ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីតក្នុង​ប្រទេស​យេម៉ែន​បញ្ចប់​ការ​ពឹងផ្អែក​លើ​អាមេរិក​ក្នុង​​ការ​ចាក់​សាំង​យន្តហោះ​លើ​អាកាស


ប្រជាជន​យេម៉ែន​ចូល​រួម​ពិធី​បុណ្យសព​ជនរងគ្រោះ​ដោយ​ការវាយ​ប្រហារ​តាម​អាកាស​កាលពី​ថ្ងៃទី​១៨ ខែ សីហា​ ឆ្នាំ២០១៨។

សហរដ្ឋ​អាមេរិក បាន​បញ្ចប់​ប្រតិបត្តិការ​ចាក់សាំង​យន្តហោះ​លើ​អាកាស​សម្រាប់​យន្តហោះ​ចម្បាំង​របស់​កងកម្លាំង​សម្ព័ន្ធ​មិត្ត​ ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីត ដែល​ចូល​ប្រឡូក​ក្នុង​ចម្បាំង​នៅ​ប្រទេស​យេម៉ែន។

​ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ចប់​កម្មវិធី​នេះ ដោយសារ​តែ​កងកម្លាំង​ចម្រុះ​ដែល​ខ្លួន​ដឹកនាំ​ បច្ចុប្បន្ន​នេះ មាន​សមត្ថភាព​អាច​ធ្វើ​ប្រតិបត្តិការ​ចាក់​សាំង​យន្តហោះ​ដែល​កំពុង​ហោះហើរ​នៅ​លើ​អាកាស​នេះ​ ដោយ​ខ្លួន​ឯង​បាន​ហើយ។

មន្ត្រី​អាមេរិក បាន​និយាយ​ថា កងកម្លាំង​សម្ព័ន្ធមិត្ត​ប្រមាណ​២០​ភាគរយ បាន​ទទួល​ការ​ចាក់​សាំង​លើ​អាកាស​នេះ​ពី​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក James Mattis បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ៖ «‍យើង​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ព្រះរាជាណាចក្រ​អារ៉ាប៊ី សាអូឌីត។ សហរដ្ឋ​អាមេរិក​និង​ក្រុម​សម្ព័ន្ធ​មិត្ត កំពុង​រៀបចំ​ផែនការ​ធ្វើ​សហប្រតិបត្តិការពង្រឹង​កងកម្លាំង​ស្របច្បាប់​របស់​យេម៉ែន ដើម្បី​ការ​ពារ​ពលរដ្ឋ​យេម៉ែន ការពារ​ព្រំដែន​នៃ​ប្រទេស​របស់​ពួកគេ និង​ចូល​រួម​ចំណែក ប្រឆាំង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​អ៊ាល់កៃដា និង​ក្រុម​អាយស៊ីស​ក្នុង​ប្រទេស​យេម៉ែន​និង​ក្នុង​តំបន់»។

កងកម្លាំង​សម្ព័ន្ធ​មិត្ត​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីត​ បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​ឧទ្ទាម Houthi ​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​យេម៉ែន​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥។ ចាប់​តាំង​ពី​ពេល​នោះ​មក អង្គការ​សហប្រជាជាតិ បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជាង​១០.០០០​នាក់ បាន​ស្លាប់​ ភាគច្រើន​ដោយ​សារ​ការ​វាយប្រហារ​តាម​អាកាស​នេះ។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​ការ​បញ្ចប់​ប្រតិបត្តិការ​ចាក់សាំង​យន្តហោះ​លើ​អាកាស​របស់​សហរដ្ឋ​អាមេរិក​នេះ នឹង​ប៉ះពាល់​អ្វី​ខ្លះ​ដល់​សកម្មភាព​របស់​កងកម្លាំង​សម្ព័ន្ធមិត្ត​នៅ​យេម៉ែន ប៉ុន្តែ ការណ៍​នេះ កើតឡើង​ចំ​ពេល​ដែល​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ អំពី​ឃាតកម្ម​កាល​ពី​ខែ​មុន ទៅលើ​អ្នកកាសែត អារ៉ាប៊ី សាអូឌីត​ម្នាក់ គឺ​លោក Jamal Khashoggi ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ី សាអូឌីត ​ក្នុង​ប្រទេស​តួកគី៕

XS
SM
MD
LG