ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារដោយគ្រាប់បែកដៃកាលពី១៨ឆ្នាំមុនបានប្រកាសទាមទាររកយុត្តិធម៌ និងជំរុញឲ្យរដ្ឋាភិបាលវែកមុខឃាតករពិតប្រាកដមកផ្តន្ទាទោសតាមច្បាប់។ ក្នុងពេលជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថា សំណុំរឿងនេះមិនទាន់បានបិទបញ្ចប់នៅឡើយទេ។
កាលពីថ្ងៃទី៣០ ខែមិនាឆ្នាំ១៩៩៧ មានជនមិនស្គាល់មុខមួយក្រុមបានវាយប្រហារដោយគ្រាប់បែកដៃចំនួន៤គ្រាប់ទៅលើហ្វូងបាតុករ ដែលដឹកនាំដោយលោកសម រង្ស៊ី ពេលនោះជាប្រធានគណបក្សសម រង្ស៊ី ដើម្បីទាមទាររកយុត្តិធម៌សង្គមលក្ខខណ្ឌការងាររបស់ក្រុមកម្មករ និងកែទម្រង់ប្រព័ន្ធតុលាការនៅពីមុខអតីតអគាររដ្ឋសភា។
មានមនុស្សយ៉ាងតិចប្រមាណ១៦នាក់បានស្លាប់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានរងរបួសដោយសារការវាយប្រហារដោយគ្រាប់បែកដៃនាពេលនោះ។
គណបក្សប្រឆាំងជារៀងរាល់ឆ្នាំបានរៀបចំពិធីរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅកន្លែងដែលពួកគេបានស្លាប់បាត់បង់ជីវិតនិងរងរបួស។
រូបថតជនរងគ្រោះត្រូវបានដាក់តម្រៀបគ្នានៅកន្លែងស្តូបមួយដែលគណបក្សប្រឆាំងបានសាងសង់ឡើងសម្រាប់គោរពវិញ្ញាណក្ខន្ធនៅទីនោះ។
មានមនុស្សប្រមាណជាង១០០នាក់រួមទាំងព្រះសង្ឃបានមកចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់បាត់បង់ជីវិតដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិនៅក្នុងឆ្នាំនេះ។
លោកសំ ជាង តំណាងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពីថ្ងៃទី៣០ខែមិនាឆ្នាំ១៩៩៧ មានប្រសាសន៍ថា មកដល់ពេលនេះមានរយៈពេល១៨ឆ្នាំ ហើយដែលឃាតករ និងអ្នកនៅពីក្រោយខ្នងមិនត្រូវបានរកឃើញសោះ។
លោកមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែស៊ើបអង្កេតឃាតកម្មមួយនេះដើម្បីនាំយកឃាតករពិតប្រាកដមកផ្តន្ទាទោស។
លោកនិយាយថា៖ «តាំងនាមក្រុមគ្រួសារជនរងគ្រោះទាំងអស់ ខ្ញុំសូមអំពាវនាវយ៉ាងទទូចជាថ្មីម្តងទៀតដល់រាជរដ្ឋាភិបាលកម្ពុជាមេត្តាស៊ើបអង្កេតឃាតកម្មមួយនេះ ដើម្បីនាំឃាតករ និងអ្នកនៅពីក្រោយខ្នងយកមកផ្តន្ទាទោសតាមសមត្ថកិច្ចរៀងៗខ្លួនដោយក្តីអនុគ្រោះបំផុត»។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានសន្យាថា លោកនឹងរកយុត្តិធម៌ដល់ជនរងគ្រោះ។
លោកបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីឲ្យធ្វើវិសោធនកម្មច្បាប់ទាំងបីស្តីពីការប្រព្រឹត្តទៅនៃប្រព័ន្ធតុលាការឡើងវិញ ដែលជាគន្លឹះក្នុងការកែទម្រង់ប្រព័ន្ធតុលាការ។
លោកនិយាយថា៖ «យើងដឹងហើយថា បញ្ហាតុលាការសព្វថ្ងៃធ្ងន់ធ្ងរណាស់ហើយមិនមែនធ្ងន់ធ្ងរសម្រាប់តែអ្នករងគ្រោះទេ។ កាលណាអ្នកដឹកនាំហើយទុកឲ្យតុលាការអញ្ចឹង ហាក់បីដូចជាបង្កើនការឈឺចាប់។ ហើយបើអ្នកទន់ខ្សោយឈឺចាប់ អ្នកដែលមានអំណាចក៏អត់សូវនៅបានស្រួលដែរ អត់បានសុខសន្តិភាព ដូចដែលខ្ញុំនិយាយអញ្ចឹង»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទាន់បានបញ្ជាឲ្យបិទសំណុំរឿងនេះនៅឡើយទេ។
លោកមានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលបានរកឃើញជនសង្ស័យម្នាក់ឈ្មោះប្រ៊េស៊ីល តែក្រោយមកត្រូវបានគេបាញ់សម្លាប់។
លោកនិយាយថា៖«បាទ យើងស្រាវជ្រាវទៅចុងខ្សែហ្នឹង ដល់ចុងខ្សែដល់ប្រ៊េស៊ីលហ្នឹងទៅ។ ដល់ពេលបាត់ប្រ៊េស៊ីល បាត់ខ្សែរយៈអស់រលីង។ វាអត់មានទៅណាទៀត។ ហើយក៏ត្រឹមហ្នឹងទៅ មិនមានការជឿនលឿនទៅមុខទៀតទេ តាំងពីពេលហ្នឹងមក។ ក្រោយព្រឹត្តិការណ៍ថ្ងៃ៥ ថ្ងៃ៦ កក្កដា យើងដឹងទាំងអស់គ្នាហើយបាត់តាំងពីពេលហ្នឹងទៅ»។
លោកបានបញ្ជាក់ថា លោកប្រ៊េស៊ីលត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយមួយមុនពេលដែលលោកបានបាត់ខ្លួន៕