ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​សម​ រង្ស៊ី ​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (REUTERS/Romeo Ranoco)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា​ ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នឹង​នាំ​មក​នូវ​ការផ្លាស់​ប្ដូរ​មួយ​តាម​បែប​ប្រជាធិបតេយ្យ​ និង​ដោយ​សន្តិវិធី តែ​លោក​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ត្រូវ​ជួយ​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ដ៏​ត្រឹម​ត្រូវ។

ប្រធាន​គណបក្ស​ជំទាស់​លោក​ សម រង្ស៊ី​ មាន​ជំនឿ​ថា​ ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​តាម​លទ្ធិប្រជាធិបតេយ្យ បើ​ទោះ​ជា​លោក​ និង​លោក​ កឹម​ សុខា​ កំពុង​ជួប​បញ្ហា​ក៏​ដោយ។ ​ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​បាន​អំពាវ​នាវ​ជា​ថ្មី​ដល់​សហគមន៍​អន្តរជាតិ​ ត្រូវ​ជួយ​ធានា​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ថា​ នឹង​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សន្តិវិធី​ និង​តាម​គន្លង​ប្រជាធិបតេយ្យ។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រំពឹង​ថា​ ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នឹង​នាំ​មក​នូវ​ការផ្លាស់​ប្ដូរ​មួយ​តាម​បែប​ប្រជាធិបតេយ្យ​ និង​ដោយ​សន្តិវិធី តែ​លោក​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ត្រូវ​ជួយ​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ដ៏​ត្រឹម​ត្រូវ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ BBC កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា​ លោក​ សម​ រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា​ ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នឹង​ដំណើរការ​ទៅ​ប្រសើរ​ជាង​មុន​ ដោយ​សារ​តែ​កម្ពុជា​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ល្អ​ជាង​មុន។ ​លោកថា​ ការ​បោះឆ្នោត​នេះ​នឹង​នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​តាម​បែប​ប្រជាធិបតេយ្យ។

លោក​ សម​ រង្ស៊ី​ មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ខេមរភាសា​ថា៖

«​ខ្ញុំ​គិត​ថា អ្វី​ៗ​មាន​ទីបញ្ចប់។ របប​ផ្ដាច់​ការ​ទាំងអស់​នឹង​ត្រូវ​បញ្ចប់​ បន្ទាប់​ពី​ការ​ដឹកនាំ​រយៈពេល​ជាង​៣០​ឆ្នាំ​ដោយ​គណបក្ស ឬ​របបផ្ដាច់​ការ​ដដែលៗ។ ខ្ញុំ​គិត​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​សម​នឹង​ទទួល​បាន​អ្នក​ដឹកនាំ​ដែល​ល្អ​ជាង​នេះ»។

ទោះជា​មាន​ការ​ព្រមាន​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​កន្លង​មក​ពី​លទ្ធភាព​នៃ​ការ​កើត​មាន​សង្គ្រាម​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នោះ​ លោក សម រង្ស៊ី អះអាង​ថា គណបក្ស​លោក​នឹង​ប្រឹងប្រែង​ឱ្យ​ការ​ផ្លាស់​ប្ដូរ​នោះ​ធ្វើ​ទៅ​ដោយ​សន្តិវិធី​។ តែ​លោក​ថា៖​«សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ធានា​ឱ្យ​មាន​ដំណើរការ​នៃ​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​សន្តិវិធី​ និង​តាម​បែប​ប្រជាធិបតេយ្យ»។

លោក​ សម​ រង្ស៊ី​ បាន​ប្រាប់​ VOA ​បន្ថែម​តាម​រយៈ​សារ​អេឡិចត្រូនិច​ ឬ​អ៊ីម៉ែល នៅ​ថ្ងៃ​អាទិត្យ​ថា បើ​ទោះជា​រូបលោក និង​លោក​ កឹម សុខា មិន​អាច​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា​ក៏​ដោយ ​ពលរដ្ឋ​កម្ពុជា​ផ្សេងទៀត​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​ យុត្តិធម៌ និង​សេរីភាព​ នឹង​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ។

លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​ VOA នៅ​ថ្ងៃ​អាទិត្យ​ថា ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​ នឹង​ធ្វើ​ទៅ​ប្រកប​ដោយភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌ ដោយសារ​តែ​ច្បាប់​បោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បានធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ។ លោក​ថា គណបក្ស​លោក​នឹង​បន្ត​ឈ្នះ​ការ​បន្ត​ឆ្នោត​នា​ពេល​ខាង​មុខ​ទៀត ដោយ​សារ​តែ​គណបក្ស​សង្គ្រោះជាតិ​គ្មាន​អ្វី​ទៅ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

«ឥឡូវ​មាន​អី​ឥឡូវ​នេះ? វា​មិន​ខុស​អី​ពស់​បាក់​ឆ្អឹង​ខ្នង ដាច់ក្បាល​ដាច់​កន្ទុយ​ទេ។​ កាល​នៅ​ជុំ​គ្នា​ ប្រធាន​អនុប្រធាន​សមាជិក​អី​មួយ​ចំនួន​នៅ​ជុំ​គ្នា​នៅ​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​មិនបាន​ផង ហើយ​ឥឡូវ​ដាច់​ក្បាល​ដាច់​កន្ទុយ​ហើយ​ចឹង ទៅ​ធ្វើ​ម៉េចឥឡូវ?»។

លោក​ សុខ​ ឥសាន​ បន្ថែម​ថា​ ទោះបី​ជា​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​បាន​ដោយល្អ​ក្រោយ​កំណែ​ទម្រង់​ គ.ជ.ប ក៏​ដោយ លោក​មិន​រំពឹង​ថា​ គណបក្ស​ប្រឆាំង​នឹង​បញ្ឈប់​ការ​តវ៉ា​របស់​ខ្លួន​នៅ​ក្រោយ​ការ​បោះឆ្នោត​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ​លោក​ថា​ នឹង​មិន​មាន​ការ​ជាប់គាំង​នយោបាយ​ដូច​ក្រោយ​ការ​បោះ​ឆ្នោតឆ្នាំ​២០១៣​នោះ​ទេ​ ដោយ​សារ​ច្បាប់​បោះឆ្នោត​ថ្មីបាន​ចែង​ថា​ គណបក្ស​នយោបាយ​នឹង​បាត់បង់​អាសនៈ​របស់​ខ្លួន ប្រសិន​បើ​មិន​ចូល​ប្រជុំ​តាម​ការ​កោះហៅ​របស់​ព្រះមហាក្សត្រ។

មេដឹកនាំ​ទាំង​ពីរ​របស់គណ​បក្ស​ប្រឆាំងគឺ​ លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ក្នុង​រឿង​ក្ដី​ផ្សេងៗ​គ្នា។ បច្ចុប្បន្ន លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេសគេច​ពី​ការ​ចាប់​ខ្លួន ចំណែក​លោក កឹម សុខា ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស។

លោក​ សំ​ គន្ធាមី​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក(NICFEC) យល់ថា ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នឹង​ដំណើរការ​ទៅ​ដោយ​ល្អ​ និងទុក​ចិត្ត​បាន។ លោក​ថា នៅ​មួយ​រយៈ​ចុងក្រោយ​នេះ គណបក្ស​ធំៗ​ទាំង​ពីរ​ហាក់​ដូច​ជា​ស្ងប់ស្ងាត់ក្នុង​វាយ​ប្រហារ​គ្នា ដោយ​លោក​សង្ឃឹម​ថា គណបក្ស​ទាំង​ពីរ​នឹង​ជួប​ចរចា​គ្នា​ដើម្បី​ដោះស្រាយ ហើយ​ឈាន​ដល់​ការ​បង្ក​បរិយាកាស​នយោបាយ​មួយ​ដែល​បើក​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព។

លោក​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​មើល​ដំណោះស្រាយ​នយោបាយ​ហ្នឹង​ឈាន​ទៅរក​កិច្ច​ព្រមព្រៀង​គ្នា​ហើយ សង្ឃឹម​ថា​មេ​ប្រធាន​គណបក្ស​ទាំង​អស់​នឹង​ធ្វើ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ដោយ​ស្មើ​ភាព​គ្នា»។

លោក សំ គន្ធាមី​ បន្ថែម​ថា​ ជាមួយ​នឹង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ដែល​អាច​ទុកចិត្ត​បាន ហើយ​គណបក្ស​នយោបាយ​ទាំង​អស់​អាច​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា​នោះ​នៅ​ក្រោយ​ការ​បោះឆ្នោត​ នឹង​មិនមាន​វិបត្តិ​ធ្ងន់ធ្ងរ​ដូច​ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​នោះ​ទេ៕​

XS
SM
MD
LG