ក្រុមអ្នកស៊ើបអង្កេតអាកាសចរណ៍ និយាយថា ការវិភាគទីមួយអំពីប្រអប់ខ្មៅ ហៅ «black box» ពីយន្តហោះ Germanwings ដែលបានធ្លាក់នៅក្នុងតំបន់ភ្នំ Alps នៃប្រទេស បារាំង កាលពីខែមុន បានសង្កត់បន្ថែមទៅលើទ្រឹស្តីដែលថា អ្នកបើកយន្តហោះទីពីរ បានបើកយន្តហោះបុកភ្នំដោយចេតនា និងសម្លាប់មនុស្សទាំង ១៥០ នាក់នៅក្នុងនោះ។
ក្រុមអ្នកស៊ើបអង្កេតបានប្រកាសនៅថ្ងៃសុក្រនេះថា ម៉ាស៊ីនថតទិន្នន័យនៃការហោះហើរពីយន្តហោះ Germanwings បានបង្ហាញថា Andreas Lubitz អ្នកបើកយន្តហោះទីពីរបានបិទទ្វារចាក់សោមិនឲ្យអ្នកបើកយន្តហោះទីមួយចូលក្នុងបន្ទប់បើកបរវិញបាន ហើយបានប្តូរផ្លូវហោះពីការហោះស្វ័យប្រវត្តិ និងបានដំឡើងល្បឿនយន្តហោះម្តងហើយម្តងទៀត នៅពេលដែលយន្តហោះនោះបោះពួយសំយុងក្បាលទៅបុកភ្នំ។ គេបានរកឃើញម៉ាស៊ីនថតទិន្នន័យហោះហើរ កាលពីថ្ងៃព្រហស្បតិ៍។
នៅថ្ងៃជាមួយគ្នានេះដែរ រដ្ឋអាជ្ញាអាល្លឺម៉ង់ ដែលធ្វើការស៊ើបអង្កេតការធ្លាក់យន្តហោះនេះ បានថ្លែងថា Lubitz បានស្វែងរកព័ត៌មានតាមអ៊ីនធឺណែតអំពីការធ្វើអត្តឃាត និងវិធីការពារសន្តិសុខក្នុងបន្ទប់បើកយន្តហោះ ក្នុងពេលប៉ុន្មានថ្ងៃមុនយន្តហោះនេះធ្លាក់៕