ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ីសាអូឌីត​នឹង​​​រៀបចំ​កិច្ចប្រជុំ​កំពូល​សន្តិភាព​​ស្តី​ពី​អ៊ុយក្រែន​


ពលរដ្ឋ​កាន់​បដា​ខណៈ​ជួបជុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​សៅរ៍ ទី១៩ ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​កត់​សម្គាល់​ខួប​១​ឆ្នាំ​នៃ​ការ​វាយប្រហារ​លើ​អគារ​ពន្ធនាគារ​មួយ​កន្លែង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ដែល​បាន​សម្លាប់​អ្នក​ទោស​ជា​ច្រើន។
ពលរដ្ឋ​កាន់​បដា​ខណៈ​ជួបជុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​សៅរ៍ ទី១៩ ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​កត់​សម្គាល់​ខួប​១​ឆ្នាំ​នៃ​ការ​វាយប្រហារ​លើ​អគារ​ពន្ធនាគារ​មួយ​កន្លែង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ដែល​បាន​សម្លាប់​អ្នក​ទោស​ជា​ច្រើន។

ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូលមួយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​ពិភាក្សា​អំពី​ការអនុវត្ត​ផែនការ​សន្តិភាពរបស់​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Volodymyr Zelenskyy ដើម្បី​បញ្ចប់សង្គ្រាម​ ដែល​រុស្ស៊ីបង្ក​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​កាល​ពី​ឆ្នាំ​ទៅ។

នាយក​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Andriy Yermak ​និយាយ​ថា​ កិច្ចប្រជុំ​កំពូល​នេះនឹង​មានការ​ចូលរួម​ពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​បណ្តា​ប្រទេស​នានា​ ដើម្បី​ជួប​ពិភាក្សា​គ្នាបន្តពី​កិច្ច​ពិភាក្សា​គ្នា​កាល​ពី​ដំបូង​នៅ​ក្នុង​រដ្ឋធានី​កូប៉ិនហាក ​ប្រទេស​ដាណឺម៉ាក​ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ ​លោក Yermak និយាយ​ថា​ ​អ៊ុយក្រែន​កំពុង​ធ្វើ​ការងារ​នេះ​យ៉ាង​សកម្ម​ ​ដើម្បី​ឱ្យ​មាន​ការ​ចូលរួម​ពីដៃគូ​ពាក់ព័ន្ធ​ឱ្យ​បាន​កាន់​តែ​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​ និង​បណ្តា​ប្រទេស​ភាគ​ខាង​ត្បូង​នៃ​ពិភពលោក។​

លោក​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​ថ្ងៃ​ខែ​ពិតប្រាកដ​នៃ​កិច្ចប្រជុំ​នេះ​ទេ​ ប៉ុន្តែ​កាសែត​ The Wall Street Journal បាន​រាយការណ៍​ថា​ កិច្ចប្រជុំ​កំពូល​នេះ អាច​នឹង​កើត​ឡើងពី​ថ្ងៃ​ទី​៥ ​ដល់​ទី​៦​ ខែ​សីហា​ខាង​មុខ​នេះ ដែល​មាន​ប្រទេស​ពាក់ព័ន្ធចំនួន​៣០​ចូលរួម​។​ ទី​ភ្នាក់ងារ​សារព័តមាន​AP​ បាន​ស្រង់​សម្តី​ក្រុមមន្ត្រី​ ដែល​បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​ ប្រេស៊ីល​ ​ឥណ្ឌា​ និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នឹង​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ។

ក្នុង​រឿង​ដាច់​ដោយឡែក​មួយ​ទៀត​ ​ប្រធានាធិបតី​រុស្ស៊ី​ លោក​ Vladimir Putin បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ថា​ ​ការ​ឡើង​ថ្លៃ​ខ្ពស់​នៃ​គ្រាប់​ធញ្ញជាតិ​ ដែល​បាន​កើត​មាន​ឡើង​ចាប់​តាំង​ពី​រុស្ស៊ី​ បាន​ដក​ខ្លួន​ចេញ​ពីគំនិត​ផ្តួចផ្តើម​គ្រាប់ធញ្ញជាតិ​សមុទ្រ​ខ្មៅ​ ​ នឹង​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​រុស្ស៊ី​ ក៏​ដូច​ជា​បណ្តា​ប្រទេស​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក​ ទទួល​បាន​ផលប្រយោជន៍លើ​បញ្ហា​នេះ។

នៅ​ក្នុង​ការ​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ក្រុម​មេដឹកនាំ​ប្រទេស​អាហ្វ្រិក នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ ក្នុងទីក្រុង​ St. Petersburg ក្នុង​ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ លោក Putin និយាយ​ថា​ ​ប្រទេស​រុស្ស៊ី​នឹងចែក​ផល​ចំណេញ​របស់​ខ្លួន​ពី​ការ​ឡើង​ថ្លៃ​គ្រាប់ធញ្ញជាតិ​ ជា​មួយ​បណ្តា​ប្រទេស​អាហ្រ្វិកនានា​ និង​ប្រទេស​ក្រីក្រ​ដទៃ​ផ្សេងៗ​ទៀត។ ដូច​អ៊ុយក្រែនដែរ​ ​រុស្ស៊ី​ជា​ប្រទេស​នាំចេញ​គ្រាប់ធញ្ញជាតិ​ដ៏ធំ​មួយ​ផង​ដែរ។​

ការតាំង​ចិត្ត​ដែលមិន​បាន​បញ្ជាក់​លម្អិតនេះ ​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​Putin ​បាន​សន្យាថា​ ​ នឹង​ចាប់​ផ្តើម​ដឹកជញ្ជូនគ្រាប់ធញ្ញជាតិប្រមាណ​ពី​២ម៉ឺន​៥ពាន់តោន​ ទៅ​៥ម៉ឺនតោន​ដោយ​មិន​គិត​ថ្លៃ​ ទៅ​ឱ្យប្រទេសអាហ្វ្រិក​ចំនួន​៦ក្នុង​រយៈពេល​ពី​៣​ទៅ​៤​ខែ​ខាង​មុខ​នេះ។ ប្រទេស​ទាំង​៦​នេះ​រួម​មាន​ ប្រទេស​បួគីណាហ្វាសូ​ ស៊ីមបាវ៉េ​ ម៉ាលី​ ​សូម៉ាលី​ អេរីត្រេ និងសាធារណរដ្ឋ​អាហ្វ្រិកកណ្តាល៕​ ​

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មកពី The Associated Press, Agence France-Presse និង Reuters

XS
SM
MD
LG