ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​នៅ​ក្នុង​មហន្តរាយ​នៃការ​បាក់ទំនប់​ទឹក​នៅ​ក្នុង​ប្រ​ទេស​ឡាវ


មនុស្ស​ម្នា​បី​កូនៗ​ នៅ​ពេល​ពួកគេ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ នៅ​ក្នុង​ពេល​មាន​ទឹក​ជំនន់ បន្ទាប់​ពី​ទំនប់ Xepian-Xe Nam Noy បាន​បាក់ នៅ​ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ កាលពី​ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០១៨។
មនុស្ស​ម្នា​បី​កូនៗ​ នៅ​ពេល​ពួកគេ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ នៅ​ក្នុង​ពេល​មាន​ទឹក​ជំនន់ បន្ទាប់​ពី​ទំនប់ Xepian-Xe Nam Noy បាន​បាក់ នៅ​ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ កាលពី​ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០១៨។

មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ទី​កន្លែង​រស់​នៅ​ដោយ​សារ​ការ​បញ្ចេញ​ទឹក​រាប់​លាន​ម៉ែត្រ​គូប​ចូល​ក្នុង​ទន្លេ។ មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២៦​នាក់​ដែរ​បាន​បញ្ជាក់​ថា ​ស្លាប់​នៅ​ក្នុងការ​បាក់​ទំនប់ ហើយ​មនុស្ស​ជាង​១រយនាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។

មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២៦​នាក់​ដែរ​ឥឡូវនេះ​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ហើយ​មនុស្ស​១០៣នាក់​ទៀត​កំពុង​បាត់​ខ្លួន​បន្ទាប់ពីការ​បាក់​ទំនប់​ដ៏​មហន្តរាយ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ។

ទំនប់ Xepian-Xe Nam Noy បាន​បាក់​នៅ​ភាគ​អាគ្នេយ៍​ខេត្ត​ Attapeu ដែល​ស្ថិតនៅ​ចម្ងាយ​៥៥០គីឡូម៉ែត្រ​ភាគខាង​ត្បូង​រដ្ឋធានី​វៀងចន្ទន៍ បាន​បញ្ចេញ​ទឹក​៥ពាន់​លាន​ម៉ែត្រ​គូប ធ្វើ​ឲ្យ​លិច​ស្រុក​នោះ ដោយ​នាំ​ផ្ទះ​របស់​អ្នកស្រុក​រាប់​រយ​ខ្នង​ទៅ​ជាមួយ​ហើយ​និង​ធ្វើ​ឲ្យ​អ្នក​ស្រុក​មួយ​ចំនួន​ធំ​គ្មាន​ផ្ទះ​រស់​នៅ។

អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែកបាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ឡាវ​ថា ​មនុស្ស​ជាង​៦ពាន់​នាក់​គ្មាន​ទី​កន្លែង​រស់​នៅ​ដោយ​សារ​មហន្ត​រាយ​នេះ។​ ពួកគេ​ជា​ច្រើន​បាន​ត្រូវ​ជួយ​សង្គ្រោះ​ហើយ​បាន​ស្នាក់​នៅ​ទីជម្រក​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ត Attapeu ហើយ​និង​ខេត្ត​ Champasack ​នៅ​ក្បែរ​នោះ។

មនុស្សរងរបួស​ជា​ច្រើន​បាន​ត្រូវ​គេ​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ខេត្ត​ Attapeu ហើយ​នឹង​ខេត្ត​នៅជុំ​វិញ​នោះ។

លោក Moon Jae-in ប្រធានា​ធិបតី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជា​ឲ្យ​ក្រុម​ជួយ​សង្គ្រោះបន្ទាន់​មួយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ​ដើម្បី​ជួយ​ការ​ខំ​ប្រឹង​ប្រែង​ស្តារ​ឡើង​វិញ។ ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​២​គឺ ក្រុមហ៊ុន SK Enginerring and Construction ​និង​ក្រុមហ៊ុន Korea Western Power ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ស្ថាប​នា​គម្រោង​ទំនប់​វារីអគ្គីសនី​ដែល​មាន​កម្លាំង​៤១០មេហ្គាវ៉ាត់ រួម​ជាមួយ​ក្រុមហ៊ុន​ Ratchabury Electricity Generating Holding របស់​ថៃ ​និង​ក្រុមហ៊ុន​រដ្ឋ​ឡាវ​ឈ្មោះ Lao Holding State Enterprise។

ទំនប់ Xepian-Xe Nam Noy ​ត្រូវបាន​គេរំពឹង​ថា ​នឹង​សង់​រួចរាល់​នៅ​ឆ្នាំ​ក្រោយ​ដោយ​មាន​តម្លៃ​ប្រ​ហែល​១ពាន់​លាន​ដុល្លារ។

ប៉ុន្មាន​ម៉ោង​មុន​ពេលគ្រោះ​មហន្តរាយ​កាល​ពី​យប់​ថ្ងៃ​ចន្ទបាន​កើត​មាន​ឡើង​ ​ក្រុមហ៊ុន​នោះ​បាន​ព្រមាននៅ​ក្នុង​លិខិត​មួយ​ច្បាប់​ថា ​ទឹក​រាប់​លានតោន​នឹង​ហូរ​ចាក់​ចូល​ក្នុង​ទន្លេ Xe-Pia ប្រសិនបើ​ទំនប់​មិន​មាន​សុវត្ថិភាព​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នោះ​បាក់។ ក្នុង​លិខិត​ព្រមាន​របស់​ក្រុមហ៊ុន​ទាំង​នោះ ​ក្រុម​ហ៊ុន​ដែល​គេ​ស្គាល់​ថា PNPC ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ទំនប់​ផ្ទុក​ទៅ​ដោយ​ទឹក ​មិន​មាន​សុវត្ថិភាព​ទេ​បណ្តាល​មក​ពី ​ការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ហើយ​និង​ការ​បញ្ចេញ​ទឹក​ចំនួន​៥​លាន​តោន​ចូលក្នុង​ទន្លេ​ Xe Pian ​ប្រសិនបើ​ទំនប់​នោះ​បាក់។ គម្រោង​អាង​ស្តុកទឹក​នោះ​មានបំណង​សង់​កម្ពស់​៧៣ ម៉ែត្រ​ហើយ​និង​ប្រវែង​១ពាន់​៦រយ​ម៉ែត្រ ​ដោយ​មាន​សមត្ថភាពផ្ទុក​ទឹក​១ពាន់​៤៣​លានម៉ែត្រ​គូប។

ទឹក​ក្នុង​ទំនប់ Xe-Pian-Xe-Namnoy បាន​ហូរ​ចូល​ក្នុង​ទន្លេសេកុង​កាត់​តាម​ប្រ​ទេសកម្ពុជា ​ហើយ​មាន​ការ​ព្រួយ​កង្វល់​ពី​ផលប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​ខ្សែ​ទឹក​ខាង​ក្រោម។

តាម​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ ឬ MRC បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្រិត​ទឹក​នៅ​ទូទាំង​តំបន់​ទន្លេ​មេគង្គ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ចាប់​តាំង​ពី​ថ្ងៃ​ទី១៥ ​ខែ​កក្កដា​មក ហើយ​មាន​ករណី​ម្តងនោះ ​ទឹក​បាន​ឡើង​ជាង​៤ម៉ែត្រ​នៅ​ក្នុង​ទីក្រុង​ Luang Prabang នៃ​ប្រទេស​ឡាវ ​មក​ពី​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ដែល​បណ្តាល​មក​ពី​ព្យុះ​តំបន់​ត្រូពិក​ឈ្មោះ Son-Ting។

លោក Harris បាន​និយាយ​ថា ឧបទ្ទវហេតុ​នេះ​បាន​បង្កើន​នូវការ​ព្រួយ​កង្វល់​អំពី​ភាព​គ្រោះ​ថ្នាក់នានា​ដែល​អាច​កើត​មាននៅ​ជុំវិញទំនប់​នេះ​ដោយសារតែ​អាកាស​ធាតុ​មិន​ល្អ​ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ ​ហើយ​និង​ប្រព័ន្ធផ្តល់​ដំណឹង​មិន​គ្រប់​គ្រាន់ ​រួម​ទាំង​ទំនប់​ស្ថិត​នៅ​ក្នុង​ការ​សាង​សង់​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ទំនប់​ជាង​៧០​កំពុង​ស្ថាបនា​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​ឡាវ ដោយ​រួមមាន​ទាំង​ទំនប់​ជា​ច្រើននៅទន្លេ​មេគង្គ​ផង​ដែរ។ លោកHarrisនិយាយ​ទៀត​ថា តួនាទី​និងការ​ទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ឯកជន​ដើម្បី​អភិវឌ្ឍន៍​គម្រោង​ទាំង​នោះ​ត្រូវបាន​គេចោទ​សួរ​យ៉ាងខ្លាំង ​បន្ទាប់​ពី​មហន្តរាយ​នេះ៕

ប្រែសម្រួល​ដោយ ​ជឹង ប៉ូជីន

XS
SM
MD
LG