ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​រ៉ុង ឈុន៖ ​កោះត្រល់​បាត់​សម័យ​លោក​ហ៊ុន សែន

  • ហេង ​រស្មី

​លោករ៉ុង ឈុន​​បង្ហាញ​ឯកសារ​​ទាក់​ទង​នឹង​កោះត្រល់​ដោយ​អះអាង​ថា ​ឯកសារ​នេះ​បញ្ជាក់​ថា​កោះ​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា។​
ក្រុម​ឃ្លាំមើល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​បង្ហាញ​ឯកសារ​មួយ​លើ​បញ្ហា​ដ៏​រសើប​ទាក់​ទង​នឹង​កោះត្រល់​ដោយ​អះអាង​ថា ​ឯកសារ​នេះ​បញ្ជាក់​ថា​កោះ​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​នៅ​ឡើយ​មុន​ពេល​ដែល​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​ទទួលស្គាល់​ថា ​កោះត្រល់​បាន​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម។​

ការរក​ឃើញ​របស់​លោក​ រ៉ុង ឈុន​បាន​ដកស្រង់​ចេញពី​សៀវភៅ​ភូមិវិទ្យា​ថ្នាក់ទី​៧​នៅក្នុង​កម្មវិធី សិក្សារបស់​ក្រសួង​អប់រំ​ដែល​បាន​បោះពុម្ពផ្សាយ​កាល​ពី​ឆ្នាំ​១៩៨៥​តែ​បច្ចុប្បន្ន​នេះ​កម្មវិធី​សិក្សា​របៀប​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នេះ​មិនត្រូវ​លើក​យក​មក​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ទៀត​ទេ។​

លោក​រ៉ុង ឈុន​បាន​និយាយ​ថា​សៀវភៅ​នេះ​លោក​បាន​ស្រាវជ្រាវ​រក​ឃើញ​ដោយ​កម្រ​ដែល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​បំផ្លាញ​ចោល​ស្ទើរ​តែ​ទាំងស្រុង។​

សៀវភៅ​មេរៀន​ភូមិវិទ្យា​ថ្នាក់​ទី​៧​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​លោក​រ៉ុង ឈុន​បាន​ចែក​ផ្សាយ​ជូន​អ្នក​កាសែត​ត្រង់ទំព័រ​ទី១៥​មិន​បាន​បញ្ជាក់​ថា​កោះត្រល់​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ប្រទេស​កម្ពុជា​ទេ។​ ឯកសារ​ដដែល​គ្រាន់តែ​បាន​បញ្ជាក់​ថា​កោះ​ដែល​ជា​របស់​ប្រទេស​កម្ពុជា​មួយ​ចំនួន​គឺ​កោះកុង ​ជា​កោះធំ​ជាង​គេ​ហើយ​កោះ​ដែល​នៅ​ឯនាយ​ស្ទើរ​កោះ​វាល​រេញ​គឺ​មាន​បីក្រុម។ ​ឯកសារ​ដដែល​បន្ថែម​ថា​ប្រភេទ​កោះ​ទីបី​ដែល​នៅ​ស្ទើរ​កោះ​វាលរិញ​ដែល​គេ​កំណត់​រហូត​ដល់​កោះត្រល់​ មានកោះថ្មី​ និង​កោះសេះ​តែ​មិន​បញ្ជាក់​ថា​កោះត្រល់​ស្ថិត​ក្នុង​ប្រភេទ​កោះ​ទីបី​នេះ​ទេ។​

លោក​រ៉ុង ឈុន​ប្រធាន​ក្រុម​ឃ្លាំមើល​កម្ពុជា​បាន​សរសេរ​លិខិត​មួយ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ដើម្បី​ស្នើសុំ​ឱ្យលោក​ពិចារណា​ចំពោះ​ពាក្យ​ថា​កម្ពុជា​មិន​អាច​យក​ទឹកដី​និង​កោះ​របស់​ខ្មែរ​ពី​ការ​បាត់បង់​ពី​ប្រទេស​ជិត​ខាង​បាន​ទេ។​

លោក​និយាយ​ថា​កោះត្រល់​មិនមែន​បាត់​កាល​ពីមុន​សង្គម​រាស្ត្រនិយម​ដែល​ដឹកនាំ​ដោយ​សម្តេច​ឪ​នរោត្តម​សីហនុ​ទេ​គឺ​បាន​បាត់បង់​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​ចុះសន្ធិសញ្ញា​បំពេញ​បន្ថែម​កាលពី​ថ្ងៃ​១០​ខែតុលា​ឆ្នាំ​២០០៥។​

លោក​និយាយថា៖ «បើ​យើង​មើល​នៅក្នុង​ឯកសារ​កោះត្រល់​បាន​បាត់​បង់​នៅក្នុង​ទសវត្សរ៍​ទី​៨០​ពីព្រោះ​យើង​បាន​ឃើញ​ហើយ​ថា​សូម្បី​តែ​សៀវភៅ​មេរៀន​ក្រោម​អាណានិគម​របស់​យួន​ក៏បាន​លើក​ឡើង​អំពី​បញ្ហា​កោះត្រល់​ជូន​កូន​ខ្មែរ​ថាជា​កោះ​របស់​យើង​ដែរ»។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​រយៈពេល៥​ម៉ោង​នៅ​ឯ​អគា​រដ្ឋសភា​ដែល​ជា​ការឆ្លើយ​តប​នឹង​សំណួរ​របស់​លោក​សុន ឆ័យ​អ្នក​ដំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​អំពី​បញ្ហា​ព្រំដែន​បាន​អះអាងថា​កោះ​ត្រល់​លែង​ក្លាយ​ជា​របស់​កម្ពុជា​ទៀត​ហើយ​ក្រោយ​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ​យក​ឯកសារ​តម្កល់​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ​តាំងពីឆ្នាំ​១៩៦៤។​

លោក​ រ៉ុង ឈុន​បាន​និយាយ​ថា​រដ្ឋាភិបាល​គួរតែ​លើក​យក​បញ្ហា​ព្រំដែន​ដាក់​ទៅ​ក្នុង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីអំពី​បញ្ហា​កម្ពុជា​ថ្ងៃទី​២៣​តុលា​ឆ្នាំ​១៩៩១​ពីព្រោះ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​បាន​បញ្ជាក់​ច្បាស់​ថា​ប្រសិន​ណា​បើយើង​ជារដ្ឋដែល​បាន​ទទួល​រង​គ្រោះ​ពីប្រទេស​ជិតខាង​យើង​ត្រូវ​លើក​បញ្ហា​នេះ​ទៅ​ប្រទេស​ហត្ថលេខី។​

លោក​បន្តថា៖ «ក្នុង​នាម​យើង​ជា​សង្គម​ស៊ីវិល​ គ្រាន់​តែជា​ការ​ចូលរួម​ជំរុញ​ឱ្យរដ្ឋាភិបាល​ត្រូវតែ​លើក​បញ្ហា​ទាំង​អស់​នេះ​ដើម្បី​ដាក់​ឱ្យប្រទេស​ហត្ថលេខី​ជួយ​ធ្វើ​អន្តរាគមន៍​ដើម្បី​យក​កោះត្រល់​ត្រឡប់​មកវិញ»។​

លោក​ វ៉ា គឹមហុង​ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា​សៀវ​ភៅ​ដែល​បាន​បោះពុម្ភ​កាល​ពី​ឆ្នាំ​១៩៨៥​មិន​អាច​យកជា​ផ្លូវការ​បាន​ទេ​ពីព្រោះ​វាមិន​មាន​តម្លៃ​ស្មើ​នឹង​សេច​ក្តី​សម្រេច​របស់​អគ្គទេសាភិបាល​បារាំង​បាន​ទេ។ ​លោក​បាន​និយាយ​ថា​អំពី​បញ្ហា​កោះ​ត្រល់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​បាន​បញ្ជាក់​ប្រាប់​រួច​រាល់​ហើយ។​

លោកថ្លែងថា៖ «និយាយ​ឱ្យ​ចំ​វា​គ្មាន​បាន​ការទេ​។ក្រសួង​បាន​ដាក់​ទៅ​គ្រាន់តែ​ជា​មតិ​របស់​អ្នក​សរសេរ​ឬ​ក៏​មិន​ដឹង។​ខ្ញុំមិនបាន​ឃើញ​ទេ​ គ្រាន់តែ​ថា​វាមិន​បាន​យក​ទៅ​ឱ្យតម្លៃស្មើ​នឹង​សន្ធិ​សញ្ញា​លើផ្លូវ​ច្បាប់​អន្តរជាតិ​ វា​មិន​មាន​តម្លៃ​ដូច​ជា​ច្បាប់​អន្តរជាតិ​ វា​មិនមាន​តម្លៃ​ដូច​ជា​សេចក្តី​សម្រេច​របស់​អគ្គទេសា​បារាំង»។​

លោក ស៊ាន ប៉េងសែ​ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេសបារាំង​មិន​អាច​ស្នើសុំ​ដើម្បី​ទំនាក់​ទំនង​បានទេ​ក៏ប៉ុន្តែ​លោក​ធ្លាប់​បាន​និយាយថា​កោះត្រល់ជា​កោះ​ស្ថិត​នៅក្នុង​ទឹកដី​របស់​ខ្មែរ៕
XS
SM
MD
LG