ក្រុមអ្នកវិភាគបាននិយាយថា ការដាក់ទណ្ឌកម្មជាលើកទី១របស់ស.រ.អា ទៅលើក្រុមហ៊ុនមួយចំនួនរបស់ចិន ត្រូវបានគេជឿថា អាចនឹងធ្វើឱ្យចិនកាន់តែបង្កើនជម្លោះតាមប្រជុំកូនកោះក្នុងសមុទ្រអាស៊ី និងជាសញ្ញាបង្ហាញពីគោលនយោបាយម៉ឺងម៉ាត់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទៅលើការពង្រីកដែនទឹករបស់ប្រទេសមហាអំណាចដែលជាគូប្រជែងរបស់ខ្លួន។
ការិយាល័យឧស្សាហកម្មនិងសន្តិសុខនៃក្រសួងពាណិជ្ជកម្មស.រ.អា. បានដាក់បញ្ចូលឈ្មោះក្រុមហ៊ុនចិនចំនួន២៤បន្ថែមទៀតក្នុងបញ្ជីរឹតត្បិតការនាំទំនិញចេញ និងការនាំទំនិញចេញទៅវិញ និងការដឹកផ្ទេរទំនិញក្នុងប្រទេសលើមុខទំនិញដែលធ្វើឱ្យប៉ះពាល់សន្តិសុខជាតិ ឬ ខូចខាតផលប្រយោជន៍គោលនយោបាយអន្តរជាតិ។
រដ្ឋមន្រ្តីក្រសួងការបរទេសស.រ.អា. លោក Mike Pompeo បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញាកន្លងទៅនេះ ក្នុងសន្និសីទប្រចាំឆ្នាំរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានតាមវីដេអូថា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ គួរសិក្សា និងពិនិត្យពិច័យឱ្យជាក់លាក់រាល់សកម្មភាពរបស់ក្រុមហ៊ុនចិនដែលប្រតិបត្តិការក្នុងតំបន់នេះ។
ក្រុមហ៊ុនចិនដែលត្រូវបានស.រ.អា. ដាក់ចូលក្នុងបញ្ជីថ្មីរបស់ខ្លួន គឺដោយសារតែក្រុមហ៊ុនទាំងនោះជួយទំនុកបំរុងដល់កងទ័ពចិន «សាងសង់ទីតាំងយោធា និងធ្វើយោធូបនីយកម្មលើកោះសប្បនិម្មិតក្នុងដែនសមុទ្រចិនដែលមានជម្លោះ និងដែលបានរងការថ្កោលទោសពីអន្តរជាតិ» នេះបើតាមក្រសួងការបរទេសស.រ.អា. បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅនេះ។ ភាគច្រើននៃប្រជុំកូនកោះទាំងនោះ សាងសង់លើដែនដីជម្លោះ ដែលដែនដីទាំងនោះអាចត្រូវបានប្រើប្រាស់ជាឃ្លាំងផ្ទុកយន្តហោះ សម្ភារៈដំឡើងប្រព័ន្ធរ៉ាដា និងជាទីសម្រាប់ប្រជាជនស៊ីវិលមួយចំនួនរស់នៅផងដែរ។
ការដាក់ទណ្ឌកម្មនេះ នឹងមិនប៉ះពាល់ដល់ក្រុមហ៊ុនទាំងនោះទេ ប៉ុន្តែជាសញ្ញាបង្ហាញថា ស.រ.អា. កំពុងបង្ហាញជំហរម៉ឺងម៉ាត់រយៈពេលយូររបស់ខ្លួនលើការពង្រីកដែនទឹករបស់ចិនក្នុងដែនសមុទ្រចិនខាងត្បូង នេះបើតាមលោក Andrew Yang អគ្គលេខាធិការនៃក្រុមប្រឹក្សាចិនសម្រាប់ការផ្តល់ប្រឹក្សាយោបល់ផ្នែកសិក្សាគោលនយោបាយជាន់ខ្ពស់នៅកោះតៃវ៉ាន់។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានទាមទារដែនទឹកដែលមានទំហំ៣លាន ៥សែនគីឡូម៉ែត្រការ៉េនោះទេ ប៉ុន្តែខ្លួនចង់រក្សាដែនទឹកនោះឱ្យបើកទូលាយសម្រាប់ការប្រើប្រាស់ជាអន្តរជាតិ។ ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម សុទ្ធតែមានជម្លោះលើដែនទឹកនេះទាំងអស់ ឬ លើចំណែកខ្លះដែលប្រទេសចិនបានទាមទារចំណែក៩០ភាគរយនៃដែនទឹកដែលសម្បូរដោយមច្ឆាជាតិ និងប្រេងឥន្ធនៈមួយនេះ ថាជារបស់ខ្លួន។ ការពង្រីកផ្ទៃដីប្រជុំកោះនេះ នឹងអំណោយផលដល់កម្លាំងយោធាចិនឱ្យនាំមុខរដ្ឋាភិបាលប្រទេសផ្សេងៗទៀត។ លោក Andrew Yang បានពន្យល់យ៉ាងដូច្នេះថា៖
«វាជានិមិត្តរូបមួយយ៉ាងច្បាស់។ បើតាមខ្ញុំគិត ខ្ញុំយល់ថា វាមិនមានផលប៉ះពាល់ខ្លាំងទៅលើការធ្វើពាណិជ្ជម្មទេ។ វាជានិមិត្តរូបយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក កំពុងប្តូរគោលនយោបាយរបស់ខ្លួនទាក់ទងនឹងរឿងសមុទ្រចិនខាងត្បូង»។
ការដាក់ទណ្ឌកម្មនេះ បានកើតចេញមកពីសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីក្រសួងការបរទេសស.រ.អា. លោក Michael Pompeo កាលពីខែកក្កដា នេះបើតាមលោក Oh Ei Sun អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសិង្ហបុរីសម្រាប់កិច្ចការអន្តរជាតិ។ លោក Pompeo ធ្លាប់បាននិយាយថា ការទាមទាររបស់ចិន ភាគច្រើនជារឿងខុសច្បាប់ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងគាំទ្របណ្តាប្រទេសណាដែលមានជម្លោះជាមួយប្រទេសចិនលើករណីនេះ។
ក្រសួងការបរទេសចិន បានថ្កោលទោសការដាក់ទណ្ឌកម្មដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៧ ខែសីហានេះ និង «ទទូចឱ្យសហរដ្ឋអាមេរិកកែតម្រូវកំហុស និងបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន» នេះបើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua ស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសចិនមកចុះផ្សាយ។
ទោះជាយ៉ាងនេះក៏ដោយ ក្រុមអ្នកសិក្សាស្រាវជ្រាវ មើលឃើញថា រឿងនេះទំនងជាគ្មានផលប៉ះពាល់ទៅលើការធ្វើពាណិជ្ជកម្មឡើយ។ ក្នុងចំណោមក្រុមហ៊ុនដែលរងការដាក់ទណ្ឌកម្ម ក៏មានក្រុមហ៊ុនសំណង់ប្រព័ន្ធទំនាក់ទំនងដ៏ធំ ដែលគ្រប់គ្រងដោយរដ្ឋចិន និងក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាគ្រឿងអេឡិចត្រូនិកចិនផងដែរ ដែលធ្វើពាណិជ្ជកម្មតិចតួចនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងនោះ មានប្រជាប្រិយភាពនៅតំបន់អាស៊ីអាគ្នេយ៍ សូម្បីតែនៅក្នុងបណ្តាប្រទេសដែលជាគូប្រជែងទាមទារដែនសមុទ្ររបស់ចិននោះផងដែរ។ លោក Oh បាននិយាយបន្តទៀតថា៖
«ខ្ញុំគិតថា ក្រុមហ៊ុនទាំងអស់នេះ នៅតែរីករាយក្នុងការបន្តជាក្រុមហ៊ុនដៃគូកិច្ចសន្យាលើគម្រោងសាងសង់នានាដដែល តួយ៉ាងនៅប្រទេសម៉ាឡេស៊ី និងហ្វីលីពីនជាដើម។ ហេតុផលនោះគឺថា ក្រុមហ៊ុនទាំងនោះយកកម្រៃថោក និងរហ័ស ហេតុដូច្នេះហើយ ក្រុមហ៊ុនទាំងនេះ សម្បូរគម្រោងណាស់»។
ប្រទេសចិន បានវិនិយោគយ៉ាងសម្បើមក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងហេតុផលខ្លះ គឺដើម្បីបន្ថយភ្លើងជម្លោះដែនសមុទ្រ៕
ប្រែសម្រួលដោយ កោះ សុគន្ធី