ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស ខេង​ បញ្ជា​ឲ្យ​អាជ្ញាធរ​រឹត​បន្តឹង​សន្តិសុខ​មូលដ្ឋាន​ក្នុង​អំឡុង​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី


រូបឯកសារ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅប្រទេសរុស្ស៊ី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។ (AP Photo/Pavel Golovkin)
រូបឯកសារ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅប្រទេសរុស្ស៊ី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។ (AP Photo/Pavel Golovkin)

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​ដាក់​វិធានការ​ចំនួន​៨​ចំណុចសម្រាប់​ការ​គ្រប់គ្រង​សន្តិសុខ និង​សុវត្ថិភាព​សង្គម​ក្នុង​ពិធី​បុណ្យ​ឯករាជ្យជាតិ​ និង​ពិធី​បុណ្យ​អុំ​ទូក ខណៈ​​លោក សម ​រង្ស៊ី ប្រកាស​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាង​មុខ។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ពុធ​នេះ បញ្ជា​ឲ្យ​មន្រ្តី​ថ្នាក់​ក្រោមការពារ​សន្តិសុខ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ពិធី​បុណ្យ​អុំទូក ដោយ​មាន​ទាំង​ការ​គ្រប់គ្រង​ការ​ចេញ​ចូល​របស់​ប្រជាជន និង​អប់រំ​ណែនាំ​ប្រជាជន​ឲ្យ​ចៀសវាង​ការ​ចូលរួម​ក្នុង​សកម្មភាព​ផ្តួល​រំលំ​រដ្ឋាភិបាល។​

ក្នុង​លិខិត​របស់​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ចេញ​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ​បញ្ជាក់​ថា លោក​ ស ខេង បាន​ដាក់​វិធានការ​ចំនួន​៨​ចំណុច ឲ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ អនុវត្ត​ក្នុង​ការ​គ្រប់គ្រង​សន្តិសុខ និង​សុវត្ថិភាព​សង្គម​ក្នុង​ពិធី​បុណ្យ​ឯករាជ្យជាតិ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា និង​ពិធី​បុណ្យ​អុំ​ទូក ដែល​ប្រារព្ធ​ចាប់​ពី​ថ្ងៃទី​១០ ដល់​ទី​១២ ខែ​វិច្ឆិកា។

លោក​ ស ខេង បន្ថែម​ក្នុង​លិខិត​នោះ​ថា​ ការ​ដាក់​ចេញ​វិធាន​ការ​នេះ​ធ្វើ​ឡើង ​ស្រប​ពេល​ដែល​ក្រុម​របស់​លោក សម រង្ស៊ី ដែល​លោក ស ខេង ហៅ​ថា «ជា​ចលនា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់» ដាក់​ចេញ​គម្រោង​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ ចំ​ពេល​ពិធី​បុណ្យ​ជាតិ​ទាំង​ពីរ​នេះ។

លោក ស ខេង បាន​ណែនាំ​មន្រ្តី​និង​កម្លាំង​ក្រោម​ឱវាទទាំងអស់​ ត្រូវ​មាន​វត្តមាន​ជាប់​ជា​ប្រចាំដើម្បី​ដោះ​ស្រាយ​សភាព​ការណ៍​នៅ​ចំពោះ​មុខ និង​ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន។

លោក ស ​ខេង បញ្ជាក់​ក្នុង​លិខិត​នោះ​តាម​ន័យ​ដើម​ថា៖ «ដឹកនាំ ណែនាំ​ដល់​គណៈ​បញ្ជា​ការ​ក្រុង ស្រុក ខណ្ឌ ដើម្បី​ដឹកនាំ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ និង​អាជ្ញាធរ ឃុំ សង្កាត់ ភូមិ ឱ្យ​ពង្រឹង​កិច្ច​សហការ​បង្កើន​ការគ្រប់គ្រង​ ការ​ចេញ-ចូល របស់​ប្រជាជន​ស្របតាម​លិខិត​បទដ្ឋាន​កំណត់ និង​គ្រប់គ្រង​មុខ​សញ្ញា​នានា​តាម​គោល​ការណ៍​ជំនាញ»។

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សននៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សននៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។

វិធានការរបស់​អាជ្ញាធរ​កម្ពុជា​នេះ ​គឺ​ឆ្លើយ​តប​នឹង​ការ​ប្រកាស​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ខែ​សីហា ដែល​អះអាង​ថា ​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាង​មុខ ដោយ​បាន​អំពាវ​នាវ​ឲ្យ​ពលករ​ដែល​កំពុង​ធ្វើការ​ក្រៅ​ប្រទេស និង​អ្នក​គាំទ្រ​លោក ​ប្រមូល​ផ្តុំ​គ្នាចាំ​ទទួល និង​អម​ដំណើរ​លោក​ត្រឡប់​មក​វិញ។

រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ​លោក​ សម រង្ស៊ី មាន​គម្រោង​ចូល​មក​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ក្រុម​អាជ្ញាធរ​កម្ពុជា​បាន​សម្រុក​ចាប់​ខ្លួន​សកម្មជន​សំខាន់ៗ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​មិន​លោះ​ថ្ងៃ។ តួលេខ​ចុង​ក្រោយ​ដែល​ផ្សព្វផ្សាយ​ដោយ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​កើន​ដល់​ជិត​៦០​នាក់។

នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ​ប្រាប់​ VOA ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​ភូមិ​ឃុំ​នីមួយៗ​នឹង​តាម​ឃ្លាំ​មើល​ប្រជាជន​តាម​មូលដ្ឋាន​របស់​ពួកគេ​ ដើម្បី​ទប់​ស្កាត់​រាល់​ករណី​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង។

«ឧទាហរណ៍​ថា​នៅ​ក្នុង​ឃុំ​សង្កាត់​ហ្នឹង​មាន​ជន​ណា​ប្លែក ឬ​ក៏​មាន​ក្រុម​ណា​ដែល​ប្លែក​មក​ពួន​សម្ងំ​ លាក់​ធ្វើ​សកម្មភាព​អី យើង​ត្រូវ​ឲ្យ​ដឹង។ ហើយ​ការ​គ្រប់​គ្រង​ត្រូវ​ដឹង​ថា​អ្វី​ដែល​ប្លែក​នៅ​ក្នុង​ឃុំ​សង្កាត់ ​ មិន​ប្រក្រតីនៅ​ក្នុង​ឃុំ​សង្កាត់ មានន័យ​ថា​ប្រជាជន​ក្នុង​ឃុំ​ហ្នឹងដូច​មាន​តិច​ទេ ប៉ុន្តែ​ថ្ងៃ​ហ្នឹង​ដូច​មាន​ច្រើន រាប់​រយ​នាក់ រាប់​រយ​អី យើង​គួរ​មាន​ការ​ចាប់​អារម្មណ៍​បញ្ហា​ហ្នឹង»។

លោក​បាន​ពន្យល់​ពី​វិធានការ​បន្ថែម​ថា៖ «យើង​មាន​វិធានការ​រដ្ឋបាល។​ សួរ​គាត់​មក​ពីណា ទៅ​ណា គាត់​មក​មាន​កិច្ចការងារ​ស្អី តើ​គាត់​មាន​អាវុធ​ ឬ​អត់។ ការងារ​ហ្នឹង​គឺ​បម្រើ​ឲ្យ​ការងារ​សុវត្ថិភាព​ភូមិ​ឃុំ​របស់​យើង​កន្លង​ទៅ។ ហើយ​ជាពិសេស​ទៀត ​គឺ​ការ​ដែល​មិន​ចុះ​ញុះញង់ ចុះ​លួង​លោម​ដោយ​ឧបាយ​កល​ពិស​ពុល​របស់​ក្រុម​ជន​ក្បត់​ជាតិ សម រង្ស៊ី ហ្នឹងឯង»។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ​មិន​បញ្ជាក់​អំពី​ចំនួន​កម្លាំង​អាជ្ញាធរ​ ដែល​នឹង​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ការពារ​សន្តិសុខ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នោះ​ទេ ប៉ុន្តែ​លោក​ប្រាប់​ថា ​កម្លាំង​ប្រមាណ​ជា​៥ពាន់​នាក់ ​នឹង​ត្រូវ​ដាក់​ពង្រាយក្នុង​រាជធានី​ភ្នំពេញ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ លើក​ឡើង​ថា ការ​ដាក់​ចេញ​វិធានការ​យ៉ាង​តឹង​រ៉ឹង​របស់​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា ​ស្ថានការណ៍​សន្តិសុខ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង។

«ឈាន​ដល់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​មាន​ការ​ភ័យ​ខ្លាច ហើយ​ឈាន​ដល់​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ។ ឮ​សូរ​ថា​កម្មករ​ខ្លះ​ត្រៀម​ខ្លួន​សុំ​ច្បាប់​ទៅ​ស្រុក​ទៅ​អី​វិញ ​ដោយ​សារ​មាន​ការ​ភ័យ​ខ្លាច​ថា​ មានការ​វឹកវរ​នៅ​ទីក្រុង​ភ្នំពេញ​ហ្នឹង»។

កាលពី​ថ្ងៃ​អង្គារម្សិល​មិញ លោក សម រង្ស៊ី បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​ឲ្យ​លោក​បាន​ចូល​មក​កម្ពុជា ​ដោយ​សន្តិវិធី។

អាជ្ញាធរ​កម្ពុជា​ប្រកាស​ជា​បន្ត​បន្ទាប់​ថា អាជ្ញាធរ​ត្រៀម​ខ្លួន​រួច​ជាស្រេច ​ចាំ​ចាប់​ខ្លួន​លោក​ សម រង្ស៊ី នៅ​ពេល​ដែល​លោក​ត្រឡប់​ចូល​ទឹកដី​កម្ពុជា៕

XS
SM
MD
LG