ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​រំឭក​ខួប​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧​ថា​ ជា​មេរៀនអាក្រក់​ត្រូវ​ចៀស​វាង


លោកលឺ ឡាយ​ស្រេងចូលរួម​​​ជាមួយ​​គណបក្ស​សង្គ្រោះ​​ជាតិ​​ក្នុងការ​ប្រារព្ធខួប​១៨ឆ្នាំ​នៃការ​​ធ្វើរដ្ឋ​ប្រហារ​ឆ្នាំ១៩៩៧​​
លោកលឺ ឡាយ​ស្រេងចូលរួម​​​ជាមួយ​​គណបក្ស​សង្គ្រោះ​​ជាតិ​​ក្នុងការ​ប្រារព្ធខួប​១៨ឆ្នាំ​នៃការ​​ធ្វើរដ្ឋ​ប្រហារ​ឆ្នាំ១៩៩៧​​

នៅ​ក្នុង​ថ្ងៃ​រំឭក​ខួប​លើក​ទី​១៨​នៃ​ការ​វាយ​ប្រយុទ្ធ​ដណ្តើម​អំណាចគ្នា​រវាង​កម្លាំង​ទ័ព​គណបក្ស​ហ៊្វុនស៊ីន​ប៉ិច​ និង​កម្លាំង​ទ័ព​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នក​នយោបាយ​ខ្មែរ​ពីរ​រូប​ស្នើ​ឲ្យ​អ្នក​នយោ​បាយឯ​ទៀត​ឲ្យ​ឈប់​ចង​អឃាត​គ្នា​ដោយ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដើម្បីការ​ពារ​អំណាច​ ហើយ​ថា​ អ្នក​នយោបាយ​ត្រូវ​រួបរួម​គ្នា​ដោះ​ស្រាយ​រាល់​បញ្ហា​តាម​រយៈការ​សន្ទនា​គ្នា។​

លោក​លឺ ឡាយស្រេង​ អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​និង​លោក​សម រង្ស៊ីប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ថ្ងៃ​អាទិត្យនេះ​ បានអំពាវ​នាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​រួបរួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ​ ដោយ​បំភ្លេច​ចោល​នូវ​ទំនាស់​យោធា​កាល​ពី​១៨​ឆ្នាំមុន។​

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ឯ​ទីស្នាក់​កណ្តាល​នៃ​គណបក្ស​សង្រ្គោះ​ជាតិក្នុង​ពិធី​រំឭកដល់​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិ​ការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​រវាង​កម្លាំង​ទ័ព​ស្មោះ​នឹង​សម្តេច​ក្រុមព្រះ​នរោត្តម​រណ​ឫទិ្ធ​ សហ​នាយក​រដ្ឋមន្រ្តី​ទីមួយ និង​កម្លាំង​ទ័ព​ស្មោះ​នឹង​លោក​ហ៊ុន សែន​សហ​នាយក​រដ្ឋមន្ត្រី​ទី​ពីរ​កាលណោះ​ ដែល​បាន​កើតឡើង​នៅ​កណ្តាលរាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​៥ ​ទី៦​កក្កដា​ឆ្នាំ​១៩៩៧។

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ពី​ពិធី​រំឭក​ខួប​លើក​ទី​១៨​នៃ​អ្នក​បាត់​បង់​ជីវិត​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោធា​នេះ​ លោក​លឺ ឡាយ​ស្រេង​ អតីត​ឧប​នាយក​រដ្ឋមន្ត្រី​ និង​ជា​សមាជិក​ស្ថាបនិក​ម្នាក់​នៃ​ស្ថាបនិកគណបក្ស​ហ៊្វុនស៊ីនប៉ិច​ក្នុង​ទស​វត្សរ៍​១៩៨០​ បាន​ដាស់​តឿន​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​មាន​ស្មារតី​រួបរួម​ដើម្បី​ដោះ​ស្រាយ​ទំនាស់​នានាជាមួយ​នឹង​ប្រទេស​ក្បែរ​ខាង​ ដោយ​លោក​សង្កត់​ធ្ងន់​ទៅ​លើ​ប្រទេស​វៀតណាម។

«ខ្ញុំ​និយាយ​ហើយ​អម្បាញ់​មិញ​ហ្នឹង​រឿង​ចាស់​ធីប​ចោល។​ ​រួបរួម​គ្នា ​ព្រោះ​ស្រុក​នេះ​យួន​នឹង​យក ​ដូច​លាវ​អញ្ចឹង។ ទាំង​អស់​គ្នា​ហ្នឹង​ ហើយ​ពីណា​រងគ្រោះ​ជាង​គេ​គឺ​គណបក្ស​កាន់​អំណាច​រង​គ្រោះធំជាង​គេ»។​

លោក​លឺ ឡាយ​ស្រេង ​អតីត​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ពុំ​បាន​ទម្លាក់​កំហុស​ទៅ​លើ​ភាគី​ណា​មួយ​នៅ​ក្នុង​ជម្លោះ​ដែល​លោក​ហៅ​ថា​«ភ្នំមួយ​មិន​អាច​មាន​ខ្លាពីរ»​ ដែល​បង្ក​ឲ្យមាន​ការ​ស្លាប់មន្ត្រី​យោធា​ថ្នាក់​ឧត្តម​សេនីយ៍​ជា​ច្រើន​និង​ទាហាន​ឯទៀតរបស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នៅក្នុង​ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​គ្នា​នោះ។​

«ទេ! ​មក​សួរ​ម៉េច? ​បើ​ខ្ញុំ​នៅ​ហ៊្វុនស៊ីនប៉ិច​ឲ្យ​ខ្ញុំ​ទៅ​ថា ​ឲ្យ​គណបក្ស​ប្រជាជន​ត្រូវ។ ​វា​មិន​ត្រូវ។ ​ខ្ញុំ​ នែ! ​និយាយ​ទៅ ​ហ៊្វុនស៊ីនប៉ិច​ត្រូវ​ហើយ​ ពីព្រោះ​ត្រូវ​គេ​វ៉ៃ​គេ​សម្លាប់។​ ត្រូវ​មែន​ត្រូវ​ គេ​សម្លាប់​នោះ។​ យល់​ឬ​នៅ?»​

អ្នក​នយោបាយ​វ័យ​ជរា​អាយុ​៨០​ឆ្នាំ​នេះ​ ​ដែលមិន​ចូល​រួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ជំទាស់​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការណ៍​ដែល​លោក​មក​ចូល​រួម​ពិធី​រំឭក​ខួប​ជាមួយ​គណបក្ស​ជំទាស់​នេះ គឺ​ដោយ​សារការ​ព្រងើយ​កន្តើយ​របស់គណបក្ស​ហ៊្វុនស៊ីនប៉ិចចំពោះអ្នក​ដែល​បាន​ស្លាប់​ក្នុង​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​កាល​ពី​១៨​ឆ្នាំ​មុន។

«មក​នេះ​ មក​គោរព​វិញ្ញាណ​ក្ខន្ធ​ ពីព្រោះ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ វា​ចោល​ម្សៀត ​អត់​មាន​នរណា​ធ្វើ។​ យូរៗ​ទៅ​ខ្លាច​ហ៊ុន សែន​ទាំង​អស់»។​

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​គ្នា​នា​ពេល​នោះ ​មាន​កង​ទ័ព​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គម្ចាស់​នរោត្តមរណ​ឫទ្ធិ​ ទាំង​នាយ​ឧត្តម​សេនីយ៍​ និង​ពល​ទាហាន​ប្រមាណ​ជាង​២០០​នាក់​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់។​

បណ្តា​សហគមន៍​អន្តរជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ ពេល​នោះ​បាន​ហៅ​ព្រឹត្តិ​ការណ៍​នោះ​ថា​ ជា​រដ្ឋ​ប្រហារ​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​បណ្តេញ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណ​ឫទ្ធិ​ចេញ​ពី​អំណាច​ ហើយ​គណបក្ស​នេះ​បាន​បន្ត​គ្រប់​គ្រង​ប្រទេស​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។​

ថ្លែង​នៅ​ក្នុង​ពិធី​រំឭក​ខួប​ដដែល​នេះ​ លោក​សម រង្ស៊ី​បាន​ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​យក​ព្រឹត្តិ​ការណ៍​វាយ​បង្ហូរ​ឈាម​គ្នា​នេះ​ជា​មេរៀន​ដើម្បី​បញ្ចៀសការ​សង​សឹក​គ្នា​ទៅ​វិញ​ទៅមក​ ហើយ​លោក​ក៏​សុំឲ្យ​អ្នក​នយោបាយ​ខ្មែរ​ឈប់​ពឹងពាក់​បរទេស​ដើម្បី​ការពារ​អំណាច​ខ្លួន​ឯង​ ដែល​ជា​ដើម​ចម​នៃ​ការ​រួញតូច​នៃ​ទឹក​ដី​ប្រទេស​កម្ពុជា។​

«អញ្ចឹងហើយ​ យើង​ត្រូវ​ដក​មេរៀន​ថ្ងៃ​នេះ។ សូម​ឲ្យ​គិត​ទាំង​អស់​គ្នា​ ពិចារណា​ឡើង​វិញទាំង​អស់។ ​កុំ​ឲ្យ​មាន​ព្រឹត្តិ​ការណ៍​បែបនេះ​ទៀត។ ​កុំ​ឲ្យ​ខ្មែរ​ឈ្លោះ​គ្នា។​ កុំ​ឲ្យ​ខ្មែរ​បែក​បាក់​គ្នា។​ កុំឲ្យ​ខ្មែរ​សម្លាប់​គ្នា។ ​កុំ​ឲ្យ​ខ្មែរ​ចេះ​តែ​ហៅ​បរទេស។​ ខ្លាច​ក្រុម​មួយ​ទៀត​ ខ្មែរ​គ្នា​ឯង​សោះ​ តែ​ខ្លាច។​ ខ្លាច​មាន​ការ​សង​សឹក។ ​ខ្លាច​គេមក​កាន់​អំណាច​ម្តង​ គេមក​ធ្វើ​បាប​យើង​វិញ។ ខាង​ណា​ក៏​ដូច​ខាង​ណា​ដែរ។ ​អញ្ចឹងហើយ​បើ​យើង​រួប​រួម​គ្នា​ពី​ដើម​ទី​ យើង​មាន​គំនិត​សន្តិភាព។ ​យើង​មាន​វប្បធម៌​សន្ទនា​ គឺ​យើង​ធានា​ឲ្យ​ប្រទេស​យើង​មាន​សុខ​សន្តិភាព ឲ្យ​ខ្មែរ​យើង​ចេះ​និយាយ​គ្នា ​ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ទាំង​អស់​ដោយ​សន្តិ​វិធី»។​

លោក​សុខ ឦសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ច្រាន​ចោល​នូវ​ការ​ហៅ​ជម្លោះ​ប្រដាប់​អាវុធ​នេះ​ជា​រដ្ឋប្រហារ​ ដោយការ​បកស្រាយ​ផ្សេងៗ​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ។ ​លោក​បញ្ជាក់​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​នៅពេល​នោះ ​គឺជា​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​មួយ​ចម្អិន​កំពឹសដើម្បី​គ្រប់​គ្រង​ស្ថាន​ការណ៍​ ដោយ​លោក​បាន​រំឭកដល់​ភាគី​ទំនាស់​ដឹកនាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​នរោត្តមរណ​ឫទ្ធិ​យ៉ាង​ដូច្នេះ​ថា៖​

«យើង​ដឹង​ហើយ​ថា​ ​មុន​មាន​កើត​ព្រឹត្តិ​ការណ៍​ថ្ងៃ​ប្រាំ​ ថ្ងៃ​ប្រាំ​មួយ​ហ្នឹង​ តើ​ មេដឹក​នាំ​រដ្ឋាភិបាល​ពេល​នោះ​នាំ​កាំភ្លើង​ប៉ុន្មាន​តោន​តាម​រយៈ​ក្រុង​កំពង់សោម? អាហ្នឹង​យើង​គិត​មើល​ ដោយ​សារ​នាំ​កម្លាំង​ខ្មែរ​ក្រហមចូល​ ហើយ​នាំ​អាវុធ​ចូល​ដើម្បី​ចង់​ផ្តួល​រំលំ​រដ្ឋ​អំណាច​របស់​គណបក្ស​ប្រជាជន​មួយ​ចំណែក​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ហ្នឹង​ហើយ​បាន​វា​កើត​រឿង​ហ្នឹង។​ នេះ​មិន​មែន​ជា​រឿង​រដ្ឋប្រហារ​អី​ទេ។​ អាហ្នឹង​ជារឿង​ផ្ទុះ​មួយ​ចម្អិន​កំពឹសដើម្បី​ធានា​រ៉ាប់​រង​ស្ថិរភាព​ សភាព​ការណ៍​នៅ​ក្នុង​ប្រទេស»។​

១៨​ឆ្នាំ​កន្លង​ទៅ ​ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បន្តកាន់​កាប់​អំណាច ​ដោយ​គិត​មក​ទល់​នឹង​ពេល​នេះ​គឺបានរយៈពេល​ជាង​៣០​ឆ្នាំ​ហើយ ​ដោយ​រាប់​បញ្ចូល​ទាំង​ការ​ឡើង​កាន់​អំណាច​ដោយ​ការ​ប្រជែង​យក​អំណាច​គ្នា​ដោយ​កម្លាំង​យោធា​រវាង​នាយក​រដ្ឋមន្ត្រី​ទីមួយ​ និង​នាយក​រដ្ឋមន្រ្តី​ទីពីរ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧៕

XS
SM
MD
LG