មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថា លោកមិនខ្វល់នឹងការចោទប្រកាន់របស់តុលាការរាជធានីភ្នំពេញ មកលើរូបលោកពីបទ«ប្រមាថព្រះមហាក្សត្រ»ទេ ក្រោយមានការស្នើសុំពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ។
អ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃច័ន្ទថាព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ពី«បទប្រមាថព្រះមហាក្សត្រ» តាមមាត្រា៤៣៧(ស្ទួន)នៃក្រមព្រហ្មទណ្ឌ ដែលអាចមានទោសទណ្ឌជាប់ពន្ធនាគារទៅដល់៥ឆ្នាំ។
ឆ្លើយតបនឹងសំណួររបស់ VOA ទៅលើការចោទប្រកាន់របស់តុលាការរាជធានីភ្នំពេញ លោក សម រង្ស៊ី មានប្រសាសន៍កាលពីថ្ងៃច័ន្ទតាមសារអ៊ីមែលថា៖ «ខ្ញុំមិនខ្វល់[នឹងការចោទប្រកាន់របស់តុលាការ]ទេ ពីព្រោះអ្វីដែលខ្ញុំនិយាយនៅក្នុងការបង្ហោះនេះបង្ហាញពីការពិតយ៉ាងច្បាស់»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានស្នើឲ្យតុលាការរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ទាក់ទងនឹងការបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី រិះគន់ការចូលថវិកាសម្រាប់ទិញវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩។
រដ្ឋមន្រ្តីយុត្តិធម៌បានដកស្រង់សំណេរពីហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មួយប្រយោគដែលសរសេរថា«ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោងផងដែរ»។
ព្រះមហាក្សត្របានព្រះរាជទានប្រាក់ចំនួន១លានដុល្លារអាមេរិកដល់រដ្ឋាភិបាលផងដែរ សម្រាប់ទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។
ភ្លាមៗបន្ទាប់ពីការស្នើរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឲ្យចាត់វិធានការផ្លូវច្បាប់លើរូបលោក លោក សម រង្ស៊ី បានបង្ហោះសារលើហ្វេសប៊ុកថា នេះជាការបញ្ចេញមតិរបស់លោក ហើយថាលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើតាមបញ្ជារបស់នាយករដ្ឋមន្រ្តី។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងបានទេ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានថ្លែងថា លោកមិនបានរៃអង្គាសប្រាក់ ដើម្បីទិញវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩នោះទេ គឺអ្នកជំនួញ និងសាធារណជនបានចូលរួមបរិច្ចាគដោយខ្លួនពួកគេ។ លោកថា ការបរិច្ចាគនេះគឺ«បានបុណ្យ» ដោយសារវាជួយជីវិតមនុស្ស។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «បើគេមិនច្បាស់ជាមួយហ៊ុន សែន ទេ គេមិនចូលទេ។ ឥឡូវឮសូរដូចជាពីណា គេថាឲ្យខ្ញុំយកទៅសងលុយវិញ រាប់ទាំងយកទៅ[សងព្រះមហាក្សត្រ] ដែលហៅព្រះករុណា ជាស្តេចទីងមោង ឲ្យទៅសងស្តេចទីងមោង។ វាទៅជាអញ្ចេះទៅទៀត»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះរាជលេខាផ្ទាល់របស់ព្រះបរមរតនកោដ្ឋ មានបន្ទូលប្រាប់ VOA ថា ព្រះអង្គ«សោកស្តាយខ្លាំងណាស់»ចំពោះការថ្លែងរបស់លោក សម រង្ស៊ី ហើយថាលោក«មិនស័ក្តិសមជាអ្នកនយោបាយ»នោះទេ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ហើយអានេះចោទទទេ ដូចជាអត់មានដំណោះស្រាយ អត់មានអី។ ហើយឥឡូវថាព្រះមហាក្សត្រជាទីងមោង ដូចលោក សម រង្ស៊ី លោកបានលើកឡើងអញ្ចឹង។ ម្លោះហើយដំណោះស្រាយវាយ៉ាងម៉េច? លោក សម រង្ស៊ី ចង់ប្រកាសសាធារណរដ្ឋ ឬយ៉ាងម៉េច? ព្រោះដំណោះស្រាយ ខ្ញុំឃើញតែប៉ុណ្ណឹងទេ។ បើសិនជាស្តេចទីងមោង បានន័យថាស្តេចអត់បានការ។ បើសិនជាស្តេចអត់បានការ ត្រូវតែប្រកាសសាធារណរដ្ឋសារជាថ្មី»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលធ្លាប់មានអតីតភាពជាមួយគណបក្សសង្រ្គោះជាតិមុនពេលបក្សត្រូវបានរំលាយចោល មានបន្ទូលបន្ថែមថា ជាធម្មតា ព្រះមហាក្សត្រមិនដែលស្នើវិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី ចំពោះការប្រើប្រាស់ពាក្យពេចន៍ណាមួយដែលប៉ះពាល់ព្រះអង្គឡើយ។ ព្រះអង្គបន្ថែមថា ព្រះមហាក្សត្រប្រហែលជា«លោកមានការសោកស្តាយ»ដែលលោក សម រង្ស៊ី បានប្រើពាក្យបែបនេះ។
ព្រះអង្គបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ព្រះករុណា សីហមុនី លោកជាព្រះអង្គមួយអង្គដែលកាន់ព្រះពុទ្ធសាសនា ដែលលោកបួសបាន៣ដង។ ហេតុដូច្នេះ លោកមានធម៌មេត្តាករុណា ដូច្នេះខ្ញុំមិនជឿថា លោកសប្បាយព្រះទ័យ ពេលដែលមានក្តី មានការចោទប្រកាន់បែបនោះ។ លោកចង់ឲ្យតែ ខ្មែរស្រុះស្រួលគ្នា រួមគ្នា សង្គមខ្មែរមានសុខដុមរមនា។ អាហ្នឹងលោកចង់បាន។ ដូច្នេះខ្ញុំមិនជឿថា លោកអាចនឹងសប្បាយព្រះទ័យ ក្នុងការដែលរាជរដ្ឋាភិបាលដាក់ពាក្យបណ្តឹងលើលោក សម រង្ស៊ី ទេ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការប្រមាថដល់អង្គព្រះមហាក្សត្រ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ តែលោកថាជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។ លោកបន្តថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាចមានសិទ្ធិបង្គាប់បញ្ជាស្របតាមបញ្ញត្តិមាត្រា២៩នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា«ក្នុងគោលដៅការពារសេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ»។
លោកបញ្ជាក់ថា៖ «ការចេញអធិបញ្ជានេះ គឺផ្អែកទៅលើបញ្ញត្តិច្បាប់ដែលមានជាធរមានទាំងស្រុង មិនមែនជាការរំលោភបំពានទៅលើអំណាចតុលាការ ដែលជាស្ថាប័នឯករាជ្យនោះទេ»។
លោក សម រង្ស៊ី ដែលកំពុងជាប់បណ្តឹងមួយចំនួននៅតុលាការ ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំម្តងរួចមកហើយ ទាក់ទងនឹងការចោទប្រកាន់ពីបទ«ប្រមាថព្រះមហាក្សត្រ» ដែលកាលនោះទាក់ទងនឹងការប្រើពាក្យ«ព្រះរាជសារក្លែងក្លាយ»។
ចំណែកមួយករណីទៀត លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ថា«ប្រមាថព្រះមហាក្សត្រ» ដែលកាលនោះលោកបានហៅព្រះមហាក្សត្រថាជា«ចំណាប់ខ្មាំង និងអាយ៉ង»របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
មាត្រាថ្មីនៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានធ្វើវិសោធនកម្ម បើកផ្លូវឲ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារបុគ្គលណា ដែលបរិហារកេរ្តិ៍ ប្រមាថ ឬគំរាមកំហែងអង្គព្រះមហាក្សត្រគ្រប់រូបភាព។ ការចោទប្រកាន់ពីបទ«ប្រមាថព្រះមហាក្សត្រ»អាចឲ្យបុគ្គលនោះជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ៕