ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នាដៃ​របស់​អ្នក​ស្រាវជ្រាវ​ម្នាក់​លើក​ទឹក​ចិត្ត​ដល់​ចលនា​ប្រឆាំង​តវ៉ា​អហិង្សា​នានា


លោក ជីន​ សាប (Gene Sharp) អង្គុយក្នុងការិយាល័យ​របស់​លោក​​ នៅ​ទី​ក្រុង ​បូស្តុន រដ្ឋ ម៉ាស្សាឈូស្សេត សរអ។
លោក ជីន​ សាប (Gene Sharp) អង្គុយក្នុងការិយាល័យ​របស់​លោក​​ នៅ​ទី​ក្រុង ​បូស្តុន រដ្ឋ ម៉ាស្សាឈូស្សេត សរអ។

ការ​ទាមទារ​ទាំង​ឡាយ​ដែល​កំពុង​តែ​កើន​ឡើងឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នយោបាយ​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ប្រទេស​ កំពុងធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ថ្មីទៅ​លើ​លោក​សាស្រ្តាចារ្យ​ ជីន សាប (Gene Sharp) ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​រូប​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​បូស្តុន​(Boston) រដ្ឋ​ម៉ាស្សាឈូស្សេត (Massachusetts) សហរដ្ឋ​អាមេរិក។ លោក​បាន​ចំណាយ​ពេល​វេលា​មួយ​ជីវិត​របស់​លោក​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ការ​ប្រឆាំង​តវ៉ា​អហិង្សា​ និង​ធ្វើ​ការ​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​ណែនាំ​សម្រាប់​ប្រជា​ពលរដ្ឋ​ណា​ដែល​ប្រាថ្នា​ចង់​ធ្វើ​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។ កិច្ចការ​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​វ័យ​៨៣​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ថា​ជា​កម្លាំង​លើក​ទឹក​ចិត្ត​សម្រាប់​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។

លោក​សាស្រ្តា​ចារ្យ​ ជីន សាប បាន​និពន្ធ​សៀវភៅ​ជា​ច្រើន​ ដែល​សៀវភៅ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើការ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​នៃ​ស្ថាប័ន​របស់​លោក​ មាន​រួម​ទាំង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ «ពី​របបផ្តាច់​ការ​ទៅប្រជាធិបតេយ្យ» ដែល​មាន​ផ្សាយ​ជា​២៤​ភាសា។ លោក​សាស្រ្តា​ចារ្យ​សាបជឿ​ជាក់​ថា ​មាន​កត្តា​សំខាន់​ពីរ​យ៉ាង​ដែល​នាំ​ទៅ​ដល់​ការ​បញ្ចប់​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​អេហ្ស៊ីប លោក​ ហូសនី មូបារ៉ាក់។ លោក​មាន​ប្រសាសន៍​ថា​ កត្តា​ទី​មួយ​គឺ​ប្រជា​ពល​រដ្ឋ​លែង​មានការ​ភ័យ​ខ្លាច។ បន្ទាប់​មក​ទៀត​ លោក​មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​យល់​ឃើញ​អំពី​ ភាព​ចាំបាច់​នៃ​ការ​ប្រមូល​ផ្តុំគ្នា​ប្រកប​ដោយ​អហិង្សា។

«ភ្លាមៗ​នោះ​ពួក​គេ​បាន​ក្រោក​ឈរ​ឡើង​ ហើយ​ដូច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ ហើយ​មិន​ដឹង​ជា​មក​ពី​អ្វី​ ពួក​គេ​ក៏លែង​មាន​ការ​ភ័យ​ខ្លាច។ ខ្ញុំ​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ។ ប៉ុន្តែ​មនុស្ស​យ៉ាង​ច្រើន​សម្បើមបាន​អស់​ការ​ភ័យ​ខ្លាច​របស់​ខ្លួន។ ហើយ​បន្ទាប់​មក​ ពួក​គេ​ក៏​មាន​ការ​យល់ដឹងផង​ដែរ​ ដោយ​ខ្ញុំ​មិនយល់​ទេ​ថា​តើ​រឿង​នេះបាន​កើត​ឡើង​ដោយ​របៀប​ណា​នោះ​ ប៉ុន្តែ​ពួក​គេ​មាន​ការ​យល់​ដឹង​ថា​ ពួក​គេមិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ទេ​ ពួក​គេ​ត្រូវ​តែ​រក្សា​វា​ឲ្យនៅអហិង្សា​ ហើយ​បើ​ទោះ​បី​ជាវា​មិន​បាន​ល្អ​ឥត​ខ្ចោះ​ក្តី​ ពួក​គេយ៉ាង​ណា​ក៏​ដោយ​បាន​ដឹង​ថា​ ពួក​គេ​ត្រូវ​តែ​រក្សា​វា​ឲ្យនៅអហិង្សា»។

លោក​សាស្រ្តាចារ្យ​សាប​ជឿជាក់​ថា​ នៅ​ក្រោម​របប​គ្រប់គ្រង​ជិះជាន់​សង្កត់​សង្កិន​ ប្រជា​ពលរដ្ឋ​អាច​បាត់បង់​ជំនឿ​លើ​ខ្លួន​ឯង​ និង​ក្លាយ​ជា​មនុស្ស​អសកម្ម​និង​ប្រកប​ដោយ​ការ​ភ័យ​ខ្លាច។

«ប្រសិន​បើ​ពួក​គេ​មាន​ករណី​តូចៗ​មួយ​ចំនួន​ ដែល​ពួក​គេ​បាន​ធ្វើ​ការ​ប្រឆាំងតវ៉ា​អំពី​បញ្ហា​តូចៗ​មួយ​ចំនួន​ទាំង​នោះ ហើយ​ពួក​គេ​សម្រេច​បាន​អ្វី​មួយ​ និង​ឈ្នះ​ក្នុង​បញ្ហា​នោះ​ នោះ​ពួក​គេ​នឹង​ចាប់​ផ្តើម​ស្តារឡើង​វិញ​បាននូវ​ជំនឿ​លើ​ខ្លួន​ឯង​របស់​ពួក​គេ។ ពួក​គេនឹង​ឃើញ​ថា តាម​ពិត​ទៅ ពួកគេ​អាចធ្វើអ្វី​មួយ​ឲ្យ​សម្រេច​បាន​ ពួក​គេ​អាច​មាន​ឥទ្ធិពលជាង​ពួក​គេ​ធ្លាប់​បាន​គិត​ទៅ​ទៀត។ ពួក​គេ​អាច​អាន​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ដូចគ្នា​នឹង​ពេលដែលប្រជា​ពលរដ្ឋ​អេហ្ស៊ីប​បាន​អាន​អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេសទុយនីស៊ី។ ឥឡូវ​នេះ​ មនុស្សនៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ពិភព​លោក​ កំពុង​អាន​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេសអេហ្ស៊ីប​ និង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​ ហើយ​ឥឡូវ​នេះ​ ពួក​គេ​បានដឹង​ខ្លួន​ថា​ ពួក​គេ​ក៏​អាច​ធ្វើ​រឿង​នោះ​បាន​ដែរ»។

លោក​សាស្រ្តាចារ្យ​សាប​ បាន​ចាប់​ផ្តើម​កិច្ចការ​ស្រាវជ្រាវ​របស់​លោក​ តាំង​ពី​លោក​នៅជា​បុរស​វ័យ​ក្មេង​ម្នាក់​ នៅ​ពេល​លោកបាន​ដឹង​ថា​ពិភព​លោក​មាន​បញ្ហា​ជា​ច្រើន​ ហើយ​ថា​ដំណោះ​ស្រាយ​ដែល​គេ​ប្រើ​ជា​ទូ​ទៅចំពោះ​បញ្ហា​ទាំង​នោះ​ ហាក់​ដូច​ជា​លែង​ល្អ​គ្រប់​គ្រាន់​ទៀត​ហើយ។ លោក​បាន​ធ្វើ​ការ​ស្វែង​រក​ដំណោះស្រាយដែល​ល្អ​ជាងនេះ​ ហើយ​បាន​ចាប់​ផ្តើម​សិក្សា​អំពី​ទស្សនៈ​នៃ​ការ​តស៊ូ​អហិង្សា។

លោក​សាស្រ្តា​ចារ្យ​សាប​ ដែល​កើត​នៅ​ក្នុង​រដ្ឋ​អូហៃយ៉ូ​ (Ohio) ភាគកណ្តាល​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ១៩២៨​ បាន​ទទួលសញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ពី​សាកល​វិទ្យាល័យ​អុកហ្វ៊ដ​ (Oxford)​ នៃ​ចក្រភព​អង់គ្លេស។ សារណា​បញ្ចប់​ការ​សិក្សា​របស់​លោក​មាន​ចំណង​ជើង​ថា​ «នយោបាយ​នៃ​សកម្មភាព​អហឹង្សា៖ ការ​សិក្សា​អំពីការ​គ្រប់គ្រង​នៃ​អំណាច​នយោបាយ»។ លោក​គឺ​ជា​អ្នក​ស្រាវជ្រាវ​មួយ​រូប​នៅ​ឯ​សាកល​វិទ្យា​ល័យ​ ហារ៍វ័ដ (Harvard) សហរដ្ឋ​អាមេរិក​ ហើយ​ធ្លាប់​បាន​បង្រៀន​នៅ​ឯ​សាកល​វិទ្យា​ល័យ​ជា​ច្រើន​នៅ​ក្នុង​តំបន់​ទី​ក្រុង​បូស្តុន។ ឥឡូវ​នេះ​ លោក​គឺ​ជា​អ្នក​ប្រាជ្ញ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ អាល់បឺត អែនស្តែន (Albert Einstein) ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​ ដែល​មាន​ទី​ស្នាក់ការ​នៅ​ក្នុង​ផ្ទះរបស់​លោកក្នុង​ក្រុងបូស្តុន។

លោក​ជឿ​ជាក់​ថា​ ការ​តស៊ូ​អហិង្សា​គឺ​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​ផ្តាច់ការ​ ហើយ​ថា​លទ្ធិប្រជា​ធិបតេយ្យ​គឺ​តែងតែ​ជា​គោលដៅ​នៅ​ក្នុង​ការ​តស៊ូ​នោះ។

«ខ្ញុំ​មិន​ដឹង​ថា​ជំនឿ​របស់​ខ្ញុំ​នេះ​ចេញ​មក​ពី​កន្លែង​ណា​ទេ​ ប៉ុន្តែខ្ញុំ​មាន​ការ​ជឿ​ជាក់​យ៉ាង​ជ្រៅ​ទៅ​លើ​សេរី​ភាពនិង​យុត្តិ​ធម៌​ ហើយ​ថា​ប្រជា​ពលរដ្ឋ​គួរ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​របៀប​នេះ​ជាបុគ្គល​ម្នាក់ៗ​ផង ជាមួយ​ប្រជា​ពលរដ្ឋ​ផ្សេងៗ​ទៀត​ផង និង​ធ្វើ​ការ​សម្រេច​ចិត្ត​សម្រាប់​ប្រទេស​ទាំង​អស់​ផង។ ការ​គ្រប់គ្រង​បែប​ផ្តាច់ការ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ស្អប់​ខ្ពើម​ ហើយ​ខ្ញុំ​គិត​ថា​ យើង​គួរ​តែ​ស្វែង​រក​វិធី​ទាំង​ឡាយ​ដែល​មាន​ប្រសិទ្ធិភាព​ ដើម្បី​ទប់​ស្កាត់​ការ​ដឹក​នាំ​បែបនេះ​ ប្រឆាំង​ទៅ​នឹង​ការ​ដឹកនាំ​បែប​នេះ​ និង​ទម្លាក់ការ​ដឹកនាំ​បែប​នេះ​ ប្រសិន​បើ​វា​បាន​កើត​មាន​ឡើង​រួច​ទៅ​ហើយ»។

លោក​សាស្រ្តាចារ្យ​សាប​ មាន​ប្រសាសន៍​ថា​ ការ​រំលំ​ការ​ដឹកនាំ​បែប​ផ្តាច់ការ​មួយ​មាន​សារៈសំខាន់​ណាស់​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ វា​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​នានាជា​រហូតនោះ​ទេ។

ហើយ​តាម​ពិត​ទៅ​ ការ​តស៊ូ​អហិង្សា​បែប​នេះ​ វា​គឺ​តែង​តែ​ជា​រយៈកាល​ដ៏​គ្រោះថ្នាក់​មួយ​ ដែល​មាន​ការ​យល់​ច្រឡំ​ផ្នែក​នយោ​បាយ​ជា​ច្រើន​ ពី​ព្រោះ​បើនិយាយ​មែន​ទែន​ទៅ​ វា​គឺ​ជា​ដំណាក់​កាលដែល​មិន​មាន​អ្នក​ណា​គ្រប់​គ្រង​ពិត​ប្រាកដ​ ហើយមនុស្ស​មួយ​ចំនួនគិត​ថា​វា​ផ្តល់​ឱ​កាស​ឲ្យ​ពួក​គេ​អាច​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​ផ្តាច់​ការ​ថ្មី​ជំនួស​វិញ។ ហើយ​ពួក​គេ​នឹង​ប្រើ​ភាសាសេរី​ភាព​និង​ប្រជា​ធិប​តេយ្យ​នៅ​ពេល​ពួក​គេកំពុង​ដឹកនាំ​ចលនា​តស៊ូនេះ»។

លោក​សាស្រ្តាចារ្យ​សាប​ មាន​ការ​ជឿជាក់​អស់​រយៈពេល​៣០​ឆ្នាំ​មក​ហើយ​ថា​ នៅ​ថ្ងៃ​ណា​មួយ​នឹង​មាន​អ្វី​ដែល​លោក​ហៅ​ថា​ ជា​ចំណុច​របត់​នៃការ​យល់ដឹង​និង​ការ​ចាប់​អារម្មណ៍​ជា​សាកលទៅ​លើសក្តានុពល​នៃ​ការ​តស៊ូ​អហឹង្សា។ លោក​មាន​ប្រសាសន៍​ថា​ លោក​បាន​ដឹងថា​ចំណុច​របត់​នេះ​ វា​នឹង​អាច​កើត​មាន​ឡើង​ ប៉ុន្តែ​បាន​សារភាព​ថា​ លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​វា​បាន​កើត​ឡើង​ពិត​ប្រាកដ​ ហើយ​កើត​ឡើង​ប្រកប​ដោយ​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​បែប​នេះ៕

ប្រែ​សម្រួល​ដោយ ឌី​ ខាំបូលី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG