ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ស ខេង​ ប្រាប់​មន្ត្រី​ខ្លួន​ថា​មិន​ចង់​ឃើញ​ត្រឹម​ការ​កម្ទេច​ទំនិញ​ក្លែងក្លាយ​​ដោយ​គ្មាន​ការ​ដាក់​ទោស​ជនល្មើស​នោះ​ឡើយ


ពេទ្យ និងផលិតផលក្លែងក្លាយ និងខូចគុណភាព ត្រូវបានដាក់តាំងត្រៀមកម្ទេចបន្ទាប់ពីរឹបអូសបានពីឈ្មួញ ក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
ពេទ្យ និងផលិតផលក្លែងក្លាយ និងខូចគុណភាព ត្រូវបានដាក់តាំងត្រៀមកម្ទេចបន្ទាប់ពីរឹបអូសបានពីឈ្មួញ ក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត ​ដោយសារ​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​ទំនិញ​ក្លែងក្លាយ​យក​ទៅ​កម្ទេច​ចោល ប៉ុន្តែ​មិន​មាន​ចាប់​ខ្លួន​ជន​ល្មើស​មក​ដាក់​ទោស។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង​ នៅ​ថ្ងៃ​អង្គារនេះ​ បាន​សរសើរ​ការ​បង្ក្រាប​របស់អាជ្ញាធរទទួល​បន្ទុក​ប្រឆាំង​ទំនិញ​ក្លែងក្លាយ តែ​រិះគន់​ថា ពួកគេ​បង្ក្រាប​បាន​តែ​ទំនិញ តែ​មិន​ឃើញ​មាន​ការ​ចាប់​ខ្លួនអ្នក​ទទួល​ខុស​ត្រូវ​យកមក​ផ្ដន្ទា​ទោស។

​ក្នុង​ពិធី​កម្ទេចផលិត​ផល​ក្លែងក្លាយ និង​ខូច​គុណភាព​ ជាង​៧០​តោន​ នា​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ នេះ លោក ស ខេង បាន​ថ្លែង​កោត​សរសើរគណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ចំពោះការ​ចាប់​ទំនិញ​ក្លែងក្លាយ និង​ខូច​គុណភាព​បានជា​ច្រើន​ដង និង​កម្ទេច​បាន​ចំនួន​៤​ដង​កន្លង​មក។

ទន្ទឹម​នឹង​ការ​សរសើរ​នេះ​ លោក​ក៏​បាន​លើក​ឡើង​ថា​ ការណ៍​ដែលគ្រាន់​តែ​ចាប់​ទំនិញ​ក្លែងក្លាយ​បាន​ ហើយ​យក​ទៅ​កម្ទេច​ចោល​ ដោយ​មិន​មាន​ចាត់​វិធានការ​លើជន​ដែល​ប្រព្រឹត្ត​ល្មើស​ នឹង​មិន​អាច​បញ្ឈប់​ការ​ចរាចរ​ទំនិញ​ក្លែងក្លាយ និង​ខូច​គុណ​ភាព​ទាំង​នោះ​បាន​ទេ។

លោក​បញ្ជាក់​ថា៖ «យើង​គ្រាន់​តែ​នាំ​គ្នា​បក់​ផ្សែង តែ​មិន​នាំ​គ្នា​ពន្លត់​ភ្លើង​ទេ។ នេះ​ហើយ​ជា​បញ្ហា​ដែល​ខ្ញុំ​គិត​ថា​ គណៈកម្មាធិការ​នេះ ត្រូវ​តែ​ធ្វើការ​ឲ្យ​បាន​ម៉ត់ចត់​ថែម​ទៀត ទន្ទឹម​នឹង​ស្នាដៃ​ដែល​ខ្លួន​ធ្វើ​បាន​ ពីព្រោះ​សមិទ្ធិ​ផល​ ឬ​ក៏​ថា​ជោគជ័យ​ជា​មូលដ្ឋាន​របស់​យើង គឺ​ការ​លុប​បំបាត់​ការ​ចរាចរ ការ​លក់​ដូរ​ហ្នឹង​ឯង។ អញ្ចឹង​ទាល់​តែ​យើង​ផ្ដាច់​ឫសគល់​វា។​ បើ​យើង​មិន​ផ្ដាច់​ឫសគល់​វា​ទេ យើង​នាំ​គ្នា​បក់​ផ្សែង បក់​មិន​ចប់​ទេ»។

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកំពុងពិនិត្យមើលផលិតផលក្លែងក្លាយ ក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកំពុងពិនិត្យមើលផលិតផលក្លែងក្លាយ ក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះបន្ថែម​ថា ទំនិញ​ក្លែងក្លាយ​ និងខូច​គុណភាព​ទាំង​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ប្រជាជន​ រហូត​ឈាន​ដល់​បាត់​បង់​ជីវិត​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់ប្រទេស​ផង​ដែរ។

ផលិត​ផល​ក្លែងក្លាយ និង​ខូច​គុណភាព ដែល​ត្រូវ​បាន​កម្ទេច​ចោល​នៅ​ថ្ងៃអង្គារ​នេះ រួម​មាន ថ្នាំពេទ្យ​ក្លែង​ក្លាយ​ចំនួន​១០៦​មុខ ស្មើ​នឹង​៤០០​គីឡូ​ក្រាម​ ទឹក​សុទ្ធ​ជិត៦៣​តោន ដែល​ភាគ​ច្រើន​ជា​ស្លាក​សញ្ញា​ក្រុម​ហ៊ុន​ប្រទេស​បារាំង និង​ផលិត​ផល​ជី​កសិកម្ម​ជិត​៨តោន។

​នៅ​លើ​ស្លាក​ទឹក​សុទ្ធ​ក្លែងក្លាយដែល​មាន​យីហោ​ពី​ប្រទេសបារាំង​ ​គេ​ឃើញ​មាន​អក្សរ​ចិន​ ដែល​សមត្ថកិច្ច​មួយ​រូប​ប្រាប់​ VOA ថា​ ជា​ផ្នែក​មួយ​នៃ​ការ​ចំណាំ​លើ​ផលិត​ផល​ទឹក​បរិសុទ្ធ​នោះ ​ថា​ជា​ផលិត​ផល​ក្លែងក្លាយ។

លោក​ ​មៀច សុផាន់ណា​ ​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ថ្លែង​ក្នុង​ពិធី​នោះដោយ​លើក​ពី​មូលហេតុ​ដែល​ទំនិញ​ក្លែងក្លាយ ​បន្ត​ចរាចរ​ច្រើន​នៅ​កម្ពុជា​ថា ដោយ​សារ​អ្នក​ប្រព្រឹត្ត​ទទួល​បាន​ចំណេញ​ច្រើន​ និង​ដោយសារ​មិន​ទាន់​មាន​ច្បាប់​ដើម្បីដាក់​ទោស​ជន​ដែល​ប្រព្រឹត្ត​ឲ្យ​បាន​ធ្ងន់ធ្ងរ​នៅ​ឡើយ។

លោក​បញ្ជាក់​ថា៖ «នា​ពេល​បច្ចុប្បន្ន​នេះ ទោះ​ជា​មាន​ការ​ខិតខំ​ទប់​ស្កាត់​ពី​បណ្ដា​សមត្ថកិច្ច​ អ្នក​អនុវត្ត​ច្បាប់​យ៉ាងណា​ក៏​ដោយ ក៏​ជនល្មើស​នៅ​ព្យាយាម​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​ផលិត​ផល​ក្លែងក្លាយ​នេះ ព្រោះ​ថា​ ការ​ចរាចរ​ចែកចាយ​ផលិត​ផល​ក្លែងក្លាយ​ដែល​មាន​ហានិភ័យ​ខ្ពស់ គេ​នឹង​ទទួល​បានប្រាក់​ចំណេញ​ ប្រាក់​កម្រៃ​ច្រើន ទោស​ទណ្ឌ​ទៀត​សោត​នៅ​មាន​កម្រិត​ស្រាល គួបផ្សំ​នឹង​ការ​យល់​ដឹង​របស់​សមត្ថកិច្ច​នៅ​លើ​វិស័យ​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ»។

លោក មៀច សុផាន់ណា ក៏​បាន​ស្នើ​ឲ្យបង្កើត​ច្បាប់​ដែល​អាច​ដាក់​ទោស​ធ្ងន់​ដល់​ជន​ដែល​ប្រព្រឹត្ត​ល្មើស ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ និង​ផលិត​ទំនិញ​ក្លែងក្លាយឲ្យ​បាន​ឆាប់​ផង​ដែរ។

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​ ​ក៏​បាន​បន្តអំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ អំពី​ទីតាំង​ផលិត​ ​សកម្មភាព​ ​ឬ​ផលិត​ផល​ក្លែង​ក្លាយ​នា​នា​ ​ដែល​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព​ ​និង​សុវត្ថិភាព​សង្គម​ ​ដើម្បី​សមត្ថកិច្ច​អាច​ចាត់​វិធានការ​លើ​ជន​ល្មើស​បាន​ទាន់​ពេល។

លោក មាជ សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ប្រាប់អ្នកសារព័ត៌មានក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយក្នុងរាជានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
លោក មាជ សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ប្រាប់អ្នកសារព័ត៌មានក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយក្នុងរាជានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

លោក​ សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​ប្រាប់​ ​VOA​ ថា ការ​កម្ទេច​ផលិត​ផល​ក្លែងក្លាយ និង​ខូច​គុណភាព​ដដែលៗ​នេះ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ ដោយ​សារ​តែ​ផលិតផល​ខុស​ច្បាប់​ទាំង​នោះ​នៅ​តែ​មានលើ​ទីផ្សារ។

លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​ការ​ដាក់​ទោស​ជន​ល្មើស​ឲ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ធានា​ថា ការ​ជួញដូរ ឬ​ផលិត​ទំនិញ​ក្លែង​ក្លាយ ​នឹង​ត្រូវ​បាន​កាត់​បន្ថយ។

លោក​បញ្ជាក់​ថា៖​ «អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​នោះ​គឺ​ ការ​យក​ជនល្មើស​ ហើយ​និង​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​ហ្នឹង​មក​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់។ កន្លង​មក​យើង​ឃើញ​ពេល​ដែល​មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿង​ឧបភោគ​បរិភោគ​ក្លែងក្លាយ​ហ្នឹង យើង​ឃើញ​មាន​វត្តមាន​នៃ​បុគ្គល​ជា​មន្ត្រី​ទាហាន​អី ទៅ​មាន​វត្តមាន​នៅ​កន្លែង​បង្ក្រាប​ហ្នឹង​ដែរ ធ្វើ​ឲ្យ​យើង​មាន​ការ​សង្ស័យ​ថា ករណី​នោះយើង​អាច​មើល​ឃើញ​ថា ការ​រក​ស៊ី​ខុស​ច្បាប់​ហ្នឹង​ក៏​មាន​អ្នក​កាង​ពី​ក្រោយ​ដែរ»។

​របាយការណ៍​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បញ្ជាក់​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០១៧ សមត្ថកិច្ច​រឹបអូស​ផលិតផល​ក្លែងក្លាយ ​ប្រមាណ​ជា​៦០០​តោន តែ​ក្នុង​ឆ្នាំ​២០១៨ សមត្ថកិច្ច​រឹបអូស​បានជាង​២០០​តោន។ ក្រោយ​ការ​បង្ក្រាប​បាន​ សមត្ថកិច្ច​បាន​ដុត និង​កម្ទេច​ចោល​ជា​បន្ត​បន្ទាប់៕

XS
SM
MD
LG