ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ប្រារព្ធ​ខួប​ទី​១៩​នៃ​ការ​បោកគ្រាប់​បែក​ខណៈ​ប៉ូលិស​រក​ឃាតករ​មិន​ឃើញ​


​លោក ​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ជំទាស់ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ប្រាប់​អ្នក​ចូលរួម​ពិធី​បុណ្យ​រំឭក​ដល់ជន​រង​គ្រោះ​ ​នៅ​ក្នុង​ការវាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃក្បែរ​រដ្ឋសភា​ចាស់​ កាល​ពី​ឆ្នាំ១៩៩៧​ ថា​ តុលាការ​ប្រទេស​បារាំង​ ​បាន​ចាប់​ផ្តើម​សើ​រើ​ សំណុំ​រឿង​នេះ​ ដែល​បាន​អូស​បន្លាយពេល១៩​ ឆ្នាំ​មក​ នេះ។

ការ​ថ្លែង​របស់​លោក ​សម​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើងនៅ​ស្រប​ពេល​ដែល​ជន​រង​គ្រោះ ​ដែល​នៅ​រស់​រានមាន​ជីវិត​ពីការ​វាយ​ប្រហារ​នេះ​ បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាលរក​យុត្តិធម៌​ដល់​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​នោះ។​

លោក​ សម​ រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ថ្លែង​ប្រាប់​អ្នកចូលរួម​ប្រមាណ​ជាង​ ១០០​នាក់​ នៅ​ក្នុង​ពិធីបុណ្យ​នោះ​ តាម​បណ្តាញ​ទំនាក់​ទំនង​អេឡិកត្រូនិក Skype​ យ៉ាង​ដូច្នេះ​ថា៖​

«តុលាការ​បារាំង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ បាន​បើក​សំណុំរឿង​នេះ​ ឡើង​វិញ​ពីព្រោះ​មាន​ហេតុការណ៍​ថ្មីៗ ដែល​គេ​បាន​ដាក់​បញ្ចូល​ក្នុង​សំណុំរឿង។​ ឥឡូវ​គេ​បាន​សម្រេច​បើក​សំណុំរឿង​នេះ​ ឡើងវិញ»។​យ៉ាង​ណា​ក៏ដោយ​ លោក​ សម​ រង្ស៊ី ​មិនបាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ អំពី​ការ​ចាប់​ផ្តើម​សើរើ​របស់​តុលាការ​បារាំង​ នៅ​ក្នុង​សំណុំ​រឿង​នេះ​ទេ។​ លោក​គ្រាន់​តែ​បញ្ជាក់​ថា​ តុលាការ​ប្រទេស​បារាំង​ នឹង​បង្កើន​ភាព​សកម្ម​របស់​ខ្លួន​ ​ដើម្បី​ធ្វើ​ឲ្យ​សំណុំ​រឿង​ដំណើរ​ការ​ទៅមុខ​ ​ជាមួយ​នឹងការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​មួយ។​ ​មេដឹកនាំ​ បក្ស​ប្រឆាំង​រូប​នេះ​ ក៏បាន​ចោទ​ប្រកាន់ថា​ ការ​គប់​គ្រាប់​បែក​ឆ្នាំ​ ១៩៩៧ ​ជា​អំពើ​ភេរវកម្ម​ ដែល​រៀបចំ​ដោយ​រដ្ឋ​អំណាច។ ​

នៅ​ក្នុង​ការ​វាយប្រហារ​ដ៏​ឃោរឃៅ​ ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​ ៣០​ ខែ​ មិនា​ ឆ្នាំ ១៩៩៧​ មាន​មនុស្ស​ស្លាប់​ចំនួន​១៦​នាក់​ ដែល​ជា​បុរស ​ស្រ្តី​ និង​ក្មេងៗ​ និងជាង​ ១០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។​ ការវាយប្រហារ​នោះ​បាន​កើត​ឡើង​ ខណៈ​ដែល​លោក​ សម​ រង្ស៊ី​ កំពុង​ដឹកនាំ​អ្នក​គាំទ្រ​របស់​លោក​ប្រមាណ​ ២០០​នាក់​ នៅ​លើ​សួនច្បារ​ ក្បែររដ្ឋសភា​ចាស់​ ដើម្បី​រិះ​គន់​ភាព​មិន​ឯករាជ្យ​របស់​ប្រព័ន្ធ​តុលាការ​ និង​ប្រព័ន្ធ​តុលាការ​ពុករលួយ​នៅ​កម្ពុជា។​

របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ឲ្យដឹង​ថា​ ការ​ស៊ើប​អង្កេត​មួយ​របស់​ ទី​ភ្នាក់​ងារ​ស៊ើបអង្កេត​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ​(FBI) ​បាន​បញ្ចប់​ការ​សន្និដ្ឋាន​របស់​ខ្លួន​ថា​ មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ ជា​អ្នកទទួល​ខុស​ត្រូវ ចំពោះការ​វាយ​ប្រហារ​នោះ។​

យ៉ាងណាក៏ដោយ​ ​ជនរងគ្រោះ​ ពី​អំពើ​ឃោរឃៅ​នេះ​ នៅ​តែ​ទាម​ទារ​រក​យុត្តិធម៌ ដោយ​មិន​រា​ថយ។​

អ្នក​ស្រី ​អ៊ីម​ ម៉ាឡែន​ វ័យ​ ៧៤​ ឆ្នាំ​ ​ជា​ជនរងគ្រោះ​ ដោយ​ការ​វាយប្រហារ​នោះ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​ អំពី​ការ​ឈឺចាប់​របស់​អ្នក​ស្រី​ និង​ការ​ចង់​បានយុត្តិធម៌​ពី​ការ​វាយប្រហារ​ដែល​បាន​ធ្វើ​ឲ្យ​អ្នកស្រីក្លាយ​ជា​ជន​ពិការ​ជើង​ទាំងពីរ​។ ​អង្គុយ​នៅ​លើកៅ​អីរុញ​ជន​ពិការ​ អ្នកស្រី​ អ៊ីម​ ម៉ាឡែន​និយាយ​ថា​ ៖​

«ចង់​បាន​យុត្តិធម៌​ ចង់បាន​ឲ្យ​អន្តរជាតិ​ថា​ មិន​បាន​អី​ក៏ដោយ​ ឲ្យ​តែ​បាន​យក​អ្នក​ក្បត់​ដែល​មកសម្លាប់​ ប្រជារាស្ត្រ​នេះ​ ឲ្យ​យក​មក​ឲ្យ​ខ្ញុំ​មើល​ឃើញ​វា​ផង​ អា​វា​អ្នក​បោក​គ្រាប់​បែក​សម្លាប់​ខ្ញុំ​នេះ។​ ខ្ញុំ​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ​ ខ្ញុំ​អត់​ចង់​បាន​អី​ទេ។​ ចង់​បាន​មើល​មុខ​វា​សម្លាប់​ខ្មែរ​នេះ។​ ​ខ្មែរ​និង​ខ្មែរ​មក​សម្លាប់​នេះ»។​

លោក ​សុខ​ ឦសាន អ្នក​នាំ​ពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ បានមាន​ប្រសាសន៍​ប្រាប់ VOA ​ថា​ លោក​សម រង្សី​ ត្រូវ​រក​ភស្តុ​តាង​មក​គាំទ្រ​ការចោទប្រកាន់​របស់​លោក។

«រឿង​នេះ​ ឲ្យ​គាត់​រក​ភស្តុតាង​មក ​មាន​ស្អី។​ រក​ភស្តុតាង​ទៅ​ដើម្បី​ប្តឹង​ មិន​មែន​ចេះតែ​ថា​ លេងៗ​ទេ។ បើ​គាត់​ថា​អញ្ចឹង​រាល់តែឆ្នាំ​ហ្នឹង តែ​ថ្ងៃ​ហ្នឹង​គាត់​ថា​ ​ថ្ងៃ​ក្រោយ​ ឆ្នាំ​ក្រោយ​ ថ្ងៃ​ហ្នឹង​ទៀត​ គាត់​ថា​ទៀត​។​ អាហ្នឹងថា​ ប៉ុន្មាន​ឆ្នាំ​ហើយ​ ១៩​ឆ្នាំ​ ហើយ​មាន​ប្រយោជន៍​អី»។​

លោក​ក៏បាន​ ច្រាន​ចោល​របាយការណ៍​ របស់​អង្គការ​ឃ្លាំមើ​ល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ​ ទាក់​ទិន​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​រដ្ឋាភិបាល​ចំពោះ​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នេះ។​

VOA ​ព្យាយាម​ទាក់​ទងសុំ​ការ​អធិប្បាយ​ពី​លោកនាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួងមហា​ផ្ទៃ​ អំពី​ការ​ស៊ើប​អង្កតសំណុំរឿង​នេះ ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន។​

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​ដដែល​នោះ​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ នៅ​ថ្ងៃ​ដែល​មាន​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នោះ​ ​កង​អង្គរក្ស​ផ្ទាល់ខ្លួន​ របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ត្រូវ​បាន​ដាក់​ពង្រាយ​ជាលើកដំបូង​នៅ​ឯ​ទីកន្លែង​ធ្វើ​បាតុកម្ម។​ កង​អង្គរក្ស​នោះ​ ត្រូវ​គេ​ស្គាល់ថា​ ​ជា​កងពល​តូច​ «ង​៧០»។​

ជាមួយ​នឹង​ ឧបករណ៍​ទប់​ស្កាត់​អំពើ​កុបកម្ម​គ្រប់​យ៉ាង​ កង​ពល​នេះ​ មិន​ត្រឹម​តែ​បរាជ័យ​ នៅ​ក្នុង​ការ​រារាំង​ការ​វាយប្រហារ​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​បាន​ សាក្សី​ជា​ច្រើន​ ឲ្យ​ដឹង​ថា​ បាន​ បើក​ជួរ​ឈរជើង​របស់​ខ្លួន​ អនុញ្ញាត​ឲ្យ​អ្នក​គប់​គ្រាប់បែក​រត់គេច​ខ្លួន​ និង​បាន​គំរាម​បាញ់​មនុស្ស​ដែល​ព្យាយាម​តាម​ចាប់​អ្នក​វាយប្រហារ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG