ បានចាប់ផ្តើមស៊ើបអង្កេតកាលពីខែសីហា ថាតើពាក្យបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានសម្ងាត់នោះ ជាការគួរឲ្យទុកចិត្តបាន ហើយនិង «ជាការព្រួយកង្វល់បន្ទាន់» ដែរឬទេ។ ពាក្យបណ្តឹងនោះ បានបណ្តាលឲ្យមានស៊ើបអង្កេតប្តឹងប្រធានាធិបតីត្រាំទម្លាក់ចេញពីតំណែង។
លោក Zaid បានប្រាប់ VOA ថា «វាមិនមែនជាការទាក់ទងថ្មីទេ។ វាជាផ្នែកមួយនៃការព្រួយកង្វល់បន្ទាន់របស់ការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ ឬ ICIG»។
លោក Zaid និយាយទៀតថា អ្នកបញ្ចេញព័ត៌មានសម្ងាត់ម្នាក់ទៀត បានប្រកាសនៅក្នុងការទាក់ទិនជាមួយពាក្យបណ្តឹងកាលពីខែសីហា នៅពេលដែលលោក Michael Atkinson អគ្គអធិការកិច្ចបានផ្តល់សក្ខ្ខីកម្មនៅមុខសហគមន៍ស៊ើបការណ៍សម្ងាត់កាលពីសប្តាហ៍មុន។
អ្នកបញ្ចេញព័ត៌មានសម្ងាត់ទី១ បានដាក់ពាក្យបណ្តឹងចំពោះការនិយាយទូរស័ព្ទនៅថ្ងៃទី២៥ ខែកក្កដា រវាងលោកប្រធានាធិបតីត្រាំ និងលោក Volodymyr Zelenskyi ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន ដែលក្នុងនោះប្រធានាធិបតីត្រាំ បានសុំឲ្យជួយស៊ើបអង្កេតគូប្រជែងខាងគណបក្សប្រជាធិបតេយ្យគឺ លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីរួមជាមួយលោក Hunter ដែលជាកូនប្រុសរបស់លោក Biden៕