វ៉ាស៊ីនតោន — ចាប់តាំងពីបានក្លាយខ្លួនជាអ្នកនយោបាយមក លោក Mike Pence អនុប្រធានាធិបតីអាមេរិក បានព៌ណនាខ្លួនលោកជា «អ្នកកាន់សាសនាគ្រឹស្ត អ្នកអភិរក្សនិយម និងជាអ្នកសាធារណរដ្ឋម្នាក់»។
ក៏ប៉ុន្តែ ក្នុងរយៈពេលបីឆ្នាំកន្លះដោយបានបំពេញតួនាទីជាមេដឹកនាំទីពីរនៅក្នុងសេតវិមាន លោក Pence ត្រូវបានចាត់ទុកជាបុគ្គលដែលមានស្វាមីភ័ក្តិខ្លាំងក្លា ចំពោះលោកប្រធានាធិបតី Donald Trump ខណៈលោកទាំងពីរកំពុងស្វះស្វែងរកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។
កាលពីឆ្នាំ ២០១៦ លោក Trump បានជ្រើសរើសលោក Pence ដែលមិនសូវមាននរណាស្គាល់ក្រៅរដ្ឋរបស់លោក ឱ្យធ្វើជាបេក្ខជនអនុប្រធានាធិបតី។
លោក Trump ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យ នៅបូរី New York និងជាអ្នកសប្បាយហ៊ឺហា នៅពេលលោកមានប្រពន្ធទីបី បានជ្រើសរើសលោក Pence ដើម្បីបង្កើនកេរ្តិ៍ឈ្មោះលោក ក្នុងចំណោមអ្នកបោះឆ្នោតអភិរក្សនិយម ដែលលោកត្រូវការ ដើម្បីប្រកួតប្រជែងតទល់នឹងលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ។
ជាមួយកេរ្តិ៍ឈ្មោះលោកជាអ្នកអភិរក្សនិយមដ៏យូរអង្វែងម្នាក់ ក្នុងនាមលោកជាសមាជិកសភាតំណាងរាស្ត្រអាមេរិកាំង និងជាអភិបាលរដ្ឋមួយអាណត្តិ តំណាងរដ្ឋ Indiana នាប៉ែកកណ្តាលខាងលិចសហរដ្ឋអាមេរិក លោក Pence បានបង្ហាញថា លោកសក្តិសមជាបេក្ខជនអនុប្រធានាធិបតីយ៉ាងពិតប្រាកដ។
លោក Trump បានឈ្នះឆ្នោតដោយមិនបានគិតទុកជាមុន ហើយលោក Pence បានធ្វើតាមគោលជំនឿរបស់លោក។
លោក Pence បានផ្តល់ឱ្យលោក Trump នូវការភ្ជាប់ទាក់ទងសំខាន់មួយ ជាមួយក្រុមអ្នកគោពគ្រឹស្តសាសនានិកាយ Evangelic ដែលជាក្រុមអ្នកបោះឆ្នោតអភិរក្សនិយម នៃគណបក្សសាធារណរដ្ឋ ដែលមានទាំងអស់ ១ភាគ៤ នៃក្រុមអ្នកបោះឆ្នោតក្នុងសហរដ្ឋអាមេរិក។ ស្របពេលជាមួយគ្នានេះដែរ លោកតែងតែកោតសរសើរចៅហ្វាយនាយលោក គឺលោកប្រធានាធិបតី Trump។
យ៉ាងណាក៏ដោយ ក៏ការរិះគន់មួយដែលកម្រកើតឡើងក្នុងការឃោសនាការបោះឆ្នោត កាលពីឆ្នាំ២០១៦ បន្ទាប់ពីមានការចេញផ្សាយវីដេអូមួយ ដែលបង្ហាញលោក Trump ប្រើពាក្យសម្តីអាសអាភាសលើស្ត្រី លោក Pence បានឆ្លើយតបនឹងការរិះគន់នោះ ដោយនិយាយថា៖
«ខ្ញុំមិនយល់ស្របជាមួយការកត់សម្គាល់ទាំងនេះលើលោក Trump ទេ ហើយក៏មិនអាចការពារលោកបានដែរ»។ ក៏ប៉ុន្តែ ក្នុងឋានៈលោកជាអនុប្រធានាធិបតីក្រោមរដ្ឋបាលរបស់លោក Trump លោក Pence តែងតែចាប់ផ្តើម សុន្ទរកថាផ្នែកគោលនយោបាយសាធារណៈ ដោយសរសើរលោក Trump ដែលជាអ្នកធ្វើឲ្យលោក [Pence] ស្ថិតលើឆាកនយោបាយជាមួយ ដូចជាថា «នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump...ជាដើម»។
នៅក្នុងការប្រជុំគណៈរដ្ឋមន្ត្រីមួយ កាលពីឆ្នាំ ២០១៧ លោក Pence បានកោតសរសើរលោកTrump ដែលអង្គុយទល់មុខលោក ចំនួន ១៤ ដង ដាច់ដោយឡែកពីគ្នា នៅក្នុងពេលតិចជាងបីនាទី គឺលោកបានសរសើរលោកប្រធានាធិបតី Trump សឹងតែរៀងរាល់ ១២ វិនាទី។
លោក Pence បានលើកសរសើរលោក Trump ថា៖ «លោកបានធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមាន នៅក្នុងប្រទេសនេះ។ ខ្ញុំមានកិត្តិយស ដែលបានក្លាយជាអនុប្រធានាធិបតីរបស់លោក ហើយអាចនៅវត្តមានទីនេះ»។
លោក Pence ដែលមានអាយុ ៦១ ឆ្នាំ ធំដឹងក្តីក្នុងរដ្ឋ Indiana បានទទួលបរិញ្ញាប័ត្រខាងច្បាប់ និងបានធ្វើការជាមេធាវី។ មិនយូរប៉ុន្មាន លោកបានចូលធ្វើនយោបាយ។ លោកបានចាញ់ឆ្នោតនៅក្នុងការឈរឈ្មោះពីរលើក សម្រាប់អាសនៈជាសភាតំណាងរាស្ត្រអាមេរិកាំង កាលពីឆ្នាំ ១៩៨៨ និងឆ្នាំ ១៩៩០។ ក៏ប៉ុន្តែ លោកនៅតែរក្សាសំឡេង និងមុខមាត់លោក នៅចំពោះមុខពលរដ្ឋនៅក្នុងរដ្ឋ Indiana ដោយធ្វើជាវាគ្មិនអភិរក្សនិយម នៅក្នុងកម្មវិធីសំណេះសំណាល តាមវិទ្យុពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៩។
កាលពីឆ្នាំ ២០០០ លោកបានឈ្នះឆ្នោតក្លាយជាសភាតំណាងរាស្ត្រអាមេរិកាំងជាលើកដំបូង។ លោក Pence បានកាន់តំណែងជាសភាតំណាងរាស្ត្រ ៦អាណត្តិ។ នៅរដ្ឋសភា លោកបានធ្វើការបោះឆ្នោតជាច្រើនដោយគាំទ្រគោលការណ៍អភិរក្សនិយម ហើយលោកបានបំពេញតួនាទីសំខាន់ៗជាច្រើននៅក្នុងជួរមេដឹកនាំគណបក្សសាធារណរដ្ឋ។
នៅក្នុងអាណត្តិមួយ លោកត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការខាងការសិក្សាស្រាវជ្រាវសម្រាប់គណបក្សសាធារណរដ្ឋ ដែលជាក្រុមមួយនៃសមាជិកសភាអភិរក្សនិយម។ ក៏ប៉ុន្តែ លោកបានចាញ់ឆ្នោតដើម្បីប្រកួតប្រជែងក្លាយជាមេដឹកនាំក្រុមភាគតិចខាងគណបក្សសាធារណរដ្ឋ នៅពេលដែលសមាជិកគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិកាំង។ ក្នុងរយៈពេល ១២ ឆ្នាំ ដែលលោកបានកាន់តំណែងជាសភាតំណាងរាស្ត្រអាមេរិកាំង លោកបានស្នើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចំនួន ៩០ តែគ្មានសេចក្តីព្រាងច្បាប់និងសេចក្តីសម្រេចណាមួយ បានទទួលការអនុម័តជាច្បាប់ទេ។
លោក Pence បានឈ្នះការបោះឆ្នោតតំណែងជាអភិបាលរដ្ឋ Indiana កាលពីឆ្នាំ ២០១២ ហើយលោកបានគាំទ្រគោលការណ៍អភិរក្សនិយមថែមទៀត។ លោកបានចុះហត្ថលេខាលើវិធានការមួយចំនួន ដើម្បីរឹតត្បិតការពន្លូតកូន និងការកាត់ពន្ឋដារជាមួយនឹងច្បាប់រារាំងរដ្ឋាភិបាលមូលដ្ឋាន នៅក្នុងរដ្ឋមិនឱ្យតម្រូវវិស័យធុរកិច្ច បង់ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ដល់ពលរដ្ឋដែលជាអ្នកធ្វើការច្រើន ជាងការតម្រូវដោយច្បាប់សហព័ន្ធ។
ក្នុងបញ្ហាមួយដែលនាំឱ្យមានការយកចិត្តទុកដាក់ក្នុងប្រទេសជាតិ លោក Pence បានចុះហត្ថលេខាលើវិធានាការមួយដែលមានឈ្មោះថា ច្បាប់ធ្វើឱ្យមានសេរីភាពសាសនាឡើងវិញ ដែលអនុញ្ញាតឱ្យបុគ្គល និងក្រុមហ៊ុន អះអាងជាអ្នកការពារតាមទម្រង់ការច្បាប់លើគោលការណ៍សាសនាមួយដែលថា ការគោរពសាសនារបស់ពួកគេ ជា ឬទំនងជាបន្ទុក បើបុគ្គល និងក្រុមហ៊ុននោះត្រូវបានតម្រូវឱ្យមានការទាក់ទងដូចគ្នា នៅក្នុងការធ្វើជំនួញរកស៊ី។ ក្រុមអភិរក្សនិយមនៅក្នុងរដ្ឋនោះ និងនៅកន្លែងឯទៀតៗ យល់ឃើញថា ច្បាប់នេះជាវិធីមួយដើម្បីជំទាស់នឹងការរៀបការរវាងមនុស្សមានភេទដូចគ្នាដែលជាការត្រឹមត្រូវតាមច្បាប់។
ក៏ប៉ុន្តែ បន្ទាប់ពីមានការតវ៉ាពីក្រុមសាធារណរដ្ឋមិននិយមជ្រុល និងវិស័យធុរកិច្ច ដែលអះអាងថាពួកគេមិនរើធុរកិច្ចទៅកាន់រដ្ឋ Indiana ឬពង្រីកកិច្ចប្រតិបត្តិការមានរួចហើយនៅទីនោះ លោក Penceបានដកថយវិញ ហើយបានកែច្បាប់នេះ ដោយហាមប្រាមមិនឱ្យមានការរើសអើងផ្អែកលើភេទ និងអត្តសញ្ញាណខាងយេនឌ័រ។
លោក Pence កំពុងប្រឈមនឹងការប្រកួតប្រជែងត៉ឹងតែងសម្រាប់អាណត្តិទីពីរ ដើម្បីតំណែងអភិបាលរដ្ឋ Indiana នៅពេលលោក Trump បានជ្រើសរើសលោកជាបេក្ខជនអនុប្រធានាធិបតីលោកខាងគណបក្សសាធារណរដ្ឋ កាលពីឆ្នាំ ២០១៦។
នៅពេលវីរុសកូរ៉ូណារាលដាលនៅសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២០ លោក Trump បានផ្តល់ឱ្យលោក Pence នូវមុខនាទីធំបំផុតរបស់លោកក្នុងសេតវិមាន ជាអ្នកមើលការខុសត្រូវលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការទប់ទល់នឹងការរាលដាលវីរុសនេះ និងសម្របសម្រួលការធ្វើតេស្តនិងការព្យាបាល នៅពេលចាប់ផ្តើមការស្រាវជ្រាវអភិវឌ្ឍវ៉ាក់សាំងផងដែរ។
លោក Pence បានធ្វើជាប្រធាននៃការប្រជុំក្នុងសេតវិមាន នៃគណៈកម្មការទប់ទល់នឹងវីរុសកូរ៉ូណា ហើយជាញឹកញយ លោកបានថ្លែងទៅកាន់ប្រទេសជាតិ អំពីព័ត៌មានថ្មីៗបំផុត ស្តីពីការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ នៅក្នុងការនិយាយត្រួសៗតាមទូរទស្សន៍ជាតិ រៀងរាល់ថ្ងៃ។
ក៏ប៉ុន្តែដោយប្រឈមនឹងការប្រកួតប្រជែងឱ្យជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តីទីពីរ តទល់នឹងលោកអតីតអនុប្រធានាធិបតី Joe Biden នោះ លោក Trump បានធ្វើជាប្រធាននៃការធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ហើយជួនកាល លោកបាននិយាយថា វីរុសកូរ៉ូណាបានត្រូវគ្រប់គ្រងហើយ ឬថានឹងអាចគ្រប់គ្រងបាន ក្នុងពេលឆាប់ៗនេះ ឬមួយក៏ថា នឹងមានវ៉ាក់សាំង នៅមុនដំណាច់ឆ្នាំ ២០២០។
ជាញឹកញយ លោក Pence បានរៀបរាប់អំពីទិដ្ឋភាពល្អ ជាងការពិតអំពីស្ថានភាពនៃការរាលដាលវីរុសកូរ៉ូណា នៅក្នុងសហរដ្ឋអាមេរិក ទោះណាជាមានពលរដ្ឋអាមេរិកាំងរាប់ម៉ឺននាក់ បានបាត់បង់ជីវិត ហើយអ្នកធ្វើការរាប់លាននាក់បានបាត់បង់ការងារក៏ដោយ។
លោក Pence បាននិយាយច្រើនដងតាមលោក Trump ថា ចំនួនករណីអ្នកមានផ្ទុកវីរុសនេះបានកើននៅក្នុងសហរដ្ឋអាមេរិក ដោយសារមានការធ្វើតេស្ត ច្រើនជាងមុន ដែលជាការមិនអើពើដល់ការពិតជាក់ស្តែងថា កាលពីខែមិថុនា វីរុសនេះបានរាលដាលខ្លាំងទៀតនៅក្នុងរដ្ឋ និងក្រុងដែលភាគច្រើនបានគេចផុតពីការរាតត្បាតដំបូង កាលពីខែមីនានិងមេសា។ នៅក្នុងជំនួបជាឯកជនជាមួយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ លោក Pence បានសុំឱ្យពួកគេផ្តោតការយកចិត្តទុកដាក់លើ «សញ្ញានាំឱ្យមានការលើកទឹកចិត្ត» នៅក្នុងការប្រយុទ្ធរបស់ប្រទេសប្រឆាំងនឹងវីរុសនេះ។
កាលពីពាក់កណ្តាលខែមិថុនា នៅក្នុងអត្ថបទបញ្ចេញមតិមួយនៅក្នុងកាសែត Wall Street Journal លោក Pence បាននិយាយថា ការភ្ញាក់ផ្អើលអំពីវីរុសកូរ៉ូណាបាន «ត្រូវបំប៉ោង»។
លោកបានអះអាងថា៖ «ដោយសារភាពជាអ្នកដឹកនាំរបស់លោកប្រធានាធិបតី Trump និងសេចក្តី ក្លាហាន ព្រមទាំងសេចក្តីមេត្តារបស់ប្រជារាស្ត្រអាមេរិកាំង ប្រព័ន្ធសុខាភិបាលសាធារណៈរបស់យើងខ្លាំងជាង កាលពីបួនខែមុន ហើយយើងកំពុងតែឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវ ដែលមើលមិនឃើញនេះ។
លោកបានសន្មតថា៖ «យើងបានពន្យឺតការរាលដាលនៃជំងឺនេះ យើងបានថែទាំក្រុមមនុស្សអាចរងគ្រោះដោយងាយ យើងបានជួយសង្គ្រោះជីវិត និងយើងបានបង្កើតគ្រឹះមាំទាំមួយ សម្រាប់ទប់ទល់នឹងឧបសគ្គទាំងឡាយណា ដែលយើងនឹងប្រឈមក្នុងពេលអនាគត។ នេះជាបុព្វហេតុមួយដែលសមនឹងទទួលបានការអបអរសាទរ មិនមែនការនិយាយនាំឱ្យមានការភ័យខ្លាច ដោយបណ្តាញផ្សាយព័ត៌មានទេ»។
ទោះណាជាលោក Pence បង្ហាញការយល់ឃើញរបស់លោកបែបនេះក៏ដោយ ក៏ការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហរដ្ឋអាមេរិក នៅតែកើនឡើងជាលំដាប់។ កាលពីសប្តាហ៍ទីពីរនៃខែសីហា ចំនួនមនុស្សស្លាប់ដោយសារជំងឺនេះ បានឡើងដល់ ១សែន ៥ម៉ឺន ៦ពាន់នាក់ ហើយមានករណីអ្នកមានផ្ទុកវីរុសនេះដល់ ៤លាន ៧សែននាក់ ដែលជាតួលេខខ្ពស់ ជាងប្រទេសឯទៀតៗក្នុងពិភពលោក៕
ប្រែសម្រួលដោយ ឈឹម សុមេធ