អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយរាប់ពាន់លានដុល្លារអាមេរិក ដែលទាក់ទិននឹងថវិកាវិនិយោគរបស់ក្រុមហ៊ុន 1MDB របស់រដ្ឋ។
ប្រភពព័ត៌មានមួយចំនួនបានបញ្ជាក់ថា លោក Najib ត្រូវបានភ្នាក់ងារគណៈកម្មការប្រឆាំងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ីចាប់ខ្លួននៅគេហដ្ឋានរបស់លោកនៅថ្ងៃអង្គារនេះ។ ការចាប់ខ្លួននេះគឺពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតមួយទៅលើក្រុមហ៊ុន SRC International ដែលជាអតីតផ្នែកមួយនៃក្រុមហ៊ុន 1MDB។
គេគ្រោងនឹងចោទប្រកាន់លោក Najib ជាផ្លូវការនៅថ្ងៃពុធស្អែក។
លោក Najib គឺជាចំណុចស្នូលនៃការស៊ើបអង្កេតលើការចោទប្រកាន់ថាបានលួចប្រាក់ពីក្រុមហ៊ុន 1MDB របស់រដ្ឋ ដែលជាក្រុមហ៊ុនមួយដែលលោកបានបង្កើតឡើងនៅពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រី។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបញ្ជាក់ថា ទឹកប្រាក់សរុបចំនួន ៤ ពាន់ ៥ រយលានដុល្លារអាមេរិកត្រូវបានគេលួចពីថវិកាក្រុមហ៊ុន 1MDB ដែលទឹកប្រាក់មួយចំនួនត្រូវបានគេឃើញនៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក Najib។
រឿងអាស្រូវនេះបានបណ្ដាលឲ្យគណបក្សសម្ព័ន្ធរណសិរ្សជាតិរបស់លោក Najib បរាជ័យនៅក្នុងការបោះឆ្នោត។ គណបក្សសម្ព័ន្ធរណសិរ្សជាតិនេះបានដឹកនាំប្រទេសម៉ាឡេស៊ីដោយគ្មានការរារាំងតាំងពីប្រទេសម៉ាឡេស៊ីទទួលបានឯករាជ្យនៅក្នុងឆ្នាំ ១៩៥៧ មក។
តាំងពីអស់តំណែងមក លោក Najib ត្រូវបានគេហាមឃាត់មិនឲ្យចាកចេញពីប្រទេសម៉ាឡេស៊ី និងត្រូវបានទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលចោទសួររួមជាមួយនឹងភរិយារបស់លោកគឺលោកស្រី Rosmah Mansor ផងដែរ៕