ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

FBI ផ្តល់​អនុសាសន៍​មិន​ឲ្យ​ចោទ​ប្រកាន់​លោក​ស្រី​ Clinton រឿង​ប្រើ​អ៊ីមែល​ឯកជន​


លោក​​ James Comey ប្រធាន​ការិយាល័​យស៊ើប​អង្កេត​សហព័ន្ធ ​FBI (ឆ្វេង) និយាយ​កាល​ពី​ថ្ងៃអង្គារ​ថា មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​លោក​ស្រី​ Clinton​ រឿង​ប្រើ​អ៊ីមែល​ឯកជន​ទេ។

ការិយាល័​យ ​FBI ​របស់​ស.រ.អា.​និយាយ​ថា ​ខ្លួន​មិន​ផ្តល់​អនុសាសន៍​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​លើ​លោកស្រី Hillary Clinton ទេ ​អំពី​ការ​ប្រើ​សារ​អេឡិចត្រូនិច​ ឬ អ៊ីមែល​ (email) ឯកជន​នៅ​ពេល​លោកស្រី​បម្រើការ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.។ ការ​ថ្លែង​ដូច្នេះ​បាន​ដកឧបសគ្គ​ធំមួយ​ខាង​នយោបាយ​និង​ខាង​ផ្លូវ​ច្បាប់​សម្រាប់​លោក​ស្រី​ដែល​បាន​ត្រូវ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ។​

លោក ​James Comey​ នាយក ​FBI ​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​លោក​ស្រី ​Clinton ដែល​បាន​បម្រើការ​ជា​អ្នក​ការទូត​កំពូល​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ២០១៣​ និង​ពួក​សហការី​លោក​ស្រី​នៅ​ក្នុង​ក្រសួង​ការបរទេស​អំពី​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​ការ​ចាត់​ចែង​ដោយ​ធ្វេស​ប្រហែស​បំផុត​របស់​ពួក​គេ​នូវ​ឯកសារ​សម្ងាត់​ដែល​ពួក​គេ​បាន​បញ្ជូន​ទៅ​វិញ​ទៅ​មក​តាម​រយៈ ​អ៊ីមែល ​ឯកជន​ ដែល​លោក​បាន​ស្រី​បាន​បង្កើត​នៅ​ឯផ្ទះ​លោកស្រី​ក្នុង​បូរី​ញូវយ៉ក។

ក៏​ប៉ុន្តែ​លោក ​Comey ​បាន​មានប្រសាសន៍​ថា នៅ​ក្នុង​ការ​ស៊ើបអង្កេត​ល្អិតល្អន់​លើ​អ៊ីមែល ​រាប់​ពាន់​របស់់​លោកស្រី​ Clinton ​ពួក​អ្នក​ស៊ើប​អង្កេត​របស់ ​FBI ​មិន​អាច​រក​ឃើញ​ភ័ស្តុតាង​ថា​ លោក​ស្រី​បាន​រំលោភ​លើ​ច្បាប់​ស.រ.អា.​យ៉ាង​ច្បាស់​លាស់​និង​ដោយ​ចេតនា​ទេ ​ហើយ​ថាគ្មាន​រដ្ឋអាជ្ញាណា​ម្នាក់​អាច​ប្តឹង​ករណី​បែប​នេះ​ប្រឆាំង​នឹង​លោកស្រី​ដោយ​ផ្អែក​លើ​ភ័ស្តុតាង​ដែល​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ច្រើន​សប្តាហ៍​នេះ​ទេ។

ការ​ស៊ើប​អង្កេត​របស់ ​FBI ​អំពី​ការ​ប្រើ​អ៊ីមែល ​ឯកជន​របស់​លោកស្រី​ធ្វើ​ឡើងយ៉ាង​សកម្ម​បំផុត​កាល​ពី​ថ្ងៃ​សៅរ៍​មុន​ ដោយ​ពួកអ្នក​ស៊ើប​អង្កេត​និង​ពួក​រដ្ឋអាជ្ញា​បានសាក​សួរ​លោក​ស្រី​បីម៉ោង​កន្លះ​នៅ​ឯ​ទីស្នាក់ការ​ធំ​របស់ ​FBI ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅ​ក្រោយ​សេចក្តី​ប្រកា​សរបស់​លោក​ Comey ​អ្នក​នាំ​ពាក្យ​របស់​លោក​ស្រី​ Clinton ​បាន​និយាយ​ថា ​ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​ជូន​លោកស្រី​មាន​ការ​ពេញ ​ចិត្ត​ជាមួយ​អនុសាសន៍​របស់​ FBI ​ដែល​មិន​ឱ្យ​ចោទ​ប្រកាន់​លោក​ស្រី​អំពី​រឿង​នេះ​ទេ៕

XS
SM
MD
LG