រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃពុធនេះ ប្រាប់មន្រ្តីក្រោមឱវាទឲ្យបម្រើប្រជាជនឲ្យបានម៉ឹងម៉ាត់ដោយស្មើភាព និងមិនត្រូវយកតួនាទីស្វែងរកប្រយោជន៍ខ្លួនឯងទេ បើទោះបីមិនមានគណបក្សប្រឆាំង។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី៤ ខែមីនា នេះ លោក ស ខេង ថ្លែងថា ឆ្នាំ២០២០ ជាឆ្នាំដែលត្រូវអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ដោយស្មើភាព។ លោកបន្តថា មន្រ្តីទាំងអស់ត្រូវមានឧត្តមគតិបម្រើពលរដ្ឋនិងជាតិ មិនត្រូវយកតួនាទីខ្ពស់ដើម្បីស្វែងរកប្រយោជន៍ខ្លួនឯងនោះទេ។
លោក ស ខេង ថ្លែងថា៖«ត្រូវរៀបចំខ្លួនរបៀបម៉េចដើម្បីក្លាយជាមន្រ្តីដែលមានឧត្តមគតិ។ ឧត្តមគតិអី? ឧត្តមគតិជាតិ ប្រជាពលរដ្ឋ។ ធំណាស់អាហ្នឹង ធំណាស់។ ហើយមិនត្រូវរៀបចំទុកដាក់ខ្លួនយើងទៅជាមន្រ្តីឱកាសនិយមទេ? យ៉ាងម៉េចមន្រ្តីឱកាសនិយម? មន្រ្តីឱកាសនិយម គាត់ស្រែកអញ្ចឹងដែរ ជាតិ ប្រជាជន។ ប៉ុន្តែទីបំផុតឲ្យតែបានតំណែង គាត់លេងមួយសេរី ផលប្រយោជន៍។ ឲ្យធ្វើតំណែងប្រធាននេះ ប្រធាននោះ គាត់អត់គិតអាហ្នឹងប៉ុន្មានទេ គាត់គិតតែដើររកស៊ី»។
លោក ស ខេង បន្ថែមថា ទស្សនៈដែលថា មិនមានគណបក្សប្រឆាំងហើយមន្រ្តីទាំងអស់អាចជិះសេះលែងដៃ ជាទស្សនៈដែលមិនត្រឹមត្រូវ។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង មានប្រជាពលរដ្ឋគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស ត្រូវបានតុលាការកំពូលរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោយការរំលាយ តុលាការកំពូលក៏បានព្យួរសិទ្ធិមន្រ្តីគណបក្សប្រឆាំងចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយម្នាក់ៗរយៈពេល៥ឆ្នាំ។
នៅមុនការរំលាយ គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក កឹម សុខា និងលោក សម រង្ស៊ី តែងមានសារនយោបាយ និងគោលនយោបាយសម្រាប់ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
លោក មាស នី អ្នកសិក្សាពីការវិវត្តសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ថា ការដឹកនាំប្រទេសដោយមិនមានការប្រកួតប្រជែងពីគណបក្សប្រឆាំង នៅតែមិនអាចជំរុញឲ្យមន្រ្តីរដ្ឋាភិបាលអនុវត្តការផ្តល់សេវាបានល្អប្រសើរដូចមានគណបក្សប្រឆាំងនោះទេ។ លោកបន្តថា គណបក្សប្រឆាំងជាក្រុមដែលធ្វើឲ្យគណបក្សកាន់អំណាចប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដើម្បីប្រកួតប្រជែងប្រជាប្រិយភាព។
លោក មាស នី និយាយថា៖«ខ្ញុំគិតថា ដរាបណាប្រព័ន្ធនយោបាយនៅតែគ្របដណ្តប់នៅលើប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋតាំងពីលើដល់ក្រោមបែបនេះ ខ្ញុំគិតថាបើគ្រាន់តែនិយាយដូចជាមិនអាចនឹងទៅរួចទេ។ ហើយខ្ញុំក៏ធ្លាប់ឮដែរគឺថា បើមិនមានការចែកឲ្យដាច់រវាងអ្នកបច្ចេកទេស និងអ្នកនយោបាយទេ ប្រព័ន្ធរដ្ឋនឹងពិបាកក្នុងការដំណើរការ»។
នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក កឹម សុខា និងលោក សម រង្ស៊ី បានប្រើសារនយោបាយ «ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ដ្រ»។ ខណៈដែលសារនយោបាយនោះត្រូវបានអ្នកគាំទ្រគណបក្សប្រឆាំងចែកចាយតៗគ្នា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនប្តឹងទៅតុលាការ ដោយចោទថា វាជាសារញុះញង់ និងប្រមាថដល់មេឃុំ និងចៅសង្កាត់ ដែលកំពុងបំពេញការងារនាពេលនោះ។
នៅមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧នោះដែរ លោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ ក៏បានឃោសនាថា នឹងផ្តល់ថវិកាប្រមាណពី៥០ម៉ឺនដុល្លាររហូតដល់១លានដុល្លារ សម្រាប់អភិវឌ្ឍន៍ក្នុងមួយឃុំ-សង្កាត់ នៅពេលគណបក្សរបស់លោកជាប់ឆ្នោត៕