ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ជាង​៥ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​ ​ក្រោយ​ការបាក់​ទំនប់​វារី​អគ្គិសនី​ឡាវ


អ្នកភូមិ​យួរ​របស់​របរ​របស់​ខ្លួន គ្រាដែល​ពួកគេ​ត្រូវ​បាន​ជម្លៀស​ពី​ផ្ទះ​សម្បែង​ ​ក្រោយ​ការបាក់​ទំនប់​វារី​អគ្គិសនី Xepian-Xe Nam Noy នៅក្នុង​ខេត្ត Attapeu នៃ​ប្រទេស​ឡាវ នៅ​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨។

បន្ទាប់​ពី​ទំនប់​វារី​អគ្គិសនី​មួយ​ក្នុង​ប្រទេស​ឡាវ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៧០​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​ឡាវ​បាន​បាក់​​និង​ហូរ​ចូល​មក​ក្នុង​ទន្លេ​សេកុង​ ​បណ្តាល​ឲ្យ​ស្រុក​មួយ​ចំនួន​​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​រង​ការ​លិចលង់​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍។​ ​ក្នុង​នោះ​ឃុំ​ចំនួន​៤​នៃ​ស្រុក​សៀមប៉ាង​​ទទួល​រង​គ្រោះ​ធ្ងន់ធ្ង​រជាង​គេ។

ពលរដ្ឋ​ខ្មែរ​ជិត​ប្រាំមួយ​ពាន់នាក់​ ​(៥.៦០០​នាក់) ​ក្នុង​ឃុំ​ចំនួន​៤នៃ​ស្រុក​សៀមប៉ាង ​ខេត្ត​ស្ទឹងត្រែង​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅស្ថាន​ ក្រោយ​ទឹក​ជំនន់ពី​ការ​បាក់​ទំនប់​វារីអគ្គិសនី​ក្នុង​ប្រទេស​ឡាវ​កំពុង​ឡើង​ខ្ពស់​ជាង​ការ​ប្រកាស​អាសន្ន។​ ​នេះ​បើ​តាម​ការ​បញ្ជាក់របស់​មន្រ្តី​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង។

ទំនប់​វារី​អគ្គិសនី​ក្នុង​ខេត្ត​ ​Attapeu​ ​នៅ​ប្រទេស​ឡាវ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា៧០​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​កម្ពុជា​-​ឡាវ​ ​បាន​បាក់​កាល​ពី​ថ្ងៃ​ ​អង្គារ​កន្លង​ទៅ​ ​ក្រោយ​ភ្លៀងធ្លាក់​ផ្ទួនៗ​នៅ​ប្រទេស​ឡាវ។ ទឹក​ដែល​ហូរ​ចេញ​ពីទំនប់​ដែល​មាន​សមត្ថភាព​ស្តុក​ទឹក​បាន​ប្រមាណ​៥ពាន់​លាន​ម៉ែត្រ​គូប​នេះ​ ​បាន​ហូរ​ចេញ​ពី​តំបន់​ទំនប់​ក្នុង​ទន្លេ​មេគង្គ​ ​ចូល​មក​ក្នុង​ទន្លេ​សេកុង​នៃ​ខេត្តស្ទឹងត្រែង ​និងបណ្តាល​ឲ្យ​ស្រុក​ចំនួន​៤​នៃ​ខេត្ត​ស្ទឹង​ត្រែង​រង​ការ​លិច​លង់។​

​លោក​ ​ម៉ែន គង់​ ​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​ ​ប្រជា​ពលរដ្ឋចំនួន​ជាង​ ​៥.៦០០​នាក់​ ​នៃ​គ្រួសារ​ចំនួន​ជាង​១.២០០​ ​ក្នុង​ឃុំចំនួន​៤​ ក្នុង​ស្រុក​សៀមប៉ាង​ ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព។​ ​លោក​បន្ថែម​ថា​ ​ទឹក​ជំនន់​ពី​ការ​បាក់​ទំនប់​នៅ​ប្រទេស​ឡាវ​ដែល​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ការ​ខូចខាត​នេះ​ ​មិន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ ​ឬ​សត្វ​ពាហនៈ​ស្លាប់​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«ប្រជា​ពលរដ្ឋដែល​បាន​ជម្លៀស​គឺ​ជម្លៀស​ទៅ​តាម​ផែនការ​អន្តរាគមន៍​របស់​គណៈកម្មាធិការ​គ្រប់​គ្រងគ្រោះ​មហន្តរាយ​ខេត្ត​និង​ស្រុក​និង​ឃុំ។​ ដូច្នេះ​ហើយ​ប្រជា​ពលរដ្ឋដែល​បាន​ជម្លៀសមក​ដល់​ពេល​នេះ​នៅ​ក្នុង​ឃុំ​ចំនួន​៤​ ​ក្នុង​ស្រុក​សៀមប៉ាង​ ​គឺ​មាន​ឃុំ​សន្តិភាព​ ​ឃុំ​សន្តិភាព​ ​ឃុំថ្មកែវ​ ​និង​ឃុំ​សាយ​សំបូរ។​ ​ដែល​ប្រជា​ពលរដ្ឋសរុប​ ​ដែល​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព​មាន​ចំនួន​១.២០០​គ្រួសារ»។​

ក្នុង​សប្តាហ៍​មុន​នេះ​ ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ដូចជា​ខេត្ត​កំពត​ ​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កំពង់ស្ពឺ​ជា​ដើម​ ​ក៏​បាន​រង​នូវ​ជំនន់​ទឹក​ភ្លៀង​ដែល​បណ្តាល​ឲ្យ​ខូចខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ផង​ដែរ។​ ​ទោះ​យ៉ាង​ណាគេ​ឃើញ​ថា ជំនន់​បណ្តាល​មកពី​ទឹក​ភ្លៀង​ទាំង​នោះ​បាន​ស្រក​ទៅ​វិញ​ ​មុន​នឹង​ទំនប់​ទឹក​ក្នុង​ប្រទេស​ឡាវ​បាន​បាក់​និង​ហូរ​ចូល​ទន្លេ​សេកុង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត​ស្ទឹង​ត្រែង។

​លោក​ ​ចាន់ យុត្ថា​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយមបញ្ជាក់​ថា ​កម្ពស់​ទឹក​ក្នុង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដែល​ជន់​មក​ពី​ការបាក់​ទំនប់​ក្នុង​ប្រទេស​ឡាវ​ ​បាន​ឡើង​រហូត​ដល់​១២.១០​ម៉ែត្រ​ ​ខ្ពស់​ជាង​កម្រិត​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​ចំនួន​៦តឹក។​ ​លោក​បន្ថែម​ថា​ ​ទឹក​ដែល​ជន់​មកពី​ការ​បាក់​ទំនប់​ប្រទេស​ឡាវ​នេះ​ ​កំពុង​បន្ត​ឡើង​និង​មិន​ទាន់​អាច​កំណត់​ពី​ពេល​វេលា​ដែល​អាច​ស្រក​ចុះ​នៅ​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖​ ​

«មក​ដល់​ពេល​នេះ​ខ្ញុំ​អាចជម្រាប​ជូន​ថា​មិន​ទាន់​មាន​និន្នាការ​ស្រក​ទេ​ ​ទឹក​នេះ​នៅ​តែ​បន្ត​ឡើង​សន្សឹមៗ​បន្ថែម​ទៀត។​ ​អញ្ចឹងទេ​សូម​បងប្អូន​ប្រជា​ពលរដ្ឋដែល​រស់​នៅតាម​ដង​ទន្លេ​សេកុង​ ​មេត្តា​បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ និង​សូម​ជម្លៀស​ខ្លួន​ទៅ​កាន់​ទីទួល​សុវត្ថិភាព»។

លោក​ ​ចាន់ យុត្ថា​ ​បន្ថែម​ថា កង​កម្លាំង​ជា​ច្រើន​បាន​និង​កំពុង​ជម្លៀស​ប្រជា​ពលរដ្ឋចេញ​ពី​តំបន់​ដែល​មាន​ទឹក​ជន់ ព្រម​ជាមូយ​នឹង​ការ​សហការ​ផ្តល់​ជំនួយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​ដែរ។

តាម​ទីភ្នាក់​ងារ​រដ្ឋ​ឡាវ​ ​KPL​ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រសហ្បតិ៍​នេះ​ ឲ្យ​ដឹង​ថា ​ទំនប់​ទឹក​ដែល​បាក់​ក្នុង​ប្រទេស​ឡាវ​កាលពី​រសៀល​ថ្ងៃ​ទី២៤​ ​ខែ​កក្កដា​ ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​២៧​នាក់​ បានស្លាប់ ​មនុស្ស​ប្រមាណ​ជា​ ​១៣១​នាក់​កំពុង​បាត់​ខ្លួន​និង​ជាង​៣​ពាន់​នាក់​ផ្សេង​ទៀត​គ្មាន​ទី​ជម្រក៕

XS
SM
MD
LG