ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ី សាអ៊ូឌីត​ដឹកនាំ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ប្រឆាំង​ក្រុម​ឧទ្ទាម​នៅ​យេម៉ែន


ផែនទី​ប្រទេស​យេម៉ែន ដែលបង្ហាញ​ពីតំបន់​ដែល​ក្រុម Houthi គ្រប់គ្រង និង​មាន​ឥទ្ធិពល​ទៅ​លើ។ អារ៉ាប៊ី សាអ៊ូឌីត​ដឹកនាំ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ប្រឆាំង​ក្រុម​ឧទ្ទាម​នៅ​​ក្នុង​ប្រទេស​នោះ។
ផែនទី​ប្រទេស​យេម៉ែន ដែលបង្ហាញ​ពីតំបន់​ដែល​ក្រុម Houthi គ្រប់គ្រង និង​មាន​ឥទ្ធិពល​ទៅ​លើ។ អារ៉ាប៊ី សាអ៊ូឌីត​ដឹកនាំ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ប្រឆាំង​ក្រុម​ឧទ្ទាម​នៅ​​ក្នុង​ប្រទេស​នោះ។

យន្តហោះ​ចម្បាំង​ប្រទេស​យេម៉ែន​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ថ្មី​មួយ​ប្រឆាំង​ក្រុម​ឧទ្ទាម​ ហ៊ូធី​ (Houthi) ភាគ​ខាង​ត្បូង​ ប្រទេស​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្នុង​ពេល​ដែល​ក្រុម​សម្ព័ន្ធមិត្ត​អារ៉ាប់​ក្នុង​ឈូង​សមុទ្រ​ Perse​ និង​អ្នក​ដទៃ​ទៀត​ក្នុង​តំបន់​ រុសរាន់​ទៅ​ជួយ​លោក​ប្រធានាធិបតី​ Abd-Rabbu Mansour Hadi​ ដែល​អន្តរជាតិ​គាំទ្រ។​

មន្រ្តី​និយាយ​ថា​ យុទ្ធនាការ​វាយ​ប្រហារ​ផ្ឡូវ​អាកាស​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ បាន​តម្រង់​ទៅ​លើ​ទីតាំង​យោធា​ ដែល​ក្រុម​ហ៊ូធី​បាន​ដណ្តើម​យក​ នៅ​ពេល​ដែល​ក្រុម​នោះ​បាន​បន្ត​ធ្វើ​ប្រតិបត្តិការ​ក្នុង​រយៈ​ពេល​ច្រើន​សប្តាហ៍​ឆ្លង​កាត់​ប្រទេស​យេម៉ែន​ភាគ​ខាង​ត្បូង។​

ប្រទេស​ហ្ស៊កដានី​ អេហ្ស៊ីប​ និង​ ស៊ូដង់​ បាន​បញ្ជាក់​ថា​ កងកម្លាំង​របស់​ខ្លួន​ក៏​បាន​ចូល​រួម​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​ ក្នុង​ខណៈ​ដែល​ការិយាល័យ​ការ​បរទេស​របស់​ប្រទេស​ប៉ាគិស្ថាន​បាន​និយាយ​ថា​ ខ្លួន​កំពុង​ពិចារណា​សេចក្តី​ស្នើ​របស់​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ ក្នុងការ​បញ្ជូន​កង​ទ័ព។​

ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ អារ៉ាប៊ី​ សាអ៊ូឌីត​រាយការណ៍​ថា​ ប្រទេស​ម៉ារ៉ុក​បាន​សន្យា​ថា​នឹង​ចូល​រួម​ ហើយ​បណ្តាញ​ព័ត៌មាន​ al-Arabiya​ របស់​អារ៉ាប៊ី​ សាអ៊ូឌីត​និយាយ​ថា​ ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ បាន​សន្យា​ដោយ​ផ្ទាល់ក្នុង​ការ​បញ្ជូន​កងទ័ព​ ១៥​ ម៉ឺន​នាក់​ និង​ យន្តហោះ​ ១០០​ គ្រឿង។​

ប្រទេស​អ៊ីរ៉ង់​ ដែល​ជា​គូប្រជែង​របស់​អារ៉ាប៊ី​ សាអ៊ូឌីត​ ហើយ​គេ​ជឿ​ថា​ជា​អ្នក​គាំទ្រ​ក្រុម​ ហ៊ូធី​ បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នេះ​ ដោយ​និយាយ​ថា​សកម្មភាព​យោធា​ជា​«ការ​ឈ្លានពាន‍»​មួយ​ នឹង​ធ្វើ​ឲ្យ​វិបត្តិ​នៅ​ប្រទេស​យេម៉ែនរឹត​តែ​មាន​ភាព​ស្មុគ​ស្មាញ​ត​ទៅទៀត៕​

XS
SM
MD
LG