ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Sanders ​សុំ​ឲ្យ​ពួក​ជឿន​លឿន​និយម​រក្សា​របៀប​វារៈ​ត​ទៅ​ទៀត​ដោយ​បោះឆ្នោត​ជូន​លោក Biden


រូបឯកសារ៖ អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​បច្ចុប្បន្ន​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជា​ធិបតេយ្យ លោក Joe Biden និង​សមាជិក​ព្រឹត្តសភា Bernie Sanders កាល​ពី​ពេល​ជជែក​ដេញ​ដោល​គ្នា​នៅ​ទូរទស្សន៍ CNN។
រូបឯកសារ៖ អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​បច្ចុប្បន្ន​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជា​ធិបតេយ្យ លោក Joe Biden និង​សមាជិក​ព្រឹត្តសភា Bernie Sanders កាល​ពី​ពេល​ជជែក​ដេញ​ដោល​គ្នា​នៅ​ទូរទស្សន៍ CNN។

លោក ​Sanders ​អតីត​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​និយាយ​ប្រាប់​មហា​សន្និបាត​គណបក្ស​ប្រជា​ធិបតេយ្យ​ថា​ ការ​យក​ជ័យជំនះ​លើ​លោក ​Trump ​ជា​ការ​សំខាន់​បំផុត​ក្នុង​ការ​រក្សា​បុព្វហេតុ​ជឿន​លឿន​នៅ​ក្នុង​ចំណោម​ប្រជារាស្ត្រ​អាមេរិកាំង។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​ពេល​បួន​ឆ្នាំ​ដែល​សេចក្តី​សង្ឃឹម​របស់​ពួក​អ្នក​បោះឆ្នោត​និយម​ការ​ជឿន​លឿន​ក្នុង​ការ​ធ្វើ​ឲ្យ​លោក​ ប៊ឺនី សេនដឺ​ (Bernie Sanders) ​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ប្រចាំ​រដ្ឋ ​Vermont​ ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​បាត់បង់​កាល​ពី​រដូវ​ស្លឹក​ឈើ​លាស់​នេះ​នៅ​ពេល​លោក ​Sanders ​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​សង្គម​មួយ​និង​កម្មវិធី ​សុខភាព​Medicare ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​គ្រប់​គ្នា​ ហើយ​លោក​អតីត​អនុ​ប្រធានាធិបតី​ចូ បៃដិន​(Joe Biden) ​ទទួល​ជ័យជំនះ​នៅ​ក្នុង​ការ​ប្រជែង​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី។​

កាល​ពី​ឆ្នាំ​២០១៦ ​ពួក​ប្រជា​ធិបតេយ្យ​សេរី​និយម​ទាំង​នេះ​ច្រើន​នាក់​មិន​បាន​ទៅ​បោះឆ្នោត​ទូទៅ​ទេ​នៅ​ក្រោយ​លោកស្រី​ហ៊ីលឡារី​ គ្លីនតុន​ (Hillary Clinton) ​បាន​ឈ្នះ​លោក ​Sanders ​ក្នុង​ការ​ទទួល​ការ​តែង​តាំង​ជា​បេក្ខនារី​ប្រធានាធិបតី​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ហើយ​លោក​ Sanders ​ហាក់​ដូច​ជា​មិន​បាន​សុំ​ពេញ​ទំហឹង​ឲ្យ​ពួក​គេ​គាំទ្រ​លោកស្រី ​Clinton​ ក្នុង​ការ​បោះឆ្នោត​នោះ​ទេ។

ក៏​ប៉ុន្តែ​លោក ​Sanders ​បាន​និយាយ​បង្ហាញ​ហេតុផល​ខ្លាំង​កាលពី​យប់​ថ្ងៃ​ច័ន្ទ​ទី១៧​ខែ​សីហា​នៅ​ពេល​ចាប់​ផ្តើម​មហា​សន្និបាត​គណបក្ស​ដោយ​និយាយ​ថា បញ្ហា​និង​គោល​នយោបាយ​ជឿនលឿន​នឹង​មាន​ត​ទៅ​ទៀត ​ប្រសិន​បើពួក​គេ​ជួយ​លោក​ Biden ​ដែល​មិន​និយម​ជ្រុល​យក​ជ័យជំនះ​លើ​លោក​ប្រធានាធិបតី ​ដូណាល់ត្រាំ ​(DonaldTrump) ​ក្នុង​ការ​បោះឆ្នោត​ទូទៅ​នៅ​ថ្ងៃ​ទី៣​វិច្ឆិកា​ខាង​មុខ​នេះ។​

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​ពីផ្ទះ​របស់​លោក​ឯ​ក្រុង ​Burlington ​រដ្ឋ ​Vermont​ ​លោក​Sanders​បាន​និយាយ​ថា៖ ​«អនាគត​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​យើង​កំពុង​មាន​គ្រោះថ្នាក់។​ ទស្សនៈ​ជា​ច្រើន​ក្នុង​បណ្តា​គំនិត​របស់​យើង​ដែល​យើង​បាន​ប្រយុទ្ធ​ការពារ​កាល​ពី​ពីរ​បី​ឆ្នាំ​មុន​នេះ​ បាន​ត្រូវ​ចាត់​ថា​ ជ្រុល​និយម​ តែ​នៅ​ពេល​នេះ​មហាជន​យល់​ហើយ»។​

ការ​អំពាវនាវ​របស់​លោក​ Sanders​ ឲ្យ​មាន​ឯកភាព​ក្នុង​គណបក្ស​នេះ​គឺ​ជា​ការងាក​ចេញ​ពី​វិធាន​ការ​មុនៗ​របស់​លោក​ ដែល​បាន​ព៌ណនា​ខ្លួន​លោក​ថា​ ជា​អ្នក​សង្គម​និយម​ប្រជា​ធិបតេយ្យ​ដែល​ជា​គូប្រជែង​ចុង​ក្រោយ​បង្អស់​របស់​លោក ​Biden ​កាល​ពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំ​នេះ។ លោក​ Sanders​មិន​បាន​គាំទ្រ​ដោយ​ភក្តីភាព​ជានិច្ច​ចំពោះ​គណបក្ស​ប្រជា​ធិបតេយ្យ​ទេ​ ទោះបី​ជា​លោក​ជា​សមាជិក​គណៈ​កម្មាធិការ​គណបក្ស​គឺ​caucus​នៅ​ក្នុង​ព្រឹទ្ធ​សភា​ស.រ.អា.។​

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​អ្នក​ស្រី Kamala Harris បេក្ខជន​អនុប្រធានាធិបតី ​ស្វាគមន៍​អ្នក​គាំទ្រ​ពី​មជ្ឈមណ្ឌល Chase Center នៅ​ទីក្រុង Wilmington រដ្ឋ​ Delaware សហរដ្ឋ​អាមេរិក។
លោក Joe Biden បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​អ្នក​ស្រី Kamala Harris បេក្ខជន​អនុប្រធានាធិបតី ​ស្វាគមន៍​អ្នក​គាំទ្រ​ពី​មជ្ឈមណ្ឌល Chase Center នៅ​ទីក្រុង Wilmington រដ្ឋ​ Delaware សហរដ្ឋ​អាមេរិក។

សាខា​ជឿនលឿន​និយម​

លោក ​Sanders ​ត្រូវ​គេ​មើល​ឃើញ ​ថា​ ជា​មេ​ដឹកនាំ​នៃ​សាខា​ជឿន​លឿន​និយម​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ជា​ក្រុម​មួយ​នៃ​ពួក​អ្នក​បោះឆ្នោត​សេរីនិយម​ដែល​ទ្រទ្រង់​គោល​នយោបាយ​កែ​ទម្រង់​សង្គម​ក្នុង​គោល​បំណង​ជួយ​ប្រជារាស្ត្រ​អាមេរិកាំង​ដែល​មាន​ឋានៈ​ទន់​ខ្សោយ​ដោយ​មាន​រួម​បញ្ចូល​កម្ម​វិធី​ថែទាំ​សុខភាព​សាកល​ ​ការ​រៀន​ក្នុង​មហា​វិទ្យាល័យ​ដោយ​មិន​ចាំបាច់​បង់ប្រាក់​ប្រាក់​បៀវត្សរ៍​អប្បបរិមា​ច្រើន​ជាង​មុន​និង​អត្ថ​ប្រយោជន៍​សង្គម​កិច្ច​មួយ​ចំនួន​ទៀត។​

លោក​ Sanders ​បាន​អំពាវនាវ​ឲ្យ​ពួក​អ្នក​គាំទ្រ​លោក​គិត​ថា​ ការ​យក​ជ័យជំនះ​លើ​លោក ​Trump​ មាន​សារៈ​សំខាន់​ណាស់​ដល់​ការ​រក្សា​បុព្វហេតុ​ជឿន​លឿន​និយម​នៅ​ក្នុង​ការ​ពិភាក្សា​ក្នុង​ចំណោម​មហា​ជន​អាមេរិកាំង។​

លោក​ James Thurber ​ជា​សាស្ត្រចារ្យ​នៅ​ក្នុង​ដេប៉ាតឺម៉ង់​វិជ្ជា​រដ្ឋាភិបាល​នៃ​សាកល​វិទ្យាល័យ​ឈ្មោះ​American University។ ​លោក​បាន​និយាយ​ថា៖​«ខ្ញុំ​យល់​ថា​លោក ​Sanders​ បាន​បង្ហាញ​ដោយ​ជោគជ័យ​ថា ​លោក​គាំទ្រ​ខ្លាំង​ដល់​លោក​ Joe Biden ​និង​បេក្ខនារី​អនុ​ប្រធានាធិបតី ​Harris ដោយ​លោក​បាន​ពន្យល់​ដល់​ចលនា​របស់​លោក​ថា ​បញ្ហា​ជា​ច្រើន​ដែល​លោក​បាន​ជំរុញ​នៅ​ពេល​នេះ​ជា​បញ្ហា​សំខាន់ៗ​ដែល​មហាជន​យក​ចិត្ត​ទុកដាក់​ហើយ​ថា​ លោក​ចង់​ធ្វើការ​ជា​មួយ​ពួក​ជឿនលឿន​និយម​ ពួក​មិន​និយម​ជ្រុល​និង​ពួក​អភិរក្ស​និយម​ដើម្បី​ធ្វើ​ឱ្យ​លោក​ Biden​ ជាប់​ឆ្នោត»។ ​លោក​បាន​និយាយ​យោង​ដល់​លោកស្រី​ Kamala Harris ​សមាជិកា​ព្រឹទ្ធ​សភា​ស.រ.អា.​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California)​ ដែល​ជា​ដៃគូ​លោក​ Biden ​សម្រាប់​តំណែង​អនុ​ប្រធានាធិបតី​ស.រ.អា.។​

លោក​ Sanders ​បាន​និយាយ​ប្រាប់​ពួក​អ្នក​គាំទ្រ​លោក​ថា​ សេចក្តី​ថ្លៃថ្នូរ​ជឿន​លឿននិយម​អាច​ត្រូវ​អន្តរាយ​បើ​ពួក​គេ​មិន​បោះឆ្នោត​ឱ្យ​លោក​ Biden​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា ​ លោក​Trump ​មិន​ឈ្នះ​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​អាណត្តិ​ទី​ពីរ​នោះ​ទេ។​

លោក​Sanders​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៧​ខែ​សីហា​ថា៖ ​«នៅ​ក្រោម​រដ្ឋបាល​នេះ​ ​ការ​និយម​អំណាច​ផ្តាច់ការ​ចាក់​ឫស​នៅ​ក្នុង​ប្រទេស​យើង។ ខ្ញុំ​ គ្រួសារ​ខ្ញុំ​និង​គ្រួសារ​ជា​ច្រើន​របស់​លោក​អ្នក​ដឹង​អំពី​វិធី​បញ្ឆោត​ដែល​ការ​និយម​អំណាច​ផ្តាច់ការ​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ ​សុភាវធ៌ម​និង​មនុស្ស​ជាតិ»។​

ហេតុផល​ធ្វើ​ឱ្យ​ពួក​អ្នក​គាំទ្រ​បោះឆ្នោត​ជូន​លោក​Biden​

លោក​ ត្រាំ ​បាន​និយាយ​អះអាង​ច្រើន​ដង​ថា ​ពួក​ប្រជា​ធិបតេយ្យ​សេរីនិយម​ដូច​ជា​លោក​ Sanders​ជា​ដើម​ធ្វើ​សកម្មភាព​ដើម្បី​«បំផ្លាញ​ប្រទេស»​ ហើយ​កំពុង​លើក​តម្កើង​សង្គមនិយម​ដែល​ប្រជារាស្ត្រ​អាមេរិកាំង​ច្រើន​នាក់​មិន​ចូល​ចិត្ត។​

វោហារសាស្ត្រ​របស់​លោក​ Sanders ​មាន​គោល​ដៅ​បង្ហាញ​ហេតុផល​ឱ្យ​ពួក​អ្នក​គាំទ្រ​លោក​បោះឆ្នោត​ជូន​លោក​ Biden​ ជាជាង​នៅ​ផ្ទះ​ឬ​ជ្រើសរើស​បេក្ខជន​ម្នាក់​ទៀត​គឺ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។​

លោក​ Thurber ​នៃ​សាកល​វិទ្យាល័យ​American University ​បាន​និយាយ​ថា៖​ «យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា​ កាល​ពី​ឆ្នាំ​២០១៦​លោកស្រី​ Hillary Clinton ​បាន​ចាញ់​ឆ្នោត​ប្រមាណ​៦​ម៉ឺន​៨​ពាន់​សន្លឹក​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​បី​រួម​គ្នា​គឺ​រដ្ឋ ​Pennsylvania ​ រដ្ឋ ​Wisconsin ​និង​រដ្ឋ ​Michigan។​ ហើយ​នៅ​ក្នុង​រដ្ឋ​ទាំង​នោះ​មនុស្ស​១​សែន​ ២​សែន​នាក់​បាន​បោះឆ្នោត​ឱ្យ​ពួក​បេក្ខជន​នៃ​គណបក្ស​ទីបី​និង​ទី​បួន​ ហើយ​ជា​ច្រើន​នាក់​មិន​ទៅ​បោះឆ្នោត​ទេ។​ហើយ​នេះ​ជា​បញ្ហា​សំខាន់​នៅ​ទី​នេះ។​ លោក ​Sanders​ បាន​និយាយ​បង្ហាញ​ហេតុផល​លើក​ទឹក​ចិត្ត​ពួក​អ្នក​គាំទ្រ​លោក​ឱ្យ​ទៅ​បោះឆ្នោត​ជូន​លោក ​Biden ​ហើយ​កុំ​ឱ្យ​បោះឆ្នោត​ឱ្យ​បេក្ខជន​ម្នាក់​ទៀត»។​

ដោយ​កត់​សម្គាល់​ថា​ លោក​នៅ​មាន​ការ​មិន​ស្រប​គ្នា​ជា​មួយ​លោក​Biden ​អំពី​គោល​នយោបាយ​សំខាន់ៗ​នោះ​ ​លោក​ Sanders ​ក៏​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​លោក​ថា​ ​វិស័យ​ជា​ច្រើន​ដែល​បុព្វហេតុ​ជឿនលឿន​និយម​អាច​ត្រូវ​ជំរុញ​ ប្រសិន​បើ​ពួក​ប្រជា​ធិបតេយ្យ​កាន់​អំណាច​នៅ​ក្នុង​សេតវិមាន​វិញ។ ​ពួក​អ្នក​ធ្វើការ​ឃោសនា​បោះឆ្នោត​ជូន​លោក ​Biden​ បាន​ធ្វើការ​ជា​មួយ​លោក ​Sanders ​ក្នុង​ពេល​ប៉ុន្មាន​អាទិត្យ​មុន​មហា​សន្និបាត​គណបក្ស​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា ​គោលដៅ​ជឿនលឿន​និយម​មាន​រួម​បញ្ចូល​ក្នុង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ។​

លោក ​Sanders​បាន​និយាយ​ថា​ លោក ​Biden ​គាំទ្រ​បុព្វហេតុ​ជឿនលឿន​និយម​ដូចជា​ការ​បង្កើន​ប្រាក់​បៀវត្សរ៍​អប្បបរិមា​ដល់​១៥​ដុល្លារ​ក្នុង​មួយ​ម៉ោង​ការ​សុំ​ឈប់​មិន​ធ្វើការ​ដោយ​នៅ​មាន​ប្រាក់​បៀវត្សរ៍​ដើម្បី​ជួយ​គ្រួសារ​មាន​បញ្ហា​ដូចជា​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ដើម​និង​ការ​ផ្តល់​ប្រាក់​ដល់​ការ​សិក្សា​សាកល​សម្រាប់​កុមារ​អាយុ​៣​និង​៤​ឆ្នាំ​ ហើយ​ធ្វើឱ្យ​មាន​ការ​ថែទាំ​កុមារ​សម្រាប់​គ្រួសារ​រាប់​លាន។​

លោក ​Sanders ​បាន​កត់​សម្គាល់​ថា​ ​ផែនការ​ថែទាំ​សុខភាព ​Medicare ​សម្រាប់​ប្រជារាស្ត្រ​គ្រប់គ្នា​ដែល​ជា​កម្មវិធី​ធានារ៉ាប់​រង​ខាង​សុខាភិបាល​សម្រាប់​ជន​ជាតិ​អាមេរិកាំង​គ្រប់​គ្នា​ មិន​បាន​ត្រូវ​រួម​បញ្ចូល​ក្នុង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ទេ។​

លោក ​Sanders ​បាន​ថ្លែង​ថា៖​ «បើទោះជា ​លោក​ Joe ​និង​ខ្ញុំ​មិន​យល់ស្រប​គ្នា​អំពី​មា៌គា​ល្អ​បំផុត​សម្រាប់​ឱ្យ​មាន​ផែនការ​ថែទាំ​សុខភាព​សាកល​ក៏ដោយ​ក៏​លោក​ Joe ​មាន​ផែនការ​មួយ​ដែល​ពង្រីក​ការ​ថែទាំ​សុខភាព​និង​បន្ថយ​តម្លៃ​ឱសថ។​ បន្ថែម​លើ​នេះ​ លោក​ Joe ​នឹង​បន្ទាប​អាយុ​ជន​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​Medicare​ពី​៦៥ឆ្នាំ​មក​នៅ​ត្រឹម​៦០​ឆ្នាំ៕​

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG