រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យទៅប្រទេសបារាំងរយៈពេល២សប្តាហ៍ដោយលើកហេតុផលមាន«ធុរៈផ្ទាល់ខ្លួន»។ នេះបើតាមសេចក្តីប្រកាសរបស់ខុទ្ទកាល័យនៃក្រសួងមហាផ្ទៃ។
សេចក្តីប្រកាសចុះថ្ងៃ២២ ខែ សីហា ឆ្នាំ២០២១បានឲ្យដឹងថាដោយមានធុរៈផ្ទាល់ខ្លួននិងបានទទួលការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើដំណើរទៅកាន់ប្រទេសបារំាងចាប់ពីថ្ងៃទី២២ ខែសីហារហូតដល់ថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០២១។
សេចក្តីប្រកាសដដែល មិនបានបញ្ជាក់លម្អិតនៃដំណើររបស់លោកស ខេង ទៅកាន់ប្រទេសបារំាងនោះទេ។ ក្នុងពេលអវត្តមាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនឹងទទួលបន្ទុកជារដ្ឋមន្រ្តីស្តីទី។
លោកនាយឧត្តមសេនីយ៍ខៀវសុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបដិសេធមិនផ្តល់សេចក្តីពន្យល់អំពីដំណើររបស់លោក ស ខេង ទៅកាន់ប្រទេសបារំាងដោយស្នើឲ្យអ្នកយកព័ត៌មានយោងទៅតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យក្រសួងមហាផ្ទៃ។
លោកគ្រាន់បញ្ជាក់ថា៖ «បាទពូដឹងតាមនៅក្នុងប្រកាសហ្នឹងគេដាក់ម៉េចអីចឹង។ ដឹងតែប៉ុណ្ណឹង សេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យបើយកតាមហ្នឹងទៅអត់ខុសទេ»។
អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង មិនឆ្លើយតបសំណួររបស់វីអូអេដែលបានផ្ញើតាមសារឆ្លើយឆ្លងWhatsApp។
មន្ត្រីស្ថានទូតបារំាងក្នុងទីក្រុងភ្នំពេញមិនឆ្លើយតបសំណួររបស់វីអូអេដែលបានផ្ញើតាមសារអ៊ីមែលនៅថ្ងៃចន្ទនេះ។
កាលពីថ្ងៃទី២១ ខែសីហា មួយថ្ងៃមុនការចាកចេញរបស់លោក ស ខេង ទៅប្រទេសបារាំង លោកបានដឹកនាំកិច្ចប្រជុំអនឡាញមួយ ដោយមានបង្ហាញវីដេអូរបស់លោកផងដែរ។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី ប្រាប់វីអូអេថាបន្ថែមពីធុរៈផ្ទាល់ខ្លួន លោកស ខេងអាចស្កាត់ទៅជួបសមាជិកគណបក្សកាន់អំណាចនៅប្រទេសបារំាងដើម្បីពិភាក្សាពីបញ្ហានយោបាយមួយចំនួន។
អ្នកវិភាគរូបនេះពន្យល់ថា៖ «ជួនកាលគាត់អាចទៅមានកិច្ចការអីផ្ទាល់ខ្លួនដែលគាត់ត្រូវទៅជួបព្រោះនៅស្រុកបារាំងក៏មានបណ្តាញរបស់ខាងគណបក្សប្រជាជនច្រើននៅខាងស្រុកបារាំងហើយនៅពេលដែលគាត់មិនបានផ្សព្វផ្សាយជាសាធារណៈថាគាត់ទៅធ្វើអី ខ្ញុំគិតថាអាហ្នឹងវាអាចជាដំណើរការឯកជនរបស់គាត់។ អាហ្នឹងវាពិបាកនឹងធ្វើអត្ថាធិប្បាយដោយសារយើងអត់ដឹងថាគាត់ទៅមានបំណងអី»។
អ្នកវិភាគនយោបាយរូបនេះបន្ថែមថាវាអាចជាការលឿនពេកក្នុងការវិភាគទៅដល់លទ្ធភាពនៃជំនួបនៅក្រៅប្រទេសរវាងលោក ស ខេង និងក្រុមថ្នាក់ដឹកនាំ និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស។ ក៏ប៉ុន្តែលោកលើកឡើងពីក្តីបារម្ភថាកម្ពុជាអាចនឹងប្រឈមការបាត់បង់ការផ្តល់ជំនួយពីសហគមន៍អន្តរជាតិ ចំពេលប្រទេសនេះកំពុងត្រូវការជំនួយផ្សេងៗដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ និងនៅខណៈប្រទេសនេះកំពុងប្រឈមនឹងជម្លោះនយោបាយផ្ទៃក្នុងដែលមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ។
លោក មាស នី បញ្ជាក់ថា៖ «អ្វីដែលជាការតម្រូវការរបស់កម្ពុជាគឺកម្ពុជានៅតែតម្រូវការឲ្យមានការជួយគាំទ្រពីអន្តរជាតិ។ដូច្នេះបើសិនបើយើងមិនមានជំហរណាមួយក្នុងការដោះស្រាយបញ្ហាវិបត្តិផ្ទៃក្នុងរបស់យើងវិបត្តិនយោបាយផ្ទៃក្នុងរបស់យើងទេវានឹងអាចធ្វើឲ្យមានភាពរអាក់រអួលដល់ការទទួលនូវការជួយពីបរទេសថែមទៀត»។
អតីតតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញលោក ស ខេង ថា ជាអ្នកនយោបាយដែលប្រកាន់ជំហរនិយមកណ្តាលដែលអាចសម្រាលស្ថានការណ៍នយោបាយរបស់ប្រទេស។
ទាក់ទិននឹងដំណើររបស់លោក ស ខេង ទៅកាន់ប្រទេសបារាំងនោះលោក អ៊ូ ចន័្ទរ័ត្នមិនមានក្តីរំពឹងថា លោកស ខេងអាចស្វះស្វែងឲ្យមានជំនួបនយោបាយរវាងលោកនិងក្រុមថ្នាក់ដឹកនាំនៃគណបក្សជំទាស់ ក្នុងនោះមានលោកសម រង្ស៊ីដែលបានចាកចេញពីប្រទេសបារំាងឆ្ពោះមកសហរដ្ឋអាមេរិក។
លោកពន្យល់យ៉ាងដូច្នេះ៖ «យើងដឹងទាំងអស់គ្នាថាសម្តេចក្រឡាហោមលោកមានជំហរmoderate [ជំហរកណ្តាល]ច្រើន ក្នុងការទទួលយកច្រើនហើយមិនឆុងឆាំងពេក។ប៉ុន្តែមកដល់ពេលនេះខ្ញុំមើលទៅដូចជាមិនមានអីដែលយើងជឿជាក់ថាអាចនឹងមានការជជែកគ្នាដោះស្រាយគ្នា»។
លោកបន្ថែមថា អតីតគណបក្សសង្គ្រោះជាតិក៏លែងមាន«ទម្ងន់នយោបាយ»ដាក់សម្ពាធឲ្យគណបក្សកាន់អំណាចបើកផ្លូវឲ្យមានការសម្របសម្រួលខាងនយោបាយនោះដែរ។
លោកថ្លែងថា៖ «ព្រោះយើងមើលដំណើរការកាត់ក្តីរបស់លោកប្រធាន កឹម សុខា ក៏នៅគាំងនៅហ្នឹង។ ហើយហាក់ដូចជាមិនពិបាកពេកក្នុងការកាត់ក្តីទេ។ ករណីផ្សេងៗ យកទៅកាត់កើត ហើយករណីឯកឧត្តមប្រធានកឹម សុខាអត់ទៅកាត់ផង។ ដូច្នេះខ្ញុំជឿថាដូចមិនមានអី ជជែកឬក៏ដោះស្រាយទេ។ ហើយម្យ៉ាងដូចមិនមានអីត្រូវដោះដូរទៀត។ ការលើកមុន ជជែកចរចាវាច្រើនតែមានការដោះដូរ។ ឥឡូវនេះ ដូចជាមិនមានឥទ្ធិពល»។
គួរបញ្ជាក់ថាកាលពីខែកញ្ញា ឆ្នាំ២០១៩ លោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ដែលផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសអាល្លឺម៉ង់ និងស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់អាល្លឺម៉ង់។ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេស លោកក៏បានឆ្លៀតពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះផងដែរ៕