ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​សារទរ​ខួប​៥ឆ្នាំ​ ក្រោយ​ការ​ជួបគ្នា​ចុង​ក្រោយ​រវាង​មន្ត្រី​សំខាន់ៗ​និង​លោក​ ​សម រង្ស៊ី


រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (ស្តាំ) នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣។
រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (ស្តាំ) នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣។

ខណៈ​ដែល​ពិធី​ជួប​គ្នា​ចុង​ក្រោយ​នៅ​ទី​ក្រុង​ហុងកុង​រវាង​មន្ត្រី​សំខាន់ៗ​ ​និង​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​ជំទាស់​ គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​សារទ​រខួប​៥ឆ្នាំ​នៃ​ការ​បង្កើត​គណ​បក្ស ​ដែល​ជា​ការ​រួម​គ្នា​រវាង​គណបក្ស​ ​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចេញ​នៅ​ថ្ងៃទី​១៧​ ខែ​កក្កដា​នេះ​ឲ្យ​ដឹង​ថា​ ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​ទៅ​ ​គណ​បក្សសង្គ្រោះ​ជាតិ​បាន​ដើរ​លើ​ផ្លូវ​ត្រូវ​ ​ធ្វើ​តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​និង​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​អហិង្សា​ ​ខ្មែរ​តែ​មួយ​ ​ផ្សះផ្សារ​ជាតិ​ ​បង្រួប​បង្រួម​ជាតិ​ ​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​ ​ហើយ​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួននូវ​គោល​ការណ៍​នីតិរដ្ឋ​ ​និង​គោល​នយោបាយ​ប្រជា​ធិបតេយ្យ​ ​សេរី​ពហុបក្ស។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​ថា៖​

«គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​សកម្មភាព​នយោបាយ​ ​និង​បំពេញ​បេសកកម្ម​ជា​ប្រវត្តិសាស្រ្ត​ ​ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​យក​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខា​ងមុខ​ ​ដើម្បី​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​សម្រាប់​ប្រទេស​ជាតិ​ ​និង​ប្រជាពល​រដ្ឋ​ខ្មែរ»។​

ក្នុង​ខួប៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ​លោក​ ​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ បាន​ចំអក​ឲ្យ​លោក​ សម រង្ស៊ី ថា​ លោក​បាន​ធ្វើ​នយោបាយ​អត្តឃាត​ ​និង​បាន​លើក​ឡើង​ថា ​ខួប​៥​ឆ្នាំ​នេះ​គឺ​ជា​ខួប​នៃ​ជ័យ​ជំនះ​របស់​លោក​ កឹម សុខា ​លើ​លោក ​សម រង្ស៊ី។​

ក្នុង​សារ​អេឡិច​ត្រូនិច​តេឡេក្រាម​ ​ដែល​ផ្ញើ​មក​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នា​ថ្ងៃ​ចន្ទ​នេះ​ ​លោក​ ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​បាន​ចំអក​ឲ្យ​លោក​ សម រង្ស៊ី​ថា៖​

​«នេះ​ហើយ​ជា​លទ្ធផល​នៃ​នយោបាយ​អត្តឃាត​ខ្លួន​ឯង ​និង​ជា​ឱកាស​ផ្តល់​ឲ្យ​ឯកឧត្តម​កឹម សុខា​ ដែល​មាន​តែ​៣​អាសនៈ​ ​អាច​លេប​យក​គណបក្ស​សម រង្ស៊ី​ ​ដែល​មាន​២៦​អាសនៈ​បាន​ទាំង​ស្រុង​ ​ប្រៀប​បាន​នឹង​កង្កែប​លេប​ពស់​ទាំង​មូល​ដែរ។​ ​ដូច្នេះ​ ​ក្នុង​ខួប​ទី​៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ខួប​នៃ​ជ័យ​ជំនះ​របស់​ឯកឧត្តម​ កឹម សុខា​ ​ដែល​ជា​កង្កែប​ ​ដែល​អាច​លេប​ពស់​ ​សម រង្ស៊ី​ ​បាន​ដោយ​សារ​នយោបាយ​អត្តឃាត​ខ្លួន​ឯង​នោះ​តែ​ប៉ុណ្ណោះ»។​

ជីវិត​នយោបាយ​របស់​លោក​ សម រង្ស៊ី ​ហាក់​កំពុង​ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង​ ​បន្ទាប់​ពី​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចំនួន​ពីរ​ដង​ ដែលកំណត់​មិន​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​មាន​ទំនាក់​ទំនងជាមួយ​បុគ្គល​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​មជ្ឈិម ​ឬ​ឧក្រិដ្ឋ។​ ​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ទាំង​ពីរ​លើក​នេះ​កើត​ចេញ​ពី​បញ្ជា​របស់​លោក​ ហ៊ុន សែន​ ​ដែល​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​ ​និង​ជាគូ​ប្រកួត​ប្រជែងនយោបាយ​ដ៏​មាន​សក្តានុពល​ជាមួយលោក​ សម រង្ស៊ី។​

កាល​ពី​សប្តាហ៍​កន្លង​ទៅ មន្ត្រី​សំខាន់ៗ​នៃ​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហុងកុង​ដើម្បី​ជួប​លោកសម រង្ស៊ី​ជា​ចុង​ក្រោយ​ មុន​ពេល​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្ដីពី​គណ​បក្ស​នយោបាយ​លើក​ទីពីរ​នេះ​ចូល​ជា​ធរមាន។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងរបស់លោកស្រីមូរ សុខហួរ​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើប​ត្រឡប់​មកពី​ជួប​លោក​សម រង្ស៊ី។​

លោក​ស្រីមូរ សុខហួរ​ ​ប្រាប់​ ​VOA​ ​ថា​ ​ជំនួប​នោះធ្វើ​ឡើង​ដោយ​មិនផ្លូវ​ការ​ ​ក្នុង​គោល​បំណង​គោរព​នូវ​វីរភាព​របស់​លោក​សម រង្ស៊ី​ ​ដែល​បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏ធំ​អស់​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ។​

លោក​ស្រី​បន្ថែម​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្ខំ​ចិត្ត​បញ្ឈប់​រាល់​ការ​ទំនាក់​ទំនង​ជាមួយ​លោក​ សម រង្ស៊ី ដោយ​សម្រេច​អនុវត្ត​ទៅ​តាម​ការ​កំណត់​ក្នុង​វិសោធនកម្មច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​នៅ​ពេល​ដែល​ច្បាប់​នោះ​ចូល​ជា​ធរមាន​នា​ពេល​ខាង​មុខ។​

លោកស្រី មូរ សុខហួរ ​បញ្ជាក់​ថា៖​

«ច្បាប់​នេះ​ជា​ច្បាប់​មួយ​ដែល​ធ្វើ​ឲ្យ​ខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ ​សេរី​ និង​យុត្តិធម៌នៅឆ្នាំ​២០១៨។​ ​ប៉ុន្តែ​នៅ​ពេល​ច្បាប់​នេះ​ចេញ​ជា​ធរមាន​ហើយ​ ​យើង​ត្រូវ​តែ​គោរព​ច្បាប់។​ ​យើង​អត់​មាន​បំណង​អី​នឹង​គេចវេស​ពី​ច្បាប់​ទេ​ ​ហើយ​យើង​ជា​អ្នក​តំណាង​រាស្រ្ត​ ​យើង​ជា​គណបក្ស​ ​យើង​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ​ទោះ​បី​ជា​យើង​ដឹង​ថា​ ច្បាប់​នេះ​ផ្ទុយ​នឹង​លទ្ធិ​ប្រជាធិប​តេយ្យ​ ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ក៏​ដោយ»។​

ដោយ​ឡែក​ ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ក្រោយ​ត្រឡប់​មក​ពីជួប​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ឯ​ទីក្រុង​ហុងកុង​វិញ​ ​លោក​ សម រង្ស៊ី ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ដោយ​បាន​លើក​ឡើង​ពី​អត្ថន័យ​នៃ​ «ជនក្បត់​ជាតិ» ​និង​បាន​ប្រៀបធៀប​ទង្វើ​របស់​លោក​ជាមួយ​នឹង​ទង្វើ​របស់​លោក​ ហ៊ុន សែន។

ក្នុង​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុកនោះ​ ​លោក​ សម រង្ស៊ី បាន​ភ្ជាប់បញ្ជី​រាយ​នាម​ឈ្មោះ​មនុស្ស​៦​នាក់​ ​និងរូបថត​របស់​លោក​ សឺង ង៉ុកមិញ​ ​លោក​ ប៉ុល ពត​ ​និង​លោក ហ៊ុន​ សែន​ ​ដោយ​អះអាង​ថា​ ជា​ឈ្មោះ​ ​និង​រូបថត​របស់​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា។​ ​មនុស្ស​ទាំង​ប្រាំមួយ​នាក់​ដែល​លោក​អះអាង​ថា​ ជា​មេដឹកនាំកំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ រួម​មាន​ ​មេ​កំពូល​ទី១​ ​គឺលោក ​សឺង ង៉ុកមិញ​ ​ទី២​គឺ​លោក​ ទូ សាមុត​ ​ទី៣​គឺ​លោក​ ​ប៉ុល ពត​ ​ទី​៤​គឺ​លោក​ ប៉ែន សុវណ្ណ​ ​ទី៥​គឺ​លោក​ ហេង សំរិន ​ទី​៦គឺ​លោក​ ជា ស៊ីម និង​ទី​៧គឺ​លោក ​ហ៊ុន សែន។​

លោក​ សម រង្ស៊ី​ បាន​សរសេរ​ថា ​ជន​ក្បត់ជាតិ​ជា​ជន​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ណាមួយ​ក្នុង​ចំណោម​ទង្វើ​ចំនួន​បួន​ដូច​ជា​ ​បម្រើ​ផល​ប្រយោជន៍​បរទេស​ ​ធ្វើឲ្យ​ប្រទេស​បាត់​បង់​ឯករាជ្យភាព​ ​និង​អធិបតេយ្យ​ភាព​ជាតិ កាត់​ទឹក​ដី​ឲ្យ​ប្រទេស​ជិតខាង​ ​សម្លាប់​ប្រជារាស្រ្ត​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខ្លួន​ ​គ្រួសារ​ខ្លួន​ ​និង​បក្ខ​ពួក​ខ្លួន។​

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​រស់​នៅ​ប្រទេស​បារាំង​ ​គេច​ចេញ​ពីការ​កាត់​ទោស​របស់​តុលាការ​កម្ពុជា​ ​បាន​សរសេរ​បន្ថែម​ថា​ ​លោក ​ហ៊ុន សែន​ជាជន​ក្បត់​ជាតិ​ ​ដោយ​សារ​លោក​ ហ៊ុន សែន​ បាន​ប្រព្រឹត្ត​ទង្វើ​ទាំង​បួន​ដែល​លោក​បាន​រៀបរាប់​ខាង​លើ។​

លោក​ សម រង្ស៊ី​ បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«លោក ​ហ៊ុន សែន​ បាន​ប្រព្រឹត្ត​ទង្វើ​ទាំង៤​ខាង​លើ​នេះ។​ ​លើក​ក្រោយ​ខ្ញុំ​នឹង​លាត​ត្រដាង​ប្រវត្តិរូប​ ​ជា​ប្រវត្តិ​សាស្ត្រ​របស់​ ​សឺង ង៉ុកមិញ​ ​(ឈ្មោះ​ដើម ​Phạm Văn Hua)​ ​ហៅ​អាចារ្យ​មៀន​ ​(អាចារ្យ​ក្លែង​ក្លាយ)​ ​ដែល​ជា​បិតា​គណបក្ស​ប្រជាជន​កម្ពុជា​ ​ហើយ​ដែល​ជា​ជន​ក្បត់​ជាតិ​មុនគេ​បង្អស់​ ​ចាប់​ពី​ឆ្នាំ​១៩៥១​ ​ដែល​ជា​ឆ្នាំ​កំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។​

យ៉ាង​ណា​ក៏​ដោយ​ ​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី ត្រូវ​បាន​ច្រានចោល​ភ្លាមៗ​ ​ដោយ​លោក​ សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា។​ ​អ្នក​នាំពាក្យ​រូប​នេះ​បាន​ប្រាប់​ ​VOA​ ​ថា​ ​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី គឺ​ជា​ការ​វាយ​ប្រហារ​ ​និង​មួល​បង្កាច់​គណបក្ស​កាន់​អំណាច​ខុស​ពី​ការណ៍​ពិត។​

លោក​ ​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​មាន​ប្រសាសន៍​ថា៖​

«ការ​វាយ​តម្លៃ​នេះ​វា​មិនស្រប​ទៅ​តាម​តថភាព​សង្គម​កម្ពុជា​បច្ចុប្បន្ន ដែល​គេ​កំពុង​តែ​លើក​កម្ពស់​មោទន​ភាព​ជាតិ​ ​ចំពោះ​ស្នាដៃ​របស់​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​គិត​គូរ​ពី​ឧត្តម​ប្រយោជន៍​របស់​ជាតិ​ ​និង​ប្រជាជន។​ ​ហើយ​អ្នកណា​ក៏​ឃើញ​ដែរ​ ​មិនមែន​អាស្រ័យ​ទៅ​លើ​ សម រង្ស៊ី​ ម្នាក់​ឯង​ជា​អ្នក​វាយ​តម្លៃ​ទេ។​ ​ការ​វាយ​តម្លៃ​របស់​គាត់​នេះ​គឺ​ប្រកប​ទៅ​ដោយ​គំនុំ​គុំគួន​ ​ចង​អាឃាត ​ហើយ​និង​មួល​បង្កាច់​សភាព​ការណ៍​ពិត​តែ​ប៉ុណ្ណោះ»។

លោក សម រង្ស៊ី​ ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ ​និង​កាត់​ទោស​ ​បន្ទាប់​ពី​លោក​ហ៊ុន សែន​ ប្តឹង​ជា​ច្រើន​ករណីនោះ នឹង​ត្រូវ​កាត់​ផ្តាច់​ទំនាក់​ទំនង​ទាំង​ស្រុង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​នៅ​ពេល​ដែល​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ចូល​ជាធរមាន។ ច្បាប់​នេះ​កំណត់​ថា​ ​គណ​បក្ស​នយោបាយ​ទាំង​អស់​នឹង​ត្រូវ​រំលាយ​ចោល​ ប្រសិន​បើ​មាន​ទំនាក់​ទំនង​ជា​មួយ​ទណ្ឌិត។​ ​វិសោធន​កម្ម​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បញ្ជា​របស់​លោក​ ហ៊ុន សែន នឹង​ត្រូវ​បញ្ចូន​ទៅ​ព្រឹទ្ធសភា​ដើម្បីពិភាក្សា​ ​និង​អនុម័ត​នា​ថ្ងៃពុធ​ខាង​មុខ​ ​ខណៈដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​គណ​បក្ស​ប្រឆាំង​ប្រកាស​ធ្វើ​ពហិកា​មិន​ចូល​រួម៕

XS
SM
MD
LG