ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កំពង់ធំ​សម្រេច​ចោទ​និង​ឃុំ​ខ្លួន​គ្រូ​បឋម​ម្នាក់​ពី​បទ​ប្រមាថ​ព្រះចេស្ដា​អង្គព្រះ​មហាក្សត្រ


រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាយាងគារវៈកិច្ចដល់មន្រ្តីតំណាងរាស្រ្តនានាក្នុងឱកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាយាងគារវៈកិច្ចដល់មន្រ្តីតំណាងរាស្រ្តនានាក្នុងឱកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

​គ្រូបង្រៀនម្នាក់​ក្នុង​ខេត្ត​កំពង់ធំ ​ក្រុង​ស្ទឹងសែន​ បាន​ក្លាយ​ជា​ជន​ទី១​ដែល​រងបទ​ចោទ​ប្រមាថ​ព្រះ​មហាក្សត្រ​ខ្មែរ​ ដែល​ត្រូវបាន​ធ្វើ​វិសោធន​កម្មកាល​ពី​ដើម​ឆ្នាំ២០១៨​ ​ដោយ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច។​ គ្រូ​បង្រៀន​វ័យ​៥០ឆ្នាំ​រូប​នេះ​ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​នៅ​ក្នុង​ការ​ឃុំឃាំង​កាល​ពី​ថ្ងៃ​អាទិត្យ ​ចំពោះ​សារ​ដែល​លោក​បញ្ចេញ​មតិ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។

តុលាការ​ខេត្ត​កំពងធំ​ កាល​ពីថ្ងៃ​អាទិត្យ​កន្លង​ទៅ​បាន​សម្រេច​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​នាយក​សាលា​បឋម​សិក្សា​មួយ​រូប​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ខ្មែរ​ ក្រោយ​បុរស​វ័យ​៥០ឆ្នាំ​រូប​នេះ​ បាន​ចូល​បញ្ចេញ​យោបល់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​ នេះ​បើយោង​តាម​ដីកា​ឃុំ​ខ្លួន​ដែល​ VOA​ បាន​ទទួល។

​នេះ​គឺជា​ការ​ចោទ​ជា​ផ្លូវ​ការ​លើក​ទី១​ ដោយ​ប្រើ​ប្រាស់​បញ្ញត្តិ​ថ្មី​របស់​ក្រម​ព្រហ្មទណ្ឌ​ស្តី​ពី​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ដែល​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​កាល​ពី​ខែ​កុម្ភៈ ព្រម​ជាមួយ​ការ​បារម្ភ​ចំពោះ​ការ​រិះគន់​ពី​អង្គការ​សង្គ​មស៊ីវិល​និង​សិទ្ធិ​មនុស្ស។

​ការ​សម្រេច​ឃុំ​ខ្លួន​គ្រូ​បង្រៀន​ ​ដែល​មាន​កូន​៥នាក់​ក្នុង​បន្ទុក​ នេះ​គឺ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​រយៈពេល​បី​ថ្ងៃ​ ​ជូន​ព្រះ​មហាក្សត្រ​ខ្មែរ​ ព្រះបាទ​នរោត្តម សីហមុនី។

យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​ និង​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ ​គ្រូ​បង្រៀន​ និង​ជា​នាយក​សាលា​បឋម​សិក្សា​ឈ្មោះ​ ឃាង ណាវី​ វ័យ​៥០​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ ក្រោយបង្ហោះ​សារ​ ខំមិន​ (comment)​ ​នៅ​លើ​បណ្ដាញ​សង្គម​ ​Facebook​ ​កាល​ពី​ថ្ងៃ​សៅរ៍។​ ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​បន្ទាប់​ជា​ពេល​ដែល​តុលាការ​សម្រេច​ចោទ​លោក​ពីបទប្រមាថ​ព្រះ​មហាក្សត្រ​ និង​ដាក់​ឱ្យ​នៅ​ក្នុង​ការ​ឃុំឃាំង​ជា​បណ្តោះ​អាសន្ន​ដើម្បី​ស៊ើប​អង្កេត​បន្ត។

​ក្នុង​ដីការ​ឃុំ​ខ្លួន​ដែល​ចេញ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ ​ឃន កុសល​ និង​ចែកចាយ​ឱ្យ​ក្រុម​អ្នក​សារព័ត៌​មាន​នៅ​ថ្ងៃ​អាទិត្យ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

​«ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការពិនិត្យ​ពីបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​អំពើ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទា​ទោស​តាម​មាត្រា​៤៣៧ ​(ស្ទួន)​ នៃ​ច្បាប់​វិសោធន​កម្ម​ក្រម​ព្រហ្មទណ្ឌ»។

​ចៅ​ក្រម​ស៊ើបសួរ​ ឃន កុសល​ នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​ក៏​បាន​សរសេរ​បន្ថែម​ថា៖​«បញ្ជា​ឱ្យ​ភ្នាក់​ងារ​មាន​សមត្ថកិច្ច​នៃ​កង​កម្លាំង​សាធារណៈ​ធ្វើ​ការ​នាំជន​ត្រូវ​ចោទ​ដែល​មាន​ឈ្មោះ​ ឈាង ណាវី​ ទៅ​ពន្ធនាគារ​កំពង់ធំ​ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់»។

​ក្នុង​មាត្រា​ ​៤៣៧​ស្ទួន​ នៃ​ក្រម​ព្រហ្មទណ្ឌ​ស្តីពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ ជន​ជាប់​ចោទ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១ ​ទៅ​៥ឆ្នាំ​ និង​រង​ការ​ពិន័យ​ជា​ប្រាក់​ពី​ ២ លាន​ដល់​១០លាន​រៀល​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​នោះ។​

​ច្បាប់ថ្មី​នេះ​ត្រូវ​បាន​ដាក់​បន្ថែម​ទោស​កាល​ពី​ខែកុម្ភៈ​កន្លង​ទៅ​ ​ក្នុង​វិសោធន​កម្ម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ ដ៏​ចម្រូង​ចម្រាស់​ ​ក្រោយ​ពី​រដ្ឋាភិបាល​របស់​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ប្តឹង​រំលាយ​បក្ស​ជំទាស់​សង្គ្រោះ​ជាតិ​ និង​ក្រោយ​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរ​លើ​ក្រុម​អ្នក​រិះគន់​សារ​ព័ត៌មាន​ឯករាជ្យ​និង​អង្គការ​សង្គម​ស៊ីវិល។

​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ទី​ពីរ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្រៅ​ពី​ប្រទេស​ថៃ​ ដែល​ធ្វើ​ឱ្យ​មាន​ទោស​ទណ្ឌ​ដាក់​ពន្ធនាគារ​ចំពោះ​ជន​ណា​ដែល​ហ៊ាន​ប្រមាថ​ព្រះ​ចេស្ដា​ព្រះមហាត្សត្រ។​ ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​លើ​សិទ្ធ​បញ្ចេញ​មតិ​ក្នុង​តំបន់៕

XS
SM
MD
LG