ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​សាណា​រងការ​វាយ​ប្រហារ​តាម​អាកាស​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌីត​​


ផែនទី​បង្ហាញ​ពី​រដ្ឋធានី​សាណា ដែល​រងការ​វាយប្រហារ​តាម​អាកាស​ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត។
ផែនទី​បង្ហាញ​ពី​រដ្ឋធានី​សាណា ដែល​រងការ​វាយប្រហារ​តាម​អាកាស​ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត។

កាល​ពី​ថ្ងៃ​អាទិត្យ​ការ​វាយ​ប្រហារ​តា​ម​អាកាស​ថ្មីៗ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ បាន​យកទីតាំង​ពួក Houthis នៅ​ក្នុង​រដ្ឋធានីនៃប្រទេសយេម៉ែន​ជាទី​ដៅ ​បន្ទាប់​ពីមាន​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ដោយ​ពួក​ឧទ្ទាម​លើ​ក្រុមទាហាន​ចម្រុះ​របស់​រដ្ឋាភិបាល​ក្រុងរីយ៉ាដ។​

កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​យោធា​របស់​ពួក​ Houthis និង​មូលដ្ឋាន​កងទ័ព​យេម៉ែន​នៅ​ក្នុង​ក្រុងសាណា បន្ទាប់​ពី​ពួក​ Houthis បាន​ធ្វើការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃសុក្រ​ដោយ​បាន​សម្លាប់ពួក​ទាហាន​នៅ​លើដីជាង​៦០នាក់​មកពីប្រទេស​អារ៉ាប់រួម ប៉ារែន អារ៉ាប៊ីសាអូឌីត និងយេម៉ែន ដែល​គាំទ្រ​កងកម្លាំង​ស្មោះត្រង់ជាមួយ​លោកប្រធានាធិបតី​ Abd Rabu Mansour Hadi ដែល​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស​នៅ​ក្នុង​ខេត្ត​ Marib ដែលមាន​ប្រេង​នៅ​ក្នុង​ប៉ែក​ខាងកើត​ប្រទេស។

ក្រុម​មេដឹក​នាំ​ប្រទេស​អារ៉ាប់រួម​បាន​សន្យា​ថា​ នឹង​ធ្វើការ​សងសឹក​ដល់​ការ​ស្លាប់នៃពួក​ទាហានគេ។​

បើតាម​បណ្តាញផ្សាយ​ព័ត៌មាន​នៃប្រទេស​អារ៉ាប់រួមថា​ ព្រះ​អង្គម្ចាស់​រជ្ជទាយាទ Sheikh Mohammed bin Zayed នៃ​ Abu Dhabi បាន​ព្រមាន​ថា «ការ​សងសឹក​របស់​យើង​នឹង​មិនមាន​រយៈពេល​យូរទេ។ យើង​នឹង​ជំរុញ​ទៅ​មុខរហូត​ដល់​យើង​កម្ចាត់​ពួកមនុស្ស​ថោកទាប​ទាំង​អស់នេះ​ចេញ​ពី​ប្រទេសយេម៉ែន»។

បណ្តាញ​ផ្សាយ​ព័ត៌មាន​យេម៉ែន​បានរាយការណ៍​ថា​ មានជនស៊ីវិល​រាប់សិប​នាក់​បាន​បាត់បង់ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីតកាល​ពី​ថ្ងៃសៅរ៍៕

XS
SM
MD
LG