អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានចោទប្រកាន់ធ្ងន់ៗ ប្រឆាំងនឹងលោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នៃគណបក្សសង្គ្រោះជាតិ ថា បានកំពុងបំផុសបំផុលឲ្យសមាជិកក្នុងជួរបក្សប្រឆាំងធ្វើបក្សប្រហារ ទៅតាមការបញ្ជារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលខ្មែរ។ នេះបើយោងតាមឃ្លីបវីដេអូរបស់លោក សម រង្ស៊ី ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃច័ន្ទ។
ថ្លែងតាមឃ្លីបវីដេអូនោះ ពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី លោក សម រង្ស៊ី ក្នុងនាមជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោក ម៉ៅ មុន្នីវណ្ណ បានផ្តើមប្រកូកប្រកាសថា នឹងមានការផ្លាស់ប្តូរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដោយលោកអាចនឹងត្រូវឡើងគ្រប់គ្រងបក្សជំនួសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះ៖
«គាត់ចេញមុខ គាត់ដើរទាក់ទងគេ ឲ្យទៅតាមគាត់ ពីព្រោះគាត់នឹងប្រកាសថា បន្តិចទៀត គេដូរថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ ហើយគាត់ចង់ធ្វើជាថ្នាក់ដឹកនាំជំនួស លោក កឹម សុខា ជំនួស អ្នកស្មោះត្រង់ ដូច្នេះ នេះជាអំពើក្បត់ ជាអំពើក្បត់ដ៏ថោកទាប ដែលកូនខ្មែរទាំងអស់ កូនខ្មែរដែលមានកិត្តិយស កូនខ្មែរដ៏ឆ្នើម កូនខ្មែរដ៏ថ្លៃថ្នូរ មិនអាចទទួលយកបាន»។
លោក សម រង្ស៊ី ដែលបានភៀសខ្លួនទៅរស់នៅប្រទេសបារាំង ដើម្បីគេចចេញពីការចាប់ខ្លួនតាមបណ្តឹងព្រហ្មទណ្ឌផ្សេងៗរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិកបក្សប្រឆាំងឲ្យគេចខ្លួនចេញពីប្រទេសកម្ពុជា ប្រសិនបើពួកគេប្រឈមខ្លាំងនឹងសម្តាធនៃការគំរាមកំហែងខាងនយោបាយ ឬបន្តគាំទ្របក្ស ដោយមិនត្រូវជឿតាមការបោកបញ្ឆោតណាមួយនោះឡើយ។
«គណបក្សយើងនៅតែខ្លាំង គណបក្សយើងមានការគាំទ្រ ពេញទំហឹងពីពិភពលោកទាំងមូល។ គណបក្សយើងអត់ទៅណាទេ គណបក្សយើងនៅតែស្មោះត្រង់ ជាមួយប្រទេសជាតិ ជាមួយប្រជារាស្ត្រ។ ឲ្យអ្នកណាគេ ចង់អូសទាញបងប្អូន ឲ្យគេប៉ុនប៉ងធ្វើទៅ ប៉ុន្តែសូមបងប្អូនកុំទន់ចិត្ត កុំជឿ កុំតាមពួកក្បត់ យើងត្រូវតែសោ្មះត្រង់ ជាមួយប្រជារាស្ត្រ ស្មោះត្រង់ជាមួយប្រទេសជាតិ»។
អតីតមេបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលបានលាលែងពីតំណែងកាលពីខែកុម្ភៈ ដើម្បីស្រោចស្រង់គណបក្សនេះ ពីការរំលាយតាមការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាស បានថ្លែងអះអាងថា គណបក្សសង្គ្រោះជាតិដែលមានលោក កឹម សុខា ជាប្រធានមិនអាចនឹងត្រូវរំលាយបានទេ។
លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានបរាជ័យរួចទៅហើយ នៅក្នុងកិច្ចខិតខំរំលាយគណបក្សប្រឆាំងនៅកម្ពុជា ដោយសារតែសម្តាធខ្លាំងក្លាពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែលមានឥទ្ធិពលខាងនយោបាយ និងសេដ្ឋកិច្ច ក្នុងនោះមានសហភាពអឺរ៉ុប។ លោក សម រង្ស៊ី បានថ្លែងបន្ថែមថា លោក ហ៊ុន សែន ក៏នឹងបរាជ័យម្តងទៀត ក្នុងការប៉ុនប៉ងបង្កឲ្យមានបក្សប្រហារនៅក្នុងគណបក្សប្រឆាំង។
សេចក្តីអំពាវនាវរបស់លោក សម រង្ស៊ី ត្រូវបានធ្វើនៅឡើង នៅចំពេលដែលតុលាការកំពូលត្រៀមបើកសវនាការជម្រះលើបណ្តឹងរំលាយគណបក្សប្រឆាំងតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ លោក កឹម សុខា ដែលជាប្រធានគណបក្សនេះ បានកំពុងរងបទចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ តាមការសមគំនិតឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ សេចក្តីអំពាវនាវរបស់អតីតមេបក្សប្រឆាំងដដែលនេះ ក៏ត្រូវបានធ្វើឡើងនៅចំពេល មានសេចក្តីរាយការណ៍អំពីការចុះចូលរបស់តំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប និងក្រុមមន្ត្រីនៅថ្នាក់មូលដ្ឋានរបស់គណបក្សប្រឆាំងយ៉ាងតិច ២៥រូប ទៅគណបក្សប្រជាជនកម្ពុជា។
លោក ម៉ៅ មុន្នីវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបដិសេធមិនផ្តល់ការអធិប្បាយនៅថ្ងៃអង្គារនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា សារនយោបាយរបស់លោក សម រង្ស៊ី លែងមានឥទ្ធិពលក្នុងឆាកនយោបាយនៅកម្ពុជា ដោយហេតុអ្នកនយោបាយប្រឆាំងរូបនេះ បានបាត់បង់រាល់សិទ្ធិនយោបាយ តែបានកំពុងធ្វើសកម្មភាព ញុះញង់ឲ្យមានបញ្ហាផ្ទៃក្នុងនៅក្នុងគណបក្សប្រឆាំង និងបង្កការអុកឡុកខាងការទូតនៅក្រៅប្រទេស។
លោកថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់។ ហេតុដូច្នេះ គណបក្សកាន់អំណាចមិនចាំបាច់ទិញលោក ម៉ៅ មុន្នីវណ្ណ មកបម្រើផលប្រយោជន៍នយោបាយរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ។ លោកបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ៖
«ហើយគ្មានភស្តុតាងអី ដែលបញ្ជាក់ថា គណបក្សប្រជាជន ទៅទិញទឹកចិត្តមន្ត្រី រហូតដល់អី ម៉ៅ មុន្នីវណ្ណ អីហ្នឹង វាអត់ទេ អាហ្នឹងវាគ្មាន ទឡ្ហីករណ៍ណាបញ្ជាក់ទេបាទ។ ហើយខ្ញុំយល់ថា ពីម្សិលមិញ ខ្ញុំបានជម្រាបជូនហើយ VOA ខ្ញុំថា គណបក្សប្រជាជន មិនខ្វះទេ ធនធានមនុស្ស មិនបាច់ទៅទិញគេ យកមកទេ»។
ទាក់ទិនការថ្លែងរបស់លោក សម រង្ស៊ី ដែលនិយាយថា បក្សប្រឆាំងនឹងមិនអាចត្រូវបានរំលាយនោះទេ លោក សុខ ឥសាន បានថ្លែងបន្តថា តុលាការកំពូលនឹងសម្រេចជោគវាសនារបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ដោយមិនមានក្តីបារម្ភណាមួយនោះឡើយ។
«ឥឡូវ យើងចាំមើលទៅថ្ងៃ ១៦ ខែវិច្ឆិកាហ្នឹង នៅសល់តែ១៦ថ្ងៃទៀតតើ ថាតើដូច សម រង្ស៊ី ថា ឬអត់? តែប៉ុណ្ណឹងទេ។ ខ្ញុំមិនធ្វើគ្រូទាយទេណ៎ា ហើយឬមួយក៏យើងមិនអាចទៅ រំលោភលើឆន្ទានុសិទ្ធិរបស់តុលាការទេ យើងរង់ចាំមើលលទ្ធផលនៃការជម្រះក្តីរបស់តុលាការ»។
លោក ម៉ៅ មុន្នីវណ្ណ ធ្លាប់ត្រូវបានអង្គភាពព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល បានរាយការណ៍ថា លោកបានធ្វើជាអ្នកនាំសារទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទាក់ទិនការចោទប្រកាន់ថា ភរិយានិងកូនប្រុសរបស់នាយករដ្ឋមន្រ្តីជាភរិយានិងកូនមេដឹកនាំវៀតណាម។ សេចក្តីរាយការណ៍របស់អង្គភាពនេះ ធ្វើឡើងដោយយោងទៅតាមសារបែកធ្លាយរបស់លោក ហ៊ុន សែន ដែលបានឲ្យដឹងពីការសន្ទនារវាងលោក ហ៊ុន សែន និងតំណាងរាស្រ្តគណបក្សប្រឆាំង លោក ម៉ៅ មុន្នីវណ្ណ។
ការចេញសារនយោបាយជាបន្តបន្ទាប់របស់លោក សម រង្ស៊ី ប្រឆាំងនឹងការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ ធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន ដែលបានប្រកាសថា នឹងបន្តគ្រប់គ្រងប្រទេសកម្ពុជាមួយទសវត្សរ៍ទៀតនោះ បានឃោសនាឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់របស់គណបក្សប្រឆាំងចុះចូល នឹងបក្សកាន់អំណាចដើម្បីរក្សាតំណែងរបស់ខ្លួន នៅពេលដែលបក្សប្រឆាំងរលាយ។
ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងដ៏ធំ និងតែមួយគត់នៅសភាជាតិខ្មែរ នៅបន្តជាក្តីបារម្ភរបស់សហគមន៍អន្តរជាតិ ក៏ដូចជាអង្គការឃ្លាំមើលសកម្មភាពរំលោភបំពានសិទ្ធិមនុស្ស និងសេរីភាពក្នុងការធ្វើនយោបាយ។ ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស កាលពីពាក់កណ្តាលខែតុលា បានថ្កោលទោស ការវិវត្តចុងក្រោយនៃស្ថានភាពនៅកម្ពុជា ថាជាការនាំយកកម្ពុជាទៅកាន់ការដឹកនាំបែបឯកបក្ស ដែលផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យទាំងស្រុង។
សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលមួយចំនួន មកពីគណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាច ក៏បានគំរាមធ្វើអ្វីៗគ្រប់យ៉ាង រួមទាំងការមិនផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា ប្រសិនបើបក្សកាន់អំណាចកម្ពុជារំលាយ និងមិនដោះលែងប្រធាន និងសមាជិកនៃគណបក្សសង្គ្រោះជាតិ។ ចំណែក រដ្ឋាភិបាលប្រទេសស៊ុយអែត បានប្រកាសថា ខ្លួនត្រូវគិតគូរឡើងវិញពីទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយ៕