ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​គាំទ្រ​លោក​កឹម សុខា​ ច្រានចោល​ការ​តែងតាំង​លោក​សម រង្ស៊ី​ជា​ប្រធាន​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ


រូបឯកសារ៖ លោក កឹម សុខា​ ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ស្វាគមន៍អ្នកគាំទ្រនៅក្នុងការហែក្បួនបក្ស នៅរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក កឹម សុខា​ ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ស្វាគមន៍អ្នកគាំទ្រនៅក្នុងការហែក្បួនបក្ស នៅរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។

ក្រោយ​សន្និសីទ​ពិភពលោក​ដែលបាន​បញ្ចប់​ដោយ​សម្រេច​ឲ្យ​លោក​ ​សម​ ​រង្សី​ ​ធ្វើជា​ប្រធាន​ស្តីទី​គណបក្ស​ ​គេ​ឃើញ​ថា​ លោក​ ​កឹម​ ​សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ ​ព្រមទាំង​មន្រ្តី​មួយ​ចំនួន​ទៀត​ ​នៅ​តែ​ប្រកាន់​ជំហរ​មិន​គាំទ្រ​សន្និសីទ​នោះ។

ក្រុម​អ្នក​គាំទ្រ​លោក​ ​កឹម សុខា​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ច្រាន​ចោល​ការ​ប្រកាស​តែងតាំងអតីត​ប្រធាន​បក្សជំទាស់​ ​ដែល​និរទេស​ខ្លួន​ ​គឺ​លោក​ ​សម រង្ស៊ី​ ​ជា​ប្រធាន​ស្តីទី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។​នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​អ្នក​គាំទ្រ​ លោក​ ​កឹម សុខា។​

នៅ​ថ្ងៃទី២​ ​ខែធ្នូ​ ​ឆ្នាំ​២០១៨ ក្រុម​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្និទ្ធ​នឹង​លោក​ ​សម រង្ស៊ី​ ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ ​បាន​ជួបជុំ​គ្នា​ធ្វើសន្និសីទ​ពិភពលោក​មួយ​នៅ​ទីក្រុង​អាត្លង់តា ​រដ្ឋ​ Georgia​ ​សហរដ្ឋ​អាមេរិក។​ ​ក្នុង​សន្និសីទ​នោះ​ ​លោក​ ​សម​ ​រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​ ​និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ ​បាន​ប្រកាស​ទទួល​យក​ឋាន:​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ដែល​លោក​ ​កឹម សុខា​ ​នៅ​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន​ ​ទៅតាម​ការ​ស្នើ​របស់​តំណាង​ដែល​ចូលរួម​សន្និ​សីទ​ពិភព​លោក​នោះ។

លោក​ ​សម រង្ស៊ី​ ​បាន​ផ្តល់​សម្ភាសន៍​ដល់​ ​VOA​ Khmer ​ក្រោយ​បញ្ចប់​សន្និសីទ​នា​ថ្ងៃទី២​ ​ធ្នូ​នោះ​ ​ដោយ​លើក​ឡើង​ថា​ ​ការ​យល់​ព្រម​ទទួល​យក​ឋានៈ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​ដើម្បី​បង្រួប​បង្រួម​ ​និង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ក្បាល​ម៉ាស៊ីន​ក្នុង​ការ​ដឹកនាំ។​ ​លោក​បន្ថែម​ថា​ ​ឋានៈ​ជា​ប្រធាន​ស្តីទី​គណបក្ស​នេះ​នឹង​ត្រូវ​បញ្ចប់​ ​នៅ​ពេល​ដែល​លោក​ ​កឹម សុខា​ ​ទទួល​បាន​សេរីភាព​ពេញលេញ។​

លោក​បញ្ជាក់​ថា៖​

​«ពេល​ណា​លោក​ ​កឹម សុខា​ ​មាន​សេរីភាព​ពេញលេញ​ ​មក​ដើរ​តួ​នាទី​ជា​ប្រធាន​ពេញលេញ​ដែរ​ ​តួនាទី​របស់ខ្ញុំ​ជា​ប្រធាន​ស្តីទី​របស់ខ្ញុំ​ចប់​ត្រឹមហ្នឹង។​ ​ហើយ​ទី៣​ ​គឺ​ស្មារតី​នៃ​ការ​បំពេញ​តួនាទី​ខ្ញុំ​បណ្តោះ​អាសន្ន​នេះ​ ​គឺ​ស្មារតី​បង្រួបបង្រួម​ ​មិនមែន​សម្រាប់​ក្រុម​នេះ​ក្រុម​នោះ​ទេ​ ​គឺ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​ ​ហើយ​ជា​និមិត្តរូប​ ​គឺ​ពាក្យស្លោក​ ​សម​ ​រង្ស៊ី​ ​និង​កឹម​ ​សុខា​ ​គឺជា​មនុស្ស​តែមួយ»។​

នៅ​មុន​បន្តិច​នៃ​ការប្រកាស​ថា​ ​លោក​ ​សម រង្ស៊ី​ ​ត្រូវ​ធ្វើជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ ​លោក​ ​កឹម សុខា​ ​ប្រធាន​បច្ចុប្បន្ន​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ ​បាន​បញ្ជាក់​ជាថ្មី​តាមរយៈ​មេធាវី​របស់​លោក​ថា​ ​លោក​មិន​ទទួល​ដឹង​ឮ​ ​មិន​គាំទ្រ​ការ​រៀបចំ​ណាមួយ​ក្នុង​សន្និសីទ​ដែល​រៀបចំ​ដោយ​ក្រុម​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ។​

លោក​ ​កឹម សុខា​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ ​លោក​បាន​ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី​ការ​ពារ​ក្តី​របស់​លោក​ ​ក្នុង​ការ​នាំពាក្យ​ ​និង​ការ​បង្ហាញ​ពី​ឆន្ទៈ​របស់​លោក​ ​តាមរយៈ​មេធាវី​ទៅ​តាម​បញ្ញត្តិ​ច្បាប់។​

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ចេញ​នៅ​ថ្ងៃទី២​ ​ខែធ្នូ​ ​ឆ្នាំ​២០១៨​ ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

​«ជាថ្មី​ម្តង​ទៀត​ ​នៅ​ថ្ងៃទី២​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​ចំពោះ​មុខ​សហ​មេធាវី​ការពារ​ក្តី​ ​ឯកឧត្តម​ ​កឹម​ ​សុខា​ ​នៅតែ​រក្សា​ជំហរ​ដដែល​គឺ​គាត់​មិន​ទទួល​ដឹង​ឮ​ ​និង​មិន​គាំទ្រ​នូវ​ការ​រៀបចំ​ ​និង​ការ​សម្រេច​ណាមួយ​នៃ​សន្និសីទ​ថ្ងៃទី១ ទី២​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​នៅ​ទីក្រុង​អាត្លង់តា ​សហរដ្ឋ​អាមេរិក​ ​របស់​ក្រុម​គាំទ្រ​ឯកឧត្តម​ ​សម​ ​រង្ស៊ី​ ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នោះ​ទេ»។​

ចំណែក​ក្រុម​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ដែល​មាន​ទំនោរ​គាំទ្រ​លោក​ ​កឹម សុខា​ ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ​ក៏​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ទៅ​នឹង​ការ​ធ្វើ​សន្និសីទ​ពិភពលោក​របស់​មន្រ្តី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក​ ​សម​ ​រង្ស៊ី​ ​ហើយ​ថា​ ​ទង្វើ​នេះ​អាច​នឹង​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ។​

ពាក់ព័ន្ធ​នឹង​ការប្រកាស​របស់​លោក​ ​កឹម សុខា​ ​មិន​គាំទ្រ​សន្និសីទ​ពិភព​លោក​នោះ​ ​លោក​ ​សម រង្ស៊ី​ ​អះអាង​ថា​ ​លោក​ ​កឹម​ ​សុខា​ ​កំពុង​ស្ថិត​ក្នុង​សម្ពាធ​នៃ​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ដូច្នេះ​លោក​ថា​ ​ការ​លើក​ឡើង​ណា​មួយ​របស់​លោក​ ​កឹម សុខា​ ​គឺ​មិន​អាច​ចាត់​ទុក​ថា​បាន​ការ​នោះ​ទេ។​

ក្រោយ​ការ​បញ្ចប់​សន្និសីទ​នោះ​គេ​ឃើញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​ប្រឆំាង​នឹង​ការ​តែងតាំង​ លោក​ ​សម រង្ស៊ី​ ​ជា​ប្រធាន​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​ចែក​រំលែក​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ក្រុម​អ្នក​គាំទ្រ​ ​លោក​ ​កឹម សុខា។​

សេចក្តី​ថ្លែង​ការណ៍​បង្ហោះ​ដោយ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ ​ដូច​ជា​លោក​ ​ហ៊ីង សុខសាន្ត​ ​អតីត​ប្រធាន​ក្រុម​យុវជន​សង្គ្រោះជាតិ​ ​បាន​អះអាង​ថា​ជា​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បញ្ជាក់​ថា ការ​សម្រេច​របស់​សន្និសីទ​ ​នៅថ្ងៃ​ទី​២ ខែធ្នូ​ ​ដោយ​ក្រុម​គាំទ្រ​លោក​ ​សម រង្ស៊ី​ ​ធ្វើ​ជា​ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះជាតិ​ ​គឺ​ផ្ទុយទាំង​ស្រុង​ពី​លក្ខន្តិកៈ​ ​គណ​បក្ស​សង្រ្គោះជាតិ​ ​និង​មិនអាច​យក​ជា​ការ​បាន​ជា​ដាច់ខាត។​

ក្នុង​សេច​ក្តីថ្លែង​ការណ៍​ដដែល​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«អ្នក​ចូល​រួម​ក្នុង​សេចក្តី​សម្រេច​នេះ​មិន​មាន​នីតិសម្បទា​ ​ដែល​មាន​សិទ្ធិ​ជា​អ្នក​ស្នើ​ ​ឬ​អ្នក​សម្រេច​ជ្រើសរើស​ ​ឬជ្រើស​តាំង​ប្រធាន​ស្តីទី​គណបក្ស​ឡើយ។​ ​ដូច្នេះ​សេចក្តី​សម្រេច​នេះ​គ្រាន់​តែ​ជាមតិ​យោបល់​របស់​មនុស្ស​មួយ​ក្រុម​ប៉ុណ្ណោះ»។​

យ៉ាងណា​ក៏​ដោយ​មិនទាន់​មាន​ការ​បញ្ជាក់​ជា​ថ្មី​បន្ថែម​ទៀត​ចំពោះ​ជំហរ​របស់​លោក​ កឹម សុខា​ ​នៅ​ក្រោយ​ការ​ប្រកាស​ទទួល​របស់​លោក​ ​សម រង្ស៊ី ជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ​នោះ​ទេ។

​លោក​ ​ផែង ហេង​ ​មេធាវី​ការពារ​ក្តី​ឱ្យ​ ​លោក​ ​កឹម សុខា​ ​បញ្ជាក់​ថា​លោក​ ​មិនទាន់​ជួប​លោក​ ​កឹម សុខា​ ​នៅឡើយ​នោះ​ទេ​ ​ចាប់តាំងពី​ការ​ជួបគ្នា​ដើម្បី​បញ្ជាក់​ជំហរ​ចុងក្រោយ​របស់​លោក​ ​កឹម សុខា​ ​កាលពី​ថ្ងៃ​អាទិត្យ​នោះ។​

ភាព​ចម្រូងចម្រាស​ក្នុង​ការ​ធ្វើ​សន្និសីទ​ជ្រើសរើស​លោក​ ​សម រង្ស៊ី​ ​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ស្រប​ពេល​ដែល​លោក​ ​កឹម​ ​សុខា​ ​ប្រកាស​មិន​គាំទ្រ​ ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​លើកឡើង​ថា​ គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​នេះ​ ​កំពុង​ឈាន​ទៅ​រក​ភាព​បែកបាក់​យ៉ាង​ធ្ងន់ធ្ងរ។​

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​អ្នក​សារព័ត៌មាន​តាមរយៈ​សារ​អេឡិចត្រូនិច​តេឡេក្រាម​នា​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ការ​ប្រើ​មធ្យោបាយ​ណាមួយ​ក៏​ដោយ​ ​ក៏​មិន​អាច​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​បាន​ដែរ។​

លោក​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​តាំងពី​ខែវិច្ឆិកា​ ​ឆ្នាំ​២០១៧​មក​ម៉្លេះ​ ​ដោយសារ​ទង្វើ​ល្មើសច្បាប់​ធ្ងន់ធ្ងរ។ ម៉្យាងទៀត​ទណ្ឌិត​ ​សម​ ​រង្សី​ ​ដែល​ជា​អតីត​មេ​បក្ស​ប្រឆាំង​នេះ​ក៏បាន​លាលែង​ពី​សមាជិក​បក្ស​ ​និង​ពី​ប្រធាន​បក្ស​ជា​យូរ​រួចហើយ​ដែរ។​ ​ដូច្នេះ​ឧបាយកល​ប៉ុនប៉ង​ចង់​ធ្វើឲ្យ​ខ្មោច​អតីត​បក្ស​ប្រឆាំង​នេះ​រស់​ឡើងវិញ​ គឺ​មិន​អាច​ទៅរួច​ទាល់​តែសោះ។​ ​ហើយ​ឧបាយកល​ចង់​ប្រោសព្រំ​យក​ទណ្ឌិត​ ​សម​ ​រង្សី​ ​មក​ដឹកនាំ​អតីត​បក្ស​នេះ​ក៏​អត់​បានការ​ដែរ»។​

លោក​ ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​នយោបាយ​ ​និង​ជា​អតីតអ្នក​ផ្តល់​ប្រឹក្សា​ដល់​លោក​ ​កឹម សុខា​ ​ប្រាប់​ ​VOA​ ​ថា​ក្រុម​អ្នក​គាំទ្រ​លោក​ ​សម រង្ស៊ី​ ​និង​ក្រុម​អ្នកគាំទ្រ​លោក​ ​កឹម​ ​សុខា​ ​គួរតែ​រួមគ្នា​ពង្រឹង​គណបក្ស​ជាជាង​ការ​គាំទ្រ​បុគ្គល​ម្នាក់ៗ។​

លោក​មាន​ប្រសាសន៍​ថា៖​

​«មាន​ការ​មូល​មាត់​គ្នា​ឲ្យ​ច្រើន​ ​ហើយ​គឺ​ការ​ប្រើ​ប្រាស់​មនុស្ស​ដើម្បី​ធ្វើ​សកម្ម​ភាព​ ​ឬ​តាម​សមត្ថភាព​ ​កុំ​យក​តាម​ជំនឿ​ផ្កាប់មុខ​ទោ​លើ​បុគ្គល​ជា​មេដឹកនាំ​អី​ហ្នឹង»។​

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ។​ គណបក្ស​ជំទាស់​នេះ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​ ​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន។​ ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ ​តុលាការ​កំពូល​ក៏បាន​ព្យួរ​សិទ្ធិ​របស់​មន្រ្តី​គណបក្ស​ប្រឆាំង​ចំនួន១១៨នាក់​ ​ទាំង​អ្នក​ដែល​កំពុង​ស្ថិតនៅ​ក្នុង​និង​ក្រៅប្រទេស​ ​មិន​ឲ្យ​ធ្វើនយោបាយ​ម្នាក់ៗ​ចំនួន៥ឆ្នាំ។​

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ធំ​បាន​ភៀសខ្លួន​ទៅបរទេស​ ​ខណៈ​លោក​ ​សម​ ​រង្ស៊ី​ ​ដែល​ស្ថិត​នៅ​បរទេស​ស្រាប់​នា​ពេលនោះ​ ​បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ។​

មុន​បន្តិច​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​ដែល​ជា​គណបក្ស​ទទួល​បាន​ការ​គាំទ្រ​ជាង​៤០ភាគរយ​នៅ​ទូទាំង​ប្រទេស​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​កន្លងទៅ​ ​លោក​ ​កឹម​ ​សុខា​ ​ប្រធាន​គណបក្ស​នេះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ​និង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ក្បត់ជាតិ​ដូចគ្នា។ បច្ចុប្បន្ន​ ​លោក​ ​កឹម​ ​សុខា​ កំពុង​ស្ថិត​ក្នុង​ការ​ដាក់ឲ្យ​ឃុំខ្លួន​ក្នុង​ផ្ទះ​ ​ដោយមាន​ការ​ឃ្លាំមើល​ពី​តុលាការ​ ​ក្រោយ​លោក​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​១ឆ្នាំ។​

ការ​រំលាយ​ ​និង​ការ​ដក​បក្សជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ចេញ​ពី​ការបោះឆ្នោត​ថ្នាក់​ជាតិ​ ​កាលពី​ថ្ងៃទី២៩​ ​ខែ​កក្កដា​ ​បាន​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ទទួល​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ ​និង​គ្រប់គ្រង​ប្រទេស​ដោយ​ឯកបក្ស៕

XS
SM
MD
LG