អង្គការដែលធ្វើការងារការពារទន្លេមួយឈ្មោះSave the Mekong នៅថ្ងៃសុក្រនេះបានអំពាវនាវឲ្យមានការផ្អាកគម្រោងសាងសង់ទំនប់នានាលើដងទន្លេមេគង្គ ក្រោយការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ដ៏គួរឱ្យបារម្ភ។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រ អង្គការ Save the Mekong ដែលជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាល ក្រុមសហគមន៍ និងប្រជាពលរដ្ឋដែលបារម្ភអំពីទន្លេមេគង្គក្នុងតំបន់ បានបញ្ជាក់ក្នុងន័យដើមថា៖
«ការបាក់ទំនប់ Xe-Pian Xe-Namnoy គឺជាគ្រោះមហន្តរាយមួយ ប៉ុន្តែមិនមែនជាគ្រោះមហន្តរាយធម្មជាតិទេ។ វាគឺជាគ្រោះមហន្តរាយ ដែលបណ្ដាលមកពីកំហុសឆ្គងរបស់មនុស្ស ដែលកំហុសឆ្គងនេះ ជាចំណែករបស់អ្នកសាងសង់ទំនប់»។
អង្គការ Save The Mekong ក៏បានបញ្ជាក់ថា គម្រោងទំនប់វារីអគ្គិសនីXe-Pian Xe-Namnoy ធ្វើឡើងដោយខ្វះការពិគ្រោះយោបល់ ខ្វះការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងបានផ្លាស់ប្ដូរចរន្តខ្សែទឹកហូរ និងគុណភាពទឹក ព្រមទាំងបានធ្វើឲ្យប៉ះពាល់ដល់ផលិតភាពជលផលក្នុងស្រុក ដោយអ្នកភូមិមិនទទួលបានសំណងចំពោះការខូចខាតនោះទេ។
អង្គការនេះ ក៏បានទាមទារឲ្យអ្នកអភិវឌ្ឍន៍គម្រោង និងអ្នកផ្ដល់ហិរញ្ញវត្ថុ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការបាត់បង់ និងខូចខាតទាំងអស់ ទាំងនៅក្នុងប្រទេសឡាវ និងកម្ពុជា។
អង្គការនេះ ក៏បានអំពាវនាវដល់រដ្ឋាភិបាលតាមដងទន្លេមេគង្គក្រោម ឱ្យផ្អាកគម្រោងទំនប់វារីអគ្គិសនីដែលគ្រោងសាងសង់ក្នុងអាងទន្លេមេគង្គ ដោយត្រូវរង់ចាំការពិនិត្យឡើងវិញគ្រប់ជ្រុងជ្រោយជាដើម។
កាលពីថ្ងៃទី២៤ ខែកក្កដា ទំនប់វារីអគ្គិសនី Xe-Pian Xe-Namnoy របស់ប្រទេសឡាវបានបាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សហគមន៍នៅភាគខាងត្បូង និងនៅតាមតំបន់ខ្សែទឹកខាងក្រោមនៃប្រទេសកម្ពុជា។ មនុស្សក្នុងប្រទេសឡាវយ៉ាងហោចណាស់២៧នាក់បានស្លាប់ ជាង១៣០នាក់បាត់ខ្លួន និងជាង៣ពាន់នាក់ផ្សេងទៀតគ្មានទីជម្រក។ ចំណែកពលរដ្ឋកម្ពុជាដែលកំពុងរស់នៅខេត្តស្ទឹងត្រែងជិត៦ពាន់នាក់ ក៏ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពដោយសារទឹកជំនន់ពីការបាក់ទំនប់នោះ។
សេចក្ដីថ្លែងការណ៍របស់អង្គការ Save the Mekong ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ ក៏បានបន្ថែមថា ប្រជាជនភាគច្រើននៅប្រទេសឡាវ និងនៅតាមដងទន្លេមេគង្គ ងាយនឹងរងគ្រោះដោយសារមហន្តរាយបែបនេះ ក៏ដូចជារងគ្រោះពីហានិភ័យផ្សេងៗដែលចេញពីការបំផ្លាញបរិស្ថានដ៏សម្បើម ដោយសារទំនប់វារីអគ្គិសនីធំៗចំនួន១១នៅតាមតួទន្លេមេគង្គក្រោម និងទំនប់ចំនួន១២០ទៀតដែលគ្រោងសាងសង់តាមដៃទន្លេនានា ដែលគម្រោងទាំងនេះ គ្រោងនឹងធ្វើឲ្យរួចរាល់នៅឆ្នាំ២០៤០។
ប្រទេសឡាវ កំពុងសាងសង់ទំនប់វារីអគ្គិសនីមួយចំនួននៅលើតួមេទន្លេមេគង្គក្រោម ក្នុងនោះមានទំនប់សាយ៉ាប៊ូរី (Xayaburi) និងដន សាហុង (Don Sahong) ដែលនាំឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់លើធនធានទឹក និងត្រី។
ប្រទេសឡាវ ក៏មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីមួយទៀតឈ្មោះ ប៉ាក់ បេង (Pak Beng) ដែលផ្ដល់ថាមពល៩១២មេហ្គាវ៉ាត់ និងមានតម្លៃប្រមាណ២,៣៧២លានដុល្លារអាមេរិក។ បច្ចុប្បន្នគម្រោងមួយនេះកំពុងស្ថិតនៅក្នុងដំណាក់កាលពិគ្រោះយោបល់តាមយន្តការរបស់គណៈកម្មការទន្លេមេគង្គ ខណៈក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើបរិស្ថាននៅកម្ពុជា បារម្ភថា ទំនប់នេះនឹងប៉ះពាល់លំហូរទឹក និងធនធានជលផលនៅកម្ពុជា។
VOA មិនអាចទាក់ទងសុំការអធិប្បាយតាមទូរស័ព្ទពីលោក Daovong Phonekeo រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងថាមពល និងរ៉ែប្រទេសឡាវបានទេ។ ចំណែកសារអេឡិចត្រូនិក ឬអ៊ីមែល មិនមានការឆ្លើយតប រហូតដល់ល្ងាចថ្ងៃសុក្រនេះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ VOA ថាកម្ពុជាបានរងផលប៉ះពាល់ដោយសារការបាក់ទំនប់សេពានក្នុងប្រទេសឡាវ កាលពីសប្ដាហ៍មុន ដោយបានបណ្ដាលឲ្យឃុំចំនួន៤ នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវលិចលង់ តែមិនមានប៉ះពាល់ដល់ជីវិតមនុស្សសត្វនោះទេ។ ទោះយ៉ាងណាលោកថា រហូតមកដល់ពេលនេះ ទឹកដែលជន់ដោយសារការបាក់ទំនប់សេពាន បានស្រកទៅវិញ ប៉ុន្តែលោកថា មិនទាន់អាចវាយតម្លៃពីផលប៉ះពាល់បាននៅឡើយ។
លោក ចាន់ យុត្ថា បន្ថែមថា ទាំងកម្ពុជា និងឡាវ តែងមានការប្រឈមស្រដៀងគ្នាពាក់ព័ន្ធនឹងទំនប់ទឹក ប៉ុន្តែលោកថា កម្ពុជាមានការគ្រប់គ្រង និងទប់ស្កាត់យ៉ាងហ្មត់ចត់ ដែលអាចការពារមិនឲ្យការបាក់ទំនប់កើតឡើង។
លោកមានប្រសាសន៍ថា៖
«ក្នុងការសាងសង់ទៀតសោត គឺធានានូវគុណភាព ក៏ដូចជាយើងគិតអំពីបរិមាណធារទឹកដែលចូល និងចេញច្បាស់លាស់ណាស់។ ដូចខ្ញុំបានបញ្ជាក់អញ្ចឹង យើងមានសំណង់បង្ហៀរ កាលណាយើងចង់ស្តុកទុកប៉ុណ្ណាហើយបើសិនជាលើសវាហូរតាមសំណង់បង្ហៀរ តាមលើទំនប់បង្ហៀរ។ ហើយបើបរិមាណភ្លៀងធ្លាក់ច្រើន វាកើនលើសទំនប់បង្ហៀរហ្នឹង យើងមានទ្វារទឹកសម្រាប់ជួយដោះបន្ថែមទៀត»។
លោកបញ្ជាក់បន្ថែមថា៖
«ដូច្នេះការគ្រប់គ្រងរបៀបនេះ ហើយមកដល់ឥលូវនេះ ប្រព័ន្ធគ្រប់គ្រងរបស់យើងបើទោះបីថាកន្លែងខ្លះនៅតំបន់ព្រៃភ្នំ នៅចង្កេះភ្នំ ឧទាហរណ៍ដូចទំនប់តាសាល ដែលនៅលើចង្កេះជួរភ្នំឱរ៉ាល់ ក៏ប៉ុន្តែយើងនៅមានសមត្ថភាពគ្រប់គ្រង យើងមានកម្លាំងប្រចាំការ អញ្ចឹងយើងមិនងាយនឹងភ្លាំងភ្លាត់នោះទេ សំខាន់ការគ្រប់គ្រងរបស់យើងហ្មត់ចត់»។
យ៉ាងណាក៏ដោយ លោក ចាន់ យុត្ថា បដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍របស់ Save the Mekong ដោយលោកបង្វែរសំនួរទៅសួរខាងគណៈកម្មាធិការជាតិទន្លេមេគង្គ និងថាគណៈកម្មាធិការនេះ ជាអ្នកមានសមត្ថកិច្ចពាក់ព័ន្ធនឹងទំនប់នៅកម្ពុជា។
ប៉ុន្តែលោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ មិនទទួលទូរស័ព្ទ។
ថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកបរិស្ថាន និងប្រជាសហគមន៍នេសាទ បានបង្ហាញការបារម្ភអំពីការបាត់បង់មច្ឆាជាតិទឹក និងជីវចម្រុះ ពិសេសធ្វើឲ្យរបបទឹកភ្លៀង និងការនេសាទលែងទៀងទាត់ ដោយសារការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅលើតួមេនៃទន្លេមេគង្គ ក៏ដូចជាផ្នែកខ្លះនៃដៃទន្លេនេះ ចេះតែរីកធំ៕