ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បួង​ត្រូវ​កាត់​ទោស​ពីបទ​រំលោភ​អំណាច​និង​អំពើ​ពុក​រលួយ


រូបឯកសារ៖ លោក​ស្រី Park Geun-hye អតីត​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង បាន​មក​ដល់​តុលាការ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។
រូបឯកសារ៖ លោក​ស្រី Park Geun-hye អតីត​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង បាន​មក​ដល់​តុលាការ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។

តុលាការ​កូរ៉េ​ខាងត្បូង​បាន​កាត់​ទោស​លោក​ស្រី ​Park Geun-hye ​អតីត​ប្រធានាធិបតី​ ឱ្យ​ជាប់​ពន្ធនាគារ​២៤​ឆ្នាំ​ បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ លោក​ស្រី​មាន​ពិរុទ្ធ​ពីបទ​រំលោភ​អំណាច​និង​អំពើ​ពុករលួយ។

នៅ​ក្នុង​សាលក្រម​ដែល​បានផ្សាយ​តាម​ទូរទស្សន៍​ជាតិ តុលាការ​ទីក្រុង​សេអ៊ូលបាន​ផ្តន្ទា​ទោស​លោកស្រី Park Geun-hye​ ពី​បទ​ស៊ី​សំណូក​ការ​ជំរិត​ ការរំលោភ​បំពាន​អំណាច​ និងការ​ចោទ​ប្រកាន់​ដទៃ​ទៀត។ ចៅ​ក្រម​តុលាការ​បាន​និយាយថា ​វា​មិន​អាច​ជៀស​រួច​ទេ​ដែល​ថា អតីត​ប្រធានាធិបតី​«ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាង​តឹង​រ៉ឹង​ចំពោះ​ឧក្រិដ្ឋកម្ម​របស់​លោកស្រី​ ​ប្រសិន​បើ​គ្រាន់​តែ​ដើម្បី​ការពារ​ព្រឹត្តិការណ៍​អកុសល​របស់​ប្រធានាធិបតី​ដែល​បំពាន​អំណាច​ដែល​ផ្តល់​ដោយ​ប្រជាជន​និង​បង្កភាព​ចលាចល​ក្នុង​កិច្ចការ​រដ្ឋ»។​

រួម​ជាមួយ​ការ​កាត់​ទោស​ជាប់​គុក​នេះ​ ​លោកស្រី Park Geun-hye ​ត្រូវបាន​ពិន័យ​ជាប្រាក់​ជាង​១៦​លាន​ដុល្លារ។ អតីត​មេដឹក​នាំកូរ៉េ​ខាងត្បូង​មាន​ពេល​មួយ​សប្តាហ៍​ដើម្បី​ប្តឹង​ឧទ្ធរណ៍​សាលក្រម។​ ​លោកស្រី ​Park Geun-hye ​និយាយ​ការពារ​ជានិច្ច​ថា ​លោកស្រី​គ្មាន​កំហុសទេដោយ​អះអាង​ថា លោក​ស្រី​គឺ​ជា​ជនរង​គ្រោះ​នៃ​ការ​សង​សឹក​ខាង​នយោបាយ។​ ព្រះ​រាជអាជ្ញា​បាន​ទាមទារឱ្យ​កាត់​ទោស​លោក​ស្រី​ជាប់គុក​រយៈ​ពេល​៣០​ឆ្នាំ។ ​

លោកស្រី Park Geun-hye​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​អ្នកស្រី ​Choi Soon-sil ​មនុស្ស​ជិត​ស្និទ្ធ​យូរ​អង្វែង​របស់​លោកស្រី​ ក្នុង​ការ​បង្ខំ​ឱ្យ​អាជីវកម្មជា​ច្រើន​បរិច្ចាគ​ថវិកា​សរុប​ចំនួន​៧២​លានដុល្លារ​សម្រាប់​ការ​ចាប់​ផ្តើម​មូល​និធិពីរ​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី​Choi Soon-sil ។

ស្ត្រីពីរ​នាក់​នេះ​ក៏ត្រូវ​បាន​កាត់​ទោស​ពី​បទ​ទទួល​សំណូក​ពីក្រុមហ៊ុន​មួយ​ចំនួន។ ​លោកស្រី Park Geun-hye​ ​ត្រូវបាន​ដកចេញពី​តំណែង​កាលពី​ដើម​ឆ្នាំ​មុន​ បន្ទាប់​ពី​ការ​ប្រមូល​ផ្តុំគ្នា​ដ៏​ធំ​សម្បើម​ដែល​មាន​មនុស្ស​រាប់លាន​នាក់​ដើរ​តវ៉ា​តាមដង​ផ្លូវ​នៅ​ក្នុង​ប្រទេស​ដើម្បី​អំពាវនាវ​ឱ្យ​លោក​ស្រី​ចេញ​ពី​តំណែង។ ​លោកស្រី​គឺ​ជា​កូនស្រី​របស់​មេដឹក​នាំផ្ដាច់ការ​ Park Chung-hee ​ដែល​បាន​គ្រប់​គ្រង​ប្រទេស​កូរ៉េខាង​ត្បូង​ពីឆ្នាំ ​១៩៦១​ដល់​១៩៧៩៕

XS
SM
MD
LG