ទីក្រុងអ៊ូហាន នៃខេត្តហ៊ូប៉ី ប្រទេសចិន មានកេរ្តិ៍ឈ្មោះល្បីថាជាមជ្ឈមណ្ឌលសំខាន់នៃការដឹកជញ្ជូន និងផលិតកម្ម ដែលស្ថិតនៅចំណុចប្រសព្វនៃទន្លេ Han និងទន្លេ Yangtze។
សព្វថ្ងៃនេះ ទីក្រុងអ៊ូហាន ដែលជារឿយៗត្រូវបានគេប្រៀបប្រដូចទៅនឹងទីក្រុង Chicago របស់សហរដ្ឋអាមេរិកនោះ ត្រូវបានគេល្បីថាជាកន្លែងផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសប្រភេទថ្មីដ៏កាចសាហាវមួយ។
តាំងពីមានការផ្ទុះឡើងនូវមេរោគនេះមក ទីក្រុងនេះគឺជាទីក្រុងដំបូងគេបង្អស់ដែលអាជ្ញាធរចិនបានបិទក្នុងគោលបំណងដើម្បីរារាំងមិនឲ្យមានការឆ្លងរាលដាលនូវមេរោគដែលបង្កឲ្យមានជំងឺដូចជាជំងឺរលាកសួតនេះ។
ខាងក្រោមនេះគឺជាមតិយោបល់របស់ពលរដ្ឋក្រុងអ៊ូហាន ដែល VOA ភាសាចិន ប្រមូលបាន។ ឈ្មោះដែលប្រើនៅក្នុងអត្ថបទនេះ គឺត្រូវបានអ្នកបញ្ចេញមតិទាំងនោះជាអ្នកផ្ដល់ឲ្យ។
ទាក់ទិននឹងជម្រើសនៃការគេចចេញ ឬក៏បន្តរស់នៅក្នុងទីក្រុងអ៊ូហាន
នៅលើបណ្ដាញសង្គមតាមអ៊ីនធឺណិត អ្នកបញ្ចេញមតិម្នាក់ឈ្មោះ Siwen បានរៀបរាប់អំពីការគេចចេញពីទីក្រុងអ៊ូហាន ថាជា «រាត្រីដ៏រន្ធត់តក់ស្លុតមួយ» និងបានបញ្ចេញកំហឹងដាក់អាជ្ញាធរដែលខ្លួនអះអាងថា «គ្មានការអៀនខ្មាស់» ដែលបានបិទទីក្រុងអ៊ូហាន នៅពេលយប់។
ខាងក្រោមនេះគឺជាមតិឆ្លើយតបចំពោះការសម្រេចចិត្តរបស់លោក Siwen នេះ ដែលបានបង្កឲ្យការជជែកដេញដោលលើបញ្ហាថាតើគួរគេចចេញ ឬក៏បន្តរស់នៅក្នុងទីក្រុងអ៊ូហាន។
មនុស្សជាច្រើនបានបង្ហាញការគាំទ្រចំពោះការសម្រេចចិត្តរបស់លោក Siwen នៅក្នុងចាកចេញពីទីក្រុងអ៊ូហាន ជាមួយនឹងជីដូនរបស់លោក និងក្រុមគ្រួសារសាច់ថ្លៃរបស់លោក។ អ្នកបញ្ចេញមតិម្នាក់ដែលដាក់ឈ្មោះថា People in Dreams បាននិយាយថា៖ «ការគេចចេញគឺជាសិទ្ធិ។ គ្មាននរណាម្នាក់គិតថាអ្នកគឺជាមនុស្សអាត្មានិយមនោះទេ»។
អ្នកបញ្ចេញមតិម្នាក់ទៀតដែលប្រើឈ្មោះថា The Lone Ranger បានគាំទ្រលោក Siwen ដោយបាននិយាយថា៖ «ទីក្រុងអ៊ូហាននឹងប្រឈមនឹងវិបត្តិមនុស្សធម៌ក្នុងពេលឆាប់ៗខាងមុខនេះ»។ ចំណែកឯអ្នកបញ្ចេញមតិម្នាក់ទៀតឈ្មោះ Li Ming Tao បានបញ្ជាក់ថា៖ «ដោយសារតែរដ្ឋាភិបាលបរាជ័យនៅក្នុងការរារាំងរោគរាតត្បាតដែលគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋនៅក្នុងទីក្រុងអ៊ូហាននេះ ប្រជាពលរដ្ឋមានសិទ្ធិគេចចេញពីទីក្រុងនេះ ដោយសារតែពួកគេមិនអាចទទួលបានការព្យាបាលត្រឹមត្រូវ។ សូម្បីតែអ្នកជំងឺក៏គេចចេញផងដែរ។ បើតាមទស្សនៈមនុស្សធម៌ នេះគឺជាអ្វីដែលគេអាចយល់បាន»។
ប៉ុន្តែ អ្នកបញ្ចេញមតិមួយចំនួនទៀតបានរិះគន់លើការសម្រេចចិត្តរបស់លោក Siwen នៅក្នុងការគេចចេញពីទីក្រុងអ៊ូហាន នេះ ដោយអ្នកបញ្ចេញមតិម្នាក់និយាយថា៖ «ខ្ញុំសង្ឃឹមថា អ្នកឯងនឹងស្លាប់ឲ្យបានឆាប់។ កុំចម្លងមេរោគនេះដល់អ្នកដទៃទៀតនៅកន្លែងផ្សេង»។ ចំណែកឯអ្នកបញ្ចេញមតិម្នាក់ទៀតចោទជាសំណួរថា៖ «តើអ្នកឯងចង់រួមចំណែកនៅក្នុងការធ្វើឲ្យឆ្លងរាលដាលនៃមេរោគរាតត្បាតនេះមែនទេ?»។
លោក Siwen បានឆ្លើយតបទៅនឹងការរិះគន់ទាំងនោះ ដោយនិយាយថា ក្រុមគ្រួសាររបស់លោកបានឆ្លងកាត់ការត្រួតពិនិត្យតឹងតែងរួចហើយ មុនពេលចាកចេញពីទីក្រុងអ៊ូហាន ដែលនៅពេលនោះ អាជ្ញាធរមិនទាន់បិទទីក្រុងនោះនៅឡើយ ហើយឥឡូវនេះក្រុមគ្រួសាររបស់លោកកំពុងរស់នៅដាច់ដោយឡែកពីគេនៅក្នុងទីតាំងមួយ ដែលលោកមិនបានបញ្ជាក់ប្រាប់។
ទាក់ទិននឹងការសម្រេចជាផ្លូវការនៅក្នុងការបិទទីក្រុងអ៊ូហាន
អ្នកបញ្ចេញមតិតាមអ៊ីនធឺណិតម្នាក់ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «វាប្រៀបដូចជាការឆ្លើយតបបែបភ័យស្លន់ស្លោមួយចំពោះគ្រោះអាសន្នដូច្នេះដែរ។ វិធានការឆ្លើយតបចំពោះវិបត្តិ និងធនធានផ្នែកវេជ្ជសាស្ត្ររបស់ជាតិមិនត្រូវបានធ្វើឡើងប្រកបដោយប្រសិទ្ធភាពនោះទេ»។
អ្នកបញ្ចេញមតិតាមអ៊ីនធឺណិតមិនបញ្ចេញឈ្មោះម្នាក់ទៀត បានបង្ហោះសារដូច្នេះថា៖ «ភាពភ័យស្លន់ស្លោ ការខកចិត្ត និងកំហឹងរបស់ពលរដ្ឋក្រុងអ៊ូហានរាប់លាននាក់ ដែលរងការគំរាមកំហែងដោយសារមេរោគនេះ គឺជាអ្វីដែលពិបាកនឹងស្រមើស្រមៃបានណាស់»។
គ្រូបង្រៀនចូលនិវត្តន៍ម្នាក់ឈ្មោះ Liu បានបញ្ជាក់ប្រាប់ VOA នៅក្នុងទីក្រុងប៉េកាំងថា៖ «មេរោគនេះមិនខ្លាំងក្លាដូចមេរោគ SARS នោះទេ។ ប្រសិនបើយើងយកចិត្តទុកដាក់ចំពោះវា ហើយមនុស្សគ្រប់គ្នាសហការគ្នា នោះខ្ញុំគិតថា មេរោគនេះនឹងមិនមានផលប៉ះពាល់មហន្តរាយនោះឡើយ»។
រីឯអ្នកបញ្ចេញមតិម្នាក់ឈ្មោះ Zhong បានសរសេរនៅលើ Twitter ថា៖ «ចាប់តាំងពីមានដំណឹងអំពីមេរោគនេះដំបូងមក ខ្ញុំបានគិតថា មេរោគនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងលក្ខខណ្ឌមួយចំនួនតែប៉ុណ្ណោះ និងជាមេរោគដែលអាចបង្ការ និងគ្រប់គ្រងបាន ប៉ុន្តែឥឡូវនេះមេរោគនេះបានធ្វើឲ្យអាជ្ញាធរបិទទីក្រុងអ៊ូហានដោយស្លន់ស្លោ ក្នុងពេលពីរសប្ដាហ៍ក្រោយមក។ វាជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋក្រុងអ៊ូហាននៅក្នុងការទទួលរងនូវផលវិបាកទាំងនេះ ដោយសារតែរបបដឹកនាំផ្ដាច់ការអាត្មានិយម និងអសមត្ថភាពនេះ»។
អ្នកបញ្ចេញមតិម្នាក់ទៀតឈ្មោះ Lee បានប្រាប់ VOA នៅទីក្រុងប៉េកាំងថា៖ «នេះមិនមែនជាទង្វើបែបមនុស្សធម៌នោះទេ ដោយសារតែពលរដ្ឋក្រុងអ៊ូហានមិនបានធ្វើអ្វីខុសនោះឡើយ។ ហេតុអ្វីពួកគេត្រូវគេហាមឃាត់មិនឲ្យធ្វើដំណើរចេញពីទីក្រុងនោះ?»។
ចំណែកឯអ្នកបញ្ចេញមតិម្នាក់ទៀតឈ្មោះ Chang បាននិយាយថា៖ «ប្រទេសនេះកំពុងជួបភាពចលាចលទាំងស្រុង។ មន្ត្រីរដ្ឋាភិបាលមានតួនាទីជួយតែថ្នាក់លើ មិនមែនជួយពលរដ្ឋដែលនៅក្រោមនោះទេ។ យើងប្រៀបដូចជាស្លឹកខ្ទឹមដែលមានមើមរួមគ្នាអញ្ចឹង»។
នៅតាមអ៊ីនធឺណិត ស្លឹកខ្ទឹមដែលមានមើមរួមគ្នានេះមានអត្ថន័យដូចទៅនឹងកូនចៀមក្នុងពិធីបូជាយញ្ញ ឬក៏អ្នកដែលមានជីវិតសម្រាប់ជួយអ្នកដទៃដូច្នេះដែរ ជាពិសេសគឺរដ្ឋាភិបាល និងសាជីវកម្មធំៗ។
អ្នកស្រី Ge ដែលជាពលរដ្ឋចូលនិវត្តន៍ម្នាក់នៅក្នុងទីក្រុងប៉េកាំង បានប្រាប់ VOA ថា ពលរដ្ឋក្រុងអ៊ូហានជាអ្នកធ្វើ «ពលិកម្ម»។ អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «ការធ្វើពលិកម្មរបស់ពួកគេនឹងនាំសន្តិភាព និងសុខភាពល្អដល់មនុស្សគ្រប់គ្នា។ ខ្ញុំពិតជាដឹងគុណចំពោះការពលីរបស់ពលរដ្ឋនៃទីក្រុងអ៊ូហាន»។
ទាក់ទិននឹងការប្រារព្ធពិធីចូលឆ្នាំចិនដែលត្រូវបានខកខានដោយសារមេរោគរាតត្បាតនេះ
នាង Han ដែលជានិស្សិតជាតិសាសន៍ Uighur ម្នាក់ នៅក្នុងទីក្រុងអ៊ូហាន បានបង្ហោះសារថា នាងបានយំ នៅពេលនាងទូរស័ព្ទទៅប្រាប់ឪពុកម្ដាយរបស់នាងនៅក្នុងតំបន់ Xinjiang ថា នាងមិនអាចត្រឡប់ទៅផ្ទះវិញ។ នាងបានសម្រេចចិត្តមិនបន្តការសន្ទនាតាមវីដេអូជាមួយឪពុកម្ដាយរបស់នាង ដោយនាងខ្លាចឪពុកម្ដាយនាងឃើញនាង «យំ» ដោយសារតែនាងមិនអាចទៅផ្ទះឆ្លងឆ្នាំថ្មីជាមួយក្រុមគ្រួសារនាងបាន។ នាងសរសេរនៅក្នុងសារបង្ហោះដូច្នេះថា៖ «គ្មាននិស្សិតផ្សេងទៀត គ្មានមិត្តភ័ក្ដិ គ្មានគ្រួសារ គ្មានម្ហូបអាហារទេ»។
លោក ប៉ែន បារាំង វ័យ៣០ឆ្នាំ ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ជានិស្សិតខ្មែរម្នាក់ក្នុងចំណោមនិស្សិតខ្មែរយ៉ាងតិច ១៩ នាក់ ដែលត្រូវបានជាប់គាំងនៅក្នុងទីក្រុងអ៊ូហាន។
លោកបានប្រាប់ VOA ខ្មែរ អំពីការប្រែប្រួលនៅក្នុងទីក្រុងអ៊ូហាន ដែលលោកបានរស់នៅអស់រយៈពេលពីរឆ្នាំកន្លងមកនេះ។
លោកបញ្ជាក់ដូច្នេះថា៖ «មុនថ្ងៃដែលគេប្រកាសបិទអ៊ូហានកាលពីថ្ងៃម្សិលមិញ [ថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមករា] ហ្នឹង ខ្ញុំបានទៅទិញផ្លែឈើ ទិញម្ហូបអីយកមកស្ដុកទុកញ៉ាំហ្នឹង ទិដ្ឋភាពគឺស្ងាត់ ស្ងាត់មែនទែន ស្ងាត់មិនធ្លាប់មានទេ ទីក្រុងអ៊ូហានធ្លាប់តែអ៊ូអរ»។
លោកបានបន្តថា៖ «ខ្ញុំបានចូលរួម [ពិធីបុណ្យចូលឆ្នាំចិន] បានសប្បាយ [កាលពីឆ្នាំមុន]។ ខាងសាលាគេមានរៀបចំអាហារថ្ងៃត្រង់ គេមានឲ្យអាំងប៉ាវអី។ តែឆ្នាំនេះក៏គេធ្វើដែរ ខ្ញុំបានចូលរួមដែរឆ្នាំនេះ ទៅចូលរួមដែរ ហើយដល់ពេលដែលផ្ទុះអាហ្នឹង [មេរោគកូរ៉ូណាវីរុសប្រភេទថ្មី] មក គ្រាន់តែទៅដល់ គេឲ្យអាំងប៉ាវហើយ ខាងសាលាគេបញ្ជាក់ថា គេឲ្យមកបន្ទប់វិញ។ គេថាអត់មានការជួបជុំយូរទេ... អត់មានឲ្យនៅញ៉ាំបាយដូចកាលពីឆ្នាំមុនទេ»៕
លោក សឹង សុផាត នៃVOAខ្មែរចូលរួមចំណែកដល់សេចក្ដីរាយការណ៍នេះ។
ប្រែសម្រួលដោយលោក ភី សុភាដា