ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អន្តរជាតិ​និង​ស្ថាន​ទូត​អាមេរិក​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​រឹតត្បិត​និង​ទម្លាក់​បទចោទ​ប្រឆាំង​លោក​កឹម សុខា


រូបឯកសារ៖ លោក កឹម​ សុខា​ ប្រធានគណបក្ស​សង្គ្រោះជាតិ ស្វាគមន៍អ្នកគាំទ្រនៅក្នុងក្បួនហែបក្សមួយ រាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក កឹម​ សុខា​ ប្រធានគណបក្ស​សង្គ្រោះជាតិ ស្វាគមន៍អ្នកគាំទ្រនៅក្នុងក្បួនហែបក្សមួយ រាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។

មួយ​ថ្ងៃ​បន្ទាប់ពី​លោក​​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ​ប៉ុន្តែ​ត្រូវ​ជាប់​បម្រាម​ជាច្រើន និង​ត្រូវ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​សមត្ថកិច្ច​ផង​នោះ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​សហរដ្ឋ​អាមេរិក​ ​និង​អង្គការ​អន្តរជាតិ​ធំៗ​ចំនួន​ពីរ​ ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​កឹម សុខា ទាំងស្រុង។​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថា​ ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ ​មិនមាន​បរទេស​ណា​អាច​ជ្រៀត​ជ្រែក​បាន​ទេ។

អង្គការ​អន្តរជាតិ​សំខាន់ៗ​ចំនួន​ពីរ​ និង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ទម្លាក់​បទ​ចោទ​ប្រឆំាង​លោក​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​និង​បញ្ឈប់​ការ​រឹតត្បិត​គ្រប់​បែប​យ៉ាង​លើ​អ្នក​ដែល​ពាក់ព័ន្ធ​នយោបាយ។

លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជា​បណ្តោះ​អាសន្ន​ ​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ និង​បញ្ជូន​ទៅ​ផ្ទះ​របស់​លោកវិញ​ ​ដោយ​ដាក់​ឲ្យស្ថិត​ក្រោម​ការ​ឃ្លាំ​មើលរបស់​តុលាការ​ ​និង​សមត្ថកិច្ច​ ​ព្រមទាំង​ហាម​មិនឲ្យចាកចេញ​ពី​បរិវេណ​ជុំវិញ​ផ្លូវ​ម្តុំ​ផ្ទះរបស់​លោក​ ​ក្នុង​សង្កាត់​បឹងកក់​២​ ​ខណ្ឌ​ទួលគោក។​

ក្រោយ​ពី​តុលាការ​ដោះលែង​លោក​កឹម សុខា​ ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​ភ្ជាប់​បម្រាម​ជាច្រើន​ចំណុចនោះ​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​សហរដ្ឋ​អាមេរិក​ ​ទីភ្នាក់ងារ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ ​និងអង្គការ​លើកលែង​ទោស​អន្តរជាតិ​ ​(Amnesty International)​ បាន​អំពាវ​នាវ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោកកឹម សុខា ទាំងស្រុង។​

អ្នកស្រី​ ​Emily Zeeberg​ ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​ចាប់​ខ្លួន​លោក​កឹម សុខា​ កាលពីដើម​ខែ​កញ្ញា ​ឆ្នាំ​២០១៧ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បាត់បង់​ប្រជាធិបតេយ្យ​ដ៏​សំខាន់​បំផុតក្នុង​ប្រទេស​កម្ពុជា។ ​

អ្នកស្រី​បន្ថែម​ថា​ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​កត់​សម្គាល់​ថា​ ​ការ​ផ្ទេរលោកកឹម សុខា​ ចេញ​ពី​ពន្ធនាគារ​ទៅ​ជា​ការឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​ព្រម​ទាំង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​នា​ពេល​ថ្មីៗ​នេះ មិនមែន​ជា​ការ​ដោះ​លែង​ពេញ​លេញ​នោះ​ទេ។​

អ្នកស្រី​ ​Emily​ ​បន្ថែម​ក្នុង​ន័យ​ដើម​ជា​ភាសា​អង់គ្លេស ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«យើង​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​រាល់​ការចោទ​ប្រកាន់​ប្រឆាំង​ ​លោក​កឹម សុខា​ ​ដក​ចេញ​នូវ​ការ​រឹតត្បិត​លើ​សិទ្ធិ​នយោបាយ​របស់​លោក​ ​និង​មេដឹកនាំ​បក្សប្រឆាំង​ដទៃ​ទៀត ​និង​បង្កើត​ឲ្យ​មាន​កិច្ច​សន្ទនា​ជាបន្ទាន់​មួយ​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​ ​ក្នុង​គោល​បំណង​កសាង​ការ​ផ្សះផ្សា​ជាតិ​ពិត​ប្រាកដ»។​

កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ ​អ្នកស្រី​ ​Michelle Bachelet​ ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ ​បាន​ថ្លែង​ក្នុង​សុន្ទរក​ថា​បើក​សម័យ​ប្រជុំ​លើក​ទី​៣៩​ ​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស​ថា​ ​ការ​ធ្លាក់ចុះ​នៃ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​ ​គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ​និង​សង្គម​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី​ក៏​បាន​ស្វាគមន៍​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​ ​និង​ការ​ដោះលែង​លោក​កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​នា​ពេល​ថ្មីៗ​នេះ​ ​ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើ​អ្នក​ទាំង​នោះ​ផង​ដែរ។​

អ្នកស្រី​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំ​សូម​ស្វាគមន៍​ការ​ដោះលែង​កាល​ពី​ខែ​មុន​ ​នូវ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយរូប​ដែល​លេចធ្លោរ​ជាង​គេ​ ​អ្នក​កាសែត​២រូប ​និង​សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន ​ដែល​រួមមាន​លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ​ប៉ុន្ដែ​រដ្ឋាភិបាល​គួរតែ​ដោះ​លែង​ ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​នយោបាយ​ទាំងអស់​ ​អ្នក​សារព័ត៌មាន​ ​និង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ​ឬ​ផ្ដន្ទាទោស​ ​ដោយ​សារ​តែ​ពួកគេ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន»។​

ទន្ទឹម​គ្នា​នោះ​ ​នាយក​ជាន់ខ្ពស់​របស់​អង្គការ​លើកលែង​ទោស​អន្ដរជាតិ​ទទួល​បន្ទុក​ប្រតិបត្តិការ​សកល​ ​លោក​ ​Minar Pimple​ ​ក៏បាន​លើក​ឡើងក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃច័ន្ទ​ម្សិលមិញ​ដែរ​ថា ករណី​ដែល​លោក​កឹម សុខា​ ត្រូវ​បាន​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​១ឆ្នាំ​ ​ដោយ​គ្មាន​ភ័ស្តុតាង​ច្បាស់​លាស់​នោះ គឺ​ដោយសារ​ហេតុផល​នយោបាយ។​ ​លោក​បន្ថែម​ថា​ ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ដោះលែង​លោក​ ​កឹម សុខា​ ដោយ​គ្មាន​លក្ខខណ្ឌ ​និង​ត្រូវ​ធានា​ថា​ ​លោក​ទទួល​បាន​ការ​ថែ​ទាំង​សុខភាព​ដិត​ដល់​ក្រោយ​ចេញ​ពី​ពន្ធនាគារ។

លោក​បញ្ជាក់​ថា៖​

«ឥឡូវ​នេះ​លោកកឹម សុខា​ បាន​ក្លាយ​ជា​អ្នកទោស​ក្នុង​ផ្ទះ​របស់​គាត់។​ ​យើង​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​គាត់​ ​និង​ឲ្យ​គាត់​មាន​សេរីភាព​ជា​អចិន្ដ្រៃយ៍​ទាំង​ស្រុង និង​ដោយ​គ្មាន​លក្ខខណ្ឌ។​ ​តាម​រយៈ​របាយ​ការណ៍​ដែល​លោក​ត្រូវ​ការ​ការ​មើល​ថែ​នៅ​មន្ទីរ​ពេទ្យ​នោះ​ ​យើង​ក៏​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​អនុញ្ញាត​ឲ្យលោកទទួល​បានការ​យកចិត្ត​ទុកដាក់​ផ្នែក​វិទ្យា​សាស្ដ្រ​គ្រប់គ្រាន់»។​

លោកកឹម សុខា​ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំ ​និង​១​សប្តាហ៍​គត់​ ​បន្ទាប់​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ចេញ​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​ រំលង​អាធ្រាត្រ​ ​ឈាន​ចូលថ្ងៃ​ទី៣​ ​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ​ទាំង​មាន​អភ័យ​ឯកសិទ្ធិ។​ តុលាការ​បាន​ចោទ​ប្រកាន់​ថា​ ​លោក​បាន​ឃុបឃិត​ជាមួយ​បរទេស​ រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ឯ​ខេត្ត​ត្បូងឃ្មុំ។​

លោក​កឹម សុខា​ ​ដែល​មាន​ជំងឺ​លើស​ឈាម​ ​ទឹកនោម​ផ្អែម ​និង​ត្បៀត​សសៃ ​ត្រូវ​បាន​លោក​គឺ ឫទ្ធី​ ចៅក្រម​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ ​ក្រោម​ហេតុ​ផល​ដើម្បី​ព្យាបាល​ជំងឺ ​ក្រោយ​ពី​ចៅក្រម​រូបនេះ​បញ្ជា​ឲ្យឃុំ​ខ្លួន​លោក​ជា​បន្តបន្ទាប់​ កាល​ពីពេល​កន្លង​មក។

ខណៈ​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ដែល​តែង​ប្រកាស​ជា​បន្ត​បន្ទាប់​ថា​ លោក​កឹម សុខា នឹង​មិនត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ ​ក៏​បាន​ថ្លែង​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ ​ការ​ដោះលែង​លោក​កឹម សុខា​ គឺ​ដោយសារ​ហេតុ​ផល​សុខភាព​ផង​ដែរ។​

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ​អ្នក​ជាប់ឃុំ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​«ជា​ចំណាប់​ខ្មាំង​នយោបាយ»​ ​ត្រូវ​បាន​លើកលែង​ទោស​ ​និងមួយ​ចំនួន​ទៀត​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។​ ​ក្នុង​នោះ​រួមមាន​អ្នកស្រី​ ​ទេព វន្នី​ ​សកម្មជន​បឹងកក់​ អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរីពីរ​រូប​ ​គឺ​លោក​ ​យាង សុធារិន​ ​និង​លោក​ ​អ៊ួន ឈិន​ ​ព្រមទាំង​សកម្ម​ជន​ ​និង​សមាជិក​គណ​បក្ស​ប្រឆាំង​ចំនួន​១៥​រូប​ផ្សេង​ទៀត។​

លោក​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ប្រាប់​ ​VOA ថា​ ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ទទួល​យក​ការ​អំពាវនាវ​ណាមួយ​របស់​អន្តរជាតិ​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​រាល់​ការ​សម្រេច​តាម​ផ្លូវ​ច្បាប់​គឺ​ជា​យុត្តា​ធិការ​របស់តុលាការ​កម្ពុជា​ ​មិនមាន​រដ្ឋ​បរទេស​ណាមួយ​អាច​មក​ជ្រៀតជ្រែក​បាន​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ ​រដ្ឋ​អធិបតេយ្យ​ ​យើង​មិន​ចំណុះ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ ឬ​ក៏មិន​ចំណុះចំ​ពោះការ​ដាក់​សម្ពាធ​មក​លើ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ​ឬ​ដំណើរ​ការ​យុត្តិធម៌​ ​ដែល​ជា​ដែន​អធិបតេយ្យរបស់កម្ពុជា​ទេ»។​

ការ​ដោះលែង​លោក​កឹម សុខា​ ​និង​ការ​ដោះលែងអ្នក​ជាប់​ឃុំ​ជា​ច្រើន​រូប​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា​«ចំ​ណាប់​ខ្មាំង​នយោបាយ»ធ្វើឡើង​ជាបន្ត​បន្ទាប់​ ​ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី​ ​ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។​ ​ការបោះ​ឆ្នោត​នោះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ធំៗ​ជា​ច្រើន​រិះគន់​ថា​ ​ជា​ការ​បោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ​ ​និង​មិន​អាច​ទទួល​យក​បាន។​

​សហគមន៍​អឺរ៉ុប​ ​និង​សហ​រដ្ឋ​អាមេរិក​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​របស់​កម្ពុជា​ ​និង​តែង​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ប្រមាណ​ជិត​១ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​ ​បាន​ព្រមាន​ដក​ការ​អនុគ្រោះ​នេះ​ ​ប្រសិន​បើ​កម្ពុជា​មិន​ដោះ​លែង​លោកកឹម សុខា​ ​និង​មិន​ធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ​ដែល​ពួកគេ​លើក​ឡើង​ថា​«កំពុង​ខ្ទេចខ្ទាំ» ដោយ​សារ​ការ​បង្ក្រាប​បក្ស​ប្រឆាំង​ ​ការ​បង្ក្រាប​សង្គម​ស៊ីវិល ​និង​សារ​ព័ត៌មាន​ឯករាជ្យ​នោះ៕

XS
SM
MD
LG