ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា មនុស្ស២៤នាក់ត្រូវបានសម្លាប់និងជាង៥០នាក់បានរងរបួសនៅក្នុងការវាយប្រហារទៅលើក្បួនបួនព្យុហយាត្រាយោធានៅតំបន់អារ៉ាប់ Ahvaz នៃប្រទេសអ៊ីរ៉ង់។
លោកប្រធានាធិបតី Hassan Rouhani បានអំពាវនាវឱ្យកងកម្លាំងសន្ដិសុខរបស់អ៊ីរ៉ង់កំណត់អ្នកនៅពីក្រោយការវាយប្រហារនេះ។ ក្រុមខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងធុនធ្ងន់បានបាញ់កាំភ្លើងស្វ័យប្រវត្តិជាង១០នាទីទៅលើអ្នកចូលរួមព្យុះហយាត្រាយោធាមួយនៅប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍។
មនុស្សជាច្រើនត្រូវបានសម្លាប់និងជាង៥០នាក់រងរបួស។ ពួកអ្នកស្លាប់ភាគច្រើនត្រូវបានគេរាយការណ៍មកថា ជាទាហានពិសេសនៃកងទ័ព Revolutionary Guard របស់អ៊ីរ៉ង់។ ទូរទស្សន៍អ៊ីរ៉ង់បានបង្ហាញរថយន្តសង្គ្រោះដែលដឹកជនរងគ្រោះរាប់សិបនាក់ទៅមន្ទីរពេទ្យក្បែរនោះ ខណៈអ្នកផ្សេងទៀតកំពុងជួយអ្នករបួស។
លោក Hassan Shahvarpour មេបញ្ជាការកងទ័ពអ៊ីរ៉ង់ Revolutionary Guard នៅខេត្ត Khuzestan បានប្រាប់ទូរទស្សន៍អ៊ីរ៉ង់ថា អ្នកវាយប្រហារពីរនាក់ត្រូវបានសម្លាប់នៅនឹងកន្លែង ម្នាក់ស្លាប់នៅមន្ទីរពេទ្យដោយសាររបួសហើយម្នាក់ទៀតត្រូវចាប់ខ្លួន។
ទូរទស្សន៍បង្ហាញថា លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់និងមន្រ្តីជាន់ខ្ពស់ដទៃទៀត បានចាកចេញពីក្បួនព្យុហយាត្រាមួយកន្លែងទៀតនៅក្នុងទីក្រុងតេហេរ៉ង់ បន្ទាប់ពីពួកគេត្រូវបានគេប្រាប់អំពីការវាយប្រហារក្បួនព្យុហយាត្រានៅ Khuzestan។
មានរបាយការណ៍ខុសគ្នាអំពីអ្នកទទួលខុសត្រូវការវាយប្រហារនោះ ប៉ុន្តែក្រុមរដ្ឋអ៊ីស្លាម និងក្រុមមួយដែលហៅខ្លួនឯងថា «ចលនាតស៊ូអារ៉ាប់រំដោះ Ahvaz បានប្រកាសថា ខ្លួនជាអ្នកធ្វើការវាយប្រហារនេះ៕