ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​ត្រូវបាន​ចាប់​ខ្លួន ខណៈ​គម្រោង​វិល​ត្រឡប់​​របស់​ថ្នាក់​ដឹកនាំ​ជិត​មក​ដល់


លោក អ៊ុំ យ៉េត អតីត​ក្រុមប្រឹក្សា​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មក​ពី​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០២០និង​កូនស្រី​របស់​លោកគឺ​អ្នកនាង យ៉ែម វណ្ណណែត ដែល​ក៏​​ត្រូវ​បាន​តុលាការ​កាត់ទោស​កំបាំង​មុខ ឲ្យ​ជាប់​ពន្ធនាគារ។ (រូបថត​ផ្តល់ឲ្យ)
លោក អ៊ុំ យ៉េត អតីត​ក្រុមប្រឹក្សា​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មក​ពី​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០២០និង​កូនស្រី​របស់​លោកគឺ​អ្នកនាង យ៉ែម វណ្ណណែត ដែល​ក៏​​ត្រូវ​បាន​តុលាការ​កាត់ទោស​កំបាំង​មុខ ឲ្យ​ជាប់​ពន្ធនាគារ។ (រូបថត​ផ្តល់ឲ្យ)

សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​ចាប់​ខ្លួន រួច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ កាល​ពី​ថ្ងៃ​ច័ន្ទ។ នេះ​បើ​យោង​តាម​ក្រុម​គ្រួសារ​របស់​សកម្ម​ជន។

ការ​ចាប់​ខ្លួន​នេះ​កើត​ឡើង ​ស្រប​ពេល​ដែល​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះជាតិ ដែល​ដឹកនាំ​ដោយ​លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណ​បក្ស គ្រោង​នឹង​វិល​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១​ ខាង​មុខនេះ។

សកម្មជន​បក្ស​ប្រឆាំង​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ដែល​បាន​ប្រកាស​កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០១៩។ សកម្មជន​ខ្លះ​ទៀត​ក៏កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលា​ការ ដោយ​រង់​ចាំ​ការ​កាត់​ទោស និង​ប្រកាស​សាលក្រម។

សកម្មជន​បក្ស​ប្រឆាំង​ទាំង​ពីរនាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ មានលោក អ៊ុំ យ៉េត ជា​អតីត​ក្រុម​ប្រឹក្សា​ក្រុង​សួង​នៃ​ខេត្ត​ត្បូង​ឃ្មុំ និង​លោក លាភ សុខ​ផេង អតីត​មេឃុំ​មេ​មត់ ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ។

ភរិយា​របស់​លោក អ៊ុំ យ៉េត គឺ​អ្នកស្រី ងួន ផល្លា អាយុ​៦១​ឆ្នាំ រស់​នៅ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​ប្រសាសន៍​ថា​ស្វាមី​របស់​អ្នកស្រី ​អាយុ​៦៨​ឆ្នាំ ដែល​ជាអតីត​ថ្នាក់ដឹកនាំ​ក្រុង​សួង​ម្នាក់​របស់​បក្ស​ប្រឆាំង​ ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​វេលាម៉ោង​ប្រមាណ​៣​និង​៣០នាទី រសៀលថ្ងៃ​ច័ន្ទ នៅ​ឯ​ចម្ការ ដែល​ជា​កន្លែង​ដែល​លោក​ អ៊ុំ យ៉េត ទៅ​មើល​ជា​រៀង​រាល់​ថ្ងៃ។ អ្នកស្រី​បន្ថែម​ថា ​មុន​ពេល​ចាប់​ខ្លួន នគរបាល៤ទៅ​៥នាក់ បាន​មក​ផ្ទះ​អ្នកស្រី ហើយ​ហូប​ស៊ុប​នៅ​ហាងមួយ​របស់​កូនស្រី​ក្បែរ​ផ្ទះ ហើយ​ប៉ូលិស​បាន​សួរស្វាមីរបស់​អ្នកស្រី​នៅ​ទី​ណា។

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា​ ក្រុម​ប៉ូលិស​ក៏​ចេញ​ទៅ​បាត់ ក្រោយ​ដឹង​ថា​ស្វាមី​របស់​អ្នកស្រី​នៅ​ចម្ការ ប៉ុន្តែ​អ្នកស្រី​មិន​បានដឹង​អំពី​គម្រោង​នៃ​ការ​ចាប់​ខ្លួន​នោះ​ទេ​។ អ្នកស្រី​បន្ថែម​ថា ​បន្ទាប់​មក មាន​គេ​ហៅ​ទូរស័ព្ទ​មក​ប្រាប់​អ្នកស្រី​ថា ស្វាមី គឺលោក អ៊ុំ យ៉េត ត្រូវ​បាន​ចាប់​ខ្លួន។

អ្នកស្រី ងួន ផល្លា ប្រាប់​ VOA​ ថា៖ «ខ្ញុំ​ទៅ​តាម[នៅ​តុលាការ] ដល់​ពេល​គេ​ចុះ​មក ខ្ញុំ​ដើរ​តាម​គាត់​ហ្នឹង​ណា។ ខ្ញុំ​សួរ​តា​[ស្វាមី]​ថា​តើ​ឯង​មាន​រឿង​អី បាន​ជា​គេ​ចាប់? គាត់​ថា​គាត់​ក៏​មិន​ដឹង​ដែរ​មាន​រឿង​អី។ មាន​រឿង​អី មាន​តែ​គេ​ចោទ​ក្បត់​ជាតិ​ហ្នឹង មាន​រឿង​អី[ក្រៅពី​ហ្នឹង]​»។

អ្នកស្រី ងួន ផល្លា ចាត់​ទុក​ការ​ចាប់​ខ្លួនស្វាមី​ដែល​ធ្លាប់​ត្រូវ​បាន​ហៅ​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា ជា​រឿង​អយុត្តិធម៌ ខណៈ​កូនស្រី​ម្នាក់​របស់​អ្នកស្រី គឺ​អ្នកនាង យ៉ែម វណ្ណ​ណែត អតីត​ក្រុម​ប្រឹក្សា​សង្កាត់​សួង ក៏​ត្រូវ​បាន​តុលាការ​កាត់​ទោស និង​រត់គេច​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ​មុន។

អ្នកស្រី​បញ្ជាក់​ថា៖ «ការ​ចោទ​ប្រកាន់​ហ្នឹង វា​គ្មាន​យុត្តិធម៌​ទេ​សម្រាប់​គ្រួសារ​ខ្ញុំ។ ខ្ញុំ​មិន​ទទួលយក​បាន​ទេ​ការ​ចោទ​ប្រកាន់​ហ្នឹង ព្រោះ​សព្វ​ថ្ងៃ​គ្មាន​គំនិត​ក្បត់​ជាតិ​ទេ មាន​តែ​ស្នេហា​ជាតិ​ទាំង​ពូជ​ហ្មង»។

បើ​តាម​អ្នកស្រី ងួន ផល្លា អ្នកស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួបស្វាមី​នៅ​ពន្ធនាគារ​នោះ​ទេ ដោយ​អាជ្ញាធរ​ប្រាប់​ថា​រយៈ​ពេល​យ៉ាង​តិច​២​សប្តាហ៍ ទើប​អាចអនុញ្ញាត​ឲ្យចូល​ជួប ដោយសារ​ជំងឺ​កូវីដ​១៩។

ចំណែក​កូនស្រី​របស់​លោក អ៊ុំ យ៉េត គឺ​អ្នកនាង យ៉ែម វណ្ណ​ណែត អាយុ​២៧​ឆ្នាំ ​ត្រូវ​បាន​តុលាការ​ខេត្ត​ត្បូង​ឃ្មុំ ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ នៅ​ក្នុង​ឆ្នាំ​២០២០នេះ។

អ្នកនាង វណ្ណណែត ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស បាន​ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា អ្នក​នាង​ចាត់​ទុក​ការចាប់​ខ្លួន​ឪពុក ជាការ​គំរាម​កំហែង​មួយ​ទៀត ក្នុង​ពេល​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ ប្រកាស​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ដើម​ខែ​ក្រោយ។

អ្នកនាង​មាន​ប្រសាសន៍​ថា៖ «ការ​ចាប់​ខ្លួន​ឪពុក​ខ្ញុំ ខ្ញុំ​គិត​ថា​វា​ជា​ការ​គំរាម​ផ្នែក​នយោបាយ ពី​ព្រោះ​ឪពុក​កូន​ខ្ញុំ ​អត់​បាន​ធ្វើ​អី​ខុស​ច្បាប់​ទេ។ ហើយ​រឿង​នយោ​បាយ​វិញ គឺ​ឪពុក​ខ្ញុំគាត់​សម្រាក​ហើយ​តាំង​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​តុលាការ​ប្រកាស​រំលាយ»។

លោក ឡុង ហុកម៉េង អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​ត្បូង​ឃ្មុំ និង​ជា​ព្រះរាជអាជ្ញា​មួយ​រូប បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​ទៅ​ជួប​ផ្ទាល់​នៅ​ខេត្ត​ត្បូង​ឃ្មុំ ដោយ​សារ​បារម្ភ​ខ្លាចការ​បន្លំ​អត្តសញ្ញាណ ពេល​ VOA​ ទាក់​ទង​ទៅ។ ទោះ​ជា​យ៉ាងណា លោក​មាន​ប្រសាសន៍​ដោយ​ខ្លី​ថា​ តុលាការ​ធ្វើ​តែ​តាម​ច្បាប់​របស់​កម្ពុជា​នោះ​ទេ​។

លោក​មាន​ប្រសាសន៍​ថា៖ «គេ​កំពុង​តែ​ធ្វើ​ការ។ អត់​អី​ទេ កាល​ណា​យើង​ធ្វើ យើង​ធ្វើ​តាម​នីតិវិធី​ច្បាប់​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ យើង​មិន​ធ្វើ​អ្វី​មួយ​ដែល​ជា​ការ​ខុស​ឆ្គង​ផ្លូវ​ច្បាប់​ទេ»។

លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​សកម្មជន​គណបក្ស​២នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​លោក​ចាត់​ទុក​ថា​នេះ​ជា​«​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ដើម្បី​បំបាក់​ស្មារតី​និង​ទប់ស្កាត់​កម្លាំង​មហាជន»។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើ​នៅផ្ទះ​របស់​នាយករដ្ឋមន្រ្តី​នៅ​តា​ខ្មៅ និង​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លើក​ឡើង​ថា ​មិន​មាន​ការ​ចរចា​ផ្នែក​នយោបាយ​អ្វី​នោះ​ទេ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «ប៉ុន្មាន​ថ្ងៃ​មុន ផ្តួល​រំលំ ឥឡូវ​ចង់​រក​ចរចា​។ គ្មាន​ចរចា​ជាមួយ​អ្នក​ណា​ទេ។ ចង់​ចរចា​ ទៅ​ចរចា​ជាមួយ​ច្បាប់​ទៅ។ អាណា​ត្រូវ​ជាប់​គុក ជាប់​គុក​ឲ្យ​ហើយ​សិន រួច​ហើយ​ចាំ​និយាយ​គ្នា»។

លោក ហ៊ុន សែន បាន​ប្រាប់​សា​ជា​ថ្មី​ទៅ​ប្រទេស​ជា​មិត្តរបស់​កម្ពុជាថា​ លោក​មិន​អាច​អត់​ឱន​ឲ្យ«អ្នក​ប្រមាថ​»​ភរិយា​និង​កូន​របស់​លោក ដែល​លោក​ហាក់​សំដៅ​ទៅ​លោក សម រង្ស៊ី ដែល​លោក ហ៊ុន សែន ថា​បាន​ប្រើ​ពាក្យថា​«ភរិយា​ និង​កូន​ប្រុស»​របស់​លោក ជា​ភរិយា​និង​កូន​ប្រុស​វៀតណាម។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​ តុលាការ​ក្រុង​ភ្នំពេញ​ បាន​លើក​ពេល​សវនាការ​ពាក់ព័ន្ធ​នឹង​រឿង«​ក្បត់»​ចំនួន៤​សំណុំ​រឿង ​ដែល​មាន​មនុស្ស​ជិត​១៤០​នាក់ ទាក់​ទង​នឹង​ផែន​ការ​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី កាល​ពី​ឆ្នាំ​មុន។ ដំណាល​គ្នា​នឹង​ការ​លើក​ពេល​សវនាការ​នោះ​ តុលា​ការបាន​សម្រេច​បញ្ចូល​សំណុំ​រឿង​ជា​ពីរ ហើយ​សវនាការ​ស្ដាប់​អង្គ​ហេតុ នឹងត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ​និង​ថ្ងៃ​ទី​៤ ​ខែ​មីនា ឆ្នាំ​២០២១៕

XS
SM
MD
LG