ស្រ្តីនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីតកំពុងទៅបោះឆ្នោតជាលើកទីមួយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ដែលថែមទាំងមានបេក្ខនារីជាលើកដំបូង សម្រាប់តំណែងក្រុមប្រឹក្សាក្រុងផងដែរ។
បុរសនិងស្រ្តីបានចាប់ផ្តើមចូលទៅកន្លែងបោះឆ្នោត ដែលបែងចែកភេទនៅទូទាំងប្រទេស ពីម៉ោង ៨ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃសៅរ៍នេះនៅពេលការបោះឆ្នោតបានបើកជាផ្លូវការ។
ការផ្លាស់ប្តូរនេះជាផ្នែកមួយនៃកេរដំណែលរបស់អតីតព្រះមហាក្សត្រ Abdullah ដែលបានសោយទីវង្គតកាលពីខែមករា ។ កាលពីឆ្នាំ ២០១១ ព្រះអង្គទ្រង់បានចេញព្រះរាជក្រឹត្យមួយ អនុញ្ញាតឲ្យស្រ្តីបោះឆ្នោត។ ព្រះរាជក្រឹត្យនោះចែងថា ចាប់ពីការបោះឆ្នោតលើកក្រោយទៅ ស្រ្តីមានសិទ្ធិដើម្បីឈរឈ្មោះជាបេក្ខនារីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង។
ការធ្វើយុទ្ធនាការរកសំឡេងឆ្នោតមិនមែនជាការងាយស្រួលសម្រាប់បេក្ខនារីទេ។ ប្រទេសអារ៉ាប៊ី សាអូឌីតមានវិន័យបែងចែកភេទយ៉ាងតឹងរឹង ដូច្នេះបេក្ខនារីមិនអាចនិយាយជាមួយអ្នកបោះឆ្នោតភេទប្រុសទេ លើកលែងតែមានរបាំងមួយ។ វិធីមួយទៀតដែលពួកគេអាចទាក់ទងជាមួយអ្នកមានសិទ្ធិបោះឆ្នោតនោះ គឺតាមរយៈសាច់ញាតិប្រុសរបស់ពួកគេតែប៉ុណ្ណោះ។
«ពួកយើងបានរង់ចាំការផ្តល់ឱកាសនេះអស់ពេល១០ឆ្នាំហើយ ដើម្បីឲ្យស្ត្រីអាចចូលរួមក្នុងការសម្រេចរឿងនយោបាយ និងសង្គមក្នុងប្រទេស» នេះជាសម្តីរបស់បេក្ខនារីម្នាក់។
អង្គការសិទ្ធិមនុស្ស Human Rights Watch និយាយថា ស្រ្តីមានការពិបាកក្នុងការចុះឈ្មោះបោះឆ្នោត។ អង្គការនេះនិយាយថាមជ្ឈមណ្ឌលចុះឈ្មោះបោះឆ្នោតស្ថិតនៅឆ្ងាយពីទីលំនៅរបស់អ្នកបោះឆ្នោតភេទស្រី ហើយថាពួកគេមានការលំបាកក្នុងការស្វែងរកកន្លែងចុះឈ្មោះទាំងនោះ។ ម្យ៉ាងទៀត ច្បាប់មិនអនុញ្ញាតឲ្យស្ត្រីបើកបររថយន្តទេ៕