ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​ទីពីរ​ត្រូវចាប់​ឃុំឃាំង​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ


រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានិងលោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែននិងមន្រ្តីជាន់ខ្ពស់ក្នុងឧកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានិងលោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែននិងមន្រ្តីជាន់ខ្ពស់ក្នុងឧកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ចេញ​កាលពី​ថ្ងៃ​ទី២០​ ​ខែ​ឧសភា​ ​លោក​ ​ងួន ណារ៉ា​ ​ប្រធាន​សាលា​ដំបូង​ខេត្ត​សៀមរាប​ ​និង​ជា​ចៅក្រម​ស៊ើប​សួរ​ ​បាន​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ឈ្មោះ​ ​បាន សម្ភីរ​ ​អាយុ​ ​៧០ឆ្នាំ រស់​នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស​ ​ឃុំកំពង់ក្ដី​ ​ស្រុក​ជីក្រែង​ ​ខេត្ត​សៀមរាប​ ​ពីបទ​ ​«ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ»។

ចៅក្រម​នៃ​តុលាការ​ខេត្ត​សៀមរាប​ ​សម្រេច​ឃុំ​ខ្លួន​បុរស​វ័យ​ចំ​ណាស់​ម្នាក់​ទៀត​ ​ពី​បទ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ​ ​បន្ទាប់​ពី​បុរស​រូប​នេះ​ចែក​ចាយ​រូបភាព​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​បាន​បង្ហោះ​សារ​អម​ដោយ​រូបថត​បង្កប់​ន័យ​ប្រមាថ​ព្រះ​មហាក្សត្រ​ខ្មែរ។​

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ចេញ​កាលពី​ថ្ងៃ​ទី២០​ ​ខែ​ឧសភា​ ​លោក​ ​ងួន ណារ៉ា​ ​ប្រធាន​សាលា​ដំបូង​ខេត្ត​សៀមរាប​ ​និង​ជា​ចៅក្រម​ស៊ើប​សួរ​ ​បាន​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ឈ្មោះ​ ​បាន សម្ភីរ​ ​អាយុ​ ​៧០ឆ្នាំ រស់​នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស​ ​ឃុំកំពង់ក្ដី​ ​ស្រុក​ជីក្រែង​ ​ខេត្ត​សៀមរាប​ ​ពីបទ​ ​«ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ»។​

ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​នោះ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពីបទ​ប្រមាថ​ចំពោះ​ព្រះ​មហា​ក្សត្រ​ ​ប្រព្រឹត្ត​នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស​ ​ឃុំកំពង់ក្តី ស្រុក​ជីក្រែង ខេត្ត​សៀមរាប​ ​កាលពី​ថ្ងៃ​ទី១៣​ ​ខែ​ឧសភា​ ឆ្នាំ​២០១៨។ បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ ​និង​ផ្តន្ទា​ទោស​តាម​ប្បញ្ញត្តិ​មាត្រា៤៣៧​ ​(ស្ទួន)​ ​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ»។​

ដីកា​បង្គាប់​ចេញ​ដោយ​លោក​ ​ងួន ណារ៉ា​ មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​បាន សម្ភីរ​ ​នោះ​ទេ​ ​ដោយ​ក្នុង​នោះ​ ​លោក​ ​ងួន ណារ៉ា​ ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ ​និង​បញ្ជា​ឲ្យ​ប្រធាន​មន្ទីរ​ឃុំឃាំង​ខេត្ត​សៀមរាប​ ឃុំ​ខ្លួន​រហូត​ដល់​មាន​សេចក្តី​សម្រេច​ថ្មី។​

លោក​ ​យិន ស្រេង​ ​ប្រធាន​លេខាធិការ​ដ្ឋាន​រដ្ឋបាល​តុលា​ការ​ខេត្ត​សៀមរាប​ ​ក៏​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​ប្រព្រឹត្ត​របស់​លោក​ ​បាន សម្ភីរ​ ​រហូត​ឈាន​ដល់​មាន​ការឃុំ​ខ្លួន ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​នោះ​ដែរ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ប្រាប់​ ​VOA​ ​ថា៖​

«តុលា​ការ​ឃុំ​ខ្លួន​គាត់​ពី​បទ​ប្រមាថអង្គ​ព្រះ​មហាក្សត្រ...ខ្ញុំ​អត់​អាច​បញ្ជាក់​បាន​ទេ ពី​ព្រោះ​អាហ្នឹង​រឿង​ហេតុ​នៅ​ក្នុង​សំណុំ​រឿង»។​

ការ​ចាប់​ឃុំ​ខ្លួន​បុរស​វ័យ​៧០ឆ្នាំ​រូប​នេះ​ ​ដោយ​ចោទ​ពី​បទប្រមាថ​អង្គ​ព្រះ​មហាក្សត្រ​ ​គឺ​ជា​ការ​ចាប់​ខ្លួន​លើក​ទី​ពីរ​ហើយ​ ​បន្ទាប់​ពី​មាត្រា​មួយ​ចំនួន​ដែល​ចែងពី​អំពើ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ក្នុង​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៨​នេះ។​ ​បុរស​ដំបូង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ គឺជា​នាយក​សាលា​បឋម​សិក្សា​ម្នាក់​ ស្ថិត​ក្នុង​ខេត្ត​កំពង់​ធំ​ ​ឈ្មោះ​ ​ឃាង ណាវី​ អាយុ​៥០ឆ្នាំ។​ ​បុរស​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ​និង​ចោទ​ប្រកាន់​កាលពី​សប្តាហ៍​មុន​ ​ក្រោយ​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា​ ​ព្រះ​មហា​ក្សត្រ​ ​និង​សមាជិក​រាជវង្ស​ដទៃ​ទៀត បាន​ចូល​ដៃ​ចូល​ជើង​ជា​មួយ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក។​

យោង​តាម​មាត្រា​៤៣៧​ស្ទួន​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​ពី​បទ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ​ ​ដែល​ទើប​ត្រូវ​បាន​ធ្វើ​វិ​សោធន​កម្ម​ ​បុរស​វ័យ​ចំ​ណាស់​ទាំង​ពីរ​នាក់​នោះ​ ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី១ឆ្នាំ​ ​ទៅ​៥ឆ្នាំ​ ​និង​រង​ពិន័យ​ជា​ប្រាក់​ពី​ ​២លាន​រៀល​ ​ដល់​១០លាន​រៀល​ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស។​

មាត្រា​ថ្មី​ដែល​ចែង​ដាក់​បន្ថែម​ទោស​នេះ ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ការ​បង្ក្រាប​លើក្រុម​អ្នក​រិះគន់​ ​ការ​បង្រ្កាប​សារព័ត៌មាន​ឯករាជ្យ​ និង​អង្គការ​សង្គម​ស៊ីវិល។​

លោក​ ​ស៊ឹង សែនករុណា​ ​មន្រ្តី​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​ប្រាប់​ ​VOA​ ​ថា​ ​លោក​មាន​ការបាម្ភ​ថា​ ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​នឹង​ត្រូវ​បន្ត​ចាប់​ខ្លួន​ ​ដោយ​សារការ​យល់​ដឹង​របស់​ពួក​គាត់​នៅ​មាន​កម្រិត រួម​ជា​មួយ​នឹង​ការ​ទទួល​បាន​ព័ត៌មាន​របស់​ពួក​គាត់​កាន់​តែ​តិច​ទៅ។​

លោក​បញ្ជាក់​ថា៖​

«បើសិនជា​មាត្រា​ច្បាប់​នេះ​ ​យើង​នៅ​មាន​ជាធរ​មាន​ ​ហើយ​ពលរដ្ឋ​មិន​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​ឲ្យ​បាន​ច្បាស់​លាស់​ ​យើង​ព្រួយ​បារម្ភ​ថា​ រឿង​នេះ​វា​មិន​ត្រឹម​តែ​ពីរ​ករណី​ទេ។​ ​យើង​នឹង​អាច​គិត​ថា​នឹង​មាន​ករណី​ជា​បន្ត​ទៀត បើសិន​ជា​ការ​ផ្សព្វ​ផ្សាយ​មិន​បាន​ទូលំ​ទូលាយ​ ​ហើយ​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម ឬ​ក៏​ការ​យល់​ដឹងពី​ការ​ពិនិត្យ​ពិចារណា​លើ​ព័ត៌មាន ពិត ឬ​មិន​ពិត ត្រឹម​ត្រូវ ឬ​ក៏​មិន​ត្រឹម​ត្រូវ​យ៉ាង​ណា​នោះ យើង​គិត​ថា វា​នឹង​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ជាតិ​ដល់​ពលរដ្ឋ​កម្ពុជា​យើង»។​

លោក​ ​សឹង សែនករុណា​ ​បន្ថែម​ថា​ ​ការ​ដាក់​ទោស​ការលើ​ក​ឡើង​ណា​មួយ​ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គ​ព្រះ​មហា​ក្សត្រ គឺ​ទើប​តែ​មាន​នា​ពេល​ថ្មីៗ បន្ទាប់ពី​ការលើ​ក​ឡើង​កន្លង​មក មិន​មាន​ចេញ​ជា​វិធាន​ការ​ ​ដែល​លោក​ថា​ ​ករណី​នេះ​ជា​ការ​កែប្រែ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ពិបាក​ក្នុង​ការអនុ​វត្ត​ភ្លាមៗ។​ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​គួរ​តែ​ផ្សព្វផ្សាយ​ពីវិ​សោធន​កម្ម​មាត្រា​ស្តីពី​ការ​ដាក់​ទោស​ទណ្ឌ​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថអង្គ​ព្រះ​មហា​ក្សត្រ​ ​ដែល​ទើប​ធ្វើ​វិសោធន​កម្ម​នេះ​ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ជា​មុន​សិន មុន​នឹង​ចាត់​វិធានការ​ដាក់​ទោសទណ្ឌ​ឲ្យ​ជាប់​ពន្ធនាគារ។​

លោក​មាន​ប្រសាសន៍​ថា៖​

«វាជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ហ្នឹង​បាត់​បង់​សេរីភាព​របស់​គាត់ ឬ​ក៏​ធ្វើ​ឲ្យ​គាត់​មាន​សម្ពាធ​ផ្លូវ​ចិត្ត ក្នុង​ការ​ដែល​យើង​មិន​ដឹងថា​តើ​គាត់​ហ្នឹង នឹង​មាន​ភាព​ប្រឈម​យ៉ាង​ម៉េច​ទៀត។ ព្រោះ​មាន​ប្រជា​ពលរដ្ឋ​ច្រើន​ទៀត ដែល​តាម​ការ​ដែល​ខ្ញុំ​សន្និដ្ឋាន ព្រោះ​យើង​ដឹង​ហើយ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហឹ្នង គឺ​ពលរដ្ឋ​តាម​ទីជនបទ លោក​នៅ​ខ្វះខាត​ផ្នែក​ព័ត៌មាន​នេះ​ណាស់​ ​ដើម្បី​យល់​ដឹង ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពី​ស្ថានភាព​សង្គម និង​នយោបាយ​នេះ​ឯង»។​

កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ទី​ពីរ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​បន្ទាប់ពី​ប្រទេស​ថៃ​ ​ដែល​ជា​ប្រទេស​ចែង​ច្បាប់​ដាក់​ទោសទណ្ឌ​ជា​ពន្ធនាគារ​ ​ចំពោះ​ជនណា​ដែល​ហ៊ាន​ប្រមាថ​ព្រះ​ចេស្ដា​ព្រះ​មហា​ក្សត្រ។ ការណ៍​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​ ​និង​អន្តរជាតិ​ជា​ច្រើន​ ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​តំបន់។​

ក្រៅ​ពីការ​ចាប់​ខ្លួន​អ្នក​ដែល​បង្ហោះ​សារពាក់​ព័ន្ធ​នឹង​ព្រះ​មហាក្សត្រ​ ​ក៏​នៅ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​រូប​ទៀត​នា​ពេល​កន្លង​មក​ ​ត្រូវ​បាន​ឃាត់​ខ្លួន​ ​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​ ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះសារ​ផ្សេងៗ​ ​ដែល​រដ្ឋាភិបាល​បញ្ជាក់​ថា​ ​ជាការ​ប្រមាថ​ ​និង​ជាការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ជា​ដើម៕

XS
SM
MD
LG